លោក ហ៊ុន សែន ស្នើសុំ ប្រទេស មហាអំណាច ផ្ដល់ផែនទី ខ្នាត ១/១០០.០០០
RFA / វិទ្យុ អាស៊ី សេរី | ១៥ កក្កដា ២០១៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទពាណិជ្ជកម្ម នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ តុលា ២០១៤។ RFA
ប្រមុខរដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន ស្នើ ឲ្យប្រទេស មហាអំណាច ជួយការពារ បូរណភាព ទឹកដី កម្ពុជា តាមរយៈ ការផ្ដល់ផែនទី ខ្នាត ១/១០០.០០០ ដែលប្រទេស ទាំងនោះ បានរក្សាទុក តាំងពីឆ្នាំ ១៩៦៤ មក។
នៅក្នុងលិខិត ចំនួនបី ដាច់ដោយឡែក ពីគ្នា របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃ ទី១៥ ខែកក្កដា ផ្ញើទៅ លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី សហរដ្ឋ អាមេរិក, លោក ហ្រ្វង់ស្វ័រ ហូឡង់ដ៏ (Francois Hollande) ប្រធានាធិបតី នៃសាធារណរដ្ឋ បារាំង, និងលោក ដេវីដ ខាម៉ឺរូន (David Cameron) នាយករដ្ឋមន្ត្រី នៃចក្រភព អង់គ្លេស។ តាមរយៈលិខិត ទាំងនោះ, លោក នាយករដ្ឋមន្ត្រី បានស្នើសុំ បណ្ដាមេដឹកនាំ នៃប្រទេស មហាអំណាច ទាំងនោះ ឲ្យកម្ពុជា ខ្ចីផែនទី ខ្នាត ១/១០០.០០០ ដើម្បី បញ្ជាក់ ពីភាពត្រឹមត្រូវ របស់ រដ្ឋាភិបាល ក្នុងការរៀបចំ និងអនុវត្ត ការងារ ក្នុងការកំណត់ និងបោះបង្គោល ព្រំដែន រវាង ព្រះរាជាណាចក្រ កម្ពុជា និងប្រទេស ជិតខាង។
ស្របគ្នានេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនទីខ្នាត ១/១០០.០០០ នោះ មានសារសំខាន់ក្នុងការកសាងសន្តិភាព មិត្តភាពជាមួយប្រទេសជិតខាងកម្ពុជា និងបញ្ចប់ការញុះញង់បង្កើតស្មារតីជាតិនិយមជ្រុល នាំឲ្យមានការភាន់ច្រឡំ ដែលអាចប្រែក្លាយជាគ្រោះមហន្តរាយដល់ជាតិកម្ពុជា។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា តាមគម្រោង ផែនទីដែលទទួលបានពីប្រទេសមហាអំណាចទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់បង្ហាញចំពោះការចោទ ប្រកាន់ថា រដ្ឋាភិបាលមិនបានប្រើផែនទីពិតប្រាកដ៖ «យកមកនឹង ផ្ទៀងផ្ទាត់ និងស្នើសុំជំនួយអ្នកជំនាញពីបរទេសទាំងនោះផង ដើម្បីនឹងផ្ទៀងផ្ទាត់ឲ្យត្រឹមត្រូវ បើតែខាងជំនាញខ្មែរយើងគេមិនជឿទៀត។ ខាងគណបក្សសង្គ្រោះ ចេះតែរិះគន់អ៊ីចឹង គាត់ថាក្លែងក្លាយ យើងបង្ហាញផែនទីដែលប្រើត្រឹមត្រូវផ្លូវការ គាត់ថាបោះពុម្ពពីនេះពីនោះ។ ចឹងបានយើងទាមទារឲ្យច្បាស់ ហើយសុំជំនួយបច្ចេកទេសមកផង នេះឲ្យច្បាស់ពីជំហររបស់រដ្ឋាភិបាល។»
ទេសរដ្ឋមន្ត្រីទទួល
បន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង
បង្ហាញផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីបោះបង្គោលព្រំដែនរវាង
ប្រទេសកម្ពុជា និងវៀតណាម នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២
ខែកក្កដា ឆ្នាំ២០១៥។ RFA/Rann Samnang
ក្នុងលិខិតដដែល បានលើកឡើងពីមូលហេតុដែលប្រមុខរដ្ឋាភិបាល សម្រេចស្នើសុំខ្ចី ឬចម្លងផែនទីពីប្រទេសមហាអំណាចទាំងនេះ។ ក្នុងលិខិតផ្ញើទៅ លោក បារ៉ាក់ អូបាម៉ា លោក ហ៊ុន សែន បញ្ជាក់ថា កាលពីឆ្នាំ១៩៦៤ រដ្ឋាភិបាលកម្ពុជា ធ្លាប់បញ្ជូនផែនទីព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយរួមទាំងប្រទេសវៀតណាម ផង ផែនទីនោះមានខ្នាត ១/១០០.០០០។
កាលពីឆ្នាំ២០០៣ និង២០០៤ មន្ត្រីរដ្ឋាភិបាលកម្ពុជា ធ្លាប់បានថតចម្លងផែនទីទាំងនោះពីបណ្ណាល័យសភាសហរដ្ឋអាមេរិក ដែរ។ ចំពោះប្រទេសបារាំង វិញ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បារាំង គឺជាប្រទេសផលិតផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ស្ដីពីព្រំដែនគោករវាងកម្ពុជា និងប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម។ ចំណែកហេតុផលដែលដាក់សំណើទៅនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ក្រោមហេតុផលថា ព្រះករុណាព្រះបរមរតនកោដ្ឋសម្ដេចព្រះសីហនុ ធ្លាប់បានឆ្លើយឆ្លងនឹងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានទទួលស្គាល់អព្យាក្រឹតភាពរបស់រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ១៩៦៤ នោះដែរ។
នេះជាជំហានថ្មីមួយទៀតរបស់រដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាព្រំដែនដ៏ចម្រូងចម្រាស បន្ទាប់ពីបានដាក់សំណើទៅសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ ខែកក្កដា៕

No comments:
Post a Comment