លោក វ៉ា គឹមហុង មិន ទៅមើល បង្គោលព្រំដែន តាមការបបួល របស់ បក្សប្រឆាំង ទេ
RFA / វិទ្យុ អាស៊ី សេរី | ៨ កក្កដា ២០១៥

ប្រធានគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែន
កម្ពុជា លោក វ៉ា គឹមហុង ថ្លែងទៅកាន់អ្នកកាសែត
ក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។ RFA/Rann Samnang
ប្រធាន គណៈកម្មការ ចម្រុះ ខណ្ឌសីមា និងបោះ បង្គោលព្រំដែន កម្ពុជា លោក វ៉ា គឹមហុង បដិសេធ ការអញ្ជើញ របស់ អ្នកតំណាងរាស្ត្រ ពីខាង គណបក្ស សង្គ្រោះជាតិ ប្រចាំ មណ្ឌល ស្វាយរៀង ឱ្យទៅ ពិនិត្យមើល បង្គោលព្រំដែន កម្ពុជា-វៀតណាម លេខ ២០២ និង២០៣។
ប្រធាន គណៈកម្មការចម្រុះព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ថ្លែងនៅព្រឹកថ្ងៃទី ៨ កក្កដាថា លោកមិនចាំបាច់ទៅពិនិត្យបង្គោលព្រំដែនតាមការអញ្ជើញរបស់លោក រៀល ខេមរិន្ទ្រ ទេ។
លោកថ្លែងទៀតថា ប្រសិនបើលោក រៀល ខេមរិន្ទ្រ ចង់ទៅមើលបង្គោលព្រំដែននោះ ក៏ទៅមើលចុះ ព្រោះបង្គោលនោះ ត្រូវបានបោះរួចហើយ។
សំឡេង លោក វ៉ា គឹមហុង៖ «ខ្ញុំមានកាតព្វកិច្ចអីទៅគោរពលោកឯកឧត្ដម (រៀល ខេមរិន្ទ្រ) ហ្នឹង? ខ្ញុំ នៅខាងរដ្ឋាភិបាលទេ។ គាត់នៅខាងនីតិប្បញ្ញត្តិ ខ្ញុំនីតិប្រតិបត្តិ។ ចុះទៅមើលខ្លួនឯងទៅ គេដាំរួចហើយ យើងទៅមើលទៅ (តើ) មាននរណាហាមឃាត់? ចង់ទៅមើលអីមើលទៅ។»
កាលពីថ្ងៃទី៧ កក្កដា តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀងលោក រៀល ខេមរិន្ទ្រ បានបបួលលោក វ៉ា គឹមហុង ទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជានៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយមានការស្នើសុំពីប្រជាពលរដ្ឋ យុវជន និងព្រះសង្ឃ ជាច្រើនអង្គនាក់ ដែលនឹងទៅថ្ងៃទី១៩ ខែកក្កដា៕
No comments:
Post a Comment