ទស្សនៈ សង្គមស៊ីវិល ចំពោះ យុទ្ធនាការ ចាប់បញ្ជូន ជនជាតិ វៀតណាម ខុសច្បាប់
RFA / វិទ្យុ អាស៊ី សេរី | ១៣ កក្កដា ២០១៥
មន្ត្រី សង្គមស៊ីវិល ប្រចាំខេត្ត ជាប់មាត់ សមុទ្រ ចំនួន២, គឺ ព្រះសីហនុ និងកោះកុង, បានបញ្ចេញ ទស្សនៈ ប្រហាក់ប្រហែលគ្នា ជុំវិញ យុទ្ធនាការ ចាប់បញ្ជូន ជនបរទេស, ពិសេស ជនជាតិ វៀតណាម ដែលចូលមក រស់នៅ ឬធ្វើការងារ ខុសច្បាប់ ក្នុងប្រទេស កម្ពុជា របស់ សមត្ថកិច្ចន គរបាល ក្រោមឱវាទ ក្រសួងមហាផ្ទៃ បញ្ជូន ឲ្យវិលត្រឡប់ ទៅកាន់ប្រទេស ដើម ពួកគេវិញ។
បញ្ហានេះ មន្ត្រីជំនាញនគរបាលនៃក្រសួងមហាផ្ទៃ បានអះអាងថា នឹងចុះអនុវត្តយុទ្ធនាការនេះឲ្យបានជាប្រចាំដូចភ្លៀងរលឹម និងអនុវត្តឲ្យស្របតាមច្បាប់អន្តោប្រវេសន៍។ ជាមួយគ្នានេះ មេដឹកនាំគណបក្សប្រឆាំង បានចេញមុខប្រកាសគាំទ្រសកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ពេលនេះ។
មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ និងខេត្តកោះកុង បង្ហាញទស្សនៈគាំទ្រចំពោះសកម្មភាពរបស់កម្លាំងនគរបាលក្រោមឱវាទ ក្រសួងមហាផ្ទៃ ដែលបន្តបើកយុទ្ធនាការចាប់ខ្លួនជនជាតិវៀតណាម ចូលមករស់នៅ ឬប្រកបការងារខុសច្បាប់នាមូលដ្ឋាននេះ ប៉ុន្តែស្នើឲ្យសមត្ថកិច្ចនគរបាល ឬផ្នែកពាក់ព័ន្ធ ត្រូវអនុវត្តសកម្មភាពនេះឲ្យស្របតាមច្បាប់ និងមានលក្ខណៈប្រាកដប្រជា។
មន្ត្រីអង្កេតនៃអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ លោក ឃុន សាវឿន បញ្ចេញទស្សនៈថា លោកចង់ឲ្យកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាននេះ ចុះអនុវត្តយុទ្ធនាការចុះចាប់ខ្លួនជនជាតិវៀតណាម ចូលមករស់នៅខុសច្បាប់នៅកម្ពុជា ជាប្រចាំ និងត្រូវកំណត់ទីតាំងចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ជៀសវាងធ្វើសកម្មភាពលំៗឲ្យតែល្អមើល៖ «ទាក់ទងការពិនិត្យមើល លិខិតស្នាមទៅលើជនជាតិវៀតណាម ដែលចូលមកស្នាក់នៅ ឬប្រកបការងារខុសច្បាប់នៅកម្ពុជា ហើយមានលក្ខណៈច្បាស់លាស់ ក្នុងនាមខ្ញុំជាសង្គមស៊ីវិល ខ្ញុំគាំទ្រ ១០០ភាគរយ។ ព្រោះជនអន្តោប្រវេសន៍វៀតណាម ទាំងនេះ បានមកដណ្ដើមការងាររបស់ប្រជាជនខ្មែរច្រើនណាស់កន្លងមក ប៉ុន្តែបើអនុវត្តឲ្យតែល្អមើល ខ្ញុំមិនគាំទ្រទេ។»
ការបង្ហាញទស្សនៈរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ កើតឡើងស្របពេលឃើញកម្លាំងនគរបាលខេត្តព្រះសីហនុ ក្នុងឆមាសទី១ ដើមឆ្នាំ២០១៥ នេះ បានចុះធ្វើរដ្ឋបាលទៅលើជនបរទេសមួយចំនួន ពិសេសជនជាតិវៀតណាម ដែលចូលមករស់នៅ និងធ្វើការងារខុសច្បាប់។
ត្រង់ចំណុចនេះ លោក ឃុន សាវឿន មន្ត្រីអង្កេតនៃអង្គការលីកាដូ ក៏បានស្នើឲ្យការអនុវត្តនេះបានស្មើភាព ដោយមិនត្រូវឲ្យមានអ្នករត់ការដោះលែងជនជាតិវៀតណាម គ្មានលិខិតស្នាមស្របច្បាប់ ឬជៀសឲ្យផុតនូវអំពើពុករលួយផ្សេងៗ ដែលអាចនឹងកើតមានឡើងនៅក្នុងសកម្មភាពរបស់ខ្លួន៖ «បើសិនជា សមត្ថកិច្ចនគរបាលអនុវត្តការងារចុះត្រួតពិនិត្យទៅលើជនជាតិវៀតណាម ខុសច្បាប់ ធ្វើឲ្យតែល្អមើលដូចពេលកន្លងមកមិនត្រឹមត្រូវទេ គឺត្រូវចុះបើកយុទ្ធនាការម្តងម្កាលរួចក៏ស្ងាត់ទៅវិញ ហើយយុទ្ធនាការនេះ ក៏សមត្ថកិច្ចមិនបានបង្ហាញលក្ខខណ្ឌផ្សេងៗជូនសាធារណៈបានដឹងឲ្យបាន ច្បាស់ទេ។ ខ្ញុំក៏មានចម្ងល់ដូចប្រជាពលរដ្ឋខេត្តព្រះសីហនុ ឆ្ងល់ដូចគ្នាដែរ ថាជនជាតិវៀតណាម ដែលចូលមករស់នៅខុសច្បាប់នៅខេត្តព្រះសីហនុ គឺមានតែប៉ុន្មាននាក់ ដែលសមត្ថកិច្ចចាប់ខ្លួនហ្នឹង ឬបែបណា? នេះជាកង្វល់ និងចម្ងល់មួយដែលប្រជាពលរដ្ឋខេត្តព្រះសីហនុ និយាយតៗគ្នា ព្រោះនៅខេត្តព្រះសីហនុ មានជនជាតិវៀតណាម ច្រើនណាស់ចូលមករស់នៅខេត្តនេះ។»
តាមការសង្កេត សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ និងខេត្តកោះកុង ចាប់ពីដើមឆ្នាំ២០១៥ មក បានបង្កើនសកម្មភាពចុះធ្វើស្ថិតិអំពីចំនួនជនបរទេស ពិសេសជនជាតិវៀតណាម ចូលមករស់នៅ និងធ្វើការងារក្នុងមូលដ្ឋានជាប់មាត់សមុទ្រទាំងពីរ ដោយបានឃាត់ជនបរទេសមួយចំនួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់។
ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលការងារអន្តោប្រវេសន៍ លោក ហ៊ុន សុរិទ្ធី បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ថា រហូតមកដល់ពេលនេះមានជនជាតិវៀតណាម ចំនួន ២៧នាក់រួចហើយ ដែលសមត្ថកិច្ចលោកបានរកឃើញគ្មានលិខិតស្នាមស្នាក់នៅ និងប្រកបការងារស្របច្បាប់ ហើយបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនីតិវិធី។ លោកបញ្ជាក់ថា យុទ្ធនាការចុះត្រួតពិនិត្យ ឬធ្វើរដ្ឋបាលទៅលើជនជាតិផ្សេងៗមានជនជាតិវៀតណាម នាខេត្តព្រះសីហនុ កម្លាំងជំនាញរបស់លោកនឹងចុះអនុវត្តជាប្រចាំ ប៉ុន្តែមិនអាចផ្សព្វផ្សាយដំណឹងនៃសកម្មភាពនេះឲ្យសាធារណជនដឹងជា មុននោះទេ៖ «ចំពោះជនជាតិវៀតណាម ដែលសមត្ថកិច្ចចាប់បញ្ជូនពីខេត្តព្រះសីហនុ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលមិនមានលិខិតស្នាមស្នាក់នៅជាប់ខ្លួន គឺសមត្ថកិច្ចជំនាញបានរកឃើញចំនួន ២៧នាក់។»
លោកស្នងការរងនគរបាលទទួលបន្ទុកជនអន្តោប្រវេសន៍ ហ៊ុន សុរិទ្ធី សង្កត់ធ្ងន់ថា យុទ្ធនាការត្រួតពិនិត្យការស្នាក់នៅ ឬចូលមកធ្វើការងាររបស់ជនជាតិវៀតណាម នាខេត្តព្រះសីហនុ កម្លាំងជំនាញរបស់លោកអនុវត្តត្រឹមត្រូវស្របតាមច្បាប់ និងមានផែនការច្បាស់លាស់។
យុទ្ធនាការចុះធ្វើរដ្ឋបាលទៅលើជនបរទេសមានជនជាតិចិន ពិសេសជនជាតិវៀតណាម របស់កម្លាំងនគរបាលខេត្តព្រះសីហនុ និងខេត្តកោះកុង ជាបន្តបន្ទាប់មកនេះ ក៏បានទទួលការសាទរពីប្រជាពលរដ្ឋ ជាពិសេសមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។
យ៉ាងនេះក្តី ទាំងមេដឹកនាំបក្សប្រឆាំង ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល នឹងចាំអង្កេតមើលសកម្មភាព ឬយុទ្ធនាការចាប់បញ្ជូនជនជាតិវៀតណាម ចូលមករស់នៅ និងធ្វើការងារខុសច្បាប់នៅតាមមូលដ្ឋាននានា ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ ទទួលបានលទ្ធផលបែបណាទៀតនាថ្ងៃខាងមុខ។
បញ្ហានេះ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តកោះកុង ក៏បានសាទរសកម្មភាពចាប់បញ្ជូនជនជាតិវៀតណាម ចូលមកប្រកបការងារ និងរស់នៅខុសច្បាប់ក្នុងមូលដ្ឋាននេះរបស់មន្ត្រីនគរបាលក្រោមឱវាទ ក្រសួងមហាផ្ទៃ នេះដែរ។ ប៉ុន្តែស្នើដល់កម្លាំងនគរបាលដែលចុះអនុវត្តការងារនេះ ត្រូវបើកយុទ្ធនាការនេះឲ្យបានជាប្រចាំ និងអនុវត្តឲ្យស្របតាមច្បាប់អន្តោប្រវេសន៍។ ជាងនេះ ក៏រំឭកដល់មន្ត្រីចុះអនុវត្តការងារអន្តោប្រវេសន៍ទៅលើជនជាតិវៀតណាម ខុសច្បាប់នៅទូទាំងប្រទេស ពិសេសខេត្តកោះកុង ត្រូវជៀសឲ្យផុតពីអំពើពុករលួយ ដែលអាចនឹងកើតមានឡើងនៅក្នុងបញ្ហានេះ៖ «វាជាការអនុវត្តច្បាប់ អន្តោប្រវេសន៍របស់សមត្ថកិច្ចទៅលើជនជាតិនានាដែលចូលមករស់នៅខុស ច្បាប់ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែយុទ្ធនាការកន្លងមកនេះ គឺធ្វើទៅតាមតែការចង្អុលបង្ហាញពីថ្នាក់លើម្តងម្កាលតែប៉ុណ្ណោះ។ មិនមែនធ្វើជាយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបោសសម្អាតជនអន្តោប្រវេសន៍ដែលចូលមករស់នៅខុសច្បាប់នោះទេ។ ពោល គឺការអនុវត្តរបស់សមត្ថកិច្ចទៅលើជនជាតិវៀតណាម កន្លងមក គឺធ្វើឲ្យតែល្អមើល ឬបញ្ឆោតភ្នែកសាធារណជនឲ្យមានការភាន់ច្រឡំថា រដ្ឋាភិបាលសព្វថ្ងៃនេះបានយកចិត្តទុកដាក់ចំពោះជនអន្តោប្រវេសន៍ ពិសេសជនជាតិវៀតណាម ដែលចូលមករស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។»
លោក អ៊ិន គង់ជិត បន្ថែមថា ជនជាតិវៀតណាម ដែលត្រូវសមត្ថកិច្ចនគរបាលខេត្តកោះកុង ឬក្រសួងមហាផ្ទៃ រកឃើញគ្មានលិខិតស្នាមត្រឹមត្រូវចូលមករស់នៅ និងប្រកបការងារក្នុងខេត្តនេះ ភាគច្រើនពួកគេមានរបរជាអ្នកនេសាទ ជាជាងសំណង់ ធ្វើការនៅក្រុមហ៊ុនបូមខ្សាច់ ជាងឈើ ឬជាងដែក បើកហាងកាហ្វេ និងមានបើកបនពេស្យាចារលួចលាក់ជាដើម។
មន្ត្រីសិទ្ធិមនុស្សរូបនេះរិះគន់ថា ការចាប់ខ្លួនជនជាតិវៀតណាម ចូលមករស់នៅ ឬធ្វើការងារខុសច្បាប់នៅខេត្តកោះកុង របស់កម្លាំងនគរបាលចន្លោះពី ១០នាក់ទៅ ២០នាក់ គឺជាចំនួនតិចតួចបំផុត បើធៀបចំនួនជនជាតិវៀតណាម ដែលកំពុងមានវត្តមាននៅខេត្តកោះកុង សព្វថ្ងៃនេះ៖ «យើងស្នើដល់ កម្លាំងសមត្ថកិច្ចត្រូវបន្តស្រាវជ្រាវទៅលើជនជាតិវៀតណាម ចូលមករស់នៅ និងធ្វើការងារខុសច្បាប់នៅខេត្តកោះកុង បន្ថែមទៀត គឺមិនមែនមានតែប៉ុន្មាននាក់ដែលចាប់បាននេះទេ។»
កាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដឹកនាំដោយមន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានការងារ តំណាងមន្ទីរការងារ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកោះកុង បានចុះត្រួតពិនិត្យទៅលើជនជាតិវៀតណាម ដែលចូលមករស់នៅ ឬធ្វើការងារនៅខេត្តកោះកុង។ យុទ្ធនាការរបស់ក្រុមចម្រុះនៃអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានលោកវរសេនីយ៍ឯក កៅ រតនា ជាប្រធាន បានរកឃើញជនជាតិវៀតណាម ចំនួន ១៨នាក់ បានចូលមករស់នៅ និងធ្វើការងារខុសច្បាប់នៅខេត្តកោះកុង និងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការតាមនីតិវិធី បន្ត។
ទាក់ទិនយុទ្ធនាការនេះដែរ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បង្ហាញការគាំទ្រដល់សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាដើម ដែលបានបើកយុទ្ធនាការចាប់បញ្ជូនជនជាតិវៀតណាម ចូលមកកម្ពុជា ខុសច្បាប់ ឲ្យត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញពេលនេះ។
មេដឹកនាំបក្សប្រឆាំងរូបនេះ បានប្រកាសគាំទ្រសកម្មភាពរបស់កម្លាំងនគរបាលក្រសួងមហាផ្ទៃ ពេញទំហឹង ដែលចុះអនុវត្តការងារអន្តោប្រវេសន៍នៅតាមមូលដ្ឋាននានា ហើយរកឃើញជនជាតិវៀតណាម ចូលមករស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា និងចាប់បញ្ជូនទៅកាន់ប្រទេសវៀតណាម វិញជាបន្តបន្ទាប់៖ «យើងជា គណបក្សប្រឆាំង គឺប្រឆាំងជាមួយរាជរដ្ឋាភិបាល ប៉ុន្តែបើសិនជារដ្ឋាភិបាលអនុវត្តការងារ ឬធ្វើសកម្មភាពអ្វីមួយបានល្អ យើងត្រូវតែទទួលស្គាល់សកម្មភាពនោះ។ បញ្ហាចុងក្រោយនេះ ដែលបក្សប្រឆាំងឃើញសកម្មភាពល្អរបស់រដ្ឋាភិបាល គឺការតវ៉ាជាមួយយួន ព្រោះកន្លងមកមិនដែលឃើញក្រសួងការបរទេស ដែលតំណាងឲ្យរដ្ឋាភិបាល ហ៊ានចេញមុខតវ៉ាជាមួយយួន ឬចង្អុលមុខយួន នៅខេត្តរតនគីរី ដែលចូលមកក្នុងទឹកដីខ្មែរ ហើយជីកស្រះក្នុងទឹកដីខ្មែរនោះទេ។ ហើយរដ្ឋាភិបាលសព្វថ្ងៃ ហ៊ានសរសេរសំបុត្រតវ៉ាជាមួយយួន ដែលមិនធ្លាប់មានពីមុនមកទេ។»
ទាក់ទិនបញ្ហានេះ លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១ ខែកក្កដា បានរំឭកដល់អាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាននានា ត្រូវពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាគ្រប់គ្រងឲ្យបាននូវរាល់ការចេញចូល និងស្នាក់អាស្រ័យរបស់ជនបរទេសដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបង្ហាញថា គិតត្រឹម ៨ខែចុងឆ្នាំ២០១៤ មានជនអន្តោប្រវេសន៍ដែលគ្មានលិខិតស្នាមចូលមកស្នាក់នៅ ឬធ្វើការងារស្របច្បាប់ជិត ២ពាន់នាក់ ក្នុងនោះជនជាតិវៀតណាម ប្រមាណ ១.៥០០នាក់ ត្រូវបណ្ដេញពីប្រទេសកម្ពុជា ហើយថា នៅដើមឆ្នាំ២០១៥ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានបណ្ដេញចេញជនបរទេសខុសច្បាប់ជាង ១ពាន់នាក់បន្ថែមទៀតចេញពីកម្ពុជា។ ក្នុងនោះស្ទើរតែ ១០០ភាគរយ ជាជនជាតិវៀតណាម៕
No comments:
Post a Comment