Paris Peace Accords 23 Oct. 1991

Wednesday, July 8, 2015

[Vietnamization] តំណាង​រាស្ត្រ បក្ស​ប្រឆាំង ​អញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​ បង្គោល​ព្រំដែន ​២០២​ និង​២០៣ | Opposition MPs invite sVar Kimhong to investigate border posts 202, 203

តំណាង​រាស្ត្រ បក្ស​ប្រឆាំង ​អញ្ជើញ​លោក វ៉ា គឹមហុង ទៅ​ពិនិត្យ​ បង្គោល​ព្រំដែន ​២០២​ និង​២០៣

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ កក្កដា ២០១៥

ប្រជុំ​ព្រំដេន ខ្មែរ វៀតណាម ៦២០
គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម មុន​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​​ស្ដីពី​បញ្ហា​ព្រំដែន នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៥។  RFA/Leng Maly

អ្នក​តំណាង​រាស្ត្រ​ ពី​ខាង​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ ស្វាយរៀង អញ្ជើញ​ប្រធាន​ គណៈកម្មការ​ ចម្រុះ​ ព្រំដែន​ កម្ពុជា ឲ្យ​ទៅ​ពិនិត្យ​មើល ​បង្គោល​ព្រំដែន​ កម្ពុជា-វៀតណាម លេខ​២០២ និង ២០៣ នៅ​ខេត្ត​ ស្វាយរៀង ដែល​នៅ ​ប្រទាញប្រទង់​គ្នា។  ភាព​មិន​ ច្បាស់លាស់​នេះ ធ្វើ​ឲ្យ ប៉ះ​ទង្គិច​គ្នា​ កាល​ពី​ខែ​មិថុនា។

លោក រៀល ខេមរិន្ទ្រ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា ការ​អញ្ជើញ​នេះ គឺ​ចង់​ឲ្យ លោក វ៉ា គឹមហុង បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ត្រង់​ចំណុច​ដែល​ពលរដ្ឋ និង​អាជ្ញាធរ​វៀតណាម វាយ​ពលរដ្ឋ​ខ្មែរ៖ «អ៊ីចឹង​កិច្ចការ​ព្រំដែន​គាត់​ដឹង​ច្បាស់​ណាស់​ថា តើ​បង្គោល​ព្រំដែន​ហ្នឹង​វា​យ៉ាង​ម៉េច? ហើយ​ជាពិសេស អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨ (មិថុនា) ចំពោះ​ប្រជារាស្ត្រ ចំពោះ​ព្រះសង្ឃ និង​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ នៅ​លើ​តំបន់​ដែល​ប្រទាញប្រទង់ ឬ​ក៏​ថា​តំបន់​ដែល​មិន​ទាន់​ដាច់​ស្រឡះ។ អ៊ីចឹង អ្វី​ដែល​យួន មក​វាយ​ខ្មែរ​នៅ​លើ​ទឹក​ដី ដែល​មាន​បញ្ហា​ហ្នឹង គឺ​លោក វ៉ា គឹមហុង ដឹង​ច្បាស់។»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា លោក រៀល ខេមរិន្ទ្រ រួម​នឹង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាង ១០​នាក់ បាន​រង​របួស បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ពលរដ្ឋ និង​អាជ្ញាធរ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង។ ការ​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​ពេល​ដែល​លោក និង​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយ​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹក​នាំ​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ ២០០​នាក់ និង​អង្គ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ជាប់​នឹង​ស្រុក​ម៉ុកហ័រ ខេត្ត​ឡុងអាន (Moc Hoa district, Long An Province) ប្រទេស​វៀតណាម។ ការ​ចុះ​ទៅ​មើល​ព្រំដែន ហើយ​ប៉ះ​ទង្គិច​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​ការ​រិះគន់​ថា ធ្វើ​សកម្មភាព​ដើម្បី​កេង​ចំណេញ​ប្រជាប្រិយភាព​នយោបាយ។ លោក រៀល ខេមរិន្ទ្រ ថ្លែង​ថា ហេតុផល​នេះ​ហើយ ទើប​លោក​អញ្ជើញ លោក វ៉ា គឹមហុង៖ «កាល​ពី​ថ្ងៃ​ ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ធ្វើ​សន្និសីទ​កាសែត វ៉ា គឹមហុង ខ្លួន​ឯង​ហ្នឹង នៅ​ពេល​ដែល​ខ្ញុំ​សាកសួរ​បញ្ហា ដែល​បាន​កើត​ឡើង​ហ្នឹង គាត់​ថា ប្រសិន​បើ​យើង​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​២០២ ឬ​ក៏ ២០៣ ហើយ​ក៏​យើង​ទៅ​មិន​ទាន់​ដល់ ឬ​ក៏​យើង​ទៅ​កាន់​ទីនោះ មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​ផង គេ​ឃាត់​យើង ឬ​ក៏​គេ​វាយ​យើង​ហ្នឹង គឺ​ខុស​ហើយ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា ថ្ងៃ​ទី​១៩ ហ្នឹង យោង​ទៅ​តាម​សំណូមពរ​ពី​ប្រជារាស្ត្រ ព្រះសង្ឃ និស្សិត​បញ្ញវន្ត​ខ្មែរ សុំ​ឲ្យ​ខ្ញុំ​ហ្នឹង ក្នុង​នាម​ខ្ញុំ​ជា​តំណាង​រាស្ត្រ​ជា​មណ្ឌល​ស្វាយរៀង ផង សុំ​ឲ្យ​ខ្ញុំ​ជូន​ទៅ​ទី​ហ្នឹង​ផ្ទាល់។ អ៊ីចឹង ដើម្បី​យោង​ទៅ​តាម​សម្ដី​របស់​គាត់ គឺ​ខ្ញុំ​អញ្ជើញ​គាត់​ទៅ​ផ្ទាល់​តែ​ម្ដង ដើម្បី​ចៀសវាង​កុំ​ឲ្យ​គាត់​ថា​យើង​ហ្នឹង​យក​ចំណេញ​នយោបាយ។»

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​បញ្ជាក់​ថា លោក វ៉ា គឹមហុង មិន​ទាន់​ឆ្លើយ​តប​ការ​អញ្ជើញ​នេះ​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៧ កក្កដា។

នៅ​ថ្ងៃ​ដដែល​នេះ ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម កំពុង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​រាជធានី​ភ្នំពេញ។ ជំនួប​ដែល​ដឹក​នាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ កម្ពុជា គឺ​លោក វ៉ា គឹមហុង និង​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​វៀតណាម លោក ហូ ស៊ាន់សឺន (Ho Suan Son) គឺ​ជា​កិច្ច​ប្រជុំ​បិទ​ទ្វារ និង​មិន​មាន​ព័ត៌មាន​សម្រាប់​អ្នក​កាសែត​ទេ។ លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​សម្រេច​អ្វីៗ​ទាក់ទង​នឹង​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ក្នុង​កិច្ច​ប្រជុំ ​នេះ គឺ​ភាគី​វៀតណាម និង​កម្ពុជា ត្រូវ​សម្រេច​រួម​គ្នា៖ «កម្ពុជា-វៀតណាម ប្រជុំ​ជាមួយ​គ្នា បើ​សម្រេច គឺ​សម្រេច​ជាមួយ​គ្នា។»

កម្មវិធី​បង្ហាញ​ថា កិច្ច​ប្រជុំ​នេះ​មាន​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ កក្កដា។

នៅ​មុន​កិច្ច​ប្រជុំ​នេះ​កើត​ឡើង​ប្រមាណ ៣​ថ្ងៃ លោក វ៉ា គឹមហុង ឲ្យ​ដឹង​ថា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ចម្រុះ​កម្ពុជា-វៀតណាម នឹង​ពិភាក្សា​បញ្ហា​ដែល​នៅ​សេសសល់​ជុំវិញ​ការ​កំណត់​ខណ្ឌ​សីមា និង​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

លោក រៀល ខេមរិន្ទ្រ បញ្ជាក់​ជំហរ​ថា ទោះ​ជា លោក វ៉ា គឹមហុង មិន​ទៅ​តាម​អញ្ជើញ​ក៏ដោយ ក៏​លោក​នៅ​តែ​ដឹក​នាំ​ការ​ពិនិត្យ​ព្រំដែន​លេខ​២០២ និង ២០៣ តាម​សំណូមពរ​របស់​ពលរដ្ឋ៕



No comments:

Post a Comment