ពលរដ្ឋ ខេត្តស្ទឹងត្រែង ចោទអាជ្ញាធរ ថា, មិនបន្ត ធ្វើផ្លូវ ខ្លាចប៉ះពាល់ សិប្បកម្មឈើ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២៦ កក្កដា ២០១៥

ផ្លូវលំភ្ជាប់ពីផ្លូវលេខ១៤ ដែលអាជ្ញាធរខេត្តស្ទឹងត្រែង
ផ្អាកការសាងសង់ ឋិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង។ រូបថតកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥។ RFA/Men Sothyr
ពលរដ្ឋ ខេត្តស្ទឹងត្រែង អះអាង ថា, អាជ្ញាធរ ហាក់ដូចជា ព្រងើយកន្តើយ ក្នុងការកសាង ផ្លូវ មួយខ្សែ ក្នុងក្រុង ស្ទឹងត្រែង។ អ្នកភូមិ ដាក់ការសង្ស័យ ថា, ជាចេតនា របស់ អាជ្ញាធរ ដែលខ្លាច ប៉ះពាល់ ដល់ដំណើរការ សិប្បកម្ម កែច្នៃ ឈើប្រណិត ដែលជារបស់ អ្នកមានប្រាក់ និងឥទ្ធិពល ក្នុងមូលដ្ឋាន។
ពលរដ្ឋ ខេត្តស្ទឹងត្រែង នៅថ្ងៃ ទី២៥ កក្កដា អំពាវនាវ ឲ្យអាជ្ញាធរ ជំនាញ កសាងផ្លូវ មួយខ្សែ តភ្ជាប់ផ្លូវ លេខ១៤ ឋិតនៅភូមិ ព្រែក ក្រុង ស្ទឹងត្រែង។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ ពីគម្រោង កសាងផ្លូវ មួយខ្សែ ភ្ជាប់ផ្លូវ លេខ១៤ ដែលជាកញ្ចប់ ថវិកា របស់ សង្កាត់ស្ទឹងត្រែង ត្រូវ បានបង្អាក់ និងអូសបន្លាយ ពេល ជាច្រើនឆ្នាំ កន្លងមក។ ការអូសបន្លាយ ពេលនេះ អ្នកភូមិ ចាត់ទុក ថា, ជាឧបសគ្គចម្បង ដល់ការ ធ្វើដំណើរ, ការប្រកប របរ ចិញ្ចឹមជីវិត, ព្រមទាំង ធ្វើឲ្យរាំងស្ទះ ដល់ចរន្តទឹក ហូរ នៅរដូវវស្សា។
តំណាងពលរដ្ឋរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង លោក គឹម ឈុំ រៀបរាប់ថា ជាច្រើនឆ្នាំកន្លងមក ផ្លូវមួយខ្សែនេះត្រូវបានដាច់ពាក់កណ្ដាល ព្រោះបុកទីតាំងរោងកែច្នៃឈើប្រណិតយ៉ាងធំនៅទីនោះ ទើបបង្កឲ្យអាជ្ញាធរមានការរារែក។ លោកបន្តថា កាលពីពាក់កណ្ដាលឆ្នាំ២០១៥ អាជ្ញាធរបានឈូសឆាយផ្លូវមួយខ្សែនេះ តែត្រូវបានអាក់ខានទៅវិញ។ ការអាក់ខាននេះ អ្នកភូមិសង្ស័យថា ជាចេតនាមិនយកចិត្តទុកដាក់អភិវឌ្ឍរបស់អាជ្ញាធរ ព្រោះតែប៉ះពាល់ផលប្រយោជន៍របស់ឈ្មួញដែលមានមុខរបរកែច្នៃឈើ ប្រណិត។ យ៉ាងណា លោកថា ប្រសិនបើអាជ្ញាធរនៅតែព្រងើយកន្តើយមិនកសាងផ្លូវនេះទេ នឹងធ្វើឲ្យចរន្តទឹកហូរត្រូវបិទនៅរដូវវស្សា និងបង្កឲ្យលិចផ្ទះអ្នកភូមិជាច្រើនគ្រួសារនៅតំបន់នោះ៖ «ដល់ចឹងពិបាកធ្វើដំណើរ ចេញចូលលំបាក ចង់ឲ្យគេធ្វើឲ្យស្អាតស្រណុកដំណើរផ្លូវចេញចូលស្រួល។»
យ៉ាងនេះក្តី ម្ចាស់សិប្បកម្មកែច្នៃឈើប្រណិតជាជនជាតិវៀតណាម លោក ខាំ ប៊ុនម៉េង បញ្ជាក់យ៉ាងខ្លីថា លោកមិនរារាំងការអភិវឌ្ឍរបស់អាជ្ញាធរនេះទេ ប្រសិនបើអាជ្ញាធរតម្រូវធ្វើផ្លូវបង្ខិតចូលត្រឹមណា លោកនឹងធ្វើតាមការសម្រេចរបស់អាជ្ញាធរ៖ «ខ្ញុំអត់ដឹងទេអាខាងហ្នឹង ចាំមើលអាជ្ញាធរគេឲ្យខិតដល់ណា ខ្ញុំខិតដល់ហ្នឹង។»
ឆ្លើយតបការលើកឡើងនេះ ចៅសង្កាត់ស្ទឹងត្រែង លោក ជា វណ្ណ ទទួលស្គាល់ថា ផ្លូវនេះត្រូវអាក់ខានដោយសារតែអ្នកម៉ៅការបានយកគ្រឿងចក្រ ទៅកសាងកន្លែងផ្សេងទៀតកាលពីពេលថ្មីៗនេះ។ យ៉ាងណាលោកថា ផ្លូវនេះមិនអនុញ្ញាតឲ្យមានរបរសិប្បកម្មជាប់ផ្លូវឡើយ ត្រូវតែឃ្លាតឆ្ងាយពីផ្លូវចម្ងាយ ១០ម៉ែត្រ ដើម្បីដាក់លូបង្ហូរទឹក។ លោកថា ផ្លូវនេះមានទទឹងប្រវែងប្រហែលជិត ១០ម៉ែត្រ បូករួមទាំងទ្រូងផ្លូវភ្ជាប់ពីផ្លូវលេខ១៤។ បន្ថែមពីលើនេះ លោកថា អាជ្ញាធរនឹងកសាងផ្លូវនេះបន្តទៀតនៅពេលឆាប់ៗខាងមុខ៖ «ដី សិប្បកម្មខ្ញុំនិយាយហើយ គេប្រុងធ្វើប័ណ្ណរឹង ខ្ញុំជាមួយភូមិបាលក្រុង គឺមិនអាចអនុញ្ញាត គឺអ្នកឯងត្រូវរើចេញ ១០ម៉ែត្រទៀត មិនអាចជាប់ផ្លូវហ្នឹងទេ ពេលធ្វើប័ណ្ណរឹងខ្ញុំកាត់ចេញ ឥឡូវគ្រាន់តែថយបណ្ដោះអាសន្ន។»
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល លើកឡើងថា ទុក្ខកង្វល់របស់ពលរដ្ឋ គឺជាមូលដ្ឋានចម្បងដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយ។ លោកថា អាជ្ញាធរជំនាញត្រូវយកចិត្តទុកដាក់អភិវឌ្ឍផ្លូវដែលជាកត្តាចម្បង ដើម្បីភាពងាយស្រួលធ្វើដំណើរ និងជីវិតរស់នៅរបស់ពលរដ្ឋ ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គមជាតិ៖ «ក្នុងនាមជាអាជ្ញាធរ ក្រុងក៏ដោយ ខេត្តក៏ដោយ សង្កាត់ក៏ដោយ ឃុំក៏ដោយ គឺគាត់ត្រូវតែយកចិត្តទុកដាក់ទៅលើជាពិសេស គឺផ្លូវថ្នល់ហ្នឹងជាជំហានដំបូង។»
អ្នកភូមិអះអាងថា ជាច្រើនឆ្នាំកន្លងមក ផ្លូវមួយខ្សែនេះត្រូវបានកាត់ផ្តាច់ពាក់កណ្ដាល ដោយឆ្ពោះចូលក្នុងសិប្បកម្មកែច្នៃឈើប្រណិតរបស់ថៅកែដែលគេស្គាល់ ឈ្មោះហៅក្រៅថា ថៅកែ ម៉ឺន៕
No comments:
Post a Comment