អាជ្ញាធរ ខេត្ត ស្វាយរៀង មិនទាន់ អនុញ្ញាត ឲ្យតំណាងរាស្ត្រ បក្សប្រឆាំង ដឹកនាំយុវជន ពិនិត្យព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ១២ កក្កដា ២០១៥
អាជ្ញាធរ ខេត្តស្វាយរៀង គ្រោង នឹងបើក កិច្ចប្រជុំមួយ ជាមួយ តំណាងរាស្ត្រ គណបក្សប្រឆាំង លោក រៀល ខេមរិន្ទ្រ នៅថ្ងៃ ទី១៥ កក្កដា ខាងមុខ ដើម្បី ពិភាក្សា ពីសំណើ សូម ដឹកនាំ មនុស្សជាង ១ពាន់នាក់ ចុះទៅពិនិត្យ ព្រំដែន។ សំណើ ទាំងនោះ មានចំណុច ពីរ ដែលអាជ្ញាធរ ខេត្តនេះ លើកយកទៅ ពិភាក្សា, គឺ ស្នើឲ្យផ្អាក សកម្មភាព ចុះពិនិត្យព្រំដែន និងការបញ្ចៀស អំពើហិង្សា។
រហូត មកដល់ ពេលនេះ អាជ្ញាធរខេត្តស្វាយរៀង មិនទាន់អនុញ្ញាតឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង លោក រៀល ខេមរិន្ទ្រ ចុះពិនិត្យតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រង់បង្គោលលេខ ២០៣ ដែលស្ថិតក្នុងភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៩ កក្កដា ខាងមុខនេះនៅឡើយ។
ប្រធានរដ្ឋបាលសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធិ បានឲ្យដឹងថា សាលាខេត្តស្វាយរៀង បានទទួលលិខិតស្នើសុំចុះពិនិត្យបង្គោលព្រំដែនលេខ ២០៣ ពី លោក រៀល ខេមរិន្ទ្រ រួចហើយ តែជុំវិញរឿងនេះ សាលាខេត្តមិនមានសិទ្ធិសម្រេចយ៉ាងណានៅឡើយ ព្រោះសាលាខេត្តត្រូវតែស្នើសុំគោលការណ៍ពីក្រសួងមហាផ្ទៃ ជុំវិញសំណើនេះ។ លោកថា កាលពីថ្ងៃទី៩ កក្កដា សាលាខេត្តបានទទួលលិខិតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំឲ្យខេត្តលើកយករឿងនេះពិភាក្សាជាមួយ លោក រៀល ខេមរិន្ទ្រ លើចំណុចពីរ គឺស្នើឲ្យផ្អាកសកម្មភាពចុះពិនិត្យព្រំដែន និងការបញ្ចៀសការកើតមានអំពើហិង្សា។
ប្រធានរដ្ឋបាលសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធិ បានឲ្យដឹងបន្តថា មូលហេតុដែលក្រសួងមហាផ្ទៃ ស្នើឲ្យពិភាក្សាចំណុចទាំងពីរនេះ ដោយសារក្រុមការងារបច្ចេកទេសកម្ពុជា និងវៀតណាម កំពុងតែសិក្សាពិនិត្យលើការបោះបង្គោលព្រំដែន ដូច្នេះមិនគួរទៅពិនិត្យនោះទេ។ ម្យ៉ាងទៀត ក្រសួង និងសាលាខេត្ត មានក្តីព្រួយបារម្ភលើករណីហិង្សាដែលបានកើតឡើងកាលពីថ្មីៗនេះ៖ «រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោកថាសុំឲ្យអាជ្ញាធរខេត្តជួយទទូចឲ្យតំណាងរាស្ត្រសង្គ្រោះជាតិ ឲ្យផ្អាកសកម្មភាពពិនិត្យព្រំដែន។ អាជ្ញាធរខេត្តស្វាយរៀង មានក្តីបារម្ភ និងសោកស្ដាយហិង្សាដែលបានកើតឡើងកន្លងទៅ ដោយសារយើងមិនបានទទួលដំណឹងមុន ហើយយើងមិនចង់ឲ្យមានសកម្មភាពនេះទេ។»
ប្រធានរដ្ឋបាលសាលាខេត្តរូបនេះ បានឲ្យដឹងទៀតថា ខាងខេត្តមិនទាន់អាចសម្រេចយ៉ាងណានៅឡើយលើការស្នើសុំនេះ គឺអាស្រ័យលើលទ្ធផលពិភាក្សានៅថ្ងៃទី១៥ កក្កដា ខាងមុខ។ តែទោះជាយ៉ាងណា បើសិន លោក រៀល ខេមរិន្ទ្រ នៅតែប្រកាន់ជំហរចុះទៅពិនិត្យព្រំដែន ត្រូវតែធានាថាមិនមានអំពើហិង្សាណាមួយកើតឡើង៖ «បើក្នុងករណី ដែល លោក រៀល ខេមរិន្ទ្រ នៅតែចង់ទៅ លោក រៀល ខេមរិន្ទ្រ ត្រូវតែសហការជាមួយអាជ្ញាធរ និងត្រូវតែធានាថាមិនមានការប៉ះទង្គិចគ្នា ឬហិង្សាណាមួយកើតឡើង។»
ចំណែកឯតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ អះអាងថា មិនទាន់បានទទួលដំណឹងជុំវិញការពិភាក្សានេះនៅឡើយ។ តែយ៉ាងណាក៏ដោយ នៅថ្ងៃទី១៩ កក្កដា លោកនៅតែប្រកាន់ជំហរដឹកនាំពលរដ្ឋ ព្រះសង្ឃ និងយុវជនជាង ១ពាន់នាក់ ទៅពិនិត្យព្រំដែននេះ បើទោះជាគ្មានការអនុញ្ញាតក៏ដោយ។ លោក រៀល ខេមរិន្ទ្រ បញ្ជាក់បន្តថា សកម្មភាពចុះពិនិត្យព្រំដែននេះ មានគោលបំណងពិនិត្យមើលឲ្យបានច្បាស់ថា ទីតាំងកើតហិង្សារវាងកងទ័ពវៀតណាម មកលើពលរដ្ឋខ្មែរស្ថិតនៅលើដីរបស់ខ្មែរ ឬវៀតណាម។ ម្យ៉ាងទៀត ដើម្បីមើលឲ្យច្បាស់ថា វៀតណាម មានការរំលោភបំពានកម្រិតណា? រឿងនេះ លោក រៀល ខេមរិន្ទ្រ បានស្នើឲ្យអាជ្ញាធរគួរតែសហការ និងមិនត្រូវរារាំងចំពោះសកម្មភាពនេះនោះទេ៖ «ខ្ញុំសូមឲ្យបង ប្អូនអាជ្ញាធរមានការយោគយល់ ត្រូវជួយសម្រួល ធ្វើយ៉ាងណាឲ្យខ្ញុំអាចដឹកនាំពលរដ្ឋ និងនិស្សិតចុះពិនិត្យបង្គោលព្រំដែននេះ ព្រោះជារឿងទឹកដីរបស់យើង ហើយយើងមិនទៅធ្វើអ្វីឲ្យខុសនោះទេ។»
ទីតាំងដែលតំណាងរាស្ត្របក្សប្រឆាំង លោក រៀល ខេមរិន្ទ្រ ទៅពិនិត្យបង្គោលព្រំដែនលេខ ២០៣ ស្ថិតត្រង់ចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង គឺជាទីតាំងដែលធ្លាប់ប៉ះទង្គិចគ្នា គឺពេលដែលពលរដ្ឋ និងកងទ័ពវៀតណាម ដែលបានរារាំងពលរដ្ឋខ្មែរមិនឲ្យទៅមើលទីនោះកាលពីថ្ងៃទី២៨ ខែមិថុនា។ ក្រោយការប៉ះទង្គិចគ្នា មានពលរដ្ឋខ្មែររងរបួសជាង ១០នាក់ និងវៀតណាម របួស ៥នាក់៕
No comments:
Post a Comment