អភិបាល ខេត្ត ស្វាយរៀង ទទូច ឲ្យលោក វ៉ា គឹមហុង បង្ហាញភាព ច្បាស់លាស់ អំពី ព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ១៣ កក្កដា ២០១៥
អភិបាល ខេត្ត ស្វាយរៀង ដែលជាខេត្ត ជាប់ព្រំដែន វៀតណាម អះអាង ថា, គិតមកដល់ ពេលនេះ គណៈកម្មាធិការ ព្រំដែន កម្ពុជា នៅពុំទាន់មាន ភាពច្បាស់លាស់ រឿងការគ្រប់គ្រង ខ្សែបន្ទាត់ ព្រំដែន ជាមួយ វៀតណាម នៅឡើយទេ។
លោក ទាមទារ ឲ្យប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា បង្ហាញចំណុចដែលត្រូវគ្រប់គ្រង ឬទីតាំងដែលដោះដូរគ្នានោះឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាកើតឡើងតទៅទៀត។
ក្រោយពីការស្នើសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធរឿងព្រំដែនរបស់ អភិបាលខេត្តស្វាយរៀង លោក វ៉ា គឹមហុង ប្រតិកម្មវិញភ្លាមៗដោយចាត់ទុកថា អភិបាលខេត្តស្វាយរៀង លោក ជៀង អំ មិនដែលបានបំពេញតួនាទីក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាលម្ដងណា ទេអំពីព្រំដែននេះ។
នេះជាលើកទីមួយហើយដែលមន្ត្រីអនុវត្តគោលនយោបាយក្នុងក្របខ័ណ្ឌ រដ្ឋាភិបាលតែមួយ ខ្វែងគំនិតគ្នា ដែលម្ខាងៗបានស្ដីបន្ទោស និងទម្លាក់ការទទួលខុសត្រូវរៀងៗខ្លួន លើការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន។ អភិបាលខេត្តស្វាយរៀង អះអាងថា ការកំណត់បោះបង្គោលព្រំដែន ជាពិសេសជាមួយវៀតណាម នេះ គឺនៅតែមានភាពស្មុគស្មាញ មិនដឹងថា តើកម្ពុជា ចំណេញដីនៅត្រង់ណា ហើយត្រង់ណាដែលកម្ពុជា ត្រូវបាត់បង់ទៅវៀតណាម នោះទេអំពីការកំណត់ខណ្ឌសីមាព្រំដែននេះ។
ការតឹងសរសៃកដាក់គ្នា ជុំវិញភាពមិនប្រាកដនិយមរឿងព្រំដែននេះ ធ្វើឡើងក្នុងពេលដែលក្រសួងមហាផ្ទៃ ធ្វើបច្ចុប្បន្នភាព និងការផ្សព្វផ្សាយពីព្រំដែន កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្រោយពីបទបង្ហាញរបស់ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបិទបញ្ចប់រួច និងបទអន្តរាគមន៍របស់ លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ចប់ដែរនោះ ដល់វេន លោក ជៀង អំ អភិបាលខេត្តស្វាយរៀង វិញម្ដង។ លើកនេះ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង មិនសំចៃមាត់ដូច លោក ប្រាជ្ញ ច័ន្ទ ឡើយ។ អភិបាលខេត្តស្វាយរៀង បានទាមទារឲ្យ លោក វ៉ា គឹមហុង បង្ហាញឲ្យបានច្បាស់លាស់លើការគ្រប់គ្រងជាក់ស្ដែងនៃខ្សែបន្ទាត់ ផែនទីជាមួយវៀតណាម។ លោក ជៀង អំ ចាត់ទុកថា ការកំណត់ខ្សែខណ្ឌសីមានេះ ហាក់មានមន្ទិលសង្ស័យ និងមិនដឹងថាតើត្រង់ណាទៅដែលកម្ពុជា ថាចំណេញដីពីវៀតណាម ហើយចំណុចដែលវៀតណាម ត្រូវខាតបង់មកកម្ពុជា វិញ។ លោកបន្តថា «សូមឲ្យគណៈកម្មការចម្រុះព្រំដែនយើងនេះ ពន្យល់ប្រាប់ខេត្តឲ្យច្បាស់ថា កន្លែងណាដែលត្រូវបានដីខេត្ត កន្លែងណាដែលចូលមកយើង បាត់ប៉ុន្មាន? យើងបាត់គេស្រែកកន្លែងយើងបានគេស្ងាត់។ អ៊ីចឹងធ្វើឲ្យប្រជាជនមានការលំបាក និងយល់ច្រឡំកន្លែងហ្នឹង ហើយយើងបាត់ប៉ុន្មាននៅកន្លែងណា ព្រោះបោះបង្គោលវាមានបាន និងវាបាត់។»
ពាក់ព័ន្ធនឹងវិវាទព្រំដែននេះ ប្រជាពលរដ្ឋមួយក្រុមដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានវៀតណាម ប្រើប្រាស់ហិង្សាបណ្ដាលឲ្យមានរបួសទាំងសងខាងលើទឹកដីខ្មែរ កាលពីថ្ងៃទី២៨ ខែមិថុនា។ មូលហេតុដែលនាំឲ្យប៉ះទង្គិចគ្នានេះ កើតឡើងខណៈពលរដ្ឋកម្ពុជា ព្យាយាមចុះពិនិត្យព្រំដែនដែលសង្ស័យថា វៀតណាម បានរំកិលចូលក្នុងទឹកដីកម្ពុជា។
ភ្លាមៗក្រោយពីការរិះគន់របស់អភិបាលខេត្តស្វាយរៀង លើការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនរបស់ លោក ជៀង អំ នេះ ត្រូវបាន លោក វ៉ា គឹមហុង ប្រតិកម្ម ហើយស្ដីបន្ទោសថា អភិបាលខេត្តស្វាយរៀង មិនដែលបានប្រើប្រាស់តួនាទីរបស់ខ្លួនឲ្យចំទិសដៅ ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ជុំវិញរឿងព្រំដែននេះម្ដងណាទេ។ លើសពីនេះទៀត លោក វ៉ា គឹមហុង ថែមទាំងបានរិះគន់ថា គណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន ពុំដែលបានទទួលរបាយការណ៍ពី លោក ជៀង អំ ទាល់តែសោះរឿងព្រំដែននេះទៅវិញ។ លោកបន្តថា «ឯកឧត្ដមភ្លេច សេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីមួយ ដែលបង្កើតអនុគណៈកម្មការបច្ចេកទេស ដែលឯកឧត្ដមជាប្រធាន ហើយឯកឧត្ដមជាសេនាធិការឲ្យគណៈកម្មការព្រំដែន។ ទាំងអស់នេះ ឯកឧត្ដមមិនដែលបានធ្វើទេ រាយការណ៍ក៏មិនដែលរាយការណ៍ឲ្យដែរ។»
ការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពលើការគ្រប់គ្រង និងផ្សព្វផ្សាយរឿងព្រំដែននេះ មិនត្រឹមតែអភិបាលខេត្តស្វាយរៀង ទេដែលបង្ហាញពីមន្ទិលសង្ស័យចំពោះភាពស្ងប់ស្ងាត់ ជុំវិញការរំកិលព្រំដែនដោយរដ្ឋាភិបាលវៀតណាម នេះ។ ដោយឡែកអភិបាលខេត្តកណ្ដាល និងមន្ត្រីយោធាព្រំដែនក្នុងតំបន់នេះ បង្ហាញកង្វល់ប្រហាក់ប្រហែលគ្នានេះដែរ។
ការបន្តខ្វែងគំនិតគ្នានៃមន្ត្រីជំនាញរបស់រដ្ឋាភិបាល ជុំវិញខ្សែបន្ទាត់ព្រំដែននេះ ធ្វើឡើងមុន ៦ថ្ងៃដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងដឹកនាំមនុស្សប្រមាណ ១ពាន់នាក់ ចុះពិនិត្យព្រំដែនលើទីតាំងដែលមានវិវាទក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី១៩ កក្កដា ខាងមុខនេះ។
ពាក់ព័ន្ធរឿងនេះ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជានាយកប្រតិបត្តិនិស្សិតបញ្ញវន្តកម្ពុជា លោក ទិប ទាវ មើលឃើញថា កម្ពុជា អាចនឹងត្រូវប្រឈមមុខបាត់បង់បូរណភាពទឹកដីជាងនេះបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលនៅតែបន្តខ្វែងគំនិតគ្នា ហើយដឹកនាំតាមរបៀបបំបិទសិទ្ធិសេរីភាពដូចនេះ។ លោកចាត់ទុកថា រដ្ឋាភិបាលគួរពិចារណាលើកង្វល់របស់ពលរដ្ឋនៅមូលដ្ឋាន ហើយចាប់អនុវត្តពង្រឹងយន្តការច្បាប់ និងសន្តិសុខផ្ទៃក្នុងឲ្យបានប្រសើរជាងនេះបន្ថែមទៀត ទើបធានាពីការរំកិលព្រំដែនពីវៀតណាម បាន។ លោកបន្តថា «សួរថាហេតុ អីបានជាមន្ត្រីព្រំដែនគាត់មិនហ៊ានលើកឡើង គាត់មិនហ៊ានបំភ្លឺ គឺដោយសារតែប្រព័ន្ធនៃការគ្រប់គ្រងរបៀបផ្ដាច់ការ បំបិទសិទ្ធិសេរីភាព មិនឲ្យមន្ត្រីរបស់ខ្លួនឯង និងប្រជាពលរដ្ឋ និយាយពីបញ្ហានៃការបាត់បង់ទឹកដី។»
ប្រទេសកម្ពុជា និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រមាណ ១.២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបោះបង្គោលព្រំដែនបាន ៨៣ភាគរយ។ តាមការគ្រោងទុក ការកំណត់ព្រំសីមារវាងកម្ពុជា និងវៀតណាម នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៥។ ជុំវិញរឿងនេះ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល យល់ឃើញថា ក្រោយពីបញ្ចប់បោះបង្គោលព្រំដែន នឹងធ្វើឲ្យកម្ពុជា រឹតតែបាត់បង់ទឹកដីបន្ថែមទៀតទៅវៀតណាម ជាពិសេសនោះ រដ្ឋាភិបាលវៀតណាម នឹងមិនបញ្ឈប់ការរំកិលព្រំដែនត្រឹមការបោះបញ្ចប់បង្គោលឡាក់នេះ ទេ៕
No comments:
Post a Comment