Paris Peace Accords 23 Oct. 1991

Thursday, July 16, 2015

[Vietnamization] វៀតណាម​ អូស​បន្លាយ,​ មិន​ទាន់​ លុប​ស្រះ ​នៅ​ព្រំដែន ​ខេត្ត​រតនគិរី | Vietnam footdragging, yet to fill in ponds at border in Ratanakiri

វៀតណាម​ អូស​បន្លាយ,​ មិន​ទាន់​ លុប​ស្រះ ​នៅ​ព្រំដែន ​ខេត្ត​រតនគិរី

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៣ កក្កដា ២០១៥

វៀតណាម​ជីក​ស្រះ រតនគិរី ៦២០
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។  រូបថត​សហគមន៍  

កិច្ច​ព្រមព្រៀង ​លុប​ស្រះ ​នៅ​តំបន់ ​ព្រំដែន ​ហាម​ឃាត់​ ខេត្ត​ រតនគីរី ជាប់​ នឹង​ខេត្ត​ យ៉ាឡាយ ប្រទេស វៀតណាម នៅ​អូស​បន្លាយ ​នៅ​ឡើយ បើ ​ទោះ​បី​ អាជ្ញាធរ ស្រុក ​អូរយ៉ាដាវ បាន​ជួប​ពិភាក្សា ​ជាមួយ​ តម្រួត​ព្រំដែន ​វៀតណាម ជំរុញ​ ឲ្យ​អនុវត្ត​កិច្ច​ ព្រមព្រៀង​នេះ​ ក៏ដោយ។  ចំណែក​ អ្នក​នាំ​ពាក្យ​ សាលា​ខេត្ត​ រតនគិរី អះអាង​ថា, នឹង​សុំ​ ការ​ណែនាំ​ ពី​អាជ្ញាធរ​ ថ្នាក់​ជាតិ ​បន្ត​ទៀត ដើម្បី ​ជំរុញ ​ឲ្យ​ភាគី​ វៀតណាម អនុវត្ត ​កិច្ច​ព្រមព្រៀង​ នេះ។

មន្ត្រី​ជាន់​ខ្ពស់​សាលា​ខេត្ត​រតនគិរី សម្ដែង​សុទិដ្ឋិនិយម​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​នឹង​ផ្តល់​ការ​ណែនាំ​ក្នុង​ពេល​ឆាប់ៗ​នេះ ទាក់ទិន​ទៅ​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​លុប​ស្រះ​ទឹក​ដែល​វៀតណាម ជីក​នៅ​តំបន់​ស​រវាង​កម្ពុជា និង​វៀតណាម។

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿង ថ្លែង​បែប​នេះ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា និង​បាន​ទទួល​ផ្ទាំង​ផែនទី​តំបន់​ព្រំដែន​ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ច្រើន​ផ្ទាំង ដើម្បី​ស្វែង​យល់​ពី​ព្រំដែន​ខេត្ត​ឲ្យ​បាន​ជាក់លាក់។ លោក​ថា អាជ្ញាធរ​ខេត្ត​រង់ចាំ​ការ​ណែនាំ​ពី​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​ ថ្នាក់​ជាតិ ដើម្បី​ជំរុញ​ឲ្យ​ភាគី​វៀតណាម អនុវត្ត​កិច្ចព្រមព្រៀង​លុប​ស្រះ​ឲ្យ​បាន​ឆាប់៖ «ដំបូង​យើង​គិត​ថា ធ្វើ​លិខិត​មួយ​ដាក់​ទៅ​ខាង​វៀតណាម ដើម្បី​ជួប​ជុំ​ដាក់​ពេលវេលា​លុប​អ៊ីចឹង​ទៅ ប៉ុន្តែ​ព្រឹក​មិញ ឯកឧត្តម វ៉ា គឹមហុង លោក​ថា​យើង​អាច​លុប​បី ឬ​លុប​៤ ទៀត។ អ៊ីចឹង​យើង​ត្រូវ​រង់ចាំ​ការ​ពន្យល់​ណែនាំ​ពី​ថ្នាក់​ជាតិ​ទៅ​ទៀត។»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចេញ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឲ្យ​ដឹង​ថា កម្ពុជា ស្នើសុំ​ឲ្យ​វៀតណាម លុប​ស្រះ​ចំនួន ៨​កន្លែង ដែល​ក្រសួង​ការ​បរទេស ធ្វើ​កំណត់​ទូត​តវ៉ា​ពីរ​ដង​កាល​ពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៥។ ចំណែក​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម សន្យា​ថា​នឹង​លុប​ស្រះ​ចំនួន​បី​នេះ​ចោល​វិញ រីឯ​ស្រះ ៥ ទៀត ក្រុម​បច្ចេកទេស​ចម្រុះ​នៃ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង តែ​ក្នុង​នោះ​មាន​ស្រះ ២ ជា​ស្រះ​ចាស់​យូរ​មក​ហើយ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ស្រះ​ដែល​ភាគី​វៀតណាម ជីក​ក្នុង​តំបន់​ហាម​ឃាត់​មាន​រហូត ៨ ក្នុង​នោះ​ស្រះ ៦ ជីក​នៅ​អំឡុង​ខែ​មេសា ឬ​ខែ​ឧសភា ថ្មីៗ​នេះ ចំណែក​ស្រះ​ពីរ​ទៀត ជីក​ប្រមាណ ១​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​ថា ភាគី​វៀតណាម ដឹង​ច្បាស់​ណាស់​ថា ស្រះ​ណា​ជីក​ខុស​ច្បាប់​ក្នុង​តំបន់​ហាម​ឃាត់ ហេតុ​នេះ​ចម្លើយ​របស់​តម្រួត​ព្រំដែន​វៀតណាម គឺ​មាន​ចេតនា​អូស​បន្លាយ​ពេលវេលា​លុប​ស្រះ​ទាំង​នេះ​វិញ៖ «មាន​ កិច្ចព្រមព្រៀង​យល់ព្រម​លុប​ហើយ បែរ​ជា​វៀតណាម បញ្ជាក់​ថា​មិន​ដឹង​លុប​ស្រះ​មួយ​ណា។ មន្ត្រី​ថ្នាក់​មូលដ្ឋាន​គាត់​ចុះ​ត្រួត​ពិនិត្យ ដើម្បី​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​ខេត្ត និង​ជាតិ​វៀតណាម មិន​ទាន់​បាន​លុប​ស្រះ។»

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន រំពឹង​ថា មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ជាតិ នឹង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​អនុវត្ត​កិច្ចព្រមព្រៀង​លុប​ស្រះ​នៅ​សប្ដាហ៍​ ក្រោយ​នេះ។ លោក​ថា ការ​លុប ឬ​មិន​លុប​របស់​ភាគី​វៀតណាម ជា​រឿង​មួយ ក៏ប៉ុន្តែ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​រំលោភ​ទៅ​លើ​ប្រកាស​រួម ហាម​មិន​ឲ្យ​ប៉ះពាល់​ទៅ​ដល់​តំបន់​ដែល​កំពុង​ជជែក​គ្នា​អំពី​រឿង​ខ្សែ​ខណ្ឌ​ សីមា​នោះ គឺ​ជា​ការ​រំលោភ៖ «ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង លោក​ទើប​អញ្ជើញ​មក​ពី​ស្រុក​ថៃ ដូច្នេះ​អាទិត្យ​ក្រោយ​ហ្នឹង ខ្ញុំ​ជឿ​ថា នឹង​ចាត់​វិធានការ​បន្តបន្ទាប់។ នៅ​ថ្ងៃ​នេះ​ដែរ យើង​ឃើញ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​ក្រឡាហោម លោក​បាន​ប្រជុំ​វាយ​តម្លៃ ហើយ​ពង្រឹង​ការងារ​ទៅ​មុខ​ទៀត​ដែល​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន។»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ មាន​គ្នា​ប្រមាណ ២៥​នាក់ បាន​ជួប​ពិភាក្សា​ជាមួយ​តម្រួត​ព្រំដែន​វៀតណាម មាន​គ្នា ១០​នាក់ នៅ​ចំណុច​មាន​ទំនាស់​ជីក​ស្រះ ក៏ប៉ុន្តែ​ក្នុង​ជំនួប​នេះ​មិន​មាន​លទ្ធផល​អ្វី​ទេ ពីព្រោះ​តម្រួត​ព្រំដែន​វៀតណាម អះអាង​ថា រង់ចាំ​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ជួប​គ្នា​ពិភាក្សា​បញ្ហា​នេះ ជាពិសេស​ស្រះ​បី​ដែល​ភាគី​វៀតណាម ព្រមព្រៀង​លុប ពួក​គេ​មិន​ដឹង​ស្រះ​មួយ​ណា ហេតុ​នេះ​លុះត្រា​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ចុះ​ពិនិត្យ​ ជាក់ស្តែង​ជា​មុន​សិន៕


No comments:

Post a Comment