Paris Peace Accords 23 Oct. 1991

Tuesday, August 25, 2015

[Buffoonery] ប្រធាន​ អង្គការ​ សេដាក​ នឹង​ហក់​ចូល​ ប្រឡូក​ ក្នុង​ឆាក​នយោបាយ ​នៅ​ឆ្នាំ​ក្រោយ | CEDAC president will enter politics next year

ប្រធាន​ អង្គការ​ សេដាក​ នឹង​ហក់​ចូល​ ប្រឡូក​ ក្នុង​ឆាក​នយោបាយ ​នៅ​ឆ្នាំ​ក្រោយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៤ សីហា ២០១៥

យ៉ង សាំងកុមារ ៦២០
ប្រធាន​អង្គការ​សេដាក (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមារ (ឆ្វេង) ប្រគល់​ប័ណ្ណ​សរសើរ និង​កាដូ​ដល់​បុគ្គលិក​របស់​អង្គការ​សេដាក នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។  RFA/Yang Chandara

ប្រធាន ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម ​កម្ពុជា ហៅ​ថា, សេដាក (CEDAC) លោក យ៉ង សាំង កុមារ ដែល​កំពុង​ មាន​ប្រជាប្រិយភាព​ ក្នុង​ចំណោម ​កសិករ បាន​ប្រកាស​ ថា, លោក​ នឹង​មិន​ឈរ​ឈ្មោះ​ ជា​ប្រធាន​ អង្គការ​នេះ ​ទៀត​ឡើយ នៅ​ក្រោយ​ ការ​បញ្ចប់ ​អាណត្តិ​ ការងារ ​របស់​លោក​ នៅ​ចុង​ឆ្នាំ​ ២០១៥ នេះ។  លោក យ៉ង សាំងកុមារ បញ្ជាក់​ថា នឹង​ឈាន​ជើង ​ចូល​ប្រឡូក​ ក្នុង​ជីវិត​ នយោបាយ ​វិញ​ម្តង ដោយ​រំពឹង​ ថា នឹង​អាច ​ជួយ​លើក​ស្ទួយ ​ជីវភាព​ ប្រជា​កសិករ ​កម្ពុជា បាន​កាន់​តែ​ ច្រើន​ថែម​ទៀត។

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រកាស​ថា លោក​នឹង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទើប​នឹង​បង្កើត​ថ្មី​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ខាង​មុខ ឬ​ក្រោយ​ពី​លោក​បញ្ចប់​តួនាទី​ជា​ប្រធាន​អង្គការ​សេដាក នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ក៏ដោយ ក៏​លោក​នៅ​តែ​ផ្ដោត​អាទិភាព​ទៅ​លើ​វិស័យ​កសិកម្ម​ដដែល ដោយ​លោក​គិត​ថា វិស័យ​មួយ​នេះ​នឹង​ជំរុញ​ដំណើរ​ការ​នៃ​វិស័យ​ដទៃ​ទៀត​នៅ​កម្ពុជា ដែល​រួម​មាន​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ឲ្យ​ដើរ​លឿន​ទៅ​មុខ​បាន៖ «ល្មម ​ដល់​ពេល​ខ្មែរ​យើង​ចែក​គ្នា​ទទួល​ខុស​ត្រូវ​ហើយ គ្មាន​អ្នក​ណា​ម្នាក់​ចេះ​ធ្វើ​អ្វីៗ​គ្រប់​មុខ​នោះ​ទេ។ យើង​ប្រើប្រាស់​ចំណុច​ខ្លាំង ចំណុច​ពិសេស​យើង​ផ្គុំ​ជាមួយ​អ្នក​ដទៃ ដើម្បី​ដឹក​នាំ​ជាតិ។ ហើយ​ខ្ញុំ​ស្រមៃ​ថា យើង​គួរ​តែ​មាន​រដ្ឋាភិបាល​សាមគ្គី​ជាតិ​មួយ ដែល​យើង​ចែក​គ្នា​ទទួល​ខុស​ត្រូវ​តាម​វិស័យ​ទៅ​តាម​សមត្ថភាព ទៅ​តាម​ចំណេះ​ដឹង​របស់​យើង ប៉ុន្តែ​ដើម្បី​ធ្វើ​អ៊ីចឹង​បាន លុះត្រា​តែ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យ​យើង​ចូលរួម​ក្នុង​ការ​ដឹក​ នាំ។»

លោក យ៉ង សាំងកុមារ បាន​បញ្ជាក់​ថា អ្វី​ដែល​ជំរុញ​ឲ្យ​លោក​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ ដោយសារ​តែ​លោក​មើល​ឃើញ​នូវ​កង្វះ​ខាត ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កសិករ​ពី​សំណាក់​រាជ​រដ្ឋាភិបាល។ លោក​គិត​ថា ជម្រើស​ដ៏​ប្រសើរ​ដែល​អាច​ជួយ​កសិករ​បាន​ច្រើន​ជាង​នេះ គឺ​ការ​ចូលរួម​ក្នុង​ឆាក​នយោបាយ ដែល​អាច​ផ្តល់​ឲ្យ​លោក​នូវ​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត​អនុវត្ត​គោល​ នយោបាយ​នានា សំដៅ​លើក​កម្ពស់​ជីវភាព​កសិករ៖ «២០​ឆ្នាំ​ហើយ យើង​ឃើញ​វិស័យ​កសិកម្ម​យើង​នៅ​ដដែល។ យើង​អត់​ឃើញ​រដ្ឋាភិបាល​បញ្ជូន​មន្ត្រី​ល្អៗ ដែល​ជួយ​ធ្វើ​ការ​ជាមួយ​កសិករ​ឲ្យ​ប្រាក់​ខែ​សមរម្យ​ទេ។ ២០​ឆ្នាំ​ហើយ យើង​នៅ​តែ​និយាយ​រឿង​ដដែលៗ កសិករ​ខ្វះ​ទឹក។ យើង​នាំ​បន្លែ​ពី​គេ​មក​កាន់​តែ​ច្រើន។ តើ​អ្នក​ណា​ជា​អ្នក​ដោះស្រាយ​រឿង​នេះ បើ​យើង​មិន​ខំ​ចូល​ប្រឡូក​ឲ្យ​ស៊ី​ជម្រៅ​តែ​ម្តង​នោះ ហើយ​យើង​ចាំ​មើល​លទ្ធផល​ថា តើ​វា​យ៉ាង​ម៉េច? កាល​ណា​យើង​ធ្វើ​អ្វី​មួយ ត្រូវ​ធ្វើ​ឲ្យ​ច្បាស់លាស់ ហើយ​កុំ​ធ្វើ​នយោបាយ​គ្រាន់​តែ​ដើម្បី​ចង់​បាន​បុណ្យ​ស័ក្តិ ចង់​បាន​អំណាច។ ធ្វើ​ដូច​នេះ មិន​ចាំ​បាច់​ធ្វើ​ទេ។ ធ្វើ​ដើម្បី​អ្វី បាន​ផល​ប្រយោជន៍​អី? យើង​សុខ​ចិត្ត​នៅ​ធ្វើ​អ៊ីចឹង​វា​ល្អ​ជាង?»

នាយក​ផ្នែក​បោះពុម្ព​ផ្សាយ​នៃ​អង្គការ​សេដាក អ្នកស្រី ពាន សុខា ដែល​បាន​ធ្វើ​ការ​ជាមួយ លោក យ៉ង សាំងកុមារ អស់​រយៈពេល ១៧​ឆ្នាំ​មក​ហើយ​នោះ បាន​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​ចំពោះ​គម្រោង​ចាក​ចេញ​នេះ ដោយ​អ្នកស្រី​លើក​ឡើង​ថា លោក យ៉ង សាំងកុមារ មាន​ទេព​កោសល្យ​ក្នុង​ការ​ដឹក​នាំ និង​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ធ្វើ​ឲ្យ​អង្គការ​សេដាក រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃ។ យ៉ាង​នេះ​ក្តី អ្នកស្រី​ហាក់​មាន​ក្តី​សង្ឃឹម​ខ្ពស់​លើ លោក យ៉ង សាំងកុមារ ថា​នឹង​អាច​ជួយ​កសិករ​កម្ពុជា បាន​កាន់​តែ​ច្រើន​តាម​រយៈ​ការ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ចការ​នយោបាយ៖ «ខ្ញុំ ​មាន​អារម្មណ៍​ក្តុកក្តួល​សោកស្ដាយ ព្រោះ​មាន​តែ​គាត់​ទេ​ជា​ជំហរ​រឹង​មាំ​ជាង​គេ​ក្នុង​ការ​ដឹក​នាំ ជាពិសេស​ទាក់ទង​ទៅ​នឹង​កសិកម្ម គាត់​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ច្រើន។ និយាយ​ឲ្យ​ចំ​ទៅ​គំនិត​របស់​គាត់ គឺ​អត់​មាន​កក​ស្ទះ ឬ​នៅ​មួយ​កន្លែង គាត់​គិត​ឃើញ​អ្វី​ថ្មីៗ​ជានិច្ច។»

ចំណែក​ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត លោក កុក ថា ដែល​ធ្លាប់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី លោក យ៉ង សាំងកុមារ បាន​ថ្លែង​ថា លោក​ទុក​ចិត្ត​សមត្ថភាព​របស់​អ្នក​ជំនាញ​កសិកម្ម​រូប​នេះ ថា​ពិត​ជា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​សង្គម​ជាតិ៖ «ខ្ញុំ​គិត​ថា ​មិន​មែន​មាន​តែ​គាត់​ម្នាក់​ទេ ជា​អ្នក​អភិវឌ្ឍ ឬ​ក៏​ដោះស្រាយ​បញ្ហា​ប្រទេស​នោះ​ទេ។ សំខាន់ គឺ​គាត់​នឹង​ធ្វើ​ការងារ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត ដែល​គាត់​មាន​សមត្ថភាព​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​មាន​ការ​ចូលរួម។ អ៊ីចឹង យើង​រួម​គ្នា​ផ្គុំ​គ្នា​ដើម្បី​ធ្វើ​ការងារ​ហ្នឹង​ទៅ ខ្ញុំ​ជឿ​ថា​វា​នឹង​ជោគជ័យ។»

លោក យ៉ង សាំងកុមារ បាន​ជាប់​គ្រប់​ការ​បោះ​ឆ្នោត​ជា​ប្រធាន​អង្គការ​សេដាក ដែល​មាន​អាណត្តិ ២​ឆ្នាំ​តាំង​ពី​ឆ្នាំ​១៩៩៧។ កិច្ច​ការងារ​សំខាន់​ដែល​លោក​សម្រេច​បាន​នា​ពេល​កន្លង​មក រួម​មាន ការ​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ដល់​កសិករ ការ​បង្កើត​គម្រោង​ផ្សេងៗ​សម្រាប់​និស្សិត និង​យុវជន​នៅ​តាម​ទី​ជនបទ និង​ការ​បង្កើត​ឲ្យ​មាន​ជា​ទីផ្សារ​ផលិតផល​កសិកម្ម​សរីរាង្គ។
លោក សាម អ៊ីន អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ថ្លែង​ថា លោក​រីករាយ​នឹង​ដំណឹង​នៃ​ការ​ចូលរួម​នេះ ប៉ុន្តែ​លោក​មិន​អាច​កំណត់​ពី​តួនាទី​របស់ លោក យ៉ង សាំងកុមារ នៅ​ក្នុង​គណបក្ស​បាន​ទេ គឺ​រង់ចាំ​ការ​សម្រេច​ពី​សមាជិក​បក្ស​នៅ​ក្នុង​សមាជ​ដ៏​ធំ ដែល​គ្រោង​ធ្វើ​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ។ ចំណែក​អង្គការ​សេដាក វិញ នឹង​ធ្វើ​ការ​បោះ​ឆ្នោត​រើស​ប្រធាន​ថ្មី​របស់​ខ្លួន​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ៕



No comments:

Post a Comment