មេធាវី ការពារក្ដី លោក ហុង សុខហួរ ប្ដឹងទាស់ នឹងការសម្រេច របស់តុលាការ
RFA / វិទ្យុ អាស៊ី សេរី | ២១ សីហា ២០១៥

សមាជិកព្រឹទ្ធសភាកូតាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ
ថ្លែងទៅកាន់អ្នកកាសែតនាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។
RFA/Brach Chev
ក្រុមមេធាវីការពារក្ដីរបស់សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី លោក ហុង សុខហួរ បានដាក់ពាក្យប្ដឹងជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ និងសុំឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
លោកមេធាវី សំ សុគង់
បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ សីហា ថា
ក្រុមមេធាវីរបស់លោកបានដាក់ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ
និងសាលាឧទ្ធរណ៍រួចហើយកាលពីដើមសប្ដាហ៍នេះ
ដើម្បីប្ដឹងទាស់នឹងការសម្រេចរបស់តុលាការកាលពីថ្ងៃទី១៥ សីហា
ហើយស្នើឲ្យសាលាឧទ្ធរណ៍ សើរើឡើងវិញដើម្បីឲ្យលោក ហុង សុខហួរ
បាននៅក្រៅឃុំ។
លោក ហុង សុខហួរ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ន ពីបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងបទញុះញង់។ ការចោទប្រកាន់នេះ ធ្វើឡើងរយៈ២ថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនលោក ហុង សុខហួរ ដោយចោទថា ក្បត់ជាតិ ទាក់ទងនឹងការក្លែងឯកសារ សន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។
លោកមេធាវី សំ សុគង់ អះអាងថា
តាមច្បាប់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍
នឹងជូនដំណឹងត្រឡប់មកក្រុមមេធាវីលោកវិញ នៅដើមសប្ដាហ៍ក្រោយ
ថាសម្រេចឲ្យនៅក្រៅឃុំ ឬយ៉ាងណា៕
No comments:
Post a Comment