លោក ហ៊ុន សែន ប្រកាសថា នឹងមិនមាន ការបោះឆ្នោត មុនអាណត្តិ
RFA / វិទ្យុ អាស៊ី សេរី | ៣ សីហា ២០១៥
គណបក្សប្រឆាំង ដែលតែង ត្រូវ បានរដ្ឋាភិបាល ចាត់ទុក ថា, រិះគន់ មិនឈប់ឈរ រឿងគោល នយោបាយ ជាតិ របស់ រដ្ឋាភិបាលនោះ នៅពុំ ទាន់មាន ប្រតិកម្ម ណាមួយ តប ការចោទប្រកាន់ របស់ លោក ហ៊ុន សែន នៅឡើយទេ ដោយគ្រាន់តែ លើកឡើង ថា, គណបក្ស សង្គ្រោះជាតិ គឺ អនុវត្ត តាមអ្វី ដែលមាន ក្នុងកិច្ចព្រមព្រៀង នៃបក្សនយោបាយ ទាំងពីរ បានឯកភាព កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ប៉ុណ្ណោះ។
បញ្ហានេះ អង្គការ ក្រៅរដ្ឋាភិបាល ដែលមាន ជំនាញ លើកិច្ចការ បោះឆ្នោត ហៅថា, នយោបាយ របស់ នាយករដ្ឋមន្ត្រី នៅពេលនេះ គឺ ធ្វើតាម របៀប គំនុំ ជាជាង ប្រជាធិបតេយ្យ ផ្នែកនយោបាយ។
ភាពស្ងប់ស្ងាត់របស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ទំនងជាមិនចង់ឲ្យមានកម្ដៅនយោបាយដែលកំពុងតែផ្ទុះឡើងសាជាថ្មីទៀត ឲ្យនៅកម្រិតទាបហើយមើលទៅ ខណៈដែលប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាដៃគូនៃវប្បធម៌សន្ទនា វាយប្រហារយ៉ាងចាស់ដៃរហូតចាត់ទុកថា ជាគណបក្សប្រឆាំងដែលមិនចេះធ្វើការ ហើយប្រាថ្នាចង់គ្រប់គ្រងប្រទេសទាំងមិនដឹងពីរបៀបធ្វើការថែមទៀត ផង។
ប្រតិកម្មជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើបក្សប្រឆាំងនៅពេលនេះ និងជាប្រតិកម្មដ៏កម្រផងដែររឿងពេលវេលានៃការបោះឆ្នោតនេះ ធ្វើឡើងក្នុងពេលដែលលោកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ចិន នៅតាខ្មៅ ខេត្តកណ្ដាល។ លោក ហ៊ុន សែន ថ្លែងថា ពេលវេលាពិតប្រាកដនៃការបោះឆ្នោត គឺធ្វើដូចរាល់អាណត្តិ មិនកែប្រែដូចការចរចានយោបាយថានឹងបោះមុនអាណត្តិនោះឡើយ។
លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានឆ្លើយតបថា គណបក្សជំទាស់ពុំមានអ្វីបកស្រាយ ក្រៅពីអនុវត្តតាមគោលការណ៍ដែលគណបក្សនយោបាយទាំងពីរបានព្រមព្រៀង រួចហើយនោះទេ។ លោកបន្ថែមថា ថ្វីបើពុំមានក្នុងគោលការណ៍ដែលកំណត់ថា ត្រូវបោះឆ្នោតមុនអាណត្តិក៏ដោយចុះ អ្នកនយោបាយទាំងពីរបានឯកភាពរួចមកហើយថា នឹងអនុវត្តការបោះឆ្នោតមុនអាណត្តិយ៉ាងហោចណាស់ក៏ ៥ខែដែរ ក៏ប៉ុន្តែលោកចាត់ទុកថា ការប្រែក្រឡាស់នៅពេលនេះរបស់ លោក ហ៊ុន សែន គឺហាក់ដូចជាមន្ទិលទៅវិញ។ លោកបន្តថា «កិច្ចការនេះយើងធ្លាប់បានជជែកនយោបាយថ្ងៃទី២២ កក្កដា ២០១៤ ក៏មានការលើកឡើងឲ្យមានការបោះឆ្នោតមុនអាណត្តិដែរ។»
បើទោះជាបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាកាលពីព្រឹកថ្ងៃទី៣ ខែសីហា ថា លោកនឹងមិនព្រមដាច់ខាត ថានឹងឲ្យមានការបោះឆ្នោតមុនអាណត្តិ ជាពិសេសគណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថែមទៀតផង។ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផងនោះ គឺលោក ហ៊ុន សែន រិះគន់ថា គណបក្សសង្គ្រោះជាតិ តែងប្រើប្រាស់ការចូលសភា និងវប្បធម៌សន្ទនា ធ្វើជាដើមទុនក្នុងរឿងនយោបាយរបស់ខ្លួន។ ហេតុនេះ លោកចាត់ទុកថា ដើម្បីបញ្ចប់ការចំណេញនយោបាយដោយឆៅៗបែបនេះ គឺលោកនឹងមិនយល់ព្រមឲ្យមានការបោះឆ្នោតមុនអាណត្តិ ដូចការចង់បានរបស់គណបក្សប្រឆាំងទៀតឡើយ។ លោកបន្តថា «បើចង់បោះ មុនការកំណត់ ត្រូវកែរដ្ឋធម្មនុញ្ញ។ អ៊ីចឹងគណបក្សប្រជាជន ប្រកាន់ដាច់ខាតមិនកែរដ្ឋធម្មនុញ្ញ។ បើអ៊ីចឹងនៅតែបោះឆ្នោតនៅដដែល ឥតឲ្យលោកឯងយកឃោសនាបានទេ។»
ប្រតិកម្មរបស់ លោក ហ៊ុន សែន នៅពេលនេះ ត្រូវបានអង្គការដែលឃ្លាំមើលដំណើរការនៃការបោះឆ្នោត ចាត់ទុកថា គឺលោក ហ៊ុន សែន បានរំលោភលើកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី២២ កក្កដា កន្លងទៅ។
ប្រការ៣ នៃកិច្ចការព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ សរសេរថា គណបក្សទាំងពីរឯកភាពគ្នាកំណត់ឡើងវិញនូវកាលបរិច្ឆេទសម្រាប់ការបោះ ឆ្នោតពេលខាងមុខ។
ពាក់ព័ន្ធការបោះឆ្នោតនេះ ក្នុងការចរចារវាងមេដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ អ្នកនយោបាយទាំងពីរបក្ស បានឯកភាពក្រៅសេចក្ដីថ្លែងការណ៍រួមថា នឹងយកថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៧ និងបោះឆ្នោតសកលខែកុម្ភៈ ដូចគ្នា ឆ្នាំ២០១៨ ក៏ប៉ុន្តែ លោក ហ៊ុន សែន បានប្ដេជ្ញាហើយថា ការបោះឆ្នោតទាំងឃុំ-សង្កាត់ និងបោះឆ្នោតជាតិ ត្រូវរៀបចំដូចអាណត្តិមុនៗ គឺពុំមានការប្រែប្រួលអ្វីឡើយ។
លោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថា ដោយសារច្បាប់បោះឆ្នោតថ្មីនេះពុំមានកំណត់ពេលវេលានៃការបោះឆ្នោត នោះ ហេតុនេះដំណើរការទូទៅនៃការបោះឆ្នោត គឺអាស្រ័យលើនាយករដ្ឋមន្ត្រីជាអ្នកកំណត់។
លោកនាយករដ្ឋមន្ត្រីព្រមានថា បើគណបក្សនយោបាយណាដែលឈ្នះឆ្នោតហើយ នៅតែបន្តរឹងរូសមិនព្រមចូលរួមប្រជុំសភាជាលើកដំបូងទេ នោះសំឡេងឆ្នោតនឹងត្រូវដកហូតឲ្យគណបក្សដែលមានសំឡេងបន្ទាប់វិញ។ បញ្ហានេះ អង្គការមិនមែនរដ្ឋាភិបាលចាត់ទុកថា ប្រមុខរដ្ឋាភិបាលកំពុងអនុវត្តផ្ទុយពីគោលការណ៍នៃរបបប្រជាធិបតេយ្យ ហើយ បើយ៉ាងដូច្នេះមែន។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ចាត់ទុកថា ប្រទេសកម្ពុជា នៅតែពុំទាន់មានភាពចាស់ទុំផ្នែកនយោបាយ ហើយបើអនុវត្តតែរបៀបនេះ នឹងមិនអាចរកចំណុចនៃការឯកភាពគោលនយោបាយជាតិរួមបានទេ។ លោកបន្តថា ការធ្វើដូចនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាសារនយោបាយគំរាម ដែលជាការពិបាកក្នុងការកសាងជំនឿចិត្តចំពោះគណបក្សនយោបាយដែលជា ដៃគូ និងការប្រកួតប្រជែងផ្នែកនយោបាយដោយពុំស្មើភាពថែមទៀងផង។ លោកបន្តថា «ដំណោះស្រាយនយោបាយ គឺការកសាងការអត់ឱនខាងនយោបាយ ការជឿទុកចិត្តខាងនយោបាយ ហើយការសន្ទនាខាងនយោបាយឲ្យបានច្រើន។»
គណៈកម្មការជាតិរៀបចំការបោះឆ្នោតថ្មី គ្រោងនឹងចុះឈ្មោះសាកល្បងរបស់ខ្លួនជាលើកដំបូង នៅក្នុងខែកញ្ញា និងចុះឈ្មោះជាផ្លូវការធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៦។ លោក ហ៊ុន សែន ឆ្លៀតគំរាមជាថ្មីម្ដងទៀតថា ប្រទេសកម្ពុជា អាចនឹងមានអស្ថិរភាពសង្គម ប្រសិនបើគណបក្សផ្សេងឈ្នះឆ្នោត ក្រៅពីគណបក្សប្រជាជនកម្ពុជា។
ការគំរាមរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះ គឺស៊ីគ្នាទៅនឹងការព្រមានដោយយោធាប្រឆាំងបដិវត្តពណ៌ និងប្រើប្រាស់ប្រព័ន្ធតុលាការ តាមច្បាប់ខ្លួនអ្នកតំណាងរាស្ត្រមួយចំនួន ដែលកំពុងមានពិរុទ្ធភាពក្នុងបទល្មើសព្រហ្មទណ្ឌថែមទៀតផង៕
No comments:
Post a Comment