Paris Peace Accords 23 Oct. 1991

Monday, August 24, 2015

លោក ហ៊ុន សែន អះអាង ​ថា, ​លោក​ អាច​បង្រៀន​ មេ​ដឹក​នាំ​ ប្រទេស​ ផ្សេងៗ​ អំពី​ ការ​ផ្លាស់ប្ដូរ | Hun Sen brags that he can teach other world leaders about change

លោក ហ៊ុន សែន អះអាង ​ថា, ​លោក​ អាច​បង្រៀន​ មេ​ដឹក​នាំ​ ប្រទេស​ ផ្សេងៗ​ អំពី​ ការ​ផ្លាស់ប្ដូរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ សីហា ២០១៥

ហ៊ុន សែន ៦២០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៦៤ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ ថា, លោក​ មាន​មោទនភាព ​ចំពោះ ​គោល​នយោបាយ​ ដឹក​នាំ ​ប្រទេស ​របស់​ គណបក្ស ​ប្រជាជន​ កម្ពុជា ដែល​អាច ​អភិវឌ្ឍ​ប្រទេស​ មក​ដល់​បច្ចុប្បន្ន។  លោក​ ក៏​បាន​ លើក​ឡើង ​ពី​គុណ​សម្បត្តិ​ របស់ ​អ្នក​វិនិយោគ​ ជាតិ និង​អន្តរជាតិ ថា​, បាន​ជួយ ​ដល់​កំណើន ​សេដ្ឋកិច្ច​ កម្ពុជា។  ក្រៅ​ពី​នេះ លោក​ ក៏​បាន​បញ្ជាក់ ​ថា, លោក​ មាន​សមត្ថភាព ​ក្នុង​ការ​ណែនាំ​ មេ​ដឹក​នាំ ​នៃ​បណ្ដា​ប្រទេស ​ផ្សេង​ទៀត​ នៅលើ​ពិភពលោក ​ផង​ដែរ។

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា លោក​មាន​សមត្ថភាព​បង្រៀន​មេរៀន​ស្តី​អំពី​ការ​ផ្លាស់ប្ដូរ​សង្គម ទៅ​ដល់​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៃ​សហរដ្ឋ​អាមេរិក ផង​ដែរ។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ជួប​ជុំ​ពិសា​ភោជនាហារ​សាមគ្គី ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អ្នក​ឧកញ៉ា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥៖ «ថ្ងៃ ​មុន​ខ្ញុំ​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​មុន ពេល​ដែល​ចាក​ចេញ​ពី​កម្ពុជា។ នៅ​ពេល​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ គាត់​និយាយ​យ៉ាង​ច្រើន​អំពី​អ្វី​ដែល​ហៅ​ថា​ការ​ផ្លាស់ប្ដូរ។ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​គាត់​វិញ​ថា តើ​អ្នក​ភ្លេច​ទេ ឬ​អ្នក​កំពុង​និយាយ​អ្នក​ណា? ឯកឧត្តម​កំពុង​និយាយ​ជាមួយ​អ្នក​ណា? ឯកឧត្តម​ពិត​ជា​កំពុង​និយាយ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ដែល​អាច​បង្រៀន​ ឯកឧត្តម ឬ​ប្រធានាធិបតី​ប្រទេស​ឯកឧត្តម ឬ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ផ្សេង​លើ​បញ្ហា​ការ​ផ្លាស់ប្ដូរ។»

ក្រៅ​ពី​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ឧកញ៉ា និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល ដែល​បាន​ចូលរួម​ជា​វិភាគទាន​សម្រាប់​ការ​អភិវឌ្ឍ​សង្គម លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ពិត​ជា​ដឹង​ច្បាស់​ពី​ខ្លឹមសារ​នៃ​ពាក្យ​ថា ការ​ផ្លាស់ប្ដូរ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​មិន​អាច​គ្រប់គ្រង​ប្រទេស​បាន​ដល់​ជាង ៣០​ឆ្នាំ​នោះ​ឡើយ៖ «ខ្ញុំ​ត្រូវ​តែ​អរគុណ​ចំពោះ​អ្នក​ទាំងអស់​នៅ​ទី​នេះ ទាំង​ផ្នែក​រដ្ឋ និង​វិស័យ​ឯកជន ដែល​គាំទ្រ​នូវ​នយោបាយ និង​ការ​ដឹក​នាំ​របស់​ខ្ញុំ​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់ និង​គ្រប់គ្រង​ការ​ផ្លាស់ប្ដូរ​បាន​តាម​រយៈ​ការ​បង្កើត​ឡើង​នូវ​ស្ថានភាព​ ច្រើន​បែប​ច្រើន​យ៉ាង ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ផ្លាស់ប្ដូរ​ពី​សង្គ្រាម​មក​កាន់​ សន្តិភាព​តាម​រយៈ​នយោបាយ​ឈ្នះៗ។»

ទាក់ទង​បញ្ហា​នេះ នាយក​វេទិកា​អនាគត លោក អ៊ូ វីរៈ បាន​ចាត់​ទុក​ថា ការ​លើក​ឡើង​ណា​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​អួតអាង មិន​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​បាន​ឡើយ។ លោក​បញ្ជាក់​ថា កម្ពុជា នៅ​តែ​ជា​ប្រទេស​ដែល​មាន​បញ្ហា​ប្រឈម​ជាច្រើន តួយ៉ាង​បញ្ហា​បក្ខពួក​និយម អំពើ​ពុក​រលួយ និង​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព ជាពិសេស​កម្ពុជា នៅ​តែ​ត្រូវ​ការ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដដែល។ ដូច​នេះ មេ​ដឹក​នាំ​កម្ពុជា មិន​ទាន់​អាច​ក្លាយ​ទៅ​ជា​រដ្ឋ​បុរស​ដែល​មេ​ដឹក​នាំ​ដទៃ​អាច​យក​គំរូ​តាម​ បាន​ឡើយ។ សម្រាប់ លោក អ៊ូ វីរៈ ការ​ផ្លាស់ប្ដូរ​មេ​ដឹក​នាំ​មិន​សំខាន់​នោះ​ឡើយ​សម្រាប់​កម្ពុជា តែ​អ្វី​ដែល​សំខាន់ គឺ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​មួយ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង៖ «ផ្លាស់ប្ដូរ​ហ្នឹង គឺ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ពិត​ប្រាកដ។ ប្រជាធិបតេយ្យ​ពិត​ប្រាកដ​អាស្រ័យ​ទៅ​លើ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ យុត្តិធម៌ មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដោយ​សកម្ម​ទាក់ទង​រឿង​ចំណេះ​ដឹង​ទូទៅ​របស់​ ប្រជាពលរដ្ឋ ទាក់ទង​រឿង​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រសិទ្ធភាព គឺ​វា​ពាក់ព័ន្ធ​ច្រើន។»

កាល​ពី​ខែ​មករា កន្លង​ទៅ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តី​អំពី​ការ​កាន់​អំណាច​របស់ លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​នៅ​កម្ពុជា។ របាយការណ៍​កម្រាស់ ៧៣​ទំព័រ បាន​លើក​ឡើង​ចំណុច​ជាច្រើន​ពាក់ព័ន្ធ​ដល់​ការ​ប្រើប្រាស់​អំណាច​របស់ លោក ហ៊ុន សែន ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយក​ រដ្ឋមន្ត្រី កាល​ពី​ឆ្នាំ​១៩៨៥។

របាយការណ៍​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ផ្នែក​ខ្លះ លោក ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ឋានៈ​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង ក្នុង​ការ​នាំ​ប្រទេស​ត្រឡប់​ទៅ​ឆាក​អន្តរជាតិ និង​បាន​សម្រប​សម្រួល​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​១៩៩១។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ពិត គឺ​ផ្ទុយ​គ្នា​ទៅ​វិញ​ទេ ត្បិត​ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ជំនួស​ឲ្យ​ការ​ប្រើប្រាស់​តួនាទី​ដើម្បី​កែលំអ​វិស័យ​សុខាភិបាល ការ​អប់រំ និង​បទដ្ឋាន​រស់នៅ​របស់​ពលរដ្ឋ លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ទៅ​វិញ រួម​មាន​អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើប​ការ​រាយការណ៍​នៅ​ពេញ​ប្រទេស ក្នុង​គោល​បំណង​បំភិតបំភ័យ​បំភ័ន្ត​សាធារណៈ​មតិ៕


No comments:

Post a Comment