Paris Peace Accords 23 Oct. 1991

Tuesday, August 4, 2015

លោក ហ៊ុន សែន រិះគន់ ​អ្នក​ធ្វើ​បាតុកម្ម​ ថា, ​មិន​គិត ​ពី​ប្រយោជន៍ ​សង្គម | Hun Sen criticizes protesters for not thinking of societal welfare

លោក ហ៊ុន សែន រិះគន់ ​អ្នក​ធ្វើ​បាតុកម្ម​ ថា, ​មិន​គិត ​ពី​ប្រយោជន៍ ​សង្គម

RFA / ​វិទ្យុ ​អាស៊ី សេរី | សីហា ២០១៥

សហគមន៍​ដីធ្លី តវ៉ា​រឿង​ច្បាប់​អង្គការ​ មុខ​វិមាន​រដ្ឋសភា ៦២០
តំណាង​ពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ បុរីកីឡា ៣​មករា និង​សហគមន៍​ព្រលាន​យន្តហោះ (SOS) ប្រមូល​ផ្ដុំ​នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Uon Chhin

ប្រមុខ ​រាជ​រដ្ឋាភិបាល​ កម្ពុជា រិះគន់ ​អ្នក​ធ្វើ​បាតុកម្ម និង​អង្គការ​ សង្គម​ស៊ីវិល ​មួយ​ចំនួន ថា, ​មិន​គិតគូរ ​ពី​ប្រយោជន៍ ​សេដ្ឋកិច្ច និង​សង្គម​ជាតិ ដោយ​គិត​តែ ​ពី​ការ​ធ្វើ​បាតុកម្ម​ គ្រប់​ពេលវេលា។  ផ្ទុយ ​ពី​ការ​លើក​ឡើង​នេះ, មន្ត្រី​ អង្គការ ​សង្គម​ស៊ីវិល និង​សកម្មជន បាន​អះអាង ​ថា, ពួក​គេ​ ធ្វើ​អ្វី​ គ្រប់​បែប​យ៉ាង គឺ ​ដើម្បី​ ទាមទារ​ នូវ​សិទ្ធិ​សេរីភាព និង​កម្មសិទ្ធិ​ របស់​ខ្លួន ​តែ​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ដោយ​ចំហ​ទៅ​លើ​សកម្មជន​តវ៉ា​មួយ​ចំនួន ថា​មាន​ចេតនា​ក្នុង​ការ​ប្រឌិត​រឿង​តវ៉ា​នឹង​រដ្ឋាភិបាល ដើម្បី​ទទួល​បាន​ពាន​រង្វាន់​ពី​សហគមន៍​អន្តរជាតិ៖ «ផល​ប្រយោជន៍​ សេដ្ឋកិច្ច ផល​ប្រយោជន៍​សង្គម អត់​គិត​ទេ។ មួយ​ថ្ងៃៗ ឆ្កឹះ​ត្រង់​នេះ ឆ្កឹះ​ត្រង់​នោះ តាម​ចិត្ត​គេ​ចង់ មិន​មែន​ថា​គ្មាន​រឿង​ទេ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ទទួល​ស្គាល់​ថា​មាន​រឿង ប៉ុន្តែ​មួយ​ឲ្យ​ដឹង​មួយ ពីរ​ឲ្យ​ដឹង​ពីរ ឲ្យ​វា​ច្បាស់​ទៅ​មើល ដើម្បី​វា​ងាយ​ដោះស្រាយ។ ដល់​វា​ច្រើន​អ៊ីចឹង ដោះស្រាយ​មិន​ចេញ​ទេ។»

លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​តវ៉ា ឬ​សហគមន៍​ដែល​តែង​ចេញ​មុខ​តវ៉ា​នោះ​ទេ ប៉ុន្តែ​លោក​ទំនង​ជា​សំដៅ​ទៅ​លើ​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ ពីព្រោះ​ពួក​គេ​តែង​ចេញ​មុខ​តវ៉ា​រាល់​ពេល​ដែល​មាន​ព្រឹត្តិការណ៍​អ្វី​មួយ ដែល​ចាត់​ទុក​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​អាជ្ញាធរ។

ក្រៅ​ពី​សកម្មជន​តវ៉ា លោក ហ៊ុន សែន ក៏​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​ដល់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន អំពី​ការ​គាំទ្រ ឬ​ជួយ​ជ្រោមជ្រែង​អ្នក​ធ្វើ​បាតុកម្ម​ផង​ដែរ។ លោក​បាន​អះអាង​ថា អង្គការ​ទាំង​នោះ​យក​ជំនួយ​របស់​ខ្លួន​មក​សម្រាប់​តែ​ការ​ជួយ​គាំពារ​បាតុករ ផ្ទុយ​ពី​សម​ភាគី​ចិន របស់​លោក ដែល​ជំនួយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ៖ «ចិន ក៏​គ្មាន​ទម្លាប់​មក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​អ្នក​ណា​ទេ។ លោក​ជំទាវ​ក៏​មិន​បាន​មក​រវល់​ជាមួយ​ខ្ញុំ​ពី​រឿង​សិទ្ធិ​មនុស្ស ពី​រឿង​ប្រជាធិបតេយ្យ ពី​រឿង​ស្អី​ដែរ។ លោក​ជំទាវ​គ្រាន់​តែ​មក​រវល់​ជាមួយ​ពួក​យើង​ខ្ញុំ​រឿង​បញ្ហា​អភិវឌ្ឍ​ សេដ្ឋកិច្ច សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​លំបាក​របស់​ប្រជាជន​កម្ពុជា តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​រវល់​តែ​ខាង​ជំនាញ​រឿង​បង្រៀន​ធ្វើ​បាតុកម្ម។ ដាក់​លុយ​មក​ស្រុក​ខ្មែរ ដាក់​លុយ​មក​បង្រៀន​ធ្វើ​បាតុកម្ម។»

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ អ្នកស្រី ទេព វន្នី ជា​សកម្មជន​ដីធ្លី​ដែល​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ​ទាមទារ​នូវ​ សិទ្ធិ​ស្រប​ច្បាប់ ក្នុង​ការ​កាន់​កាប់​ដី​របស់​ខ្លួន​នៅ​តំបន់​បឹងកក់ បាន​បញ្ជាក់​ថា អ្នកស្រី និង​សកម្មជន​ដទៃ​ទៀត មិន​មាន​បំណង​ទាមទារ​ដើម្បី​បាន​ពាន​រង្វាន់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​សកម្មភាព​ទាំងអស់ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ប្រជា​សហគមន៍​ពី​សំណាក់​អាជ្ញាធរ​តែ​ប៉ុណ្ណោះ៖ «កន្លង ​មក​នៅ​ពេល​ដែល​ពលរដ្ឋ​រង​នូវ​ភាព​អយុត្តិធម៌ ហើយ​យើង​ទៅ​រក​អន្តរាគមន៍ យើង​មិន​ដែល​ទទួល​បាន​នូវ​ភាព​កក់ក្តៅ ឬ​ដំណោះស្រាយ​យុត្តិធម៌​ណា​មួយ​ពី​អាជ្ញាធរ​ទេ។ យើង​តែង​រង​នូវ​ការ​ដាក់​សម្ពាធ ឬ​លាប​ពណ៌ ជាពិសេស​យើង​រង​នូវ​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល យក​ពួក​យើង​ទៅ​ឃុំ​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត។»

ចំណែក លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ដែល​បាន​ចូលរួម​អង្កេត​ដោយ​ផ្ទាល់​ទៅ​លើ​ការ​តវ៉ា​របស់​សកម្មជន​នា​ពេល​ កន្លង​មក បាន​បញ្ចេញ​ទស្សនៈ​ថា ការ​ផ្តល់​ពាន​រង្វាន់​ដល់​សកម្មជន​ពី​សំណាក់​សហគមន៍​អន្តរជាតិ កើត​ឡើង​ពី​ការ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​តវ៉ា​របស់​ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ភាព​អយុត្តិធម៌ និង​ដែល​ហ៊ាន​ងើប​ឡើង​តស៊ូ​នឹង​ការ​រំលោភ​បំពាន។ ក្រៅ​ពី​នេះ លោក​បាន​បញ្ជាក់​ជំហរ​ថា អង្គការ​សង្គម​ស៊ីវិល​មិន​បាន​គាំទ្រ​ការ​តវ៉ា​ណា​មួយ ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ជា​ការ​ជួយ​រដ្ឋាភិបាល​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​ ប្រជាពលរដ្ឋ៖ «អ្វី​ដែល​យើង​ធ្វើ គឺ​យើង​ចង់​ពង្រឹង ១ ការ​អនុវត្ត​សិទ្ធិ ២ ការ​អនុវត្ត​ច្បាប់ ៣ ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី លើក​លែង​តែ អ៊ិន.ជី.អូ (NGOs) ណា​ដែល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដោយ​ហិង្សា ឬ​ខុស​ច្បាប់ ទើប​យើង​ចាត់​ទុក​ថា​ជា​ទង្វើ​ខុស​ច្បាប់។»

នេះ​មិន​មែន​ជា​លើក​ទី​១ ទេ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​រិះគន់​សកម្មជន​តវ៉ា និង​អង្គការ​សង្គម​ស៊ីវិល។ កន្លង​មក លោក​ធ្លាប់​រិះគន់​សកម្មជន​ដីធ្លី​ម្នាក់ ថា​បាន​តវ៉ា​រហូត​ទទួល​ពាន​រង្វាន់ ដែល​គេ​អាច​ដឹង​ថា ម្នាក់​នោះ គឺ​ជា​អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ ដែល​ទទួល​បាន​ពាន​រង្វាន់​ស្ត្រី​ភាព​ជា​អ្នក​ដឹក​នាំ​ពិភពលោក​ពី​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices) នៅ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០១៣។ បន្ថែម​ពី​នេះ លោក​ក៏​ធ្លាប់​រិះគន់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ដែរ​ថា មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង និង​នៅ​ពី​ក្រោយ​ខ្នង​សកម្មភាព​តវ៉ា​របស់​សកម្មជន​ដីធ្លី និង​នយោបាយ៕



No comments:

Post a Comment