លោក កឹម សុខា អះអាងថា, មានប្រទេស មហាអំណាច ចាំជួយ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ២៤ សីហា ២០១៥
មន្ត្រី នាំពាក្យ គណបក្ស ប្រជាជនកម្ពុជា បញ្ជាក់ថា, នឹងមិនខ្លាច រអា ចំពោះ ការប្រកាស ជំហរ របស់ គណបក្ស សង្គ្រោះជាតិ ដែលសំអាង ថា, បក្សនេះ មានប្រទេស មហាអំណាច នៅចាំជួយ ពីក្រោយខ្នង នោះឡើយ។
គណបក្សកាន់អំណាច ចំអកថា សារនយោបាយរបស់គណបក្សជំទាស់នៅពេលនេះ គឺធ្វើឡើងប្រៀបដូចជាទូងស្គរ ដើម្បីបានឮសំឡេងប៉ុណ្ណោះ ចំណែកធាតុពិតវិញ គឺពុំមានឥទ្ធិពលអ្វីទៀតឡើយសម្រាប់អ្នកគាំទ្រ។
ការពេបជ្រាយរបស់គណបក្សគ្រប់គ្រងអំណាចចំពោះបក្សប្រឆាំងនៅពេល នេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងពីប្រទេសមហាអំណាចផ្នែកប្រជាធិបតេយ្យ ដោយមិនសំដៅឈ្មោះចំៗនោះ ថាជាអ្នកនៅចាំជួយជ្រោមជ្រែងពីខាងក្រោយដើម្បីបើកផ្លូវ និងផ្ដល់លទ្ធផលឲ្យគណបក្សសង្គ្រោះជាតិ អាចឈានទៅដឹកនាំប្រទេសនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ខាងមុខ។
ការចំអកឡកឡឺយរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ធ្វើឡើងមួយថ្ងៃក្រោយពី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសជំហរកាលពីថ្ងៃទី២៣ សីហា នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី។ លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងចំពោះមុខអ្នកគាំទ្រ និងសកម្មជនគណបក្សនៅទីនោះថា គណបក្សជំទាស់ក្រៅពីធ្វើកំណែទម្រង់ផ្ទៃក្នុងបក្ស រៀបចំរចនាសម្ព័ន្ធចាប់ពីថ្នាក់ជាតិរហូតដល់មូលដ្ឋានហើយ លើសពីនេះទៀត មានប្រទេសមហាអំណាចសន្យាថានឹងចាំជួយ ដើម្បីឲ្យគណបក្សមួយនេះមានលទ្ធភាពគ្រប់គ្រាន់ ដែលអាចឈានទៅរៀបចំរដ្ឋាភិបាលក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨។ បើទោះជាបែបនេះក៏ដោយចុះ លោក កឹម សុខា ពុំបានបញ្ជាក់ទេថា តើប្រទេសដែលចាស់ទុំផ្នែកប្រជាធិបតេយ្យនោះ ជាប្រទេសមហាអំណាចណាមួយនៅឡើយទេ? លោកបន្តថា «ឥឡូវនេះមាន ប្រទេសមហាអំណាចមួយ ហើយកាន់លទ្ធិប្រជាធិបតេយ្យកំពុងជួយគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំគោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្ស ដើម្បីត្រៀមទៅដឹកនាំប្រទេស។»
ពាក់ព័ន្ធរឿងនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា គណបក្សប្រឆាំងលែងមានលទ្ធផលតទៅទៀតហើយ ដែលថាអាចឈានទៅសម្រេចគោលដៅរបស់ខ្លួនបានទៀតនោះ។ លោកមើលឃើញថា គណបក្សនេះបានដើរដល់ចំណុចកំពូលរបស់ខ្លួននៅឆ្នាំ២០១៣ ក៏ប៉ុន្តែមកដល់ដំណាក់កាលនេះ គណបក្សសង្គ្រោះជាតិ អស់សន្លឹកបៀដែលនឹងត្រូវលេងតទៅទៀតហើយ។ លោក សុខ ឥសាន ហៅការពឹងផ្អែកប្រទេសមហាអំណាចមកដាក់ក្បែរខ្លួន គឺមិនខុសពីសត្វចៀមពាក់ស្បែកខ្លា ដើម្បីសម្ញែងក្ដាន់នោះឡើយ។ លោកបន្តថា «ខ្ញុំយល់ថានេះគ្រាន់តែជាគេហៅថា វ៉ៃហ៊ួនមុនឡើងប្រកួតលើរេញ។ ខ្មែរយើងពាក្យថាវ៉ៃហ៊ួន ដើម្បីអួតក្អេងក្អាងបង្ហាញគួរប្រជែង ក៏ដូចជាសាធារណជនអ្នកទស្សនាថា គ្រាន់តែបង្ហាញទេ មិនទាន់ជាការពិតទេ។»
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ដដែលបញ្ជាក់ថា មូលហេតុដែលអាចទស្សន៍ទាយបានថា គណបក្សសង្គ្រោះជាតិ អាចនឹងបាត់បង់ការគាំទ្រនៅត្រង់ថា មានសកម្មជនបក្សបានបំបែកខ្លួនជាចំណែកតូចៗស្ទើរតែអស់ទៅហើយ ក្នុងនោះ លោក ម៉ម សូណង់ដូ បង្កើតបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក យ៉េង វីរៈ និងបញ្ញវន្តមួយចំនួនទៀត បង្កើតបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកស្រី ឡាក់ សុភាព បង្កើតបក្សខ្មែរសាមគ្គី។ ការប្រឈមនៅចំពោះមុខរបស់គណបក្សជំទាស់នេះ នៅមិនទាន់គិតដល់គណបក្សរបស់ លោក សួន សេរីរដ្ឋា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សនយោបាយដទៃទៀតនៅឡើយផង។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា គេពិតជាពិបាកទស្សន៍ទាយណាស់ថា គណបក្សប្រឆាំងអាចឡើងកៅអី ឬចុះនោះ? លោកមើលឃើញថា អ្វីដែលជាបញ្ហានៅចំពោះមុខនោះ នៅត្រង់ថា ប្រសិនបើគណបក្សជំទាស់មិនធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅទេ ហើយនៅបន្តពឹងផ្អែកបរទេសច្រើនជាងកម្លាំងផ្ទៃក្នុង គណបក្សនេះអាចនឹងបាត់បង់ការជឿទុកចិត្តមែន។ លោកបន្តថា «ភាព ឈ្នះភាពចាញ់នៅមើលមិនទាន់ឃើញនេះជាចំណុចទីមួយ។ ចំណុចទីពីរ យើងពឹងផ្អែកលើប្រជាពលរដ្ឋ ល្អជាងពឹងផ្អែកខាងក្រៅ។ ខាងក្រៅយើងគ្រាន់តែរៀនយកបទពិសោធន៍ យកចំណងការទូតទេ ប៉ុន្តែអ្វីដែលជាចំណុចខ្លាំងរបស់អ្នកនយោបាយ នៅជាមួយប្រជាពលរដ្ឋ។»
ការវិវឌ្ឍក្នុងដំណាក់កាលចុងក្រោយនេះ គណបក្សប្រឆាំងហាក់បង្ហាញជំហរស្ងប់ស្ងាត់ ខណៈសកម្មជន និងមន្ត្រីជាន់ខ្ពស់គណបក្សយ៉ាងហោចណាស់ក៏ ១៥នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារព្រៃស។
អ្នកវិភាគសង្គមមើលឃើញថា ប្រសិនបើគណបក្សជំទាស់នៅបន្តជំហរមិនប្រតិកម្មតបណាមួយ ជុំវិញចំណាត់ការម្ដងជាពីរដងរបស់រដ្ឋាភិបាល អាចនឹងរុញច្រានលទ្ធភាពឲ្យគណបក្សសង្គ្រោះជាតិ បាត់បង់ជំនឿចិត្តពីអ្នកគាំទ្រ។ ក៏ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំង បានអះអាងថា ចាប់ពីគណបក្សនេះបានចូលសភា មានតំណាងរាស្ត្រមួយចំនួនបានកោះហៅរដ្ឋមន្ត្រីពីខាងរដ្ឋាភិបាល មកដុសក្អែលជាហូរហែមកហើយ។ ទន្ទឹមនឹងនេះ កិច្ចការមួយចំនួនទៀតដូចជាច្បាប់បោះឆ្នោតជាដើម គណបក្សសង្គ្រោះជាតិ បានចូលរួមដ៏សកម្ម ដើម្បីជំរុញឲ្យមានការកែទម្រង់។
លើសពីនេះទៀត បញ្ហាព្រំដែន គណបក្សជំទាស់បានតស៊ូមតិរហូតឈានទៅដល់ការផ្ទៀងផ្ទាត់ផែនទី ដែលជាដំណោះស្រាយនយោបាយចុងក្រោយ ហើយអាចបញ្ចប់ការខ្វែងគំនិតគ្នាលើរឿងព្រំដែននេះថែមទៀតផង៕
After the 2018 election, the
ReplyDeleteCambodia dramas will commence.
The CNRP shall advise each and every signatory country of the 1991 Peace Accord in advance to secure their help.