Paris Peace Accords 23 Oct. 1991

Friday, August 21, 2015

គណបក្ស​ ប្រឆាំង ​បង្ហាញ​ជំហរ ​មិន​បោះ​បង់​ចោល​ វប្បធម៌​សន្ទនា​ ជាមួយ ​បក្ស​កាន់​អំណាច | Opposition party shows its cont'd adherence to culture of dialogue

គណបក្ស​ ប្រឆាំង ​បង្ហាញ​ជំហរ ​មិន​បោះ​បង់​ចោល​ វប្បធម៌​សន្ទនា​ ជាមួយ ​បក្ស​កាន់​អំណាច

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៩ សីហា ២០១៥

យឹម សុវណ្ណ ព្រំ សុខា ៦១០
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។  RFA/Tin Zakariya

មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ អះអាង​ ថា, គេ​ មិន​លុប​ចោល ​វប្បធម៌​សន្ទនា​ ជាមួយ​ គណបក្ស​ កាន់​អំណាច​ទេ។  វប្បធម៌​សន្ទនា​នេះ នៅ​តែ​ បន្ត​សកម្មភាព​ របស់​ខ្លួន ​ដូច​ដែល​មាន​ចែង ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង កាល​ពី​ថ្ងៃ​ ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ព្រោះ​ថា, វប្បធម៌​សន្ទនា​នេះ ​មាន​ប្រយោជន៍​ ដល់​ជាតិ។  ការ​បង្ហាញ​ជំហរ​ របស់ ​បក្ស​ក្រៅ​រដ្ឋាភិបាល ​នៅ​ពេល​នេះ នៅ​បន្ទាប់​ ពីលោក ហ៊ុន សែន ព្រមាន​ លុប​វប្បធម៌​នេះ ​ចោល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​គ្មាន​វប្បធម៌​សន្ទនា​បាន​ទេ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ធ្វើ​រឿង​គ្រប់​យ៉ាង ដើម្បី​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ ប៉ុន្តែ​លោក​ថា ការ​រិះគន់​តែង​តែ​មាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ផ្ទុយ​ពី លោក ហ៊ុន សែន ដែល​ព្រមាន​លុប​បំបាត់​វប្បធម៌​សន្ទនា​ចោល លោក យឹម សុវណ្ណ បញ្ជាក់​ថា វប្បធម៌​សន្ទនា​ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ និង​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​ឃើញ​មេ​ដឹក​នាំ​ខ្មែរ មាន​ការ​បង្រួប​បង្រួម​ជាតិ​ពិត​ប្រាកដ៖ «ធម្មតា​ការ​សន្ទនា​កើត​ឡើង​ចេញ​មក​ពី​ពីរ​ភាគី។ រាល់​ថ្ងៃ​នេះ តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស សន្ទនា​រាល់​ថ្ងៃ​ហើយ​តើ!»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ថា នឹង​រំលាយ​វប្បធម៌​សន្ទនា​ចោល ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ មិន​កែ​តម្រូវ​សកម្មភាព​របស់​ខ្លួន​ដែល​ចង់​បំផ្លាញ​រដ្ឋាភិបាល​ទេ​នោះ។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លើក​ឡើង​ថា ទោះ​ជា​មាន ឬ​គ្មាន​វប្បធម៌​សន្ទនា មិន​សំខាន់​ឡើយ ព្រោះ​គណបក្ស​កាន់​អំណាច​យក​វប្បធម៌​នេះ​ដើម្បី​បំបាក់​បក្ស​ប្រឆាំង មិន​ឲ្យ​រិះគន់​ចំណុច​ខ្សោយ​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​បន្ត​ថា យន្តការ​របស់​រដ្ឋ ជាពិសេស​គឺ​រដ្ឋសភា តំណាង​រាស្ត្រ ឬ​ប្រធាន​គណបក្ស​ទាំង​ពីរ អាច​និយាយ​គ្នា ជជែក​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ៖ «យន្តការ​រដ្ឋសភា​មាន​ហើយ ប្រធាន​រដ្ឋសភា​និយាយ​ជាមួយ​អនុប្រធាន​រដ្ឋសភា ប្រធាន​គណៈកម្មការ​រដ្ឋសភា និយាយ​ជាមួយ​ប្រធាន​គណៈកម្មការ​របស់​រដ្ឋសភា​នោះ។ សភា​និយាយ​ជាមួយ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ជាដើម​នោះ។»

វប្បធម៌​សន្ទនា បាន​ចាប់​កំណើត​ក្រោយ​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​រយៈពេល ១​ឆ្នាំ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​កិច្ច​ព្រមព្រៀង​នយោបាយ​រួម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

វប្បធម៌​សន្ទនា​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ គឺ​យល់​ព្រម​ចូល​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​សភា ក្នុង​ការ​បញ្ចប់​ការ​រិះគន់​ថា សភា​ឯក​បក្ស​ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។ ក្រៅ​ពី​សម្រេច​ចិត្ត​សភា​នោះ មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ប្ដេជ្ញា​ថា​នឹង​លុប​បំបាត់​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី មិន​ឲ្យ​មាន​ក្នុង​សង្គម​នយោបាយ​ខ្មែរ​ត​ទៅ​ទៀត។ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ស្ថានភាព​នយោបាយ​ហាក់​ឡើង​កម្ដៅ​ឡើង​វិញ ក្នុង​ពេល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម។

វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ ហាក់​ដូចជា​ងាក​ខ្នង​ដាក់​គ្នា និង​លេច​ឡើង​វិញ​នូវ​វប្បធម៌​ចាប់​ចង​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​ព្រះសង្ឃ ជាដើម។ ដែល​វប្បធម៌​ចាប់​ចង បាន​ស្ងប់ស្ងាត់​ប្រមាណ​ជាង​មួយ​ឆ្នាំ ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​សន្យា​ថា ប្រើ​យន្តការ​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​នោះ។

រីឯ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ឃើញ​ថា វប្បធម៌​សន្ទនា​នៅ​តែ​ដើរ​តួ​សំខាន់​ចំពោះ​គណបក្ស​ទាំង​ពីរ ដោយ​លោក​ជំរុញ​ឲ្យ​ប្រមុខ​បក្ស​ទាំង​ពីរ ត្រូវ​តែ​ងាក​មក​និយាយ​គ្នា។ លោក​ថ្លែង​ទៀត​ថា ទោះ​បី​ជា​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស អាច​និយាយ​គ្នា​នៅ​ក្នុង​សភា ប៉ុន្តែ​ស្ថានការណ៍​កម្ពុជា សព្វថ្ងៃ ពុំ​ទាន់​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​នៅ​ឡើយ៖ «វប្បធម៌​សន្ទនា​នេះ ការ​ដំណោះស្រាយ​នយោបាយ​បន្ទាន់​មួយ​ដែល​គណបក្ស​ទាំង​ពីរ ជជែក​គ្នា​ជា​លក្ខណៈ​គ្រួសារ​ខ្មែរ។»

ជា​ការ​កត់​សម្គាល់ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​បាន​ធ្វើ​សកម្មភាព​ទាក់ទង​ បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ឥឡូវ​នេះ​បាន​ចាក​ចេញ​ពី​ប្រទេស​ស្ងាត់ៗ ស្រប​ពេល​សកម្មជន​គណបក្ស​នេះ​មួយ​ចំនួន ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​ដែរ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ក៏​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ដែរ នៅ​ខណៈ​សម្ព័ន្ធភាព​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កំពុង​ប្រេះឆា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​ចាក​ចេញ​របស់​មេ​ដឹក​នាំ​របស់​ខ្លួន​នេះ ជា​ដំណើរ​ទស្សនកិច្ច​ដែល​គ្រោង​ទុក​តាំង​ពី ៣​ខែ​មុន​មក​ម្ល៉េះ៕



No comments:

Post a Comment