Paris Peace Accords 23 Oct. 1991

Saturday, August 8, 2015

ពលរដ្ឋ​ មួយ​ចំនួន ​បារម្ភ​ ពី​ស្ថានភាព​ នយោបាយ ​ក្រោយ​ការ​ចាប់​ សកម្មជន ​បក្ស​ប្រឆាំង | Some people are worried about political situation after arrests of opposition activists

ពលរដ្ឋ​ មួយ​ចំនួន ​បារម្ភ​ ពី​ស្ថានភាព​ នយោបាយ ​ក្រោយ​ការ​ចាប់​ សកម្មជន ​បក្ស​ប្រឆាំង

RFA / ​វិទ្យុ ​អាស៊ី សេរី | សីហា ២០១៥


សៀង ហៃ ៦២០
លោក សៀង ហៃ ជា​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា បញ្ហា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ពិត​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥។  RFA/Morm Moniroth

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ។ ការ​បញ្ជាក់​ជំហរ​បែប​នេះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ចំ​ពេល​សម្ពាធ​នយោបាយ​បាន​ឡើង​កម្ដៅ​សាជាថ្មី។ គិត​មក​ដល់​ពេល​នេះ តុលាការ​បាន​ឃុំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់​បន្ថែម​ទៀត​ហើយ​ក្នុង​ចំណោម ៥​នាក់ ដែល​សមត្ថកិច្ច​កំពុង​តាម​រក​ចាប់​ខ្លួន ពាក់ព័ន្ធ​បទ​ចោទ​ចូលរួម​អំពើ​កុបកម្ម ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។
ប្រជាពលរដ្ឋ​បាន​ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ជា​ហូរហែ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ដោយ​ប្រញាប់ប្រញាល់ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ភ្លាម​នេះ​ថា ជា​ការ​ជំរុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​មាន​ការ​ប្រែប្រួល​ដ៏​គួរ​ឲ្យ​ព្រួយ​ បារម្ភ។


ទាក់ទិន​ករណី​នេះ កាល​ពី​ថ្ងៃ​ទី​៤ សីហា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក កែវ មុនី បាន​ចេញ​ដីកា​ភ្លាមៗ​ដោយ​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ ជាតិ ៥​នាក់​បន្ថែម​ទៀត។ ដីកា​ចាប់​ខ្លួន​របស់​អនុប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី លោក ហ៊ុន សែន ប្រតិកម្ម​ជុំវិញ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ មជ្ឈដ្ឋាន​ទូទៅ​កត់​សម្គាល់​ថា បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​ថា ពុំ​បាន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​ក្តី ក៏​គេ​សង្កេត​ឃើញ​តុលាការ តែង​អនុវត្ត​ភ្លាមៗ​រាល់​ពេល លោក ហ៊ុន សែន ប្រតិកម្ម។
ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​នៅ​ថ្ងៃ​ទី​៦ សីហា ថា ការ​ប្រែប្រួល​នៃ​កម្ដៅ​នយោបាយ​ដ៏​លឿន​បែប​នេះ ជា​សញ្ញា​បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ ទំនង​ជា​ចង់​បញ្ចប់​ជីវិត​នយោបាយ​គណបក្ស​ជំទាស់​ហើយ​មើល​ទៅ។ លើស​ពី​នេះ​ទៀត ការ​ចាប់​សកម្មជន​ដោយ​តុលាការ​ក្រុង​ភ្នំពេញ ពួក​គេ​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​មេ​ដឹក​នាំ​ច្រើន​ជាង​ធ្វើ​តាម​នីតិវិធី។ ពួក​គាត់​បន្ត​ថា «បើ​តាម​ខ្ញុំ​ឲ្យ​មាន​តម្លាភាព​សង​ខាង លុះត្រា​តែ​ហៅ​ទាំង​សង​ខាង ទៅ​ត​ទល់​គ្នា​នៅ​តុលាការ។ ខ្ញុំ​ដែល​តាម​ឃើញ​មក​តុលាការ​នៅ​ស្រុក​ខ្មែរ ពិបាក​ទុក​ចិត្ត​ណាស់។ ខ្ញុំ​ក៏​មិន​សូវ​យល់​ដែរ​បញ្ហា​តុលាការ ប៉ុន្តែ​យើង​ពិនិត្យ​មើល​ជាក់ស្ដែង​ទៅ ការ​ទាមទារ​ហ្នឹង​ដើម្បី​សេរីភាព​របស់​ប្រជាពលរដ្ឋ»
កាល​ពី​ថ្ងៃ​ទី​៥ សីហា គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​លិខិត​បន្ទាន់​មួយ​ដែរ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​របស់​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ឈប់​ការ​ប្រើប្រាស់​តុលាការ​ចាប់​មនុស្ស​ត​ទៅ​ទៀត។ ការ​អំពាវនាវ​នេះ ស្រប​ពេល​សកម្មជន​របស់​ខ្លួន ៣​នាក់​បន្ថែម​ទៀត ក្នុង​ចំណោម ៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​៥ សីហា ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ប្រហែល ៦​ម៉ោង ដោយ​ចៅក្រម​ស៊ើបសួរ លោក កែវ មុនី រួច​មក។ នេះ​ជា​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​លើក​ទី​ពីរ​ហើយ បន្ទាប់​មនុស្ស ១១​នាក់​មុន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​កំពុង​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស ជុំវិញ​បទល្មើស​ដែល​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ថា បាន​ដឹក​នាំ និង​អំពើ​ចូលរួម​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។
លោក អំ សំអាត អ្នក​សម្រប​សម្រួល​បច្ចេកទេស​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ (Licadho) ចាត់​ទុក​ថា ដីកា​ចាប់​ខ្លួន​នេះ​ពិបាក​ជឿ​ថា ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​នីតិវិធី​ណាស់។ លោក​បន្ត​ថា រយៈពេល​នៃ​សំណុំ​រឿង​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​ហើយ​ដែល​តុលាការ​មិន​អើពើ ស្រាប់​តែ លោក ហ៊ុន សែន ប្រតិកម្ម​ភ្លាម ចៅក្រម​ក៏​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ភ្លាម​ដែរ។ ហេតុ​នេះ លោក​យល់​ឃើញ​ថា ទោះ​ចង់​មិន​ចង់ រូបភាព​នេះ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ទំនង​ជា​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ចំណាត់​ការ​នេះ។ លោក​បន្ត​ថា «បើ​សិន​ជា​តុលាការ​គាត់​ដំណើរ​ពី​យូរ​មក​ហើយ​មាន​អី។ នេះ​មិន​បញ្ហា​ទេ ប៉ុន្តែ​ដល់​ពេល​ស្រែក​ភ្លាម ចំណាត់​ការ​ភ្លែត ចាត់​ការ​ភ្លាម នេះ​មិន​ចាំបាច់​ថា​សង្គម​ស៊ីវិល​ទេ ប្រជាពលរដ្ឋ​សាមញ្ញ​ក៏​គេ​មើល​ឃើញ​ថា​វា​ជា​រឿង​នយោបាយ​ដែរ»
សំណុំ​រឿង​ជាច្រើន​ដែល​មជ្ឈដ្ឋាន​ទូទៅ​មាន​មន្ទិល​ថា តុលាការ​នៅ​ក្រោម​សម្ពាធ​របស់ លោក ហ៊ុន សែន។ ភ្លាមៗ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​រឿង ឧកញ៉ា ថោង សារ៉ាត់ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក អាំង មាលតី របូត​កៅអី​ភ្លាម​ដែរ។ បញ្ហា​នេះ នៅ​មិន​គិត​ដល់​សំណុំ​រឿង​ឧកញ៉ា សុខ ប៊ុន និង​ប្រតិកម្ម​ជុំវិញ​រឿង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នៅ​ឡើយ​ផង។
ពាក់ព័ន្ធ​ករណី​នេះ មន្ត្រី​នាំ​ពាក្យ​របស់​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាន់ណា បាន​បដិសេធ​ក្នុង​ការ​ឆ្លើយ​តប ដោយ​បញ្ជាក់​យ៉ាង​ខ្លី​មុន​ដាក់​ទូរស័ព្ទ​ចុះ​ថា លោក​ជាប់​រវល់​នៅ​ថ្ងៃ​ទី​៦ សីហា។
មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ត្រូវ​ចោទ គឺ​លោក សំ សុគង់ និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៦ សីហា ថា ការ​ចាប់​ខ្លួន​កូន​ក្ដី​របស់​លោក​នេះ ទំនង​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ខ្សែអាត់​វីដេអូ​ច្រើន​ជាង ហើយ​ឈាន​ទៅ​កំណត់​មុខ​សញ្ញា​តែ​ម្ដង។ បន្ថែម​ពី​លើ​នេះ លោក​អះអាង​ថា អាច​នឹង​មាន​មនុស្ស​ច្រើន​ជាង​នេះ​ទៀត​ដែល​នឹង​ត្រូវ​ចាប់​ខ្លួន។ ជុំវិញ​បញ្ហា​នេះ មិន​ត្រឹម​តែ​សកម្មជន​គណបក្ស​ជំទាស់​នៅ​ថ្នាក់​ក្រោម​ជាតិ​ទេ​ដែល​ជាប់​ បណ្ដឹង​នៅ​តុលាការ ជាង​នេះ​ទៀត សកម្មជន​មួយ​ចំនួន​ទៀត ត្រូវ​ជាប់​ឃុំ​នៅ​ពន្ធនាគារ សូម្បី​អ្នក​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង ក៏​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ​ដែរ៕


No comments:

Post a Comment