Paris Peace Accords 23 Oct. 1991

Sunday, August 23, 2015

ជន​ជាប់​ចោទ អៀង ធីរិទ្ធ ទទួល​ មរណភាព | Suspect Ieng Thirith Dead

ជន​ជាប់​ចោទ អៀង ធីរិទ្ធ ទទួល​ មរណភាព

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ សីហា ២០១៥

អៀង ធីរិទ្ធ ៦២០
ជនជាប់ចោទ អៀង ធីរិទ្ធ នៅ​ក្នុង​សវនាការ​បឋម​ក្នុង​សំណុំរឿង ០០២ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១១។
Photo courtesy of ECCC

ជនជាប់ចោទ​មួយ​រូប​ទៀត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម អ្នកស្រី អៀង ធីរិទ្ធ បាន​ទទួល​មរណភាព​ហើយ នៅ​ក្នុង​វ័យ ៨៣​ឆ្នាំ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា ហៅ​កាត់​ថា សាលាក្ដី​ខ្មែរ​ក្រហម​អោយ​ដឹង​ថា អ្នកស្រី​បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង ១០​កន្លះ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា នៅ​ខេត្ត​ប៉ៃលិន។

សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ចាកចេញ​ទៅ​កាន់​ក្រុង​ប៉ៃលិន ភ្លាមៗ​នៅ​ក្រោយ​ទទួល​បាន​ដំណឹង​ពី​មរណភាព​របស់​អ្នកស្រី អៀង ធីរិទ្ធ ដើម្បី​ប្រមូល​ព័ត៌មាន​ប្រគល់​អោយ​សាលាក្ដី។
ជនជាប់ចោទ អៀង ធីរិទ្ធ កើត​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ក្នុង​ឆ្នាំ​១៩៣២ ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម។ ក្នុង​សំណុំ​រឿង ០០២ អ្នកស្រី​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្ស៊ឺណែវ ឆ្នាំ​១៩៤៩។

មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្រ្ដា មាន​ប្រសាសន៍​ថា ជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ ដោយសារ​តែ​ជំងឺ​វង្វេង​រង្វាន់​បាត់​បង់​ការ​ចងចាំ​របស់​អ្នកស្រី​មាន​សភាព​ ធ្ងន់ធ្ងរ។ យ៉ាងណា​អ្នកស្រី​ត្រូវ​ដាក់​អោយ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ តុលាការ។

លោក នេត ភក្រ្តា ពុំ​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ពី​មូលហេតុ​នៃ​មរណភាព​របស់​អ្នកស្រី ដោយ​រង់ចាំ​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ ឬ​របាយការណ៍​របស់​សហ​ព្រះរាជអាជ្ញា។

លោក នេត្រ ភត្រ្តា ក៏​មិន​អាច​បញ្ជាក់​បាន​ដែរ​ថា តើ​មរណភាព​របស់​អ្នកស្រី អៀង ធីរិទ្ធ នឹង​ធ្វើ​អោយ​ប៉ះពាល់​យ៉ាងណា​ដល់​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​សាច់ញាតិ​របស់​អ្នកស្រី អៀង ធីរិទ្ធ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា។

អ្នកស្រី អៀង ធីរិទ្ធ ជា​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ជា​ស្ត្រី​តែ​មួយ​រូប​គត់​ក្នុង​ចំណោម​ជន​ ជាប់​ចោទ​ដទៃ​ទៀត ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្ស៊ឺណែវ ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​កំពុង​ធ្វើ​សវនាការ​សព្វថ្ងៃ​នេះ។

ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អ្នកស្រី អៀង ធីរិទ្ធ កើត​នៅ​ខេត្ត​បាត់ដំបង ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ។ អ្នកស្រី​មាន​ឈ្មោះ​ដើម ខៀវ ធីរិទ្ធ និង​ឈ្មោះ​បដិវត្តន៍​ថា ភា ឬ ហុង។ អ្នកស្រី​រៀបការ​ជាមួយ លោក អៀង សារី ក្នុង​ទសវត្សរ៍​ទី​៥០ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ពេល​កំពុង​រៀន​ជាមួយ​គ្នា។ កាល​ណោះ អ្នកស្រី អៀង ធីរិទ្ធ រៀន​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស។ លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​ខ្មែរ​ក្រហម ដែល​ជា​ជន​ជាប់ចោទ​ក្នុង​សំណុំ​រឿង ០០២ ដែរ​នោះ បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១៣។ បងស្រី​របស់ អៀង ធីរិទ្ធ គឺ​លោកស្រី ខៀវ ប៉ុណ្ណារី ត្រូវ​ជា​ភរិយា​របស់ ប៉ុល ពត។ អ្នកស្រី​មាន​កូន​ប្រុស​មួយ​រូប​ គឺ​លោក អៀង វុធ ដែល​សព្វថ្ងៃ​ជា​អភិបាល​រង​ក្រុង​ប៉ៃលិន។

មន្ត្រី​នៃ​អង្គការ​ឃ្លាំ​មើល​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឡុង បញ្ញាវុឌ្ឍ មាន​ប្រសាសន៍​ថា មរណភាព​របស់​អតីត​មេដឹកនាំ​នៃ​របប​ខ្មែរ​ក្រហម​ជា​បន្តបន្ទាប់​នេះ​ ជា​សញ្ញា​បង្ហាញ​ថា ​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​តែ​ពន្លឿន​ដំណើរការ​របស់​ខ្លួន។

ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ទទួល​ខុសត្រូវ​ផ្នែក​សុខាភិបាល ​អ្នកស្រី អៀង ធីរិទ្ធ ត្រូវ​ចាត់​ទុក​ថា ​បាន​រួមចំណែក​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ខ្មែរ​ក្រហម ​រួម​មាន​​ការ​ជម្លៀស​ប្រជាជន មនុស្ស​ឃាត ការ​ដាក់​ឃុំឃាំង និង​ការ​សម្លាប់​បំផុត​ពូជ​ជា​ដើម។ ក៏ប៉ុន្តែ​អ្នកស្រី អៀង ធីរិទ្ធ បាន​ជំទាស់​ថា ​ការ​អះអាង​នោះ​ខុស​ទាំង​ស្រុង៕



No comments:

Post a Comment