Paris Peace Accords 23 Oct. 1991

Monday, August 31, 2015

[Vietnamization] សាលា​ឧទ្ធរណ៍​ នឹង​បើក​សវនាការ​ លើ​ការ​សុំ ​នៅ​ក្រៅ​ឃុំ ​របស់​លោក ហុង សុខហួរ នៅ​ថ្ងៃ​ ទី​២​កញ្ញា | Appeal Court will hear case of bail request of Hong Sok Huor on 2 Sept.

សាលា​ឧទ្ធរណ៍​ នឹង​បើក​សវនាការ​ លើ​ការ​សុំ ​នៅ​ក្រៅ​ឃុំ ​របស់​លោក ហុង សុខហួរ នៅ​ថ្ងៃ​ ទី​២​ កញ្ញា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣០ សីហា ២០១៥

ហុង សុខហួរ ៦២០
សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេល​បញ្ជូន​មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​សាកសួរ។  RFA/Brach Chev

សាលា​ឧទ្ធរណ៍ នឹង​បើក​សវនាការ​លើ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​ គណបក្ស​ប្រឆាំង លោក ហុង សុខហួរ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ខាង​មុខ។ លោក ហុង សុខហួរ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​នៅ​ថ្ងៃ​ទី​១៥ សីហា។ ការ​ចាប់​ខ្លួន​នេះ គឺ ៣​ថ្ងៃ​បន្ទាប់​ពី​មាន​បញ្ជា​ផ្ទាល់​មាត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រោយ​ការ​ចាប់​ខ្លួន សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់ លោក ហុង សុខហួរ ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ការ​ចោទ​ប្រកាន់​នេះ គឺ​បន្ទាប់​ពី លោក ហុង សុខហួរ បង្ហោះ​វីដេអូ​ឃ្លីប និង​បកស្រាយ​អំពី​ខ្លឹមសារ​នៃ​សន្ធិសញ្ញា ឆ្នាំ​១៩៧៩ ទាក់ទង​នឹង​ផែនទី និង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ រដ្ឋាភិបាល ចាត់​ទុក​ការ​ផ្សាយ​វីដេអូ​នោះ​ថា ផ្ទុយ​ពី​ខ្លឹមសារ​ដើម​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩។

មេធាវី​ការពារ​ក្ដី លោក ហុង សុខហួរ គឺ​លោក ជូង ជូងី ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ សីហា ថា អំពើ​របស់ លោក ហុង សុខហួរ មិន​មែន​ជា​បទល្មើស​ទេ ព្រោះ​ក្នុង​នាម​លោក​ជា​សមាជិក​ព្រឹទ្ធសភា លោក​ស្រាវជ្រាវ​ឃើញ​ឯកសារ​ថត​ចម្លង​នោះ​នៅ​ក្នុង​អ៊ីនធឺណិត៖ «គាត់​មិន​ មែន​ទៅ​ផលិត​សន្ធិសញ្ញា​ហ្នឹង​ទេ។ អ៊ីចឹង​ចោទ​ប្រកាន់​គាត់​ថា​ក្លែង​បន្លំ​ឯកសារ​វា​អត់​ត្រូវ ហើយ​ទី​ពីរ គាត់​យក​ទៅ​ផុស (Post) ក្នុង​អ៊ីនធឺណិត។ ការ​ផុស (Post) នៅ​ក្នុង​អ៊ីនធឺណិត​មិន​មែន​ជា​ការ​ប្រើប្រាស់​ទេ គឺ​ជា​ការ​ចែក​រំលែក​ព័ត៌មាន ដែល​ខ្លួន​ទទួល​បាន ហើយ​អ្វី​ដែល​ផុស (Post) ក្នុង​អ៊ីនធឺណិត មិន​មែន​ថា​ជា​ការ​ពិត​ទាំង​ស្រុង​ទេ។ វា​អាច​ពិត អាច​មិន​ពិត។ វា​គ្រាន់​តែ​ជា​ការ​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន​តែ​ប៉ុណ្ណឹង​ទេ ហើយ​ទៅ​ចោទ​ថា ប្រើប្រាស់​ឯកសារ​ក្លែង។ ការ​ផុស (Post) ក្នុង​អ៊ីនធឺណិត ធ្វើ​ម្ដេច​ទៅ​ជា​ការ​ប្រើប្រាស់​កើត​ទៅ? សន្ធិសញ្ញា ខ្លឹមសារ​ពិត​របស់​វា គឺ​ប្រើប្រាស់​រវាង​រដ្ឋ និង​រដ្ឋ មិន​មែន​យក​មក​ផុស (Post) ក្នុង​អ៊ីនធឺណិត ថា​ជា​ការ​ប្រើប្រាស់​ទេ។ អ្នក​ចោទ​ចេះ​តែ​ចោទ​ទៅ អាង​មាន​សិទ្ធិ​អំណាច​ចោទ​ចេះ​តែ​ចោទ​ទៅ អត់​មាន​ពិចារណា​ខ្លឹមសារ​ច្បាប់​ច្បាស់លាស់​ទេ។ ការ​ផុស (Post) ក្នុង​ហ្វេសប៊ុក (Facebook) មិន​មែន​ជា​ការ​ប្រើប្រាស់​ទេ វា​ជា​ការ​ចែក​រំលែក​ព័ត៌មាន ហើយ​វា​អាច​ពិត អាច​មិន​ពិត ហើយ​អត់​មាន​ច្បាប់​ណា​ថា យក​ឯកសារ​ទៅ​ផុស​ក្នុង​ហ្វេសប៊ុក បើ​មិន​ពិត ត្រូវ​មាន​ទោស​ឧក្រិដ្ឋ អត់​មាន​ច្បាប់​ណា​ចែង​អ៊ីចឹង​ផង។»

លោក​មាន​ប្រសាសន៍​ទៀត​ថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព​របស់​លោក នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា នោះ ដើម្បី​ការពារ​សិទ្ធិ​កូន​ក្ដី​លោក ព្រោះ​តាម​ផ្លូវ​ច្បាប់ លោក ហុង សុខហួរ មិន​ត្រូវ​រង​ការ​ចោទ​ប្រកាន់​អ្វី​ទាំងអស់៕



No comments:

Post a Comment