ព្រំដែន កម្ពុជា-វៀតណាម៖ កិច្ចព្រមព្រៀង, សន្ធិសញ្ញា, និងផែនទី ផ្លូវការ ថ្មីៗ
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៤ សីហា ២០១៥
កង្វះ ការយល់ដឹង អំពី បញ្ហា ទាក់ទង នឹងព្រំដែន
រដ្ឋ រវាង ប្រទេស កម្ពុជា និងប្រទេស វៀតណាម
ចាប់ ពីសម័យ អាណានិគមនិយម បារាំង រហូត ដល់ពេល បច្ចុប្បន្ននេះ
ជាហេតុ នៃក្តីបារម្ភ នៃប្រជាជន កម្ពុជា។
វា ក៏ជាកត្តា ដ៏សំខាន់មួយ ដែលអាចធ្វើ ឱ្យពលរដ្ឋ កម្ពុជា វឹកវរ ផងដែរ។
ដូច្នេះ ការស្វែងយល់ ឯកសារ ផ្លូវការ និងស្គាល់ ការពិត
ជាករណីកិច្ច របស់ ជនជាតិខ្មែរ ដែលខ្វល់ខ្វាយ នឹងព្រំដែន កម្ពុជា ភាគ
ខាងកើត។
ព្រំដែន រដ្ឋ រវាង កម្ពុជា និងវៀតណាម
ជាប្រភព នៃក្តីបារម្ភ ដ៏ធំមួយ របស់ ប្រជាជន កម្ពុជា ដែលបាន មើលឃើញ
និងបានដឹង ថា, ព្រំដែន ភាគ ខាងកើត នៃមាតុភូមិ ខ្លួន មិនសូវរឹងមាំ។
ចាប់ ពីសតវត្ស ទី១៧ រហូត ដល់ពាក់កណ្តាល សតវត្ស ទី២០,
វៀតណាម បានកាន់កាប់ ទឹកដី កម្ពុជា ក្រោម ទាំងស្រុង។ សព្វថ្ងៃ
កម្ពុជា កំពុង ចរចា ជាមួយ ភាគី វៀតណាម ដើម្បី បោះបង្គោល ព្រំដែន គោក
ឱ្យបានចប់ សព្វគ្រប់
បន្ទាប់ ពីសម្រេច បាន «៨៣%» នៃប្រវែង សរុប «ប្រមាណ ជា១២៧០ គ.ម.»។ប៉ុន្តែ ការងារ ដែលរដ្ឋាភិបាល កម្ពុជា អះអាង ថា «ដើម្បី ឧត្តមប្រយោជន៍ របស់ ប្រទេសជាតិ និងប្រជាជន កម្ពុជា គ្រប់ស្រទាប់ ជាន់ថ្នាក់» នោះ ទទួល ការរិះគន់ ជាបន្តបន្ទាប់ ពីមជ្ឈដ្ឋាន ក្រៅរដ្ឋាភិបាល។ ការរិះគន់នានា ផ្តោតខ្លាំង លើកិច្ចព្រមព្រៀង និងសន្ធិសញ្ញា ដែលសាធារណរដ្ឋ ប្រជាមានិត កម្ពុជា បានធ្វើ ជាមួយ សាធារណរដ្ឋ សង្គមនិយម វៀតណាម ក្រោយរបប កម្ពុជា ប្រជាធិបតេយ្យ។ ឯកសារ ផ្លូវការ ទាំងនោះ មានជាអាទិ៍៖
- សន្ធិសញ្ញា សន្តិភាព, មិត្តភាព, និងសហប្រតិបត្តិការ ឆ្នាំ១៩៧៩;
- កិច្ចព្រមព្រៀង ស្តីពី តំបន់ ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២;
- កិច្ចព្រមព្រៀង ស្តីពី លក្ខន្តិកៈ ព្រំដែន ឆ្នាំ១៩៨៣;
- សន្ធិសញ្ញា ស្តីពី គោលការណ៍ ដើម្បី ដោះស្រាយ ព្រំដែន ឆ្នាំ១៩៨៣; និង
- សន្ធិសញ្ញា កំណត់ព្រំដែន រដ្ឋ ឆ្នាំ១៩៨៥។
មជ្ឈដ្ឋានប្រឆាំងនៅកម្ពុជាតែងតែបានចាត់ទុកកិច្ចព្រមព្រៀង និងសន្ធិសញ្ញាទាំងនោះថា«ខុសច្បាប់» ហើយ«ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី» ព្រោះធ្វើឡើងក្នុងអំឡុងពេលដែលកម្ពុជាស្ថិតក្រោមការត្រួតត្រានៃ កងទ័ពវៀតណាម។ ដូច្នេះ ជាស្វ័យប្រវត្តិ សន្ធិសញ្ញាថ្មីមួយទៀត ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដើម្បីបំពេញឱ្យសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ក៏ត្រូវបានអ្នកប្រឆាំងកំណត់ថា«មិនត្រឹមត្រូវ»ដែរ។មជ្ឈដ្ឋានប្រឆាំង តែងតែបានទាមទារឱ្យលុបកិច្ចព្រមព្រៀង និងសន្ធិសញ្ញាទាំងនោះចោល ដោយសំអាងលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ។ ប៉ុន្តែរដ្ឋាភិបាលខ្មែរចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៥នេះ មិនបានធ្វើតាមសំណើនោះទេ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលបានបំភ្លឺពីរដងនៅក្នុងរដ្ឋសភា រឿងកិច្ចព្រមព្រៀង និងសន្ធិសញ្ញា ដែលខ្លួនបានធ្វើជាមួយភាគីវៀតណាម។ លើកទី១គឺបទអន្តរាគមន៍នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីបញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹករវាងកម្ពុជា និងវៀតណាម។ លើកទី២គឺការអធិប្បាយបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ស្តីអំពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ខ្លឺមសាររួមនៃការបកស្រាយទាំងពីរលើក ដែលគេអាចអានបានក្នុងវ៉ិបសាយត៍របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនោះ គឺថា៖ «កម្ពុជានឹងមិនខាត ឬបាត់បង់ដីឡើយ សូម្បីតែ១ម៉ែត្រក្រឡាក៏ដោយ»។ ម្យ៉ាង នៅពេលដែលរដ្ឋាភិបាលកម្ពុជាអះអាងថា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាមួយវៀតណាម ចាប់ពីឆ្នាំ១៩៨២ ដល់១៩៨៥ បានធ្វើឡើងស្របតាមអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦៩ ស្តីពីច្បាប់សន្ធិសញ្ញា មជ្ឈដ្ឋានប្រឆាំងមិនទាន់បានបង្ហាញឱ្យឃើញច្បាស់លាស់ថា ឯកសារផ្លូវការទាំងនោះ មិនស្របនឹងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬរដ្ឋធម្មនុញ្ញកម្ពុជាឡើយ។ ម្យ៉ាងទៀត បើតាមរដ្ឋាភិបាលកម្ពុជា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ គឺធ្វើឡើងដោយផ្អែកលើការប្រែប្រួលនៃសភាពការណ៍ជាក់ស្តែង ការរីកចម្រើននៃបច្ចេកវិទ្យា និងការបញ្ចូលគោលការណ៍ថ្មីៗ ដែលមានចែងក្នុងច្បាប់អន្តរជាតិ។ ឯកសារនេះបើកផ្លូវឱ្យមានការពិនិត្យឡើងវិញ នូវខ្សែព្រំដែនចម្លងពីផែនទីខ្នាត១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ទៅផែនទីខ្នាត១/៥០ ០០០ ដែលច្បាស់ជាង និងដែលមាននិយាមការ ទោះបីជាខ្សែព្រំដែនចម្លងនោះ បានធ្វើហើយតាំងពីឆ្នាំ១៩៨៦ ១៩៨៧ និង១៩៨៨ក៏ដោយ។ ជាពិសេសទៅទៀត សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ ផ្តល់លទ្ធភាពឱ្យកម្ពុជាអាចទារផ្ទៃដីតំបន់ប៊ូប្រាង ទំហំ ៥០ គីឡូ ម៉ែត្រការ៉េ ក្នុងខេត្តមណ្ឌលគិរី តាមសេចក្តីសម្រេចឆ្នាំ១៩១៤នៃអគ្គទេសាភិបាលបារាំងដែលថា ខ្សែព្រំដែនតំបន់នោះគឺត្រូវដើរតាមទន្លេដាក់ហ៊ូត។ បើតាមរដ្ឋាភិបាល ផែនទីខ្នាត១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលនៅតែបន្តគូសតាមទន្លេដាក់ដាង ធ្វើឱ្យកម្ពុជាបាត់តំបន់ប៊ូប្រាងទៅក្នុងដៃវៀតណាម បើគ្មានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នោះ។
ដោយឡែក កោះត្រល់របស់កម្ពុជា ដែលវៀតណាមហៅហ្វ៊ូកុកនោះ ប្រហែលជាបានបាត់តាំងពីមុនមានកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ដូចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់មែន ប្រសិនបើអ្នកប្រឆាំងគ្មានតឹកតាងអ្វីក្រៅពីខ្សែព្រំដែនទឹកនៃរបប សាធារណរដ្ឋខ្មែរ ដែលគូសជាឯកតោភាគី នៅឆ្នាំ១៩៧២នោះទេ៕
No comments:
Post a Comment