គណៈកម្មការ ទី១ សន្យា នឹងជំរុញ ឲ្យអាជ្ញាធរ ខេត្ត ស្វាយរៀង ពន្លឿនដោះស្រាយ ទំនាស់ ដី
RFA / វិទ្យុ អាស៊ី សេរី | ១៣ សីហា ២០១៥
គណៈកម្មការ ទី១ នៃរដ្ឋសភា សន្យាថា នឹងជំរុញ ឲ្យអាជ្ញាធរ ខេត្ត ស្វាយរៀង ជួយពន្លឿន ការដោះស្រាយ ទំនាស់ដីធ្លី រវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុន ចម្ការ កៅស៊ូ ពាមជាំង នៅឃុំ ត្រស់, ស្រុក រមាសហែក។ ការសន្យានេះ គឺ នៅបន្ទាប់ ពីពលរដ្ឋ ចំនួន ២០ គ្រួសារនោះ ឡើងមកតវ៉ា ដាក់ញត្តិ អន្តរាគមន៍ នៅព្រឹកថ្ងៃ ទី១៣ ខែសីហា។
ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលចោទ ក្រុមហ៊ុន ចម្ការ កៅស៊ូពាមជាំង ថា, ចូលឈូសឆាយ យកដី ពួកគាត់ ទំហំ ជាង៩១ ហិកតារ នៅភូមិ បឹង, ឃុំ ត្រស់, ស្រុក រមាសហែក, ខេត្ត ស្វាយរៀង បានឡើង មកឈរ តវ៉ា លើកបដា និងដាក់ញត្តិជូនគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ឬហៅថាគណៈកម្មការទី១ នៃរដ្ឋសភា ជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី១៣ ខែសីហា ក្រោយពីអាជ្ញាធរខេត្តមិនចេញមុខដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ នេះ។
ក្រោយទទួលបានញត្តិពីដៃប្រជាពលរដ្ឋហើយនោះ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកនឹងតាមដានសំណុំរឿងនេះ ហើយនឹងរំឭកឲ្យអាជ្ញាធរខេត្តស្វាយរៀង ពន្លឿនការដោះស្រាយទំនាស់ដីធ្លីនេះឲ្យឆាប់ចប់៖ «អ្វីដែលសំខាន់ គឺខាងរដ្ឋសភា នឹងជំរុញឲ្យអាជ្ញាធរធ្វើម៉េចឲ្យអាជ្ញាធរខេត្តហ្នឹង ត្រូវតែដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងជីវភាពរស់នៅរបស់ពួកគាត់។»
ពលរដ្ឋបានលើកបដាដែលមានន័យ ទាមទារកាន់កាប់ដីដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩៥ និងសង់ផ្ទះស្នាក់នៅបង្កើតទៅជាភូមិចាប់ពីឆ្នាំ២០០០ មក និងសុំឲ្យអាជ្ញាធរទទួលស្គាល់ជាដីស្របច្បាប់។ ក្រៅពីនេះ ពួកគាត់ក៏ទាមទារសំណងខូចខាតផ្ទះសម្បែង និងផលដំណាំដែលក្រុមហ៊ុនចម្ការកៅស៊ូពាមជាំង យកគ្រឿងចក្រឈូសឆាយខ្ទេចខ្ទីកាលពីខែឧសភា ឆ្នាំ២០០៧ ដោយសំអាងលើសេចក្តីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ១១៧ ស.ជ.ណ. ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០០៧ ស្ដីពីការផ្តល់ដីសម្បទានវិនិយោគដាំដើមកៅស៊ូ។
តំណាងឲ្យប្រជាពលរដ្ឋមានទំនាស់ដីធ្លី គឺលោក តាត សេដ្ឋា មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាំដើមកៅស៊ូតិចតួច, ហើយ បែរ ជាឃើញ ជនជាតិ វៀតណាម ដាំអំពៅ ជំនួសទៅវិញ។ ទន្ទឹមគ្នានេះ លោករៀបរាប់ទាំងអាក់អន់ចិត្តថា អាជ្ញាធរខេត្តហាក់ពុំបានបំពេញតួនាទីមើលថែរក្សា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឡើយ៖ «រហូតមកពេលនេះ គឺអាជ្ញាធរអត់មានមកសួរប្រជាពលរដ្ឋមួយម៉ាត់ ថាអូ! រឿងនេះគេកំពុងដោះស្រាយ កំពុងរៀបចំ ហើយហៅប្រជុំលិចកើតអី ដើម្បីឲ្យប្រជាជនបានកក់ក្តៅ នឹងរង់ចាំ ប៉ុន្តែគឺគេអត់រវល់ហ្មង ដូចជាលិខិតរបស់សភាចេញទៅដូចខ្យល់អ៊ីចឹង។ ឆ្ងល់ថា តើពួកគេកំពុងធ្វើការ ឬកំពុងធ្វើអី។»
ឆ្លើយតបចំពោះបញ្ហានេះ អភិបាលរងខេត្តស្វាយរៀង អ្នកស្រី ពៅ សុភាព ពុំធ្វើអត្ថាធិប្បាយច្រើនឡើយ ដោយថាទូរស័ព្ទខ្សោយសេវា និងពុំមានភារកិច្ចទទួលខុសត្រូវលើការងារនេះឡើយ ហើយគ្រាន់តែបញ្ជាក់ថា មានគណៈកម្មការដោះស្រាយចុះទៅពិនិត្យមើលកាលពីថ្ងៃទី១២ សីហា ហើយ៖ «គេចុះទៅម្សិលមិញហើយមានរដ្ឋសភាអីហ្នឹងគេចុះទៅតើ។»
ទោះយ៉ាងណា ប្រជាពលរដ្ឋអះអាងថា ពុំឃើញមានអាជ្ញាធរចុះទៅពិនិត្យដោះស្រាយឡើយ។ ប្រជាពលរដ្ឋបញ្ជាក់ថា នៅមុនការដណ្ដើមយកដីនោះ គឺអាជ្ញាធរខេត្តស្វាយរៀង បានសម្រុះសម្រួលដោះដូរដីកន្លែងផ្សេងឲ្យពួកគាត់ដែរ ប៉ុន្តែពួកគាត់មិនអាចទទួលយកបានទេ ដោយសារដីទីនោះជាដីព្រៃលិចទឹក គ្មានសាលារៀន និងមន្ទីរពេទ្យ ព្រមទាំងគ្មានផ្លូវចេញចូលទៀតផង។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក មុំ លីដា ដែលឃ្លាំមើលករណីជម្លោះដីធ្លីនេះមានប្រសាសន៍ថា អាជ្ញាធរគួរពន្លឿនដោះស្រាយបញ្ហានេះដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ខណៈដែលសព្វថ្ងៃនេះ ពលរដ្ឋទាំងនោះជួបភាពលំបាកខ្លាំងដោយសារគ្មានទីជម្រក និងគ្មានដីបង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃឡើយ៕
No comments:
Post a Comment