Paris Peace Accords 23 Oct. 1991

Monday, August 31, 2015

[Vietnamization] មន្ត្រី ​រដ្ឋាភិបាល ​និង​បក្ស​ប្រឆាំង ​ជំរុញ ​ឲ្យ​ស៊ើប​អង្កេត​ ការ​គំរាម​ សម្លាប់​លោក សុខ ទូច | Govt officials, CNRP push for investigation into death threat against Sok Touch

មន្ត្រី ​រដ្ឋាភិបាល ​និង​បក្ស​ប្រឆាំង ​ជំរុញ ​ឲ្យ​ស៊ើប​អង្កេត​ ការ​គំរាម​ សម្លាប់​លោក សុខ ទូច

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣០ សីហា ២០១៥

សុខ ទូច ព្រំដែន ៦២០
លោក បណ្ឌិត សុខ ទូច (រូប​ស្ដាំ) ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ក្រុម​ការងារ ផ្ទៀងផ្ទាត់​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ នៅ​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។  RFA/Tin Zakariya

មន្ត្រី​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង ចាត់​ទុក​ការ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ជា​រឿង​ខុស​ច្បាប់។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា លោក​បណ្ឌិត សុខ ទូច ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​សរសេរ​គំរាម​សម្លាប់ ដោយ​ចោទ​ប្រកាន់​ថា លោក​លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។ ករណី​នេះ មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​ករណី​ព្រហ្មទណ្ឌ និង​ស្នើ​ឲ្យ​មន្ត្រី​នគរបាល​ស៊ើប​អង្កេត និង​ស្វែង​រក​ម្ចាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ទាំង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​បក្ស​ប្រឆាំង សុទ្ធតែ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ដើម្បី​ស្វែងរក​ជន​ដែល​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច មក​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​ចាត់​ទុក​ការ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ថា​ជា​ករណី​ព្រហ្មទណ្ឌ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ សីហា ថា គេ​មិន​គួរ​ប្រើប្រាស់​រូបភាព​ហិង្សា​គំរាម​បាញ់​សម្លាប់​ជន​ណា​មួយ​បាន​នោះ ​ទេ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ត​ថា លោក​បណ្ឌិត សុខ ទូច កំពុង​ទទួល​បន្ទុក និង​ធ្វើ​ការងារ​ដើម្បី​ជាតិ។ លោក​ថា អ្នក​ដែល​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច គឺ​មាន​ចេតនា​បំផ្លាញ​ដំណើរ​ការ​ក្នុង​ការងារ​ពិនិត្យ​មើល​ផែនទី​របស់​ក្រុម ​លោក​បណ្ឌិត សុខ ទូច ហើយ​ដែល លោក ផៃ ស៊ីផាន ចាត់​ទុក​ថា អាច​ជា​ភេរវកម្ម​នៅ​ក្នុង​ការងារ​រដ្ឋ៖ «ការ​គំរាម​នេះ វា​ប៉ះពាល់​ដល់​សតិសម្បជញ្ញៈ និង​ការ​បំផ្លិចបំផ្លាញ​ដល់​ដំណើរ​ការ​របស់​គាត់ អា​ហ្នឹង​វា​មាន​នៅ​ក្នុង​ទម្ងន់​ទោស។»

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​បណ្ឌិត សុខ ទូច ទទួល​នូវ​ការ​គំរាម​ជា​សាធារណៈ​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចាប់​តាំង​ពី​លោក​បាន​ផ្ដួចផ្ដើម​គំនិត​ដឹក​នាំ​ក្រុម​ស្រាវជ្រាវ​ផែនទី​ កម្ពុជា នៅ​ពេល​ផ្ទៃ​ក្នុង​កម្ពុជា ខ្វែង​គំនិត​គ្នា​រឿង​ផែនទី​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។
អ្នក​គំរាម​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ បាន​ចោទ​ប្រកាន់​លោក​បណ្ឌិត សុខ ទូច ថា​ជា​អ្នក​កែប្រែ​ប្រវត្តិសាស្ត្រ និង​ជា​អ្នក​លក់​ខួរ​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។

យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា ការ​គំរាម​យក​ជីវិត​លោក​នេះ នឹង​មិន​ធ្វើ​ឲ្យ​លោក​រួញរា ឬ​បញ្ឈប់​ការ​ស្រាវជ្រាវ​របស់​លោក​ឡើយ៖ «ខ្ញុំ​អត់​បាន​ដក​ជើង​ថយ​ទេ ពីព្រោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ហើយ​ស្រេច ថា​ខ្ញុំ​ដាក់​ជីវិត​របស់​ខ្ញុំ តែ​ខ្ញុំ​ធ្វើ​អ្វី​តែ​ការ​ពិត​ទេ ខ្ញុំ​ត្រូវ​តែ​ធ្វើ ហើយ​ធ្វើ​ក្នុង​នាម​វិជ្ជាជីវៈ។ ខ្ញុំ​អត់​មាន​បាន​ទទួល​លុយ​ពី​រដ្ឋាភិបាល ឬ​ប្រទេស​ដទៃ​ទេ។»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​គំរាម​កំហែង​ជា​ទង្វើ​ខុស​ច្បាប់។ ដូច្នេះ​លោក​ថា សមត្ថកិច្ច​ត្រូវ​តែ​ស៊ើប​អង្កេត​មើល​រឿង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ សីហា។

ចំពោះ​គម្រោង​ចុះ​ពិនិត្យ​មើល​ការងារ​បោះ​បង្គោល​ព្រំដែន​លើ​ដី​ ជាក់ស្តែង​របស់​ក្រុម​លោក​បណ្ឌិត សុខ ទូច នៅ​ពេល​ខាង​មុខ​វិញ លោក យឹម សុវណ្ណ យល់​ឃើញ​ថា វា​ជា​សិទ្ធិ​របស់​ក្រុម​លោក​បណ្ឌិត សុខ ទូច។ យ៉ាង​ណា​ក៏ដោយ លោក​ថា រហូត​មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ប្រកាស​ជំហរ​របស់​ខ្លួន​ជុំវិញ​រឿង​ផែនទី​នេះ​នៅ​ឡើយ៖ «ទុក​ឲ្យ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប្រមែ​ប្រមូល​ព័ត៌មាន​មុន​នឹង​ធ្វើ​សេចក្តី​សម្រេច ពីព្រោះ​បញ្ហា​ព្រំដែន​នេះ​មិន​អាច​និយាយ​តែ​មួយ​ម៉ាត់ ដោយ​អត់​មាន​មូលដ្ឋាន​អ្វី​បាន​ទេ ពីព្រោះ​មិន​មែន​និយាយ​តែ​រឿង​ផែនទី ការ​បោះ​បង្គោល​ខុស​ផែនទី​ក៏​យើង​ត្រូវ​ពិនិត្យ​មើល ការ​បោះ​បង្គោល​រួច​ហើយ​ភាគី​ពាក់ព័ន្ធ​គោរព មិន​គោរព ក៏​យើង​ត្រូវ​ពិនិត្យ​មើល វា​ជា​កិច្ចការ​មួយ​ត្រូវ​ធ្វើ​ជាប់លាប់​យូរ​អង្វែង។»

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ក្រុម​លោក​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​តែ​ឯង​ក្តី ប៉ុន្តែ​នៅ​ក្រោយ​ការ​សិក្សា​ចប់​សព្វគ្រប់ ក្រុម​លោក​នឹង​ចងក្រង​ជា​និក្ខេបបទ រួច​ធ្វើ​បទ​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ជា​សាធារណៈ។ លោក​ថា បើ​មាន​ភាគី​ណា​មួយ​មិន​អស់​ចិត្ត ក្រុម​លោក​អាច​ជូន​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង​បាន។

ចំពោះ​ការ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច វិញ មក​ទល់​ពេល​នេះ ខាង​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ជំហរ​ធ្វើ​ការ​ស៊ើប​អង្កេត ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?៕



3 comments:

  1. Anonymous5:27 PM

    នយោបាយគេចាយមនុស្ស បើ ហុន សែន សម្លាប់ សុខ ទូច ហើយ ហុន សែន ចោទថាសង្រោះជាតិនៅពីក្រោយនោះ តើសង្គ្រោះជាតិអាចសង្គ្រោះខ្លួនបានទេ? គ្រាន់តែមានការតវ៉ាថាយួនយកដី ជាប់គុកប៉ុន្មានហើយ? មិនស្រួលគេយកទៅដាក់គុកនៅស្រុកយួន ដូច ប៉ែន សុវណ្ណ ផងក័មិនដឹង។ អាជោវាចង់ធ្វើអីក័បានដែរ ឃើញទេជាង១០នាក់សង្រោះជាតិវាយ៉ាងណា? អាជោវាផ្គាប់ចៅវ៉ាយបានល្អឥតខ្ចោះមែន ធ្វើឲ្យប្រធានសង្រោះជាតិឈជើងលែងនឹងតែម្តង ហើយនាក់គាំទ្រក័បន្ទោសទៀត តែត្រូវដឹងថាយួនគេប្រើតេស្រមោល អង្ការ ខ្មែរស្លាបរាប់លាន ហើយឥឡូវយួនប្រើស្រមោល ​ស៊ី ភី ភី តើអស់ប៉ិន្មានហើយ?

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. This [slick Willy] SOK TOUCH can make up, fabricate, doctor things up all he wants - nobody in the right mind is going to believe him except his own clique!!!

    អាជើង ល្អ សុខទូច មួយនេះ អាច ប្រឌឹត ស្រមើលស្រម៉ៃ រឿងរ៉ាវ ដីធ្លី កាំភ្លើង គ្រាប់បែក គ្រប់យ៉ាង។ ក៏ប៉ុន្តែនៅទីបញ្ចប់ គ្មានមនុស្សណាម្នាក់ដែលមានខួរក្បាល ជឿវាទេ។ មានតែបក្សពួករបស់វា ប៉ុណ្ណោះ ដែលជឿវា៕

    Ce trou du'c SOK TOUCH peut inventer des histoires ou frabriquer n'importe qu'il veut, mais personne ne le croit sauf son clique...Merci!

    ReplyDelete