លោក ហ៊ុន សែន ខកចិត្ត ចំពោះ លោក សម រង្ស៊ី ដែលយកប្រៀប ខាងនយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ២៦ សីហា ២០១៥
ប្រធាន គណបក្ស ប្រជាជនកម្ពុជា បង្ហាញ ការសោកស្ដាយ ចំពោះ លោក សម រង្ស៊ី ដែលយកប្រៀប ខាងនយោបាយ លើគណបក្ស កាន់អំណាច។ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅការធ្វើ នយោបាយ របស់ ប្រធាន គណបក្ស សង្គ្រោះជាតិ នៅពីមុខល្អ ក្រោយខ្នង មានល្បិច ថា, ជាការធ្វើ នយោបាយ ចាប់ដៃ ជាន់ជើង។
ប្រតិកម្ម របស់ លោក ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ឲ្យបណ្ដាញផ្សព្វផ្សាយរបស់បារាំង ដែល លោក ហ៊ុន សែន ហៅការជាផ្ដល់បទសម្ភាសន៍របស់ លោក សម រង្ស៊ី ថានាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គ្រួសារលោកជាខ្លាំង។
គិតមកដល់ពេលនេះ គណបក្សជំទាស់នៅពុំទាន់មានប្រតិកម្មតបណាមួយ ជុំវិញសារនយោបាយជាសាធារណៈរបស់ លោក ហ៊ុន សែន នៅឡើយទេ។ ការស្ងប់ស្ងាត់នេះ ទំនងជាគណបក្សសង្គ្រោះជាតិ ចង់បន្ធូរបន្ថយកម្ដៅនយោបាយដែលកំពុងតែផ្ទុះឡើង។
ប្រតិកម្មជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រីនេះ ក្នុងពេលលោកចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្ម នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៦ សីហា។ ក្រុមអ្នកវិភាគសង្គមយល់ឃើញថា ប្រសិនបើ លោក ហ៊ុន សែន នៅបន្តប្រើប្រាស់វេទិកាសាធារណៈដោយវាយប្រហារដៃគូរបស់ខ្លួនដូចនេះ ទៀត អាចនឹងរុញច្រានការគាំទ្ររបស់គណបក្សកាន់អំណាចមួយនេះ ត្រូវថយចុះប្រជាប្រិយភាព។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ឆ្លើយតបយ៉ាងខ្លីថា លោកនឹងមិនធ្វើអត្ថាធិប្បាយណាមួយជុំវិញសារនយោបាយរបស់ លោក ហ៊ុន សែន នៅពេលនេះទេ។ លោកបន្តថា «ខ្ញុំមិនធ្វើអត្ថាធិប្បាយគ្រួសារលោកទាំងពីរទេ។»
អ្នកវិភាគសង្គមយល់ឃើញថា ក្នុងដំណាក់កាលចុងក្រោយនេះ គណបក្សជំទាស់ហាក់មានភាពស្ងប់ស្ងាត់ក្នុងការឆ្លើយឆ្លងពេលមាន ប្រតិកម្មរបស់ លោក ហ៊ុន សែន ឬមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី។ បើទោះជាបែបណា គេមើលឃើញថា ការបន្ថយយុទ្ធនាការរិះគន់ ដែលជាញឹកញយ គណបក្សប្រឆាំងតែងចោទរដ្ឋាភិបាលថាមានកំហុស ក្នុងការអនុវត្តកម្មវិធីនយោបាយនៅពេលនេះ បើទោះជាមានរលកនៃការប្រតិកម្មពី លោក ហ៊ុន សែន ក៏គណបក្សដែលធ្លាប់ជាដៃគូប្រកួតប្រជែងនយោបាយដ៏ស្វិតស្វាញមួយនេះ ហាក់មិនតបតអ្វីឡើយ បើទោះជាដឹងថា ត្រូវ ឬក៏ខុសក៏ដោយចុះ?
ការបន្ទន់ដៃក្នុងការឆ្លើយឆ្លងនយោបាយរបស់គណបក្សប្រឆាំងនៅពេល នេះ ខណៈដែលសកម្មជន និងមន្ត្រីជាន់ខ្ពស់មួយចំនួនផង ត្រូវជាប់បណ្ដឹងនៅតុលាការ និងឃុំខ្លួននៅពន្ធនាគារព្រៃស។ ប្រហែលជាស្ថិតក្រោមហេតុផលនេះហើយមើលទៅ ដែលជំរុញឲ្យគណបក្សប្រឆាំងបន្តភាពស្ងប់ស្ងាត់។
ពាក់ព័ន្ធរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មនៅព្រឹកថ្ងៃទី២៦ សីហា ថា លោកខកចិត្តចំពោះប្រធានគណបក្សសង្គ្រោះជាតិ ដែលមិនមានភាពស្មោះត្រង់ជាមួយនឹងលោក រហូតទម្លាយទំនាក់ទំនងលក្ខណៈគ្រួសារតាមបណ្ដាញផ្សព្វផ្សាយ ដែល លោក ហ៊ុន សែន ហៅថាជាការអាម៉ាស់សម្រាប់គ្រួសាររបស់លោក និងរូបលោកផ្ទាល់។ លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រី ថែមទាំងជំរុញឲ្យ អ្នកស្រី ជូឡុង សូមូរ៉ា ដែលជាប្រពន្ធរបស់ លោក សម រង្ស៊ី ក្រើនរំឭកស្វាមីរបស់ខ្លួនផង។ លោកបន្តថា «បើធ្វើយ៉ាង ដូច្នេះសូម្បីតែបញ្ហាទំនាក់ទំនងគ្រួសារយើងទាំងពីរ ក៏យកប្រៀបខាងនយោបាយចំពោះខ្ញុំដែរ។ តើខ្ញុំអត់ទ្រាំបានទេ? ខ្ញុំឲ្យអ្នកឯងចំណេញលើគោកបានទេ? សង្ឃឹមថាលោកជំទាវប្រដៅប្ដីផង។»
ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានចំអកឲ្យប្រធានគណបក្សប្រឆាំងថា ដល់ពេលអស់ស្នៀតនយោបាយដែលត្រូវលេង បែរជាលើករឿងចាស់អំពីការលួចសន្លឹកឆ្នោត ហើយទម្លាក់កំហុសរដ្ឋាភិបាលជាថ្មីឡើងវិញ។ លោកនាយករដ្ឋមន្ត្រី បានឡកឡឺយបន្ថែមថា បើ លោក សម រង្ស៊ី ចិត្តសឿងមិនពេញចិត្តទេ អាចដើរចេញពីសភាពេលណាក៏បានដែរ។
លោក តេង ដឺលុច អ្នកឯកទេសផ្នែកទំនាក់ទំនងកិច្ចការអន្តរជាតិ យល់ឃើញថា បាក់មុខ ឬមិនបាក់មុខ ដូចដែល លោក ហ៊ុន សែន លើកឡើងនោះ វាពុំមែនជារឿងសំខាន់ទេសម្រាប់អ្នកនយោបាយ ក៏ប៉ុន្តែអ្វីដែលចាំបាច់ គឺគណបក្សនយោបាយត្រូវប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ ដោយផ្ដោតសំខាន់ទៅលើគោលនយោបាយ ជាជាងបែងជើងគ្នាដើម្បីជ័យជម្នះសម្រាប់ផលប្រយោជន៍បុគ្គល។ លោកបន្តថា «បើសិនជាអ្នកថ្នាក់ដឹកនាំបញ្ហាតូចៗ អ៊ីចឹងយើងឥតត្រូវផ្ដោតការយកចិត្តទុកដាក់ទាល់តែសោះ។ បញ្ហាសំខាន់បំផុត តើគណបក្សមួយណាអ្នកដឹកនាំមួយណា ដែលបង្ហាញអំពីសមត្ថភាព។»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានគណបក្សប្រឆាំង ថានឹងលុបចោលវប្បធម៌សន្ទនា ប្រសិនបើ លោក សម រង្ស៊ី និងមន្ត្រីក្រោមបង្គាប់ នៅតែបន្តវាយប្រហារ និងរិះគន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ បើទោះជាបែបណា អ្នកវិភាគសង្គមចាត់ទុកថា វប្បធម៌សន្ទនាដែលបានបង្កើតឡើងនេះ គឺគ្រាន់តែដោះស្រាយភាពទាល់ច្រកមួយគ្រា និងពុំមានតម្លៃសម្រាប់នយោបាយអ្វីឡើយ៕
No comments:
Post a Comment