លោក ហ៊ុន សែន ផ្ដាំទៅ អ្នកមានផែនទី ពិត ឲ្យយកមក ផ្ទៀងផ្ទាត់ ជាមួយ រដ្ឋាភិបាល
RFA / វិទ្យុ អាស៊ី សេរី | ៣ សីហា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាំទៅ អ្នកមានផែនទី ពិត ឲ្យបញ្ជូនមក ផ្ទៀងផ្ទាត់, ហើយ ព្រមាន ជាមុន ថា, នឹងមិន លើកលែង ឲ្យអ្នក ដែលមួលបង្កាច់ រាជរដ្ឋាភិបាល ថា, ប្រើប្រាស់ ផែនទី ក្លែងក្លាយ ក្នុងការ ដោះស្រាយ បញ្ហាព្រំដែន ជាមួយ វៀតណាម ឡើយ។
ការព្រមាន របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃ ទី៣ សីហា ទាក់ទងទៅ នឹងការចោទប្រកាន់ ដែលថា, រដ្ឋាភិបាល កំពុង ប្រើប្រាស់ ផែនទី ក្លែងក្លាយ៖ «ឥឡូវ ប្រាប់ទៅ, ផ្ដាំទៅ អ្នកណា មានផែនទី ពិត, បើ មិនបញ្ជូន ឲ្យរាជរដ្ឋាភិបាល បញ្ជូនថ្វាយ ព្រះមហាក្សត្រ ឬបញ្ជូន ឲ្យរាជបណ្ឌិត្យ សភា ដែលគេ កំពុង សិក្សា, ហើយ ពេល ដែលរាជរដ្ឋាភិបាល អញ្ជើញ សូម កុំគេចមុខ ក្នុងផ្ទៀងផ្ទាត់ ផែនទី។ បើ អ្នកឯង គេចមុខ គឺ មានន័យ ស្មើអ្នកឯង បោះបង់ចោល សិទ្ធិ, ហើយ អ្នកឯង មួលបង្កាច់គេ ដែលមិន ត្រូវ លើកលែង ឲ្យទោះ ដោយតម្លៃណា ក៏ដោយ។»
ការសង្ស័យពីរឿងផែនទីក្លែងក្លាយ ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងជារឿយៗក្នុងពេលដែលរាជរដ្ឋាភិបាលដោះស្រាយ និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ គណបក្សសង្គ្រោះជាតិ អះអាងថា ផែនទីដែលត្រឹមត្រូវ គឺផែនទីដែលកម្ពុជា យកទៅតម្កល់នៅអង្គការសហប្រជាជាតិ។ លើសពីនេះទៀត ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី អះអាងថា ក្នុងពេលនេះលោកមានផែនទីដែលដូចគ្នានឹងផែនទីទុកនៅអង្គការ សហប្រជាជាតិ ដែលលោកបានថតចម្លងពីវិទ្យាស្ថានជាតិភូមិសាស្ត្រនៃប្រទេសបារាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅការចោទប្រកាន់របស់គណបក្សប្រឆាំង ថាជាការអស់សន្លឹកបៀលេងក្នុងរឿងនយោបាយ។ ស្របពេលដែលលោកកំពុងស្វែងរកផែនទីកម្ពុជា ពិតពីប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិ លោកចាត់ទុកផែនទីដែល លោក សម រង្ស៊ី យកពីប្រទេសបារាំង នោះថា ជាផែនទីខ្ចប់មមីសមាន់៖ «ឥឡូវផែនទី បើថាអានេះក្លែងក្លាយ អាណាមួយទៅពិត? រួចហើយទៅជាផែនទីទិញតាមផ្សារបាននេះ។ អាផែនទីទិញតាមផ្សារវាមានអីពិបាក អាហ្នឹងគេខ្ចប់មមីសមាន់ណា៎!»
ឆ្លើយតបបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា ផែនទីដែល លោក សម រង្ស៊ី យកពីប្រទេសបារាំង នោះ គឺដូចគ្នានឹងផែនទីសម្ដេចព្រះនរោត្ដម សីហនុ ចម្លងចេញទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៦៤ ដែរ។ ខាងលោកត្រៀមខ្លួនគ្រប់ពេលសម្រាប់ចូលរួមផ្ទៀងផ្ទាត់ផែនទី ប៉ុន្តែផែនទីដែលអាចទុកចិត្តបាន គឺផែនទីពីអង្គការសហប្រជាជាតិ៖ «មិន ព្រមយកផែនទីពីអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ឲ្យខ្មែរអស់ចិត្ត បែរជាបង្ខំឲ្យយកផែនទីមកផ្ទៀងផ្ទាត់ ហើយមិនទាន់មានផែនទីគោលដើម្បីផ្ទៀងផ្ទាត់ផងហ្នឹង។ អ៊ីចឹងទោះបីជាផ្ទៀងផ្ទាត់ក៏នៅតែចោទគ្នាដដែលហ្នឹង បើផែនទីលោកប្រធាន សម រង្ស៊ី ផ្ទៀងផ្ទាត់ជាមួយផែនទី លោក វ៉ា គឹមហុង ផ្សេងគ្នា ពេលហ្នឹងចោទគ្នាដដែលថា ផែនទី លោក វ៉ា គឹមហុង ក្លែងក្លាយ គណបក្សប្រឆាំងថាអ៊ីចឹង ឬផែនទីលោកប្រធាន សម រង្ស៊ី ក្លែងក្លាយ ចោទគ្នាទៅវិញទៅមក។ បើសិនជាគាត់ចង់ឲ្យខ្មែរអស់ចិត្ត លែងចោទរដ្ឋាភិបាលថាប្រើផែនទីមិនត្រឹមត្រូវ គួរតែយកផែនទីពីអង្គការសហប្រជាជាតិ មកហើយផ្ទៀងផ្ទាត់ជាមួយផែនទីលោកប្រធាន សម រង្ស៊ី និងផែនទី លោក វ៉ា គឹមហុង។»
ទោះជាយ៉ាងណាក្ដី ខាងរាជរដ្ឋាភិបាលនៅមិនទទួលបានផែនទីកម្ពុជា ដែលស្វែងរកពីប្រទេសមហាអំណាចនៅឡើយទេ។ ទន្ទឹមគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អ្នកដែលមានផែនទីត្រឹមត្រូវ ឲ្យបញ្ជូនមករាជរដ្ឋាភិបាល ឬរាជបណ្ឌិត្យសភា ដែលលោកបណ្ឌិត សុខ ទូច កំពុងតែដឹកនាំធ្វើការស្រាវជ្រាវ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដល់ជូនទៅរាជបណ្ឌិត្យសភាអស់ហើយ ក្នុងឋានៈជាអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវដោយឯករាជ្យ៕
The Maps can be the same, nothing changed. BUT it will different with the border posts.
ReplyDelete