Paris Peace Accords 23 Oct. 1991

Tuesday, August 4, 2015

[Vietnamization] បទ​វិភាគ៖ តើ​ ជម្លោះ​ព្រំដែន​ ជា​រឿង​ នយោបាយ ឬ​ជា​ការ​ ឈ្លាន​ពាន ​របស់​ វៀតណាម? Is the border conflict a matter of politics or a matter of violation by Vietnam?

បទ​វិភាគ៖ តើ​ ជម្លោះ​ព្រំដែន​ ជា​រឿង​ នយោបាយ ឬ​ជា​ការ​ ឈ្លាន​ពាន ​របស់​ វៀតណាម?

RFA / ​វិទ្យុ ​អាស៊ី សេរី | សីហា ២០១៥

ព្រំដែន​ស្វាយរៀង ៦២០
ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។  Photo Provided

ប្រជាពលរដ្ឋ​ កម្ពុជា រួម​មាន ​ទាំង​យុវជន និង​អ្នក​ នយោបាយ​ ផង បាន​ងាក​មក​ ចាប់​អារម្មណ៍ ​ពី​បញ្ហា​ព្រំដែន ​នៅ​ទិស​ ខាង​កើត ​វិញ​ម្ដង នៅ​ក្រោយ​ពេល ​ជម្លោះ​ព្រំដែន​ នៅ​ប៉ែក ​ខាង​លិច, ព្រំដែន​ខ្មែរ-ថៃ នៅ​តំបន់​ ព្រះវិហារ បាន​ស្ងប់ស្ងាត់ ​ទៅ​វិញ បន្ទាប់​ ពី​មាន​ សង្គ្រាម​ បង្ហូរ​ឈាម​គ្នា​ កាល​ពី​ឆ្នាំ​ ២០០៨ មក​នោះ។

ព្រំដែន​ នៅ​ទិស ​ខាង​កើត​ ដែល​ជា​ប្រទេស ​មហា​មិត្ត ​របស់​ រដ្ឋាភិបាល​ កម្ពុជា នោះ តើ​នឹង​អាច​ឈាន​ដល់​ការ​បង្ហូរ​ឈាម​គ្នា​ក្នុង​ការ​ការពារ​ទឹក​ដី​ដូច​នៅ​ ទិស​ខាង​លិច​ដែរ​ឬ​ទេ? តើ​ជម្លោះ​ព្រំដែន​នេះ ជា​រឿង​នយោបាយ​នៃ​រដ្ឋាភិបាល​ទាំង​ពីរ ឬ​ជា​ការ​ឈ្លាន​ពាន​របស់​វៀតណាម?

បញ្ហា​ព្រំដែន គឺ​ជា​រឿង​ដ៏​រសើប​មួយ​របស់​ពលរដ្ឋ​ខ្មែរ ពិសេស​ព្រំដែន​ប៉ែក​ខាង​កើត គឺ​កម្ពុជា-វៀតណាម។ ម្យ៉ាង​ដោយសារ​តែ​វៀតណាម មាន​ស្លាកស្នាម​ចាស់​បន្សល់​ទុក​ពី​អតីតកាល​ផង​អំពី​ការ​ឈ្លាន​ពាន​យក​ទឹក​ ដី​កម្ពុជា នោះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា កាន់​តែ​ចាប់​អារម្មណ៍​ពី​បញ្ហា​ព្រំដែន​នេះ​កាន់​តែ​ខ្លាំង​ថែម​ទៀត។
បញ្ហា​ជម្លោះ​ព្រំដែន​នៅ​ប៉ែក​ខាង​លិច​វិញ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ពី​ការ​ចងចាំ​របស់​ពលរដ្ឋ​កម្ពុជា នៅ​ឡើយ រហូត​ដល់​មាន​ការ​ប្ដឹងផ្ដល់​គ្នា​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឲ្យ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ។

ឥឡូវ​នេះ​បែរ​ជា​មាន​ភាព​ចម្រូងចម្រាស​បញ្ហា​ព្រំដែន​នៅ​ប៉ែក​ខាង​កើត​ វិញ​ម្ដង។ ត្បិត​តែ​បញ្ហា​ជម្លោះ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ប្រឈម​មុខ​យក្ស​ដាក់​គ្នា​ជា​ផ្លូវ ​ការ​ក្ដី តែ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​លិខិត​កំណត់​ទូត​ដាក់​ទៅ​រដ្ឋាភិបាល​វៀតណាម ជា​ផ្លូវ​ការ​ជាច្រើន​លើក​ច្រើន​សា តែ​វៀតណាម ហាក់​មិន​ខ្វល់​នឹង​កំណត់​ទូត​របស់​កម្ពុជា ឡើយ។ ការ​ចេញ​កំណត់​ទូត​របស់​រដ្ឋាភិបាល​កម្ពុជា នេះ ក៏​ជា​កំណត់​ទូត​ដ៏​កម្រ​មួយ ដែល​រដ្ឋាភិបាល​ទាំង​ពីរ​ជា​មហា​មិត្ត​យ៉ាង​ជិតស្និទ្ធ​នឹង​គ្នា​រាប់​សិប​ ឆ្នាំ​មក​ហើយ​នោះ។

បន្ថែម​ពី​នេះ​ទៀត មន្ត្រី​បក្ស​ប្រឆាំង​បាន​ថ្កោលទោស​វៀតណាម ចំពោះ​ការ​ទប់ស្កាត់​ពលរដ្ឋ យុវជន ព្រះសង្ឃ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង មិន​ឲ្យ​ចូល​ទៅ​មើល​តំបន់​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ធ្វើ​ឲ្យ​ព្រះសង្ឃ និង​តំណាងរាស្ត្រ​រង​របួស។

ឆ្លើយ​តប​នឹង​ការ​ថ្កោលទោស​របស់​បក្ស​ប្រឆាំង​នេះ ក្រសួង​ការ​បរទេស​វៀតណាម វិញ ក៏​ចេញ​លិខិត​ឆ្លើយ​តប​ថ្កោលទោស​មក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ទៅ​មើល​ព្រំដែន​នោះ​ដែរ ដោយ​វៀតណាម អះអាង​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ដឹក​នាំ​ព្រះសង្ឃ យុវជន ចូល​ទៅ​លើ​ទឹក​ដី​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​វៀតណាម ឃាត់​ឃាំង តែ​ពួក​គេ​នៅ​តែ​រឹង​ទទឹង​ដើរ​ចូល។

ម្យ៉ាង​វិញ​ទៀត ការ​ឈ្លាន​ពាន​របស់​វៀតណាម ជីក​ស្រះ​ចំនួន ៨ នៅ​ខេត្ត​រតនគិរី និង​ការ​ចូល​មក​ហាម​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ចម្ការ​លើ​ដី​របស់​ខ្លួន​ នៅ​ខេត្ត​ត្បូងឃ្មុំ ការ​បង្ខិត​ចូល​មក​ដី​ខ្មែរ​នៅ​ខេត្ត​ស្វាយរៀង កន្លង​មក និង​នៅ​តំបន់​មួយ​ចំនួន​ទៀត តាម​មើល​ទៅ​មិន​មែន​រដ្ឋាភិបាល​មិន​ដឹង​នោះ​ទេ ក៏ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​គិតគូរ និង​ចេញ​កំណត់​ទូត​នៅ​ពេល​គណបក្ស​ប្រឆាំង​សើរើ​ពី​បញ្ហា​ព្រំដែន​នៅ​ពេល​នេះ ​ទៅ​វិញ?

ព្រំដែន ស្វាយរៀង លើក​ទី​២ ៦២០
អាជ្ញាធរ​រារាំង​ពលរដ្ឋ​ ពី​ភ្នំពេញ​មិន​ឲ្យ​ចូល​មើល​បង្គោល​ព្រំដែន នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Uon Chhin

ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា ហាក់​ដូចជា​បិទ​បាំង​អំពី​បញ្ហា​ព្រំដែន​នេះ ដែល​មិន​បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​មើល​តំបន់​ដែល​មាន​ជម្លោះ​ ដោយ​ងាយ​នោះ​ទេ ដូចជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ជាង ២​ពាន់​នាក់​ទៅ​ពិនិត្យ​ព្រំដែន បែរ​ជា​អាជ្ញាធរ​ឃាត់ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​មើល​តំបន់​ព្រំដែន​បង្គោល​លេខ​២០៣ តែ ១០០​នាក់​ទៅ​វិញ។

ម្យ៉ាង​ទៀត ការ​ងើប​ឡើង​វិញ​ពី​ការ​ឈ្លាន​ពាន​ព្រំដែន​របស់​វៀតណាម នៅ​ពេល​នេះ នៅ​ក្រោយ​ពេល​កម្ពុជា ស្ងប់ស្ងាត់​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ នេះ​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​វៀតណាម ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា នាំ​គ្នា​ចាប់​ផ្ដើម​មើល​ទិស​ខាង​កើត​វិញ​ម្ដង។ លើស​ពី​នេះ​ទៀត គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៨ គឺ​ជា​ពេលវេលា​មួយ​ដែល​ថៃ ចាប់​ផ្ដើម​ផ្ទុះ​អាវុធ​បង្ក​សង្គ្រាម​ជាមួយ​ទាហាន​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ នៅ​ពេល​នោះ ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ថៃ កំពុង​តែ​ប្រឈម​នឹង​ភាព​វឹកវរ ដោយសារ​ក្រុម​អាវ​លឿង​ដែល​គេ​ដឹង​ថា ជា​ក្រុម​គាំទ្រ​រាជវង្សានុវង្ស ប្រឆាំង​នឹង​ក្រុម​អាវ​ក្រហម​គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)។

ស្ថានភាព​ច្របូកច្របល់​នៅ​ក្នុង​ប្រទេស​ថៃ អស្ថិរភាព​នយោបាយ​កើត​ឡើង​នៅ​ពេល​នោះ គឺ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា ក៏​អាច​ជា​នយោបាយ​របស់​ក្រុម​អាវ​លឿង​ថៃ ដើម្បី​ទាញ​យក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្លួន នៅ​ខណៈ​ដែល​ពលរដ្ឋ​ច្រើន​លើសលប់​គាំទ្រ​ក្រុម​អាវ​ក្រហម​របស់​អតីត​នាយក​ រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន នៅ​គ្រា​នោះ។

ដោយឡែក​សម្រាប់​កម្ពុជា វិញ ក៏​ជា​ពេលវេលា​ប្រកួត​ប្រជែង​ដ៏​ធំ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ ដែរ។ កាល​ណោះ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មើល​ឃើញ​ពី​ការ​ខំ​តស៊ូ​ត​ទល់​រឿង​ ព្រំដែន​នេះ​ខ្លាំងក្លា​ដែរ រហូត​ដល់​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទីក្រុង​ឡាអេ ឲ្យ​បកស្រាយ​សំណុំ​រឿង​ចាស់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ឆ្នាំ​១៩៦២ ឡើង​វិញ ដែល​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​ប្រឆាំង​ដូច​គ្នា។
បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នេះ ប្រជាពលរដ្ឋ​ស្ទើរ​តែ​ទូទាំង​នគរ​កាល​ណោះ បាន​មើល​ឃើញ​ថា រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន បាន​គិតគូរ​អំពី​បញ្ហា​បូរណភាព​ទឹក​ដី​មិន​ឲ្យ​ប្រទេស​ជិត​ខាង​ឈ្លាន​ពាន​ បាន។ ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) បាន​បង្កើត​កម្មវិធី​រៃអង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជូន​ដល់​កង​ទាហាន​ជា​ ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់ ក្នុង​ការ​ការពារ​ទឹក​ដី​នៅ​សមរភូមិ​ដែល​ជា​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ទៀត​ផង។

នៅ​ទីបំផុត ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ប្រជាពលរដ្ឋ​ជាច្រើន​លើសលប់ បាន​បោះ​ឆ្នោត​ឲ្យ លោក ហ៊ុន សែន ដឹក​នាំ​បន្ត​ទៀត ដែល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ទទួល​បាន ៩០​អាសនៈ ដែល​ជា​ចំនួន​ច្រើន​លើសលប់។
ងាក​មក​មើល​ស្ថានភាព​ជម្លោះ​ព្រំដែន​វៀតណាម សព្វថ្ងៃ​នេះ​វិញ​ម្ដង តាម​មើល​ទៅ​មិន​សូវ​ខុស​ពី​ស្ថានភាព​ជម្លោះ​រវាង​ព្រំដែន​កម្ពុជា-ថៃ នោះ​ដែរ។ ជម្លោះ​ព្រំដែន​វៀតណាម-កម្ពុជា ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​កម្ពុជា រាប់​សិប​ឆ្នាំ​មក​ហើយ អ្នក​ណា​ក៏​ដឹង​ពី​ភាព​ជិតស្និទ្ធ​នេះ​ដែរ តើ​មូលហេតុ​អ្វី​បាន​ជា​វៀតណាម បង្ហាញ​ពី​ភាព​ឈ្លាន​ពាន​នៅ​ពេល​នេះ? តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា ចេញ​លិខិត​ថ្កោលទោស​ម្ដង​ហើយ​ម្ដង​ទៀត ដែល​មិន​ធ្លាប់​មាន​ដូច្នេះ​ទៅ​វិញ?

បញ្ហា​នេះ​តាម​មើល​ទៅ ប្រហែល​ជា​មាន​នយោបាយ​អ្វី​នៅ​ពី​ក្រោយ​ខ្នង​រឿង​ជម្លោះ​នេះ។ បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-វៀតណាម នេះ អាច​នឹង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​ដូច​នៅ​ព្រំដែន​ខ្មែរ-ថៃ កាល​ពី​ឆ្នាំ​២០០៨ ទៀត​ក៏​ថា​បាន។ ជម្លោះ​ព្រំដែន​វៀតណាម កាន់​តែ​រីក​ធំ​នោះ ចង់​មិន​ចង់ រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ មិន​ខុស​ពី​ករណី​កម្ពុជា ប្ដឹង​ភាគី​ថៃ រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ នោះ​ឡើយ។

ការ​ធ្វើ​ដូច្នេះ ក៏​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​គណបក្ស​ប្រឆាំង​ដែរ ព្រោះ​ថា ឥឡូវ​នេះ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ជា​បណ្ដោះអាសន្ន ហើយ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ពី​ករណី​ជម្លោះ​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​ជូន​ប្រធាន​រដ្ឋសភា ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ស្នើសុំ​រដ្ឋាភិបាល​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ វៀតណាម ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ព្រំដែន ស្វាយរៀង លើក​ទី​២ ៦២០
ក្រុម​ពលរដ្ឋ​ប្រហែល ១០០​នាក់​ដែល​អាជ្ញាធរ​រៀបចំ រារាំង​ពលរដ្ឋ​ពី​ភ្នំពេញ​មិន​ឲ្យ​ចូល​មើល​បង្គោល​ព្រំដែន នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Uon Chhin

លិខិត​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា របស់ លោក ហ៊ុន សែន បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​មិន​ដែល​ព្រងើយ​កន្តើយ​ម្តង​ណា​ឡើយ​រាល់​បញ្ហា​ព្រំដែន​ដែល​ កើត​មាន​ឡើង​តាម​បណ្តោយ​ព្រំដែន។ រាជ​រដ្ឋាភិបាល បាន​ធ្វើ​លិខិត​ផ្លូវ​ការ និង​បាន​ចេញ​កំណត់​ការទូត​តវ៉ា​ទៅ​ភាគី​វៀតណាម ជាច្រើន​លើក។ លើស​ពី​នេះ​ទៀត នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា និង​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល បាន​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ និង​ទៅ​ប្រទេស​មហា​អំណាច​រួម​មាន បារាំង អាមេរិក និង​អង់គ្លេស សុំ​ខ្ចី​ផែនទី​ដើម​ទាំងអស់​ដែល​កម្ពុជា ប្រគល់​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នា​ឆ្នាំ​១៩៦៤ ដើម្បី​ផ្ទៀងផ្ទាត់​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​ពិត​ប្រាកដ​ជាមួយ​ផែនទី​ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើប្រាស់។

ការ​ស្វះ​ស្វែងរក​ជំនួយ​ពី​ប្រទេស​មហា​អំណាច​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ លោក ហ៊ុន សែន ហាក់​បង្ហាញ​ជំហរ​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​ពី​បញ្ហា​បូរណភាព​ទឹក​ដី។ បើ​ដូច្នេះ​មែន នេះ​មិន​ជា​សកម្មភាព​ប្រជាភិថុតិ ដើម្បី​ទាញ​យក​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ឡើង​វិញ បន្ទាប់​ពី​គណបក្ស​នេះ​បាន​ធ្លាក់​សំឡេង​អ្នក​គាំទ្រ​យ៉ាង​គំហុក​កាល​ពី​បោះ ​ឆ្នោត​អាណត្តិ​ទី​៥ ទេ ឬ​យ៉ាង​ណា? ប្រសិន​បើ​កម្ពុជា ប្ដឹង​វៀតណាម ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ តើ​វៀតណាម នឹង​ចំណេញ​អ្វី​ខ្លះ ហើយ​កម្ពុជា ខ្លួន​ឯង​នឹង​ចំណេញ​អ្វី​ខ្លះ?

ឆ្លើយ​តប​នឹង​សំណួរ​នេះ នរណា​ក៏​ដឹង​ដែរ​ថា វៀតណាម មាន​មហិច្ឆតា​វាតទី​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ឥត​ឈប់​ឈរ ក៏ប៉ុន្តែ​សកម្មភាព​នៅ​ពេល​នេះ មិន​មែន​ជា​រឿង​ឈ្លាន​ពាន​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​វៀតណាម ហាក់​ដូចជា​ជួយ​ដល់​គណបក្ស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ឲ្យ​មាន​ការ​គាំទ្រ​ ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​វិញ នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ ព្រោះ​ថា ការ​ធ្វើ​ដូច្នេះ វៀតណាម គ្មាន​ខាតបង់​អ្វី​ទេ។

ក្រៅ​ពី​នេះ​ទៀត បើ​សិន​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ យក​ករណី​នេះ​មក​ជំនុំ​ជម្រះ​វិញ គឺ​តុលាការ​ត្រូវ​ការ​ពេលវេលា​ច្រើន និង​ស្រប​ពេល​ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ ទៀត។ ជាង​នេះ​ទៀត បើ​សិន​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ កាត់​សេចក្ដី​ណា​ដោយ​យោង​លើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ឬ​យោង​លើ​បង្គោល​ព្រំដែន​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​បោះ​បង្គោល​ព្រំដែន​ហើយ​ ស្រាប់​នោះ គឺ​វៀតណាម ចំណេញ​ទឹក​ដី​ពី​កម្ពុជា ហើយ​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ នឹង​បាត់បង់​ដោយ​ស្វ័យ​ប្រវត្តិ។

នយោបាយ​ជួយ​គ្នា គឺ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទាំង​ពីរ​ចំណេញ​រៀងៗ​ខ្លួន ពោល​គឺ​វៀតណាម ចំណេញ​ទឹក​ដី រីឯ​រដ្ឋាភិបាល​កម្ពុជា ចំណេញ​រឿង​នយោបាយ​ដោយ​អាច​ទាញ​យក​ការ​សន្លឹក​ឆ្នោត​ដែល​បាត់បង់​មក​វិញ សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ក៏ប៉ុន្តែ នយោបាយ​ជួយ​គ្នា​រវាង​សម្ព័ន្ធ​មិត្ត​ទាំង​ពីរ​នេះ អាច​នឹង​បរាជ័យ​វិញ​ក៏​ថា​បាន ព្រោះ​ថា ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន អាច​មើល​ឃើញ​ពី​អាថ៌កំបាំង​ជម្លោះ​ព្រំដែន​នេះ ព្រោះ​ថា ពលរដ្ឋ និង​យុវជន មាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​ការ​គិតគូរ​ពី​បញ្ហា​ព្រំដែន ហើយ​ពួក​គាត់​បាន​ស្វែង​យល់ និង​គិតគូរ​ពី​រឿង​នយោបាយ​បាន​យ៉ាង​សស្រាក់សស្រាំ​ជាង​មុន​ដែរ៕

1 comment:

  1. Anonymous11:38 PM

    AH Chor Hun Sen is still Ah Chor and Ah Yuon's slave until he goes to Hell!!

    This asshole Hun Sen is incorrigible.

    ReplyDelete