បក្សប្រឆាំង ប្ដេជ្ញា បន្តខ្វាយខ្វល់ រឿងព្រំដែន បើ ទោះជាមាន ការព្រមាន ពីលោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ២១ សីហា ២០១៥
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សប្រឆាំងមួយនេះ នឹងនៅតែបន្តខ្វាយខ្វល់ពីបញ្ហាព្រំដែន។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅឲ្យលោក សម រង្ស៊ី ជំរុញមេបក្សប្រឆាំងមួយនេះ អប់រំផ្ទៃក្នុងបក្សកុំឲ្យធ្វើសកម្មភាពបំផ្លាញការខិតខំរបស់ រដ្ឋាភិបាលលើការងារព្រំដែនដែលត្រូវបានកំណត់ដោយច្បាប់។
លោក ហ៊ុន សែន នៅថ្ងៃទី២១ ខែសីហា បានដាក់ចេញនូវបទបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានវិធានការផ្លូវច្បាប់ភ្លាមៗចំពោះក្រុម ឬបុគ្គលណាដែលនិយាយបំភ្លៃថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការងារបោះបង្គោលព្រំដែន និងចំពោះការប្រមាថស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នជាតិ។
ការដាក់បញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ស្របពេលដែលលោកបានផ្ញើសារទៅឲ្យលោក សម រង្ស៊ី ដែរ។
នៅក្នុងសាររបស់លោក ហ៊ុន សែន ផ្ញើទៅកាន់លោក សម រង្ស៊ី ហើយដែលត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកបង្ហាញជាសាធារណៈនៅ ថ្ងៃទី២១ ខែសីហា លោក ហ៊ុន សែន បានព្រមានមិនឲ្យមេបក្ស និងមន្ត្រីបក្សប្រឆាំង យកបញ្ហាព្រំដែនកម្ពុជា-វៀតណាម ធ្វើជាល្បែងនយោបាយទៀតនោះទេ។
ក្នុងសារដដែលនោះ លោក ហ៊ុន សែន ឲ្យដឹងបន្តថា លោកបានផ្ញើព្រះរាជសាររបស់ព្រះមហាក្សត្រ និងច្បាប់ទាក់ទងទៅនឹងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ទៅឲ្យលោក សម រង្ស៊ី រួចហើយ។ លោក ហ៊ុន សែន ក៏បានទទូចឲ្យលោក សម រង្ស៊ី ណែនាំកូនចៅរបស់ខ្លួនឲ្យយល់ដឹងអំពីច្បាប់ និងសន្ធិសញ្ញានានា រួមទាំងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ផងដែរ។
លោក ហ៊ុន សែន ប្រកាសដែរថា លោកនឹងផ្សព្វផ្សាយនូវឯកសារទាំងអស់ រាប់ទាំងលិខិតរបស់សម្ដេចព្រះនរោត្តម សីហនុ ផ្ញើទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩៩ សុំយកខ្សែប្រេវីយេ ជាខ្សែព្រំដែនទឹករវាងកម្ពុជា និងវៀតណាម ផងដែរ។ លោក ហ៊ុន សែន សង្ឃឹមថា លោក សម រង្ស៊ី នឹងអប់រំផ្ទៃក្នុងបក្សកុំឲ្យធ្វើសកម្មភាពបំផ្លាញការខិតខំរបស់ រដ្ឋាភិបាលលើការងារព្រំដែន។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី ពីមូលហេតុនៃការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សប្រឆាំង និងពីការខ្ចីផែនទីពីអង្គការសហប្រជាជាតិ និងប្រទេសនានា ដើម្បីមកផ្ទៀងផ្ទាត់។ លោក ហ៊ុន សែន បានចំអកឲ្យលោក សម រង្ស៊ី ដែលយកផែនទីខ្វះ ២ផ្ទាំងទៅឲ្យក្រុមអ្នកស្រាវជ្រាវ ហើយក៏បានទទូចឲ្យមេបក្សប្រឆាំងស្វែងរកផែនទី ២ផ្ទាំងបន្ថែមទៀតមកបង្គ្រប់ឲ្យក្រុមស្រាវជ្រាវ។
សារព្រមានរបស់លោក ហ៊ុន សែន ទៅកាន់លោក សម រង្ស៊ី នេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាល បានផ្ទៀងផ្ទាត់ផែនទីរបស់ខ្លួនជាមួយផែនទីខ្ចីពីអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ សីហា ហើយដែលរដ្ឋាភិបាលអះអាងថា មិនមានភាពខុសគ្នាអ្វីឡើយ។ យ៉ាងណាក៏ដោយ បក្សប្រឆាំងមិនទាន់បានបញ្ជាក់ជំហររបស់ខ្លួនជុំវិញរឿងផែនទីនេះ ទេ យ៉ាងណានោះទេ។
ឆ្លើយតបនឹងសារព្រមានរបស់លោក ហ៊ុន សែន អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនដែលយកបញ្ហាព្រំដែនធ្វើជាល្បែងនយោបាយនោះទេ។ ប៉ុន្តែលោកថា អ្វីដែលបក្សប្រឆាំង និងអ្នកគាំទ្ររបស់ខ្លួនធ្វើ គឺជាការព្រួយបារម្ភពីប្រទេសជាតិ ហើយលោកថា រដ្ឋាភិបាលគួរតែមានមោទនភាពចំពោះការខ្វាយខ្វល់របស់ពលរដ្ឋទៅលើ បញ្ហាទឹកដីកម្ពុជា។
លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សប្រឆាំងនៅតែបន្តធ្វើសកម្មភាពសង្គមនានា មិនថាតែការងារព្រំដែននោះទេ ឲ្យតែបក្សប្រឆាំងមើលឃើញថានៅមានបញ្ហា៖ «បញ្ហាអ្វីក៏ដោយ បើរដ្ឋាភិបាលធ្វើត្រូវយើងគាំទ្រ តែបើរដ្ឋាភិបាលធ្វើមិនត្រឹមត្រូវ យើងផ្ដល់យោបល់ក្នុងន័យស្ថាបនាសង្គមប្រជាធិបតេយ្យ ទោះជានៅក្នុងប្រទេសណាក៏ដោយ ដែលប្រជាពលរដ្ឋមានប្រាក់ចំណូលមួយឆ្នាំ ៥-៦ម៉ឺនដុល្លារក៏ដោយ ក៏គេនៅតែមានរឿងដែលត្រូវមកជជែកគ្នា ដោះស្រាយបញ្ហាអត់ចប់ទេ ហើយគេក៏នៅមានបញ្ហាជាច្រើនទៀតត្រូវដោះស្រាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង។»
ទាក់ទងនឹងផែនទី ២ផ្ទាំងដែលខ្វះវិញ លោក យឹម សុវណ្ណ ថា បក្សប្រឆាំងនឹងខិតខំស្វែងរកបង្គ្រប់។ ចំណែករឿងពិនិត្យផែនទីជាទូទៅនៅពេលកន្លងមកវិញ លោកថា គេមិនអាចធ្វើការសន្និដ្ឋានបានភ្លាមៗ ថាវាយ៉ាងណានោះទេ។
លោក យឹម សុវណ្ណ៖ «យើងគ្រាន់តែមើលមួយក្រឡេកមិនអាចធ្វើការ សន្និដ្ឋានបានទេ យើងត្រូវការផែនទីមកធ្វើការពិនិត្យដោយប្រយ័ត្នប្រយែង យើងត្រូវការប្រភពព័ត៌មាន ប្រភពផែនទីផ្សេងទៀត ដើម្បីយកមកធ្វើការវិភាគ។ ធម្មតាខុសនៅក្នុងផែនទីតែ ១មិល្លីម៉ែត្រ ឬ ២មិល្លីម៉ែត្រ ការជាក់ស្ដែងខាងក្រៅវាខុសរាប់គីឡូ។ យើងទាមទារពេលវេលាដើម្បីយើងសិក្សាស្រាវជ្រាវបន្ថែមទៀត ព្រោះបញ្ហាព្រំដែនវាស្មុគស្មាញ។»
លោក ហ៊ុន សែន បានព្រមានហើយថា ទោះក្នុងតម្លៃណាក៏ដោយ លោកនឹងមិនលើកលែងចំពោះជនណាដែលបន្តដើរនិយាយបរិហាររដ្ឋាភិបាលពី រឿងផែនទីនោះទេ បន្ទាប់ពីរដ្ឋាភិបាលបានផ្ទៀងផ្ទាត់ផែនទីរបស់ខ្លួនជាមួយផែនទីដែល ខ្ចីពីអង្គការសហប្រជាជាតិរួច។
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ក៏បានប្រាប់ឲ្យលោក សម រង្ស៊ី ដឹងមុនដែរថា លោកនឹងចូលរួមកំដរ លោក សម រង្ស៊ី នូវគ្រប់ទម្រង់លេង គ្រប់កាលៈទេសៈ គ្រប់រដូវកាល និងគ្រប់រស់ជាតិទាំងអស់ មិនថា ក្ដៅ ត្រជាក់ ផ្អែម ល្វីង ឬជូរចត់ ឡើយ។ ប៉ុន្តែលោក យឹម សុវណ្ណ យល់ឃើញថា រដ្ឋាភិបាលគួរតែជៀសវាងបង្កបរិយាកាសតានតឹង និងភាពអាប់អួដែលធ្វើឲ្យពលរដ្ឋខ្មែរខ្វល់ខ្វាយគ្មានទីបញ្ចប់ ហើយថា រដ្ឋាភិបាលគួរបង្កើត ឲ្យមានបរិយាកាសដើម្បីផ្ដល់ឱកាសដល់ពលរដ្ឋខ្មែរចូលរួមចំណែកនៅ ក្នុងការដឹងឮ និងដោះស្រាយបញ្ហារបស់ប្រទេស៕
No comments:
Post a Comment