ពលរដ្ឋ នៅត្បូងឃ្មុំ ថា, សកម្មភាព ដឹកឈើប្រណីត ចេញទៅ វៀតណាម នៅតែ បន្ត កើតមាន
RFA / វិទ្យុ អាស៊ី សេរី | ២៧ សីហា ២០១៥
ប្រជាពលរដ្ឋអះអាងថា រថយន្តដឹកឈើប្រណីតទាំងធំ ទាំងតូច សម្រុកដឹកឈើចេញទៅប្រទេសវៀតណាម ទាំងថ្ងៃ ទាំងយប់ ជារៀងរាល់ថ្ងៃ ប៉ុន្តែមន្ត្រីអាជ្ញាធរហាក់មិនសូវអើពើសោះ។ ពេលខ្លះរថយន្តដឹកឈើប្រណីតទាំងនោះក្រឡាប់ចេញឈើច្រើន សន្ធឹកសន្ធាប់ ក៏ប៉ុន្តែចុងក្រោយឈើទាំងនោះត្រូវដឹកចេញទៅប្រទេសវៀតណាម បានយ៉ាងស្រួលដដែល ដោយអាជ្ញាធរគ្រាន់តែបញ្ជាក់ថា ឈើនោះមានការអនុញ្ញាតត្រឹមត្រូវ។
ពលរដ្ឋនៅឃុំជាំក្រវៀន ដោយសុំមិនឱ្យបញ្ចេញឈ្មោះម្នាក់ ឱ្យដឹងថា លោកមិនបានដឹងទេតើឈើទាំងនោះស្របច្បាប់ ឬយ៉ាងណា ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា រថយន្តដឹកឈើដោយមានខ្លះចំហ ឬគ្រប់តង់ជិតៗ បន្តសកម្មភាពគ្មានឈប់ឈរឡើយ ស្ទើរតែធ្វើឱ្យប្រជាពលរដ្ឋសម្រាន្តមិនលក់ទៀតផងនៅពេលយប់៖ «អ្នកភូមិខ្ញុំគេនាំគ្នាថាអ៊ីចេះ និយាយថាឃាត់ឈើ ទប់ស្កាត់ព្រៃឈើ ប៉ុន្តែធាតុពិតឈើនៅតែបន្តកាប់ដដែល។»
ច្រកព្រំដែននៅខេត្តត្បូងឃ្មុំ ដែលរថយន្តដឹកឈើប្រណីតពេញនិយមឆ្លងកាត់រួមមាន ច្រកជ្រៃឡើង នៅឃុំជាំក្រវៀន ច្រកទន្លេចាម ច្រកដូង ៧ដើម ច្រកបឹងជ្រោង ឃុំជើង ច្រកចាន់មូល ជាដើម។ ចំណែកឈើទាំងនោះវិញ ភាគខ្លះត្រូវបានគេដឹកពីខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ ក្រចេះ ឬស្ទឹងត្រែង ដោយយកទៅស្តុកនៅទឹកដីវៀតណាម ក្បែរៗព្រំដែន។
យ៉ាងណាពលរដ្ឋមួយរូបទៀតនៅឃុំទន្លូង លោក ឈុន វុត្ថា លើងឡើងថា ប្រសិនឈើទាំងនោះស្របច្បាប់ ហេតុអ្វីមិនបង្ហាញជាសាធារណៈ ហើយប្រសិនបើឡានដឹកឈើនោះក្រឡាប់វិញ គឺពួកគេហាមឃាត់ពលរដ្ឋដាច់ខាតមិនឱ្យទៅជិត ចំណែកមន្ត្រីអាជ្ញាធរហាក់លាក់បាំងនៅពេលពួកគេចុះទៅបំពេញភារកិច្ច ទៀតផង។
ជាក់ស្ដែង ឈើប្រណីតប្រភេទសុក្រំ មួយឡានធំ ដែលក្រឡាប់កាលពីថ្ងៃទី២៦ ខែសីហា ប៉ុន្តែចុងក្រោយឈើទាំងនោះ អាចឆ្លងដែនទៅប្រទេសវៀតណាម បានដដែល ក្រោមហេតុផលថា ឈើនោះស្របច្បាប់ ស្របពេលដែលអ្នកដឹកឈើមិនបានបង្ហាញលិខិតស្នាមអ្វីឡើយ ម្យ៉ាងចំនួនឈើដែលគេប្រាប់ គឺមិនស៊ីគ្នាជាមួយទំហំឡាននោះទេ៖ «លោកសំអាងថា ២៥គូប ហើយលោកអត់មានវាស់វែងសោះនេះ។ ប្រភេទឡាន ៥ភ្លៅ ដឹកឡើងពេញៗ។»
លោកស្នើឱ្យរាជរដ្ឋាភិបាលគប្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដើម្បីយកឈើទៅលក់ឱ្យបរទេសបន្តទៀត។ ជាងនេះ ត្រូវបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជន ព្រោះវាអាចគ្រាន់តែហេតុផលដើម្បីកាប់បំផ្លាញព្រៃឈើស្របច្បាប់ ប៉ុណ្ណោះ។
ទាក់ទងបញ្ហានេះនាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់ លោក ទួត វុត្ថា មិនបានឆ្លើយយ៉ាងណាទេ ដោយលោកថា ជាប់ប្រជុំ។ ចំណែកអធិការស្រុកមេមត់ លោក ហុង គីមហឿន បញ្ជាក់ថា ខាងលោកមិនមានដែនសមត្ថកិច្ចលើបញ្ហានេះឡើយ។ យ៉ាងណាលោកអះអាងថា លោកមិនធ្លាប់ទទួលបានរបាយការណ៍ថា មានបទល្មើសឈើប្រណីតពីមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនទេ។
កន្លងទៅពលរដ្ឋតែងលើកឡើងថា បទល្មើសឈើប្រណីតមួយចំនួនហាក់ទទួលបានការគាំពារពីអាជ្ញាធរមាន សមត្ថកិច្ច ឬមន្ត្រីជំនាញ ដោយពួកគេចេះតែបង្កភាពងាយស្រួលដល់ការរកស៊ីរបស់ឈ្មួញទាំងនោះជា ថ្នូរនឹងលាភសក្ការៈជំនួសវិញ។
ច្បាប់ព្រៃឈើមាត្រា ១០០ គឺបានចែងពីទោសទណ្ឌរបស់មន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល ឬមន្ត្រីអាជ្ញាធរផ្សេងៗទៀត គឺត្រូវជាប់គុកពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិនិត្យជាប្រាក់ពី ១០លានរៀលរហូតដល់ ១០០លានរៀល។ បទល្មើសទាំងនោះរួមមាន ធ្វើអន្តរាគមន៍ ឬផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬប្រយោល ជួយដល់អាជីវកម្មព្រៃឈើ និងសកម្មភាពគ្រប់បែបយ៉ាងទាក់ទងបញ្ហាព្រៃឈើ។ គំរាមកំហែងមន្ត្រីជំនាញ ឬរារាំងដល់ការបំពេញភារកិច្ចរបស់មន្ត្រីរដ្ឋបាលព្រៃឈើជាដើម ប៉ុន្តែកន្លងមកច្បាប់នេះ មិនបានអនុវត្តលើមន្ត្រីទុច្ចរិតទាំងនោះទេ។
ទោះជាយ៉ាងណា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ូ យាន ហ៊ានអះអាងថា ឈើដែលឆ្លងកាត់ទៅប្រទេសវៀតណាម គឺជាឈើខុសច្បាប់ ព្រោះសកម្មភាពដឹកចេញរបស់ពួកគេធ្វើឡើងជាលក្ខណៈលួចលាក់។
លោកបន្តថា លោកធ្លាប់បានលើកឡើងបញ្ហានេះ ឱ្យអាជ្ញាធរខេត្តជួយទប់ស្កាត់តែគ្មានប្រយោជន៍ ក្រោមហេតុផលថា ឈើទាំងនោះគេមិនមែនកាប់នៅលើទឹកដីខេត្តត្បូងឃ្មុំ៖ «យើងចេះ តែជំរុញគាត់ឱ្យខិតខំធ្វើ ព្រោះអ្វីដែលជាការឆ្លងកាត់ គឺជាបទល្មើស ព្រោះប្រសាសន៍នាយករដ្ឋមន្ត្រីថា បើសិនទប់ស្កាត់បទល្មើសមិនបាន នឹងកាត់កខ្លួនឯងក្រវាត់ចោល។»
លោកឱ្យដឹងទៀតថា ករណីឈើប្រណីតឆ្លងកាត់នេះ អាចនឹងមានអំពើពុករលួយផង ទើបខាង លោកគ្រោងនឹងប្រមូលភស្តុតាងឱ្យបានច្រើនដើម្បីដាក់ទៅស្ថាប័ន ពាក់ព័ន្ធ ពិសេសរដ្ឋសភា និងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្កេតតែម្ដង៕
No comments:
Post a Comment