វៀតណាម ចូលដាំ សណ្ដែកដី នៅក្បែរ កន្លែងជីកស្រះ ក្នុងតំបន់ ហាមឃាត់ ខេត្តរតនគិរី
RFA / វិទ្យុ អាស៊ី សេរី | ១៨ សីហា ២០១៥
សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅជាប់នឹងតំបន់ព្រំដែនដែលមានទំនាស់ជាមួយភាគីវៀតណាម រឿងជីកស្រះក្នុងតំបន់ព្រំដែនហាមឃាត់ជាប់ខេត្តរតនគិរី អះអាងថា ពលរដ្ឋវៀតណាម លួចចូលមកដាំសណ្ដែកដីបន្ថែមទៀតក្នុងតំបន់មានជម្លោះ ខណៈភាគីវៀតណាម មិនទាន់លុបស្រះដែលខ្លួនជីកខុសច្បាប់ក្នុងតំបន់សតាមការសន្យា របស់រដ្ឋលេខាធិការការបរទេសវៀតណាម នៅឡើយ។
តំណាងសហគមន៍ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ លោក រម៉ាស ស្វាត់ បានបញ្ជាក់ថា ពលរដ្ឋវៀតណាម លួចចូលដាំសណ្ដែកដីប្រមាណជាងមួយសប្ដាហ៍កន្លងទៅ ក៏ប៉ុន្តែពួកគេចូលមកដាំនៅវេលាយប់នៅក្នុងតំបន់ស ជិតចំណុចស្រះដែលពួកគេបានជីកខុសច្បាប់កាលពីខែឧសភា។
លោកបន្តថា តម្រួតព្រំដែនខ្មែរនៅតំបន់នោះបានដឹងពីសកម្មភាពរំលោភថ្មីនេះ ហើយបានប្រាប់សហគមន៍ឲ្យទៅមើលកន្លែងកើតហេតុ៖ «មេប៉ុស្តិ៍គេប្រាប់ឲ្យទៅៗកន្លែងស្រះហ្នឹងដែរ។ យើងចុះទៅខាងលើអូរៗ។»
កាលពីខែកក្កដា ក្រសួងការបរទេសកម្ពុជា បានដាក់កំណត់ទូតតវ៉ាចំនួនពីរលើកទៅរដ្ឋាភិបាលវៀតណាម បន្ទាប់ពីរកឃើញថា វៀតណាម បានជីកស្រះទឹកចំនួន ៨ នៅក្នុងតំបន់ស។ ផ្អែកលើផែនទីដែលមានខ្នាត ១/១០០.០០០ ស្រះទឹកចំនួនបី គឺជីកចូលដីកម្ពុជា យ៉ាងជ្រៅ ដោយស្រះទឹកទី១ មានចម្ងាយប្រមាណ ៣១៥ម៉ែត្រ។ ស្រះទឹកទី២ ជីកចូលចម្ងាយ ៤២៥ម៉ែត្រ និងស្រះទឹកទី៣ ចម្ងាយ ៣៩០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ៣០ និងបង្គោលព្រំដែនលេខ៤០ ឋិតនៅចំណុចអូរហ្គ្រឹម ក្បែរប៉ុស្តិ៍ការពារព្រំដែនភូមិឡំ ជាប់នឹងភូមិសេសៅ ឃុំយ៉ាណាង ស្រុកដាក់កឺ ខេត្តយ៉ាឡាយ ជាតំបន់មិនទាន់ឯកភាពគ្នាវាស់វែងនៅឡើយ។
ទាក់ទិនការរំលោភលួចចូលដាំសណ្ដែកជាថ្មីរបស់ពលរដ្ឋវៀតណាម ក្នុងតំបន់ហាមឃាត់នេះ នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនភូមិឡំ លោក ម៉ី កយ មានប្រសាសន៍បញ្ជាក់ថា ប្រជាជនវៀតណាម បានចូលមកដាំសណ្ដែកដីលើដីប្រមាណមួយហិកតារ នៅជិតប៉ុស្តិ៍ការពារព្រំដែនវៀតណាម ក៏ប៉ុន្តែតម្រួតព្រំដែនខ្មែរបានហាមឃាត់មិនឲ្យដាំបន្តទៀតទេ។
លោកថា មិនប្រាកដថា តំបន់ដែលជនជាតិវៀតណាម ចូលមកដាំសណ្ដែកដីនោះជាតំបន់ស ឬយ៉ាងណាទេ ក៏ប៉ុន្តែដីដាំសណ្ដែកនោះពិតជានៅផ្នែកខាងលើកន្លែងជីកស្រះនោះ៖ «អាហ្នឹងខ្ញុំអត់ច្បាស់ទេ ព្រោះវានៅកៀកប៉ុស្តិ៍គេ ប៉ុន្តែខ្ញុំអត់ឲ្យដាំតទៅទៀតទេ»។
តំបន់ស ឬតំបន់ព្រំដែនហាមឃាត់នៅចំណុចមានទំនាស់ត្រូវបានកំណត់ត្រឹមអក្សរ កណ្ដាលនៃអូរហ្គ្រឹម និងមានចម្ងាយ ៥០០ម៉ែត្រ សងខាងអក្សរហាមមិនឲ្យភាគីទាំងពីរសាងសង់ ឬធ្វើអ្វីដោយគ្មានការជូនដំណឹងឯកភាពគ្នានោះឡើយ លើកលែងតែតំបន់ដែលភាគីទាំងពីរបានឈរជើងមុនការកំណត់ព្រំដែនសឲ្យ រក្សាស្ថានភាពដដែល។
ជុំវិញសេចក្ដីរាយការណ៍របស់សហគមន៍នេះ ស្នងការរងនៃស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកកិច្ចការព្រំដែន លោក ហេង រតនា បដិសេធថា តម្រួតព្រំដែនខ្មែរនៅតំបន់នោះមិនអនុញ្ញាតឲ្យភាគីវៀតណាម ធ្វើសកម្មភាពណាមួយបាននៅក្នុងតំបន់ហាមឃាត់នោះបន្តទៀតទេ។ លោកថា តម្រួតព្រំដែនខ្មែរបានចាត់ឲ្យល្បាតនៅតំបន់នោះជាប្រចាំ និងហាមឃាត់មិនឲ្យភាគីវៀតណាម ដាំដុះ ឬធ្វើអ្វីរំលោភចូលតំបន់នោះបានទៀតឡើយ៖ «អត់ទេ! មានក៏ដកចោលដែរ អត់មានប៉ះពាល់បានទេ កម្លាំងខ្ញុំដាក់ចោលត្រៀមរហូតអត់មានអ្នកណាប៉ះពាល់បានទៀតទេ»។
យ៉ាងណាក៏ដោយ មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី អះអាងដែរថា សហគមន៍ក៏បានផ្ដល់ព័ត៌មាននេះមកសមាគមលោកដូចគ្នា។ លោកអំពាវនាវសុំឲ្យសមត្ថកិច្ចព្រំដែនទប់ស្កាត់ឲ្យបានជាក់លាក់ កុំឲ្យមានការរំលោភបានតទៅទៀត៖ «ខាងអាជ្ញាធរវៀតណាម ក៏មិនទាន់បានលុបស្រះដែរ អូសបន្លាយពេល។ នៅពេលនេះឃើញថា មានការចូលមកដាំសណ្ដែកសៀង សហគមន៍អះអាងថា ចូលពេលយប់ចេញទៅវិញពេលថ្ងៃ»។
ទោះជាយ៉ាងនេះក្តី សហគមន៍ភូមិឡំ អំពាវនាវសុំឲ្យគណៈកម្មការជាតិទទួលបន្ទុកកិច្ចការព្រំដែនជំរុញភាគី វៀតណាម ឲ្យអនុវត្តការសន្យាលុបស្រះដែលបានជីកក្នុងតំបន់សឲ្យបានឆាប់ តាមកិច្ចព្រមព្រៀងបញ្ហាព្រំដែននៃប្រទេសទាំងពីរ៕
No comments:
Post a Comment