Paris Peace Accords 23 Oct. 1991

Friday, August 7, 2015

[Vietnamization} វៀតណាម​ ជំរុញ​ ឲ្យ​កម្ពុជា ​ពន្លឿន ​ការ​បោះ​បង្គោល​ ខណ្ឌ​សីមា​ ព្រំដែន | Vietnam urges Cambodia to expedite establishing border posts at Seyma District

វៀតណាម​ ជំរុញ​ ឲ្យ​កម្ពុជា ​ពន្លឿន ​ការ​បោះ​បង្គោល​ ខណ្ឌ​សីមា​ ព្រំដែន

RFA / ​វិទ្យុ ​អាស៊ី សេរី | សីហា ២០១៥

ព្រំដែន ស្វាយរៀង ទួល​តា​ព្រាប ៦២០
ពលរដ្ឋ និង​ទាហាន​វៀតណាម ឈរ​នៅ​តំបន់​ទួល​តា​ព្រាប និង​លើ​វាល​ស្រែ​ដែល​ពលរដ្ឋ​កម្ពុជា អះអាង​ថា ជា​អតីត​ទឹក​ដី​ខ្មែរ នា​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Tha Kitya

ប្រទេស​វៀតណាម ជំរុញ​ឲ្យ​កម្ពុជា ពន្លឿន​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ ឆាប់​រហ័ស។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម លោក ផាម ប៊ិញម៉ិញ (Pham Binh Minh) នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា។

កម្ពុជា-វៀតណាម គួរ​ស្វែងរក​ការ​បញ្ចប់​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន និង​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់។ នេះ គឺ​ជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម លោក ផាម ប៊ិញម៉ិញ ហើយ​ដែល​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​វៀតណាម ញូវ (Vietnam News) ដកស្រង់​យក​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា។

ក្រៅ​ពី​បញ្ហា​ព្រំដែន លោក ផាម ប៊ិញម៉ិញ ក៏​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជា​ប្រពៃណី​រវាង​កម្ពុជា-វៀតណាម ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​ វិស័យ និង​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើក​ទី​១៤ នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ។

បណ្ដាញ​សារព័ត៌មាន​វៀតណាម ញូវ ឲ្យ​ដឹង​ដែរ​ថា ក្នុង​ជំនួប​នោះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង លើក​ឡើង​ថា កម្ពុជា-វៀតណាម គួរ​សហការ​បន្ថែម​ទៀត​លើ​ការងារ​គ្រប់គ្រង​ព្រំដែន ហើយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បញ្ហា​ព្រំដែន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៦ សីហា។

ការ​ជំរុញ​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម នៅ​ពេល​នេះ ធ្វើ​ឡើង​ខណៈ​ដែល​កម្ពុជា កំពុង​មាន​ភាព​ចម្រូងចម្រាស និង​មិន​មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង​ទៅ​លើ​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ពេល​បច្ចុប្បន្ន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ សីហា ថា កម្ពុជា ត្រូវ​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ធ្វើ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។ លោក​ថា អ្វី​ដែល​សំខាន់ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​បង្គោល​ព្រំដែន​នេះ ធ្វើ​ឡើង​ប្រកប​ដោយ​សុក្រឹតភាព ត្រឹមត្រូវ ដែល​ភាគី​ទាំង​សង​ខាង​អាច​ទទួល​យក​បាន។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ កត់​សម្គាល់​បន្ថែម​ថា ការ​ដែល​វៀតណាម ជំរុញ​ឲ្យ​កម្ពុជា ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន គឺ​ដោយសារ​វៀតណាម យល់​ឃើញ​ថា ពួក​គេ​នឹង​ចំណេញ​ពី​ការ​បោះ​បង្គោល​នេះ។ យ៉ាង​ណា​ក៏ដោយ​លោក​ថា កម្ពុជា គួរ​តែ​មាន​ការ​ជជែក​រវាង​ភាគី​ផ្ទៃ​ក្នុង​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ ទាំង​ស្រុង​ជា​មុន​សិន មុន​នឹង​បន្ត​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម៖ «ខ្ញុំ​យល់​ថា ការ​បោះ​បង្គោល​ព្រំដែន​អត់​ត្រូវ​ការ​ប្រញាប់​ប្រញាល់​ពេក​ទេ ខ្ញុំ​ឃើញ​បញ្ហា​ធំ គឺ​បញ្ហា​ផែនទី។ ទី​២ គឺ​បញ្ហា​មិន​គោរព​នូវ​ការ​បោះ​បង្គោល​ព្រំដែន ជាពិសេស​នៅ​តែ​ឃើញ​ថា បោះ​បង្គោល​ហើយ​នៅ​តែ​មាន​ការ​ហូរ​ចូល ការ​បំពាន​មក​លើ​ដី​កម្ពុជា ទៀត។»

ពលរដ្ឋ​វៀតណាម ព្រំដែន​ស្វាយរៀង ៦២០
ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided
ទាក់ទង​នឹង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ សីហា បាន​ប្រកាស​ជំរុញ​ឲ្យ​បក្ស​ប្រឆាំង​យក​ផែនទី​ដែល​ខ្លួន​មាន ទៅ​ប្រគល់​ឲ្យ​រដ្ឋាភិបាល ឬ​ថ្វាយ​ព្រះមហាក្សត្រ ឬ​ប្រគល់​ទៅ​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា ដើម្បី​ធ្វើ​ការ​សិក្សា។ លោក ហ៊ុន សែន ថ្លែង​ដែរ​ថា លោក​នឹង​មិន​លើក​លែង​ដល់​ក្រុម​ទាំងឡាយ​ណា ដែល​មិន​ព្រម​ចូលរួម​ក្នុង​ការ​ពិនិត្យ​ជាមួយ​រដ្ឋាភិបាល ហើយ​ចេះ​តែ​នាំ​គ្នា​ដើរ​ស្រែក​ខាង​ក្រៅ ដែល​នេះ​លោក​សំដៅ​ទៅ​លើ​បក្ស​ប្រឆាំង ដែល​មាន​ផែនទី​ហើយ តែ​មិន​ព្រម​យក​ឲ្យ​រដ្ឋាភិបាល ឬ​អ្នក​ស្រាវជ្រាវ តែ​បែរ​ជា​យក​ទៅ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទៅ​វិញ។
លោក ហ៊ុន សែន ក៏​បាន​ថ្លែង​របៀប​ឌឺដង​ទៅ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដែរ​ថា បើ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​រឿង​ព្រំដែន​កម្ពុជា-វៀតណាម ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) មែន​នោះ បក្ស​ប្រឆាំង​ត្រូវ​ធ្វើ​សារណា​បង្ហាញ​ពី​ចំណុច​ឈ្នះ និង​ចាញ់​ឲ្យ​រដ្ឋាភិបាល​ឃើញ​ជា​មុន។
លោក អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​យក​ផែនទី​ទាំងអស់​ដែល​ខ្លួន​មាន​ទៅ​ជជែក និង​ផ្ទៀងផ្ទាត់​ជាមួយ​រដ្ឋាភិបាល ដើម្បី​រក​ដំណោះស្រាយ​រួម។ ទាក់ទង​នឹង​ការ​ប្ដឹង​ផ្តល់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ វិញ លោក​ថា បក្ស​ប្រឆាំង​ចង់​ដោះស្រាយ​ឲ្យ​មាន​ការ​ស្រុះស្រួល​គ្នា​ផ្ទៃ​ក្នុង​រវាង​ ភាគី​កម្ពុជា ជា​មុន​សិន មុន​នឹង​ទៅ​ដោះស្រាយ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​បង្គោល​ព្រំដែន​អាច​ទទួល​យក​បាន​ទាំងអស់​ គ្នា។ យ៉ាង​ណា លោក​ថា​បើ​នៅ​តែ​មិន​អាច​ដោះស្រាយ​ជាមួយ​ភាគី​វៀតណាម បាន​ទៀត​នោះ កម្ពុជា គួរ​តែ​រក​មធ្យោបាយ​ផ្សេង​ក្រៅ​ពី​នេះ។
ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក សុខ អាន បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នៅ​ក្នុង​វេទិកា​តុ​មូល​របស់​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា នឹង​នៅ​តែ​បន្ត​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕



1 comment:

  1. Anonymous12:27 PM

    If they really wanted to save Cambodia, Khmer people must have good judgments.

    For instance, when the Yuon's slave party CPP cheated on the 2013 general election by self proclaiming that it was the winner of the election, Khmer people should not blame the CNRP for failing to capture the winning result. They should have blamed the thief CPP for committing this enormous crime..

    Now, the Khmer traitor Hun Sen ignores the culture of dialogue that he has been recently adopted, Khmer people should blame him, not Sam Rainsy or the CNRP, for abusing or violating such agreement.

    The top priority for Khmer people is to remove the Khmer traitor Hun Sen and the CPP from power through the election first, and that's why it is imperative that Khmer people stay united with the CNRP through this difficult time.

    ReplyDelete