លោក យ៉េង វីរៈ និងលោក សាម ស៊ុនឌឿន ជាប់ជាប្រធាន និងអនុប្រធាន បក្សថ្មី
RFA / វិទ្យុ អាស៊ី សេរី | ២ សីហា ២០១៥
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២ ខែសីហា នេះ បានជ្រើសរើសប្រធានបណ្ដោះអាសន្នរបស់ខ្លួនហើយ គឺលោក យ៉េង វីរៈ អតីតនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។ ក្រោយរកឃើញក្បាលម៉ាស៊ីនរបស់ខ្លួន គណបក្សនេះនឹងយកបញ្ជីឈ្មោះជូនដំណឹងទៅក្រសួងមហាផ្ទៃ នៅថ្ងៃបន្ទាប់ ហើយនៅដើមឆ្នាំ២០១៦ នឹងធ្វើសមាជបក្សដើម្បីជ្រើសរើសប្រធានផ្លូវការ។ ចំណែកមន្ត្រីជាន់ខ្ពស់របស់គណបក្សមានសំឡេងនៅក្នុងសភា ស្វាគមន៍វត្តមានគណបក្សថ្មីនេះ។
អគ្គលេខាធិការបណ្ដោះអាសន្នគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយជាប់ឆ្នោត បង្ហាញពីក្តីរំពឹងថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ព្រោះគណបក្សនេះជ្រើសរើសថ្នាក់ដឹកនាំពីថ្នាក់ក្រោមមកថ្នាក់លើ ដោយយកសមាជិកជាធំ។ លោកបន្តថា គណបក្សរបស់លោកនឹងលុបបំបាត់វប្បធម៌សម្លាប់ សម្លុត គំរាម ដោយនឹងជំនួសមកវិញនូវវប្បធម៌ក្តីស្រឡាញ់ ក្តីសង្ឃឹម យុត្តិធម៌ និងអហិង្សា។
គណៈកម្មាធិការបណ្ដោះអាសន្នចំនួន ១៨ មកពីបណ្ដាខេត្តរាជធានី ដែលមានចំនួន ១០៤សំឡេង បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យ លោក យ៉េង វីរៈ ចំនួន ៩៧សំឡេង លោក សាម ស៊ុនឌឿន ចំនួន ៦៨សំឡេង។ ចំណែកតំណែងជាអគ្គលេខាធិការបានទៅ លោក សាម អ៊ីន ដែលទទួលបានសំឡេងគាំទ្រ ១០៣សំឡេង និងតំណែងហិរញ្ញិកបានទៅ លោក ប៉ោ សេដ្ឋា ជាអ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានដើមអំពិល ទទួលបាន ៦៥សំឡេង។ ការបោះឆ្នោតនេះ ជ្រើសតាមប្រព័ន្ធ ៥០ បូក ១ គឺស្មើនឹង ៥៣សំឡេង។ លោក យ៉េង វីរៈ ជាបេក្ខភាពប្រធានបក្សតែម្នាក់គត់ក្នុងការបោះឆ្នោតនេះ។
មុននឹងបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន សមាជិកជាង ៣០០នាក់ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការបណ្ដោះអាសន្ន ហើយក្រុមទាំងនោះជាអ្នកមានសិទ្ធិបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន បណ្ដោះអាសន្ននេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ស្វាគមន៍វត្តមានគណបក្សថ្មីមួយនេះ ដែលយល់ថា គណបក្សកើតចេញពីពលរដ្ឋខ្មែរ និងប្រើលុយរបស់ខ្មែរ។ អ្នកនាំពាក្យគណបក្សកាន់អំណាចមួយនេះយល់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នេះ មិនអាចដណ្ដើមអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ទេ។
សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសមាជិកជំហរចំនួន ១០ឃុំ-សង្កាត់ មានថវិកាផ្ទាល់ខ្លួនបានពីការបង់វិភាគទានរបស់សមាជិកជាង ១ម៉ឺនដុល្លារ។ គណបក្សនេះអះអាងថា មិនបានយកលុយពីគណបក្សណាមួយឡើយ។
ចំណែកមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ថា ការបង្កើតគណបក្សថ្មីនេះជាសិទ្ធិរបស់ពលរដ្ឋ ហើយគណបក្សនយោបាយកាន់តែច្រើន គឺធ្វើឲ្យពលរដ្ឋមានជម្រើសកាន់តែច្រើន។ លោក សុន ឆ័យ ក៏មិនខុសពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជ ដែរ យល់ថា គណបក្សថ្មីមួយនេះគ្មានមូលដ្ឋានរឹងមាំធ្វើខូចខាតសំឡេងគាំទ្រ គណបក្សសង្គ្រោះជាតិ នោះទេ។
ការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នេះ នៅបន្ទាប់ពីគណបក្សថ្មីពីរបានបង្កើតឡើង គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ និងគណបក្សអំណាចពលរដ្ឋខ្មែរ របស់ លោក សួន សេរីរដ្ឋា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានអក្សរកាត់ គ.ប.ម រូបសញ្ញាត្រីកោណសម័ង្ស តំណាងឲ្យប្រជាធិបតេយ្យពីក្រោមមកលើ។ គុណតម្លៃសាមគ្គីភាព យុត្តិធម៌ អហិង្សា។ ទស្សនវិស័យប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យទូទាំងប្រទេស និងមានបេសកកម្មបណ្ដុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទូទាំងប្រទេស។ នៅថ្ងៃទី៣ ខែសីហា គណបក្សនេះនឹងយកស្នាមមេដៃសមាជិកស្ថាបនិកចំនួន ៨០នាក់យ៉ាងតិច និងបញ្ជីឈ្មោះគណៈកម្មការបណ្ដោះអាសន្នចំនួន ១៨រូប ទៅបង្ហាញជាផ្លូវការជូនដំណឹងនៅក្រសួងមហាផ្ទៃ៕
No comments:
Post a Comment