អាជ្ញាធរ ស្រុក មេមត់ ប្រកាស ឲ្យពលរដ្ឋ រុះរើខ្ទម ចេញ ពីចំណុចដី មានវិវាទ
RFA / វិទ្យុ អាស៊ី សេរី | ២៥ កញ្ញា ២០១៥
ប្រជាពលរដ្ឋបញ្ជាក់ថា នឹងអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកមេមត់ ប៉ុន្តែពួកគាត់ចង់ឲ្យអាជ្ញាធរធានាភាពងាយស្រួល និងមិនមានការឈូសឆាយណាមួយ កើតឡើងលើដីចម្ការរបស់ពួកគាត់ឡើយ។
ពលរដ្ឋនៅភូមិស្អំ ឃុំចាន់មូល ដែលបានទៅសង់រោងនៅតំបន់ទួលគ្រួស លោក យ៉ាន់ សាន់ ឲ្យដឹងថា លោកនឹងអនុវត្តតាមសេចក្តីប្រកាសរបស់អាជ្ញាធរ ប៉ុន្តែលោកនៅតែសោកស្ដាយ ពីព្រោះនៅពេលពួកគាត់រុះរើខ្ទមចេញពីតំបន់ទួលគ្រួស គឺធ្វើឲ្យពលរដ្ឋដែលមានដីចម្ការទាំងអស់ ត្រូវជួបការលំបាកមិនខាន៖ «ធ្វើតាម ប៉ុន្តែគាត់មិនអាចរុះរើដោយខ្លួនឯងបានទេ។ អ៊ីចឹងលោកជាឪពុកជាម្តាយ ដែលអាចថាឲ្យកូនចៅស្លាប់ គឺស្លាប់ហើយ ប៉ុន្តែសុំតែធ្វើជម្រកមួយដើម្បីជ្រកកោននៅទីនោះ។»
ក្នុងលិខិតជូនដំណឹងរបស់អភិបាលស្រុកមេមត់ លោក ចេង ប៊ុណ្ណា កាលពីថ្ងៃទី២៣ កញ្ញា បានជម្រាបទៅពលរដ្ឋដែលមានដីទំនាស់ជាមួយក្រុមហ៊ុន ម៉ែន សារុន នៅចំណុចឃុំទន្លូង និងឃុំជាំក្រវៀន។ ក្នុងលិខិតឲ្យដឹងថា នៅពេលថ្មីៗនេះមានប្រជាពលរដ្ឋមួយចំនួនទៅទន្ទ្រានកាន់កាប់ ព្រមទាំងសង់រោង ឬខ្ទមថ្មីៗ និងបានវាស់វែងដីចែកគ្នាជាឡូៗទំហំ ១៥ម៉ែត្រគុណ ៣០ម៉ែត្របែបអនាធិបតេយ្យនៅតំបន់ទួលគ្រួស ភូមិចង្គុំកណ្ដាល ឃុំទន្លូង ដើម្បីបង្កើតជាភូមិ ដោយមានមេខ្លោងពីរបីនាក់ដើរញុះញង់ប្រជាពលរដ្ឋ។ លិខិតបញ្ជាក់ថា ទង្វើបែបនេះ គឺជារឿងខុសច្បាប់ ព្រមទាំងផ្ទុយទៅនឹងគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០១២ រួមនឹងច្បាប់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ថែមទៀត។
ក្នុងលិខិតដដែលបន្ថែមថា ដើម្បីរក្សាស្ថានភាពដើម និងរង់ចាំការដោះស្រាយតាមច្បាប់ចំពោះដីដែលបានធ្វើអត្តសញ្ញាណកម្ម រួចរាល់ អាជ្ញាធរតម្រូវឲ្យពលរដ្ឋទាំងនោះរុះរើខ្ទម ឬរោងចេញឲ្យអស់។ ជាងនេះទៀត បញ្ឈប់ជាបន្ទាន់នូវការសង់រោង ឬខ្ទមថ្មីបន្ថែមទៀត បញ្ឈប់ការបែងចែកដីបែបអនាធិបតេយ្យ ព្រមទាំងការបង្កើតភូមិក្រៅច្បាប់ ជាដើម ហើយសេចក្តីជូនដំណឹង គឺចាប់ផ្ដើមអនុវត្តពីពេលផ្សព្វផ្សាយរហូតដល់ថ្ងៃទី៣០ កញ្ញា ជាកំហិត។
យ៉ាងណា ពលរដ្ឋនៅឃុំជាំក្រវៀន មួយរូបទៀត លោក ផុន ឆុន បញ្ជាក់ថា មូលហេតុដែលលោកទៅធ្វើរោងនៅតំបន់នោះ ព្រោះដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចម្ការ ហើយលោក និងអ្នកភូមិឯទៀតទៅសង់ខ្ទម គឺធ្វើឡើងដោយចិត្តឯង មិនមានអ្នកដឹកនាំឡើយ។ លោកបារម្ភថា នៅពេលពលរដ្ឋមិនបាននៅជាប់លាប់ក្បែរដីចម្ការ គឺអាចងាយស្រួលដល់ភាគីក្រុមហ៊ុន ទៅឈូសឆាយដីរបស់ពួកគាត់ដូចកាលពីឆ្នាំ២០១៤៖ «ពិបាកគ្នាឆ្ងាយ អាខ្លះដប់ ឬម្ភៃគីឡូ (គីឡូម៉ែត្រ) គ្នាសម្រកនៅចម្ងាយដើម្បីបោចស្មៅ អ៊ីចឹងធ្វើម៉េចគ្នាទៅមកៗ មិនគ្រាន់ទេសាំងមួយលីត្រទៅមកនោះ។»
ប្រជាពលរដ្ឋ ២៤៧គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន ម៉ែន សារុន លើទំហំដី ៦៤៥ហិកតារ ហើយវិវាទនេះផ្ទុះឡើងកាលពីដើមឆ្នាំ២០១៤។ ជាមួយគ្នានេះ អាជ្ញាធរក៏បានចុះធ្វើអត្តសញ្ញាណកម្មឲ្យពលរដ្ឋរួចរាល់ហើយកាលពី ដើមឆ្នាំ២០១៥។ ក្រោយមក មានប្រជាពលរដ្ឋជាង ១០០គ្រួសារ នាំគ្នាទៅបែងចែកដីធ្លី ដើម្បីសង់ខ្ទមចាំចម្ការនៅតំបន់ទួលគ្រួស ដែលស្ថិតនៅកណ្ដាលព្រៃដាច់ឆ្ងាយពីភូមិ-ស្រុក។ សកម្មភាពទាំងនេះ ធ្វើឲ្យអាជ្ញាធរបារម្ភថា នឹងអាចបង្កើតទៅជារដ្ឋក្នុងរដ្ឋ ឬជាតំបន់អបគមន៍។
ទាក់ទិនរឿងនេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ការធ្វើបែបនេះ ព្រោះអាជ្ញាធរចង់គ្រប់គ្រងពលរដ្ឋតំបន់នោះឲ្យបានច្បាស់លាស់ ជៀសវាងមានបញ្ហាណាមួយកើតឡើង ប៉ុន្តែលោកធ្លាប់អះអាងថា លទ្ធភាពបង្កតំបន់អបគមន៍ គឺមិនអាចទៅរួចទេ។ លោកបន្តថា ប្រជាពលរដ្ឋនឹងដាក់លិខិតបញ្ជាក់ពីការយល់ព្រមធ្វើតាមសេចក្តី ប្រកាស ជូនទៅអាជ្ញាធរក្នុងពេលឆាប់ៗ ប៉ុន្តែពួកគេនឹងដាក់សំណូមពរជុំវិញការពិបាកនៅពេលអ្នកភូមិមិន មានរោងចាំចម្ការ ទៅកាន់អាជ្ញាធរជាក្រោយ៖ «បើគាត់អនុញ្ញាតរបៀប ម៉េច ចាំធ្វើអ៊ីចឹងទៅ។ ខ្ញុំអត់ជឿថា អាជ្ញាធរមិនអនុញ្ញាតទេ ព្រោះគាត់ទៅធ្វើចម្ការនៅហ្នឹងហើយ អត់មានផ្ទះមានសម្បែង គាត់នៅហាលភ្លៀងអាចបណ្ដាលឲ្យគ្រុនចាញ់ គ្រុនឈាម។»
យ៉ាងណា ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ប្រសិនបើពលរដ្ឋមិនព្រមអនុវត្តតាម អាជ្ញាធរស្រុកនឹងចាត់វិធានការតាមច្បាប់ ហើយពួកគេនឹងមិនទទួលខុសត្រូវឡើយ ចំពោះរាល់ការខូចខាតទាំងឡាយ៕
No comments:
Post a Comment