គណបក្ស នយោបាយ ទាំងពីរ គ្រោងជួប ពិភាក្សាគ្នា នៅថ្ងៃ ទី២៣ កញ្ញា
RFA / វិទ្យុ អាស៊ី សេរី | ២០ កញ្ញា ២០១៥
គណបក្ស នយោបាយ ដែលជាប់ឆ្នោត ទាំងពីរ គ្រោង នឹងជួបគ្នា នៅថ្ងៃពុធ ទី២៣ កញ្ញា ខាងមុខនេះ។ មន្ត្រីនាំពាក្យ គណបក្ស សង្គ្រោះជាតិ អះអាង ថា, ជំនួប លើកនេះ គឺ គណបក្ស នយោបាយ ទាំងពីរ នឹងមិនផ្ដោត លើរបៀបវារៈ ការដោះលែង សកម្មជន របស់ខ្លួន នោះទេ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ គណបក្ស កាន់អំណាចវិញ ឲ្យដឹង ថា, រហូត មកដល់ ពេលនេះ ខាងគណបក្ស នៅមិនទាន់ ដឹងច្បាស់ ពីគម្រោង ពិតប្រាកដ នៃការជួបនេះ នៅឡើយ។
មន្ត្រីនាំពាក្យ គណបក្ស ជំទាស់ បញ្ជាក់ថា កិច្ចពិភាក្សា ដែលគណបក្ស នយោបាយ ទាំងពីរ គ្រោង នឹងជួបគ្នា នៅថ្ងៃពុធ ក្នុងសប្ដាហ៍នេះ ផ្ដោតសំខាន់ លើរបៀបវារៈ វិសោធនកម្ម ច្បាប់ ស្ដីពី ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលគណបក្ស នយោបាយ ទាំងពីរ ពុំទាន់បាន ឯកភាពគ្នា លើចំណុច សេសសល់ មួយចំនួនទៀត ព្រមទាំង បទបញ្ជាផ្ទៃក្នុង រដ្ឋសភា ផង។
ក្រោយការសន្យាមួយថ្ងៃរបស់ លោក កឹម សុខា បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសវិញ ដែលសន្យាថា គណបក្សជំទាស់នឹងរកពេលណាត់ជួបគណបក្សប្រជាជនកម្ពុជា ជុំវិញការបោះឆ្នោតនោះ ភ្លាមៗគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតជាផ្លូវការមួយច្បាប់ កាលពីថ្ងៃទី១៨ កញ្ញា សុំណាត់ជួប លោក ស ខេង ក្នុងនាមជាប្រធានក្រុមអ្នកតំណាងរាស្ត្រភាគច្រើននៅក្នុងរដ្ឋសភា របស់រដ្ឋាភិបាល។
លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី២១ កញ្ញា ថា សំណើពីខាងគណបក្សសង្គ្រោះជាតិ នៅពេលនេះ ត្រូវបានតំណាងរាស្ត្រដែលជាភាគីខាងរដ្ឋាភិបាល ឆ្លើយតបហើយ និងយកថ្ងៃទី២៣ ខែកញ្ញា ពេលល្ងាច ជាជំនួបកំពូលរបស់បក្សនយោបាយទាំងពីរ នៅវិមានរដ្ឋសភា។ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធថា កិច្ចសន្ទនាលើកនេះ គណបក្សនយោបាយទាំងពីរនឹងមិនលើកយករឿងព្រហ្មទណ្ឌ នៃសកម្មជនដែលជាប់ពន្ធនាគារដាក់លើតុចរចាឡើយ ក្រៅពីរបៀបវារៈដែលបានគ្រោងទុក គឺកំណែទម្រង់ការបោះឆ្នោត និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប៉ុណ្ណោះ។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មី ដែលមាន ១២ជំពូក និង ១៧១មាត្រា ត្រូវបានរដ្ឋសភាអនុម័ត ហើយព្រះមហាក្សត្រឡាយព្រះហស្តលេខាកាលពីខែមីនា ស្ថិតក្រោមការរិះគន់ដ៏ចម្រូងចម្រាសពីក្រុមអង្គការមិនមែន រដ្ឋាភិបាលជាហូរហែ។ បើទោះជាបែបណា អង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា នៅនាទីចុងក្រោយមុនអនុម័តច្បាប់ទាំងពីរនេះ មានការកែទម្រង់ដ៏តិចតួច បើទោះជាមានការជំទាស់ដោយអង្គការមិនមែនរដ្ឋាភិបាលយ៉ាងណាក៏ដោយ ចុះ។
ជុំវិញរឿងនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសេធថា ព័ត៌មានលម្អិតជុំវិញជំនួបជាថ្មីទៀតលើកនេះ គឺលោកពុំទាន់បានទទួលនៅឡើយទេ។ បើទោះជាបែបនេះក៏ដោយចុះ លោកមានសុឆន្ទៈថា ការជួបជាមធ្យោបាយល្អប្រសើរ ដែលអាចធ្វើឲ្យភាគីទាំងពីរយល់ចិត្តគ្នាបានច្រើន។ បន្ថែមពីលើនេះ លោក សុខ ឥសាន បញ្ជាក់ថា លោកចង់ឃើញការចរចារវាងគណបក្សនយោបាយទាំងពីរលើកនេះ ធ្វើឡើងដោយភាពស្មោះត្រង់ទៅវិញទៅមកច្រើនជាង។
ច្បាប់ស្ដីពីការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មាត្រា៦៣ និងមាត្រា៧២ ចែងថា ការរៀបចំក្បួនព្យុះយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងច្រើន ៤ដងក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានរយៈពេល ២១ថ្ងៃ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោត ត្រូវចប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។
ចំណែកអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតវិញ យល់ឃើញថា គណបក្សនយោបាយទាំងពីរ មិនត្រូវធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ចាស់ឡើយ ព្រោះច្បាប់មុនមានភាពល្អប្រសើរជាងច្បាប់បោះឆ្នោតថ្មី។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) ចាត់ទុកថា ប្រសិនបើគណបក្សនយោបាយទាំងពីរនៅតែចង់ធ្វើវិសោធនកម្មលើច្បាប់បោះ ឆ្នោតចាស់ ស្ដីពីការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មែន ករណីនេះនឹងរុញច្រានឲ្យខ្លឹមសារនៃច្បាប់ថ្មីនេះ អនុវត្តរឹតចង្អៀតជាងមុនថែមទៀត។ លោកបន្ថែមថា ព្រោះច្បាប់ថ្មីនេះ គឺបានកំណត់គោលដៅនៃការឃោសនា មិនឲ្យឆ្លងឃុំ-សង្កាត់ ដែលរឹតតែអាក្រក់ជាងច្បាប់ចាស់ទៅទៀត។
បើទោះជាបែបណា មន្ត្រីគណបក្សនយោបាយទាំងពីរ នៅតែបង្ហាញជំហរថា របៀបវារៈដែលបានគ្រោងហើយនេះ គណបក្សទាំងពីរនឹងលើកទៅពិគ្រោះយោបល់ក្នុងជំនួបកំពូលជាថ្មីទៀត នៅក្នុងសប្ដាហ៍នេះហើយ៕
No comments:
Post a Comment