Paris Peace Accords 23 Oct. 1991

Friday, September 11, 2015

តុលាការ​ កាត់​ទោស​ លោក អ៊ុក ពេជ្រ សំណាង ឲ្យ​ជាប់​គុក​ ២​ឆ្នាំ​ ក្នុង​សំណុំ​រឿង ផ្សេង​មួយ​ទៀត | Court sentenced Ouk Pich Samnang to 2 years imprisonment

តុលាការ​ កាត់​ទោស​ លោក អ៊ុក ពេជ្រ សំណាង ឲ្យ​ជាប់​គុក​ ២​ឆ្នាំ​ ក្នុង​សំណុំ​រឿង ផ្សេង​មួយ​ទៀត

RFA / ​វិទ្យុ ​អាស៊ី សេរី | ១០ កញ្ញា ២០១៥

អ៊ុក ពេជ្រសំណាង ៦២០
លោក អ៊ុក ពេជ្រសំណាង ក្នុង​សំលៀក​បំពាក់​អ្នក​ទោស​ពណ៌​ទឹកក្រូច ពេល​នាំ​មក​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី ១២ ធ្នូ ២០១៤។  Photo: Provided


សាលា​ដំបូង ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ​ទី​១០ ខែ​កញ្ញា បាន​ប្រកាស​ ផ្ដន្ទាទោស លោក អ៊ុក ពេជ្រ សំណាង សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ ជាប់​ពន្ធនាគារ ២​ឆ្នាំ, ពិន័យ​ ជា​ប្រាក់ ៤​លាន ​រៀល, និង​សំណង ១០​លាន​ រៀល ​ក្នុង​សំណុំ​រឿង ​ថ្មី​មួយ​ទៀត ពាក់ព័ន្ធ​ ទៅ​នឹង​ការ​ចូលរួម ​របស់​លោក​ ជាមួយ ​ក្រុម​អ្នក​តវ៉ា​ ដីធ្លី​ មក​ពី​ខេត្ត​ ព្រះវិហារ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ កញ្ញា ថា ក្នុង​សំណុំ​រឿង​នេះ លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ។ ចំណែក ២​បទល្មើស​ផ្សេង​ទៀត គឺ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ចូលរួម​សមាគម​នៃ​ជន​ទុច្ចរិត ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៤ ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ជិត ១០០​នាក់ នាំ​គ្នា​យក​លិខិត​សុំ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​កង​សន្តិសុខ​រារាំង​នៅ​សួនច្បារ​នាគ​បាញ់​ទឹក ខាង​កើត​វិមាន​ឯករាជ្យ ដើម្បី​រារាំង​ក្បួន​អ្នក​តវ៉ា​មិន​ឲ្យ​ចូល​ទៅ​ជិត​ផ្ទះ​លោក​នាយក​ រដ្ឋមន្ត្រី​ឡើយ។ ក្នុង​ពេល​រារាំង​នោះ កង​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​វាយ​បំបែក​អ្នក​តវ៉ា ហើយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ២០​នាក់​រង​របួស។

លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ផ្ដន្ទាទោស លោក អ៊ុក ពេជ្រសំណាង ពេល​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ព្រោះ​លោក​ថា ក្នុង​ពេល​សមត្ថកិច្ច​បំបែក​នោះ លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​កង​សន្តិសុខ​វាយ​ឲ្យ​របួស​ក្បាល ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​តុលាការ​រក​យុត្តិធម៌​ឲ្យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ តុលាការ​បែរ​ជា​ផ្ដន្ទាទោស លោក អ៊ុក ពេជ្រសំណាង ពី​បទ​បង្ក​របួស​ស្នាម​ដល់​កង​សន្តិសុខ​ទៅ​វិញ៖ «ក្នុង​សវនាការ​ការ​ ដេញដោល​ជន​រងគ្រោះ​ទាំង ៥​នាក់​អត់​ដឹង​ថា អ្នក​ណា​ធ្វើ​ឲ្យ​ខ្លួន​របួស​នោះ​ទេ មិន​បាន​ចង្អុល​ទៅ លោក អ៊ុក ពេជ្រសំណាង ទេ ហើយ​បើ​សិន​ទាក់ទង​នឹង​ការ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ ទាំង​វីដេអូ​ឃ្លីប ទាំង​សាក្សី គ្មាន​អ្នក​ណា​បាន​ដាក់​បន្ទុក​ទៅ​លើ​គាត់​ទេ ការ​សម្រេច​របស់​តុលាការ​ព្រឹក​មិញ​នេះ វា​ជា​រឿង​មួយ​យើង​សោកស្ដាយ និង​អយុត្តិធម៌​សម្រាប់​គាត់​ណាស់។»

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ បាន​ផ្ដន្ទាទោស លោក អ៊ុក ពេជ្រសំណាង ម្តង​រួច​ហើយ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ​ពី​បទ​ចូលរួម​កុប្បកម្ម​នៅ​លើ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤៕



No comments:

Post a Comment