Paris Peace Accords 23 Oct. 1991

Tuesday, September 22, 2015

លោក ហ៊ុន សែន ប្រកាស​ លើក​កម្ពស់ ​វប្បធម៌​ សន្ទនា ​ក្នុង​ឱកាស​ ទិវា​សន្តិភាព​ អន្តរជាតិ | Hun Sen praises culture of dialogue on occasion of International Peace Day

លោក ហ៊ុន សែន ប្រកាស​ លើក​កម្ពស់ ​វប្បធម៌​ សន្ទនា ​ក្នុង​ឱកាស​ ទិវា​សន្តិភាព​ អន្តរជាតិ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ កញ្ញា ២០១៥

ហ៊ុន សែន ហេង សំរិន ៦២០
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន (ឆ្វេង) ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៦៤ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev


លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ លើក​កម្ពស់ ​វប្បធម៌​ សន្ទនា ដោយ​ជំរុញ​ ឲ្យ​ប្រជាជាតិ​ ទាំង​មូល និង​អង្គការ​ អន្តរជាតិ ព្រម​ទាំង​ សង្គម​ស៊ីវិល បន្ត ​វប្បធម៌​សន្ទនា​ ឲ្យ​បាន ​ខ្ជាប់ខ្ជួន។  ទន្ទឹម​គ្នា​នេះ លោក​ ក៏​ជំរុញ ​ឲ្យ​មាន​ ការ​ផ្សព្វផ្សាយ ​លើក​កម្ពស់​ វប្បធម៌​ អហិង្សា, ការ​អត់ធ្មត់, ការ​យោគយល់, ការ​អធ្យាស្រ័យ, ស្រឡាញ់​ រាប់​អាន​គ្នា ​នៅ​ក្នុង​សង្គម​ ជាតិ ​ឲ្យ​បាន​ ទូលំទូលាយ។  ការ​ថ្លែង​សារ​ របស់​ លោក ​បែប​នេះ នៅ​ក្នុង​ឱកាស​ ទិវា​ សន្តិភាព​ អន្តរជាតិ​ លើក​ទី​១៣ ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។


នៅ​ក្នុង​ឱកាស​អបអរ​សាទរ​ទិវា​សន្តិភាព​អន្តរជាតិ​លើក​ទី​១៣ រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​កំពុង​អនុវត្ត​វប្បធម៌​សន្ទនា​ជា​មូលដ្ឋាន ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ជាតិ​ដោយ​សន្តិវិធី។

សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ជា​ទិវា​សន្តិភាព​អន្តរជាតិ​លើក​ទី​១៣ លោក​បាន​លើក​ឡើង​នូវ​ការ​កសាង​សន្តិភាព ដើម្បី​ឈាន​ទៅ​ការ​អភិវឌ្ឍ និង​ភាព​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ។ សារ​លិខិត​នេះ ក៏​លើក​ឡើង​នូវ​គោល​នយោបាយ​ឈ្នះៗ​របស់​រដ្ឋាភិបាល ដើម្បី​ផ្ដួល​រលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ដើម្បី​ទទួល​បាន​សន្តិភាព​ពេញ​លេញ។ ទន្ទឹម​នឹង​គ្នា​នេះ កម្ពុជា បាន​ឈាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ដោយ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ ជី.ឌី.ភី (GDP) ៧,៧% ដែល​រំពឹង​ថា​មិន​ទាប​ជាង ៧% នោះ​ទេ​នៅ​ឆ្នាំ​២០១៥ នេះ។

ក្រៅ​អំពី​ការ​លើក​ឡើង​ពី​ការ​រីក​ចម្រើន​វិស័យ​សេដ្ឋកិច្ច សារ​លិខិត​ដដែល ក៏​បាន​ងាក​មក​និយាយ​អំពី​ការ​លើក​ស្ទួយ​នីតិរដ្ឋ ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​ការពារ​សិទ្ធិ​មនុស្ស ថា​កំពុង​ដំណើរ​ការ​ល្អ ប៉ុន្តែ​សារ​លិខិត​នេះ រដ្ឋាភិបាល​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ក្នុង​ការ​វាយ​បំបាក់ និង​ទប់ស្កាត់​សកម្មភាព​ដែល​គេ​យល់​ថា ជា​ល្បិច​កល​ក្រោម​ស្លាក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​បុគ្គល ឬ​ក្រុម​មនុស្ស​ណា​មួយ ហើយ​ក៏​បាន​លើក​ឡើង​នូវ​វប្បធម៌​សន្ទនា​ដែល​កំពុង​ប្រើប្រាស់​នៅ​ពេល​ បច្ចុប្បន្ន។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ បាន​ថ្លែង​គាំទ្រ​ចំពោះ​សារ​របស់​នាយក​រដ្ឋមន្ត្រី។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​បាន​មើល​ឃើញ​ថា ការ​អនុវត្ត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មិន​ទទួល​លទ្ធផល​ល្អ​ប៉ុន្មាន​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​បង្កើន​ការ​មិន​ទុក​ចិត្ត​គ្នា ពុំ​មាន​ភាព​ស្មោះ​ត្រង់ និង​ពុំ​មាន​គោលការណ៍​ជាក់លាក់​នៅ​ឡើយ។ បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​កសាង​ប្រទេស​ជាតិ​មិន​មាន​ការ​លើក​កម្ពស់​សិទ្ធិ​ មនុស្ស និង​សន្តិភាព​ពិត​ប្រាកដ៖ «យើង​ទាំងអស់​គ្នា​ត្រូវ​ការ​វប្បធម៌​ សន្តិភាព រួម​ទាំង​អត់​សម្លុត​គ្នា​ទៅ​វិញ​ទៅ​មក មិន​មាន​ការ​ភូតភរ​កុហក ការ​ភូតភរ​កុហក គឺ​ជា​វប្បធម៌​ហិង្សា​បំផ្លាញ​នូវ​ទំនុក​ទុក​ចិត្ត​មនុស្ស និង​មនុស្ស ហើយ​បើ​យើង​កសាង​ប្រទេស​ជាតិ យើង​បំផ្លាញ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក យើង​ពិបាក​កសាង​ប្រទេស​ជាតិ។ ដូច្នេះ​ការ​ដែល​យើង​និយាយ​ដោយ​ស្មោះ​ត្រង់ និង​រក្សា​ដោយ​ភាព​សច្ចៈ គោរព​នូវ​យុត្តិធម៌​ចំពោះ​សង្គម​ជា​រឿង​មួយ​ល្អ។ សុំ​ឲ្យ​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​វប្បធម៌​សន្ទនា សុំ​ឲ្យ​យក​គោលការណ៍​មិន​ប្រើ​ល្បិច​ដាក់​គ្នា។ កុំ​ទៅ​និយាយ​ដៃ​មួយ​ចំហៀង​ចាប់​ដៃ ហើយ​ដៃ​មួយ​ចំហៀង​ទៀត​កាន់​ពូថៅ​នៅ​ក្រោយ​ខ្នង គឺ​ហាម​ដាច់ខាត។»

ទាក់ទង​ទៅ​នឹង​រឿង​លើក​ស្ទួយ​វិស័យ​សិទ្ធិ​មនុស្ស​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សម័យ​ប្រជុំ​ទី​៧០ របស់​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាលា​អន្តរជាតិ អាយ.អេស.ភី.ភី (ISPP) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ថា ក្នុង​កិច្ច​ប្រជុំ​នោះ លោក​នឹង​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សហស្សវត្ស និង​ការ​អភិវឌ្ឍ​ស្ត្រី៖ «ព្រោះ​ខ្ញុំ​ទៅ​អង្គការ​សហប្រជាជាតិ លើក​នេះ អាទិត្យ​ក្រោយ​នេះ ខ្ញុំ​នឹង​ថ្លែង តែ​ខ្ញុំ​មិន​អាច​នៅ​អង្គការ​សហប្រជាជាតិ បាន​ទេ។ ខ្ញុំ​នឹង​ថ្លែង​សន្ទរកថា​ពីរ ទាក់ទង​ការ​អភិវឌ្ឍ​សហស្សវត្ស និង​ការ​អភិវឌ្ឍ​ស្ត្រី ហើយ​ខ្ញុំ​ត្រឡប់​មក​ប្រទេស ទុក​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​ សហប្រជាជាតិ បន្ត​ទៀត។»

គម្រោង​នេះ គឺ​ជា​ការ​តប​តាម​ការ​អញ្ជើញ​របស់ លោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​ស្នើ​ឲ្យ​មាន​ការ​គាំទ្រ​លើ​ឯកសារ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សាកល ដើម្បី​សុខភាព​ស្ត្រី កុមារ និង​មនុស្ស​ជំទង់ សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០៣០៕


1 comment:

  1. Anonymous9:09 PM

    The Vietnamization of Cambodia is on its way to completion thanks to Ah Kwack Hun Sen who will do whatever it takes to please his master Yuon to stay in power.

    KI was founded by Mr. Heng Soy (Tan Phalkun) in the sole purpose of giving Khmer people a place to express their opinion freely regarding the situation in Cambodia.

    Unfortunately, after his death, these new KI's administrators have turned this blog into a business, highly likely accepting a huge sum of money from Ah Kwack Hun Sen and Yuon. They have successfully chased away the vast majority of Khmer people from that Blog when these crooks required their IDs.

    Who dares to say the truth in that KI with their IDs?

    A couple of persons still said something bad about Ah Kwack Hun Sen, but how do we know that these critics are real Khmer people? They are maybe just Hun Sen's agents who came here to lure people into Hun Sen's trap ( with their IDs ).

    Therefore, those crooks at KI must stop abusing Heng Soy's principals and lift that stupid ID's requirement so that people can say something to help Cambodia.

    ReplyDelete