Paris Peace Accords 23 Oct. 1991

Friday, September 11, 2015

ជ្រូក​ ជា​ច្រើន ​រយ​ក្បាល​ នៅ​ខេត្ត ​សៀមរាប ​បន្ត​ ងាប់ ​ដោយសារ​តែ​ ជំងឺ​រាតត្បាត | Hundreds of pigs in Siem Reap continue to die from disease

ជ្រូក​ ជា​ច្រើន ​រយ​ក្បាល​ នៅ​ខេត្ត ​សៀមរាប ​បន្ត​ ងាប់ ​ដោយសារ​តែ​ ជំងឺ​រាតត្បាត

RFA / ​វិទ្យុ ​អាស៊ី សេរី | ១០ កញ្ញា ២០១៥

ជ្រូក​ឈឺ សៀមរាប ៦២០
មន្ត្រី​ពេទ្យ​សត្វ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ខេត្ត​សៀមរាប ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទ្រុង​ចិញ្ចឹម​ជ្រូក ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៥។  Photo provided

ជំងឺ ​រាតត្បាត​ សម្លាប់​សត្វ​ជ្រូក​ នៅ​តាម​តំបន់​ ជា​ច្រើន ​នៃ​ខេត្ត​ សៀមរាប នៅ​មិន​ទាន់ ​ស្ងប់ស្ងាត់ ​នៅ​ឡើយ​ទេ​ រហូត​ មក​ដល់​ ពេល​នេះ។

តាំង​តែ​ពី​សប្ដាហ៍​មុន សត្វ​ជ្រូក​ជាង ១.៣០០​ក្បាល បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់​គ្នា នៅ​ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម ភាគ​ខាង​កើត​នៃ​ទី​រួម​ខេត្ត​សៀមរាប ក៏ប៉ុន្តែ​បច្ចុប្បន្ន ជំងឺ​នេះ​បាន​រាលដាល​ទៅ​សម្លាប់​សត្វ​ជ្រូក​បន្ត​ទៀត​នៅ​ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ភាគ​ខាង​លិច​នៃ​ទី​រួម​ខេត្ត​សៀមរាប ម្ដង។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ភាគ​ខាងលិច​នៃ​ទី​រួម​ខេត្ត​សៀមរាប បាន​រាយការណ៍​ថា សត្វ​ជ្រូក​របស់​ពួកគេ​ជា​ច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ជំងឺ​ក្នុង​រយៈពេល ៣-​៤​ថ្ងៃ ជាប់​គ្នា​មក​នេះ។

ជំងឺ​ដែល​សម្លាប់​សត្វ​ជ្រូក​នេះ បាន​ទៅ​ដល់​តំបន់​ពួកគេ​រស់​នៅ​ប្រមាណ​ជា ៥​ថ្ងៃ​ក្រោយ ពី​គេ​លេច​ឭ​ថា មាន​សត្វ​ជ្រូក​ជា​ច្រើន​រយ​ក្បាល​បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់ នៅ​ស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម ភាគ​ខាងកើត​នៃ​ទី​រួម​ខេត្ត​សៀមរាប មក។

បុរស​ឈ្មោះ ផាត់ គឿន គឺ​ជា​កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់ ក្នុង​ចំណោម​កសិករ​ជា​ច្រើន​ទៀត នៅ​ភូមិ​អំពិល នៃ​ឃុំ​សំបួរ ស្រុក​ក្រឡាញ់។ គាត់​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កញ្ញា ថា សត្វ​ជ្រូក​របស់​គាត់​ចំនួន ២៧​ក្បាល បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់ ចាប់​តាំង​តែ​ពី ២​ថ្ងៃ​មុន រហូត​មក​ដល់​ពេល​នេះ។

បុរស​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​នៅ​សល់​មេ​ជ្រូក​តែ ៣-​៤​ក្បាល​ប៉ុណ្ណោះ ដែល​មិន​ងាប់៖ «ងាប់​អស់​ហើយ ងាប់​ទាំង​ជ្រូក​អាហារ ទាំង​ជ្រូក​មេ។ វា​ឈឺ​នោះ​ហើម​ខ្លួន រាក​អាចម៍ ហើម​មុខ ហើម​មាត់។»

ចំណែក​អ្នកស្រី ស្ងួន ធី ជា​កសិករ​នៅ​ភូមិ​កោះក្របៅ ឃុំ​ក្រឡាញ់ ដែរ ក៏​មាន​ជ្រូក​ចំនួន ២៤​ក្បាល​បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់។

តាម​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ឃុំ​សំបួរ ឱ្យ​ដឹង​ថា រយៈពេល ២-​៣​ថ្ងៃ​មក​ហើយ គឺ​សត្វ​ជ្រូក​ជា​ច្រើន​ក្បាល​បាន​ឈឺ​ងាប់ នៅ​តាម​ភូមិ ដូចជា​នៅ​ភូមិ​គោកក្រូច ភូមិ​អំពិល និង​នៅ​ភូមិ​កោះក្របៅ ជាដើម។

ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ក្រឡាញ់ លោក តែ គឹមខួង មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន ជំងឺ​កំពុង​រាតត្បាត​សត្វ​ជ្រូក​ជា​ច្រើន​ក្បាល​នៅ​ឃុំ​ចំនួន ៦ ដូចជា​ឃុំ​កំពង់ថ្កូវ ឃុំ​សែនសុខ ឃុំ​ក្រូចគរ ស្រណាល ឃុំ​សំបួរ និង​ឃុំ​ក្រឡាញ់។

លោក តែ គឹមខួង បញ្ជាក់​ថា បើ​ទោះ​បី​ជា​សត្វ​ជ្រូក​នៅ​តាម​ឃុំ​ជា​ច្រើន​នៃ​ស្រុក​របស់​លោក​កំពុង​ទទួល ​រង​ជំងឺ​រាតត្បាត​ក៏ដោយ ក៏​លោក​មិន​ទាន់​ចាត់​ទុក​ថា វា​មាន​សភាព​ខ្លាំងក្លា​ដូច​ស្រុក​ជីក្រែង នៅ​ឡើយ​ទេ៖ «មិន​ទាន់​ជា​ ខ្លាំងក្លា​ដូច​ស្រុក​ជីក្រែង​ទេ ២-​៣ ក្បាលៗ ជំងឺ​នេះ​វា​មាន​រោគសញ្ញា​ដូច​អូដឺស្គី លាយ ស្រដៀង​ប៉ែស ទាច​ទឹក និង​ផ្លូវ​ដង្ហើម។»

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ដដែល​ពន្យល់​ថា ជំងឺ​ប្រភេទ​នេះ មិន​ទាន់​ឈាន​ដល់​កម្រិត​នៃ​ជំងឺ​ត្រចៀក​ខៀវ​ទេ។ ជំងឺ​នេះ ពេល​ចាប់​កើត វា​ធ្វើ​ឱ្យ​សត្វ​ជ្រូក​មិន​ស៊ី​ចំណី ខ្លួន​ជ្រូក​ឡើង​កម្ដៅ​ខ្ពស់ ហើយ​ធ្វើ​ឱ្យ​សត្វ​ជ្រូក​ទន់​ជើង។ វា​អាច​ឆ្លង​ពី​សត្វ​ជ្រូក ១ ទៅ​សត្វ​ជ្រូក ១​ទៀត តាម​រយៈ​ការ​រសាត់​តាម​ខ្យល់ ការ​ប៉ះពាល់​ទឹក​សំបោរ​គ្នា ការ​ប៉ះពាល់​ទឹក​នោម និង​លាមក​ជាដើម។

នៅ​ស្រុក​ពួក​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ​ភាគ​ខាងលិច ពី​ទី​រួម​ខេត្ត​សៀមរាប ក៏​មាន​សត្វ​ជ្រូក​ជាច្រើន​ក្បាល​ឈឺ​ងាប់​ជា​បន្តបន្ទាប់ រយៈពេល ៣-​៤​ថ្ងៃ​មក​ហើយ។ ក៏ប៉ុន្តែ​នៅ​ស្រុក​អង្គរធំ ដែល​ជា​ស្រុក​ស្ថិត​នៅ​ចន្លោះ​ខេត្ត​សៀមរាប និង​ស្រុក​ពួក គឺ​មិន​ទាន់​មាន​ជំងឺ​រាតត្បាត​សត្វ​ជ្រូក​នៅ​ឡើយ​ទេ។

អភិបាល​ស្រុក​អង្គរធំ លោក ឡុង រដ្ឋារក្ស មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ស្រុក​ជា​ច្រើន​នៅ​ជុំវិញ​កំពុង​មាន​ជ្រូក​កើត​ជំងឺ​ងាប់​ជា​ បន្តបន្ទាប់​ក៏ដោយ ក៏​ស្រុក​របស់​លោក​មិន​ទាន់​មាន​សត្វ​ជ្រូក​កើត​ជំងឺ​នៅ​ឡើយ​ទេ។

លោក ឡុង រដ្ឋារក្ស បញ្ជាក់​ថា លោក​បាន​កោះ​ប្រជុំ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ផ្សព្វផ្សាយ​និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​សត្វ ​ជ្រូក​នេះ៖ «ខ្ញុំ​បាន​ព័ត៌មាន​ពី​ខាង​ជីក្រែង មក ខ្ញុំ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​អស់​តាម​ឃុំ​ហើយ និង​ភូមិ​ឱ្យ​ផ្សាយ​បន្ត​ទៅ​ទៀត ជាពិសេស​ឱ្យ​ពិចារណា​រឿង​ទិញ​សាច់​ជ្រូក​ពី​ខាង​ក្រៅ​មក​ធ្វើ​ជា​អាហារ។»

​ទាក់ទង​ករណី​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល និង​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត កំពុង​ចុះ​បាញ់ថ្នាំ​សំអាត​ទ្រុង​ជ្រូក ដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លង​នេះ ព្រម​ទាំង​ចាក់​ថ្នាំ​ឱ្យ​សត្វ​ជ្រូក នៅ​តាម​បណ្ដា​ស្រុក​ជា​ច្រើន​របស់​ខេត្ត​សៀមរាប។

​ចំណែក​គ្រូពេទ្យ​ឯកទេស​ខាង​សុវត្ថិភាព​ចំណី​អាហារ បាន​ហៅ​ជំងឺ​ដែល​រាតត្បាត​សម្លាប់​សត្វ​ជ្រូក​ជា​ច្រើន​រយ​ក្បាល​មក​ហើយ​នោះ ថា​គឺ​ជា​ប្រភេទ​ជំងឺ​ដែល​អាច​ឆ្លង​បានតែ​ពី​សត្វ​ទៅ​សត្វ​គ្នា​វា​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ចម្លង​ពី​សត្វ​ទៅ​មនុស្ស​បាន​ទេ។

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប ទទួល​បន្ទុក​សុវត្ថិភាព​ចំណី​អាហារ លោក មួង ណារិន ពន្យល់​ថា សាច់​ជ្រូក​ដែល​ឈឺ​ងាប់​ជា​ច្រើន​នោះ បើសិនជា​ជ្រូក​ធំ គឺ​អាច​យក​ទៅ​ចម្អិន​ធ្វើ​ជា​ម្ហូប​អាហារ​បាន។

មន្ត្រី​មន្ទីរ​សុខាភិបាល​ដដែល​បញ្ជាក់​ថា សាច់​ជ្រូក​ដែល​ឈឺ​ងាប់​ទាំង​នោះ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទេ បើសិនជា​គាត់​យក​ទៅ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ៖ «អត់​មាន​បញ្ហា​ទេ ពីព្រោះ​ជំងឺ​នេះ​វា​ឆ្លង​តែ​សត្វ​គ្នា​វា​ទេ គឺ​វា​មិន​អាច​ឆ្លង​មក​មនុស្ស​ឡើយ។ ខ្ញុំ​ឆែក​ទៅ​ជំនាញ​កសិកម្ម​ដែរ គាត់​ថា ជំងឺ​សត្វ​ទាំង​នេះ​មិន​អាច​ឆ្លង​មក​មនុស្ស​បាន​ទេ។»

​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ចាប់​តាំងតែ​ពី​សប្ដាហ៍​មុន គឺ​ជំងឺ​ត្រចៀក​ខៀវ​បាន​រាតត្បាត​ទៅ​លើ​សត្វ​ជ្រូក នៅ​ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម ភាគ​ខ្លះ​នៃ​ក្រុង​សៀមរាប ព្រមទាំង​ស្រុក​ពួក ដោយ​បាន​សម្លាប់​សត្វ​ជ្រូក​អស់​ចំនួន​ជាង ១.៣០០​ក្បាល។ ចំណែក​នៅ​ឯ​ស្រុក​ក្រឡាញ់ ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​ពី​ទីក្រុង​សៀមរាប វិញ គឺ​ជា​ករណី​ថ្មី​បំផុត​មួយ​ទៀត ដែល​សត្វ​ជ្រូក​ជា​ច្រើន​ក្បាល​កំពុង​កើត​ជំងឺ​ងាប់​ជា​បន្តបន្ទាប់៕



No comments:

Post a Comment