Paris Peace Accords 23 Oct. 1991

Monday, September 14, 2015

លោក សម រង្ស៊ី ពុំ​បាន​ ថ្លែង​សារ​ នយោបាយ ​អ្វី​ឡើយ ​ពេល​មក​ដល់​ កម្ពុជា​វិញ | No political message from Sam Rainsy upon arrival into Cambodia

លោក សម រង្ស៊ី ពុំ​បាន​ ថ្លែង​សារ​ នយោបាយ ​អ្វី​ឡើយ ​ពេល​មក​ដល់​ កម្ពុជា​វិញ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៣ កញ្ញា ២០១៥

សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ពាក់​វ៉ែនតា) ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។  RFA/Morm Moniroth


ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ត្រឡប់ ​មក​ដល់ ​ប្រទេស​កម្ពុជា វិញ​ហើយ បន្ទាប់ ​ពី​លោក ​បាន​ចំណាយ​ពេល ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស ​អូស្ត្រាលី និង​ប្រទេស ​ណូវែល ហ្សេឡង់ដ៍ (New Zealand)។

ការ​វិល​ត្រឡប់​ លើក​នេះ ​របស់ លោក សម រង្ស៊ី គឺ​ លោក​ ពុំ​បាន​បញ្ចេញ​ សារ​នយោបាយ ​អ្វី,​ សូម្បី​ មួយ​ម៉ាត់​ ដូច​លើក ​មុនៗ​ ឡើយ។  ភាព​ស្ងប់ស្ងាត់​នេះ ត្រូវ​ បាន​អ្នក​វិភាគ​ សង្គម​ យល់​ឃើញ​ ថា, អាច​ ជា​ជម្រើស​ ល្អ និង​អាច​ ជា​ជម្រើស​ មិន​ល្អ​សម្រាប់​ គណបក្ស​ ជំទាស់​ មួយ​នេះ។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ការ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​សោះ​របស់ លោក សម រង្ស៊ី ជាមួយ​អ្នក​សារព័ត៌មាន នៅ​ពេល​លោក​បាន​វិល​មក​ពី​បរទេស​វិញ​នៅ​ពេល​នេះ គឺ​ជា​កាយវិការ​មួយ​ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ចង់​ឲ្យ​ស្ថានភាព​នយោបាយ​ដែល​កំពុង​តែ​ឡើង​កម្ដៅ​នោះ ស្ងប់ស្ងាត់​ទៅ​វិញ ក៏ប៉ុន្តែ​អ្នក​វិភាគ​ពន្យល់​ថា ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​នេះ​បន្ត​ជ្រើសរើស​ការ​ស្ងប់ស្ងាត់​គ្រប់​ សភាពការណ៍ អាច​នឹង​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​នេះ​មាន​វិបត្តិ​ទៅ​វិញ ឬ​អាច​ធ្លាក់​ចុះ​នៃ​ការ​គាំទ្រ​ក៏​ថា​បាន។

បន្ទាប់​ពី​ជើង​យន្តហោះ​បាន​ដល់​ដី​ភ្លាម​នៅ​ម៉ោង​ប្រមាណ ១ និង ១០​នាទី នៅ​ថ្ងៃ​ទី​១៣ កញ្ញា លោក សម រង្ស៊ី ពុំ​បាន​និយាយ​អ្វី​ទាល់​តែ​សោះ គ្រាន់​តែ​និយាយ​យ៉ាង​ខ្លី​ថា អាច​នឹង​មាន​សន្និសីទ​កាសែត​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​បន្ទាប់ ហើយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​ចូល​រថយន្ត រួច​ក៏​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាមៗ ដោយ​លោក​ហាក់​មិន​ខ្វល់​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ឡើយ។

បញ្ហា​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ការ​ប្ដូរ​ជំហរ​ដែល​ ពុំ​សូវ​ធ្លាប់​មាន​របស់​គណបក្ស​ជំទាស់​នេះ ថា​អាច​មាន​ជម្រើស​ពីរ គឺ​គណបក្ស​នេះ​ប្រហែល​ជា​អាច​នៅ​រក្សា​ប្រជាប្រិយភាព​របស់​ខ្លួន​បាន ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា នឹង​ត្រូវ​ប្រឈម​បាត់បង់​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​តែង​តែ​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​ក្នុង​ជីវិត​នយោបាយ​របស់​ លោក​ជាង ២០​ឆ្នាំ​មក​នេះ ក៏ប៉ុន្តែ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ ពេល​ខ្លះ លោក សម រង្ស៊ី ហាក់​ដូចជា​បន្ទន់​ឥរិយាបថ និង​អះអាង​ពី​ការ​យក​វប្បធម៌​សន្ទនា​ជា​ការ​ដោះស្រាយ​បញ្ហា ជាដើម។

លោក អ៊ូ វីរៈ ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត យល់​ឃើញ​ថា ការ​ស្ងប់ស្ងាត់​នេះ​ប្រហែល​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ខ្លាច​ការ​គំរាម​របស់ លោក ហ៊ុន សែន។ ជាង​នេះ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ត្រូវ​បាត់បង់​ជំនឿ​ចិត្ត​ពី​អ្នក​គាំទ្រ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​នេះ បន្ត​ស្ងប់ស្ងាត់​ស្ទើរ​គ្រប់​របៀបវារៈ​នៃ​កម្មវិធី​នយោបាយ និង​បញ្ហា​នៅ​ក្នុង​សង្គម។ លោក​បន្ត​ថា «បើ​សិន​ជា​ឥត​មាន​បញ្ហា​នៃ​ការ​ ឃោសនា​រឿង​ផ្សេង​ទេ ខ្ញុំ​មើល​ទៅ​នឹង​បាត់បង់​ប្រជាប្រិយភាព​ម្ដង​បន្តិចៗ ប៉ុន្តែ​បើ​គាត់​គ្រាន់​តែ​ស្ងប់ស្ងាត់​រឿង​ព្រំដែន គាត់​ទៅ​បន្ត​តវ៉ា​រឿង​អី​ផ្សេង រួម​ទាំង​ដឹក​នាំ​កម្មករ​ប្រាក់​ខែ ទាក់ទង​រឿង​កាត់​ដេរ​អី បើ​សិន​ជា​គាត់​ធ្វើ​អ៊ីចឹង​បាន ប្រហែល​ជា​នៅ​ថែរក្សា​ប្រជាប្រិយភាព។»

ផ្ទុយ​ពី​នេះ លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​វិញ​ចាត់​ទុក​ថា ការ​មិន​ប្រតិកម្ម​ណា​មួយ​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​នៅ ​ពេល​នេះ អាច​ជា​មធ្យោបាយ​ល្អ​ទៅ​វិញ។ ការ​ស្ងប់ស្ងាត់​នេះ ត្រូវ​បាន លោក រស់ រ៉ាវុធ ហៅ​ថា​ជា​វិធី​ដក​ឃ្លា ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ វា​ពុំ​មែន​បាន​ន័យ​ថា ជា​ការ​ចុះ​ចាញ់​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​ប្ដូរ​យុទ្ធសាស្ត្រ​នេះ នឹង​ជួយ​រក្សា​ស្ថិរភាព​នយោបាយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ទៅ​វិញ​ថែម​ទៀត​ផង ជាពិសេស​បង្ហាញ​ថា អ្នក​នយោបាយ គឺ​មាន​ភាព​ចាស់​ទុំ​ជាង​មុន និង​ការ​ប្រកួត​ប្រជែង​ដោយ​ភាព​ស្ងប់​ចិត្ត ទុក​ឲ្យ​អ្នក​គាំទ្រ​សម្លឹង​លើ​មាគ៌ា​នៃ​គោល​នយោបាយ ជា​ជាង​ជំរុញ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ហិង្សា។ លោក​បន្ត​ថា «បញ្ហា​ នេះ គឺ​ជា​ល្អ​មួយ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ដែល​ប្រជាពលរដ្ឋ​លោក​មើល​ឃើញ​ត​ទៅ ​មុខ​ទៀត ថា​តើ​អ្នក​ណា​ដែល​លោក​ពេញ​ចិត្ត ថា​តើ​អ្នក​ណា​ដែល​បាន​ចុះ​ជួយ​ប្រជាពលរដ្ឋ ថា​តើ​អ្នក​ដែល​ប្រជាពលរដ្ឋ​អាច​ជឿជាក់​បាន។ បញ្ហា​នេះ​គឺ​អាស្រ័យ​លើ​អ្នក​នយោបាយ។»

លើស​ពី​នេះ​ទៅ​ទៀត លោក រស់ រ៉ាវុធ មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អាច​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​បាន ដោយ​ហេតុ​ថា គណបក្ស​ជំទាស់​មួយ​នេះ​ពុំ​មែន​ចូលរួម​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ដូច​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ទេ ក៏ប៉ុន្តែ​ការ​ចូល​សភា​នេះ គឺ​ជា​ការ​កែ​ទម្រង់​ទៅ​វិញ។

បើ​ទោះ​ជា​បែប​ណា ការ​បន្ថយ​កម្ដៅ​នយោបាយ​នៅ​ពេល​នេះ​របស់​គណបក្ស​ជំទាស់ នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស លោក ហ៊ុន សែន បន្ត​គំរាម​ចាប់​ខ្លួន​ដែល​អ្វី​គណបក្ស​កាន់​អំណាច​ហៅ​ថា ជា​មធ្យោបាយ​ការពារ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន និង​បាន​ចាប់​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់។

ពាក់ព័ន្ធ​រឿង​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ថា គណបក្ស​ប្រឆាំង​មិន​គិត​ថា​នេះ​ជា​វិធី​ដក​ថយ ឬ​ចុះ​ចាញ់​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ ការ​ចាប់​ខ្លួន​នឹង​មិន​អាច​បញ្ចប់​បញ្ហា និង​បញ្ចប់​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​បាន​ឡើយ។ លោក​បន្ត​ថា «ទេ​មិន​មែន​រឿង​បន្ធូរ​រឿង​បន្ថយ​អី​ទេ ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង វា​មិន​ដែល​ការ​ចាប់​ខ្លួន​មនុស្ស​វា​ឥត​ដែល​ចប់​បញ្ហា​ទេ។»

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ប្រើប្រាស់​យន្តការ​ក្តៅ​ស៊ី​រាក់​ត្រជាក់​ស៊ី​ជ្រៅ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ពេល​នេះ អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ដោះស្រាយ​បញ្ហា​កំពុង​កើត​មាន និង​ជា​ការ​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​ណា​មួយ៕



No comments:

Post a Comment