នៅអង្គការ សហប្រជាជាតិ សម្តេចប៉ាប ជំរុញ ឲ្យមេដឹកនាំ ពិភពលោក ការពារ បរិស្ថាន និងអ្នកក្រ
សម្តេចប៉ាប Francis ថ្លែងនៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥។
VOA / វីអូអ | ២៦ កញ្ញា ២០១៥
នៅក្នុងសុន្ទរកថា មួយ ដែលព្រះអង្គ បានថ្លែង ទៅកាន់ មហាសន្និបាត អ.ស.ប. សម្តេចប៉ាប Francis បានជំរុញ ឲ្យប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ឱ្យបង្ហាញភាព ជាមេដឹកនាំ ក្នុងការ ប្រយុទ្ធប្រឆាំង នឹងការ ប្រែប្រួល អាកាសធាតុ និងភាព ទីទាល់ក្រ, ព្រមទាំង ក្នុងការ ការពារ ក្រុមជនភៀសខ្លួន មកពីកន្លែង មានសង្គ្រាម ផងដែរ។ ព្រះអង្គ ក៏បានយាង ទៅកាន់កន្លែង រំលឹក វិញ្ញាណក្ខន្ធ មួយ នៅក្នុងបុរី ញូវយ៉ក ដើម្បី សូត្រធម៌ ដើម្បី សន្តិភាព និងផ្តល់កិត្តិយស ដល់ជនរងគ្រោះ ដោយសារការ វាយប្រហារ ភេរវកម្មនៅ ក្នុងស.រ.អ. កាលពីឆ្នាំ ២០០១។
នៅពេលមានព្រះបន្ទូលកាលពីព្រឹកថ្ងៃសុក្រនៅឯទីស្នាក់កណ្តាល របស់អ.ស.ប.នៅក្នុងបុរីញូវយ៉ក សម្តេចប៉ាបដែលមានព្រះជន្ម៧៨ព្រះវស្សាបានភ្ជាប់ «ការប្រើប្រាស់ដោយមិនត្រឹមត្រូវ និងការបំផ្លាញបរិស្ថាន» ទៅនឹងអ្វីដែលព្រះអង្គហៅថា «ដំណើរការគ្មានឈប់ឈរ» នៃការផាត់ចោលខាងសេដ្ឋកិច្ច និងខាងសង្គមកិច្ចនៃក្រុមសមាជិកដែលមានការចាញ់ប្រៀបនៅក្នុង សង្គម។
សម្តេចប៉ាប Francis បានមាន ព្រះបន្ទូល ជាភាសា អេស្ប៉ាញ ថា, «ជាការពិត ការស្រេកឃ្លាន ដោយគិត តែ ប្រយោជន៍ ផ្ទាល់ខ្លួន និងគ្មាន ព្រំដែន ដើម្បី អំណាច និងភាព សម្បូររុងរឿង ខាងសម្ភារៈ នាំឱ្យមាន ការប្រើប្រាស់ ខុស នូវប្រភព ធនធាន ធម្មជាតិ ដែលមាន និងការផាត់ចោលក្រុមមនុស្សដែលខ្សោយនិងគ្មានប្រៀប។»
ព្រះអង្គបានមានព្រះបន្ទូលដូច្នេះទៅកាន់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីព្រមទាំងឥស្សរជនឯទៀតៗដែលអង្គុយនៅចំពោះ ព្រះភ័ក្ត្រព្រះអង្គនៅក្នុងមហាសាលនៃមហាសន្និបាតអ.ស.ប.៕

No comments:
Post a Comment