Paris Peace Accords 23 Oct. 1991

Tuesday, September 8, 2015

លោក ស ខេង ព្រមាន​មន្ត្រី រំលោភ​ឆ្នេរ​សមុទ្រ​ និង​ដី​មាត់បឹង​ នៅ​ខេត្ត​ ព្រះសីហនុ | Sar Kheng threatens officials who violate seashore and lakeshore in Sihanouk Province

លោក ស ខេង ព្រមាន​មន្ត្រី រំលោភ​ឆ្នេរ​សមុទ្រ​ និង​ដី​មាត់បឹង​ នៅ​ខេត្ត​ ព្រះសីហនុ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ កញ្ញា ២០១៥

ស ខេង ៦២០
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ព្រះសីហនុ នា​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។  RFA/Den Ayuthyea

រដ្ឋមន្ត្រី​ ក្រសួង ​មហាផ្ទៃ បាន​ព្រមាន ​ធ្ងន់ៗ​ ទៅ​លើ​មន្ត្រី​ រដ្ឋាភិបាល​ ទាំង​ឡាយ​ណា​ ដែល​អាច​ជាប់​ ពាក់ព័ន្ធ ​បទល្មើស​ រំលោភ​យក​ ដី​ឆ្នេរសមុទ្រ, រំលោភ ​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​ លេខ ៧៦ ជាដើម ដែល​ទុក​រក្សា ​ប្រភព​ទឹក​ស្អាត​ ប្រើប្រាស់ ​នៅ​ទូទាំង​ ខេត្ត ព្រះសីហនុ ឲ្យ​ដក​ខ្លួន ​ជា​បន្ទាប់​ បើ​ មិន​ចង់​ បាត់បង់​ តួនាទី។

សារ​ព្រមាន​នេះ​ ទទួល​បាន​ ការ​សាទរ​ ពី​មន្ត្រី​ សង្គម​ស៊ីវិល ​មួយ​ចំនួន មាន​មូលដ្ឋាន​ ក្នុង​ខេត្ត​ ទេសចរណ៍​ មួយ​នេះ, ប៉ុន្តែ ​ស្នើ ​ឲ្យ​ការ​អនុវត្ត​ មាន​ប្រសិទ្ធភាព។

សារ​ព្រមាន​ធ្ងន់ៗ​មិន​ចំ​ឈ្មោះ​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ជួរ​រដ្ឋាភិបាល​ របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្ដូរ​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី លោក យន្ត មីន ដែល​អភិបាល​ខេត្ត​បច្ចុប្បន្ន លោក ឈិត សុខុន ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា។

​នា​ឱកាស​នោះ លោក ស ខេង បាន​ព្រមាន​មិន​បញ្ចេញ​ឈ្មោះ​ដល់​មន្ត្រី ឬ​អ្នក​ពាក់ព័ន្ធ​សកម្មភាព​រំលោភ​យក​ដី​ឆ្នេរ​សមុទ្រ ដី​ចំណី​មាត់បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ ៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត ឬ​ទឹកសាប​ទុក​ប្រើប្រាស់​នៅ​ទូទាំង ខេត្ត​ព្រះសីហនុ ដែល​បាន​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​ទាំង​នេះ ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់ បើ​ចង់​សុខ​ខ្លួន បើ​មិន​ដូច្នេះ​ទេ មន្ត្រី ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទាំង​នោះ​នឹង​ត្រូវ​រង​ទុក្ខ​ធ្ងន់​ទៅ​តាម​ ច្បាប់៖ «ខ្ញុំ​សង្កត់​ធ្ងន់ គឺ​ការ​រំលោភ​យក​ដីធ្លី​នៅ​តំបន់​ដី​អនុក្រឹត្យ​លេខ ៧៦ តំបន់​ក្បាលឆាយ និង​ដី​នៅ​មាត់​បឹង​ព្រែកទប់ ដើម្បី​រក្សា​ប្រភព​ទឹក​ស្អាត​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។ បញ្ហា​នេះ​ខ្ញុំ​ដឹង​ថា អស់​លោក​មាន​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ​ឲ្យ​បាន​ល្អ។»

​សារ​ព្រមាន​របស់​លោក ស ខេង បែប​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​រូប​នេះ​ជួយ​តាមដាន​ការ​អនុវត្ត​ការងារ​ សេចក្ដី​ណែនាំ​របស់​មន្ត្រី​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ជា​ប្រជា​ចាំ ដើម្បី​ឲ្យ​ការ​អនុវត្ត​នេះ​មាន​ប្រសិទ្ធភាព។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែល​ត្រូវ​មន្ត្រី​សាលាខេត្ត​នេះ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ផ្លាស់ប្ដូរ ​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា បាន​ចាត់​ទុក​ប្រសាសន៍​របស់​លោក ស ខេង ថា ជា​ការ​ពេញចិត្ត​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ទោះ​បី​សារ​ព្រមាន​នេះ​ប៉ះពាល់​ទៅ​លើ​​ផលប្រយោជន៍​ជន​រំលោភ​ដី​ឆ្នេរ​សមុទ្រ ចំណី​ដី​មាត់បឹង ឬ​ដី​អនុក្រឹត្យ​លេខ ៧៦ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ខុស​ចិត្ត​មន្ត្រី ឬ​ឈ្មួញ​មួយ​ចំនួន​បែប​ណា​ក្តី។ ប៉ុន្តែ​លោក ស ខេង ហាក់​បង្ហាញ​ជំហរ​ចង់​បោសសំអាត​មន្ត្រី​ខិលខូច​របស់​ខ្លួន។

​ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធ រំពឹង​ថា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី ទើប​ចូល​កាន់​តំណែង នឹង​អនុវត្ត​ទៅ​តាម​ប្រសាសន៍​ណែនាំ​របស់​លោក ស ខេង ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «ពាក់ព័ន្ធ​ដី​ឆ្នេរ​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ច្បាស់​ថា មិន​ឲ្យ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ កុំឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់​មន្ត្រី​ខិលខូច​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ ឆ្នេរ​មួយ​ចំនួន​ត្រូវ​មន្ត្រី និង​អ្នក​មាន​ទ្រព្យ​ធន​មួយ​ចំនួន​ហ៊ុមព័ទ្ធ​របង​ថ្មី​ធ្វើ​កម្មសិទ្ធិ​មិន​ ឲ្យ​ពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នោះ​ទេ។»

​ស្រដៀង​គ្នា​ដែរ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​សារ​ព្រមាន​របស់​លោក ស ខេង  ដែល​ព្រមាន​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​រំលោភ​ដី​ឆ្នេរ​សមុទ្រ ដី​មាត់​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ ៧៦ ជាដើម។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ត្រូវ​តាមដាន​សកម្មភាព​មន្ត្រី​ថ្នាក់​ក្រោម​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឈាន​ដល់​អនុវត្ត​អនុសាសន៍​របស់​លោក​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​បទល្មើស​ផ្សេងៗ​ដែល​ធ្លាប់​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​ មួយ​នេះ មាន​មន្ត្រី​មាន​តួនាទី​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ បទល្មើស​មួយ​ចំនួន​នោះ៖ «ខ្ញុំ​មើល​ឃើញ​ថា សកម្មភាព​នៃ​ការ​រំលោភ​ដី​ឆ្នេរ​សមុទ្រ ឬ​ដី​សាធារណៈ​របស់​រដ្ឋ​នា​ខេត្ត​ព្រះសីហនុ គឺ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ អ្នក​ទន្ទ្រាន​កាន់កាប់​ដី​នៅ​តំបន់​ក្បាលឆាយ ឬ​តំបន់​មាត់​បឹងព្រែកទប់ ឬ​ដី​មាត់​ឆ្នេរ​សមុទ្រ​ក្តី គឺ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ខេត្ត​មាន​វិធានការ ឬ​តុលាការ​បែប​ណា​ទេ។»

​ឆ្លើយតប​ប្រសាសន៍​ផ្តាំ​ផ្ញើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី ដែល​មាន​ផ្ទៃ​មុខ​ជ្រីវជ្រួញ ឬ​ជរា​ជាង​អភិបាល​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន គឺ​លោក ឈិត សុខុន ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍ បាន​ឡើង​ប្ដេជ្ញា​ថា នឹង​ខំប្រឹង​អនុវត្ត​តាម​បណ្ដាំ ឬ​អនុសាសន៍​របស់​លោក ស ខេង ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​សុវត្ថិភាព និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

យ៉ាង​ណា​ក៏ដោយ ក្រុម​ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​អាជីវករ រស់​នៅ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា នឹង​រង​ចាំ​មើល​បន្ទាប់​ពី​ការ​ផ្លាស់ប្ដូរ​តំណែង​អភិបាល​ខេត្ត​ថ្មី នៃ​ខេត្ត​ទេសចរណ៍​មួយ​នេះ ថា​មាន​ការ​ផ្លាស់ប្ដូរ ឬ​ក៏​អាច​រឹបអូស​យក​ដី​ឆ្នេរ​សមុទ្រ ដី​មាត់​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ ៧៦ តំបន់​ក្បាលឆាយ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ​បាន​ឬ​ទេ បន្ទាប់​ពី​ត្រូវ​បាន​មន្ត្រី​មាន​តួនាទី​ធំៗ និង​ឈ្មួញ​បាន​ឃុបឃិត​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​នៅ​ពេល​កន្លង​មក៕


No comments:

Post a Comment