ពលរដ្ឋ ខេត្ត ត្បូងឃ្មុំ ប្រឈមបញ្ហា មួយចំនួន បន្ទាប់ ពីរុះរើខ្ទម ចាំចម្ការ ពីដី មានវិវាទ
RFA / វិទ្យុ អាស៊ី សេរី | ២៩ កញ្ញា ២០១៥
ប្រជាពលរដ្ឋរុះរើខ្ទមចាំចម្ការបន្ទាប់ពីអាជ្ញាធរស្រុក
មេមត់ ជូនដំណឹងឲ្យរុះរើចេញឲ្យអស់ត្រឹមថ្ងៃទី៣០ ខែកញ្ញា
ឆ្នាំ២០១៥ នៅចំណុចទួលគ្រួស ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥។
Photo ADHOC
ប្រជាពលរដ្ឋ នៅឃុំ ទន្លូង និងឃុំ ជាំក្រវៀន កំពុង ប្រឈមបញ្ហា ផ្សេងៗ ដូចជា៖ មិនមាន ជម្រក, បញ្ហាសុខភាព, និងពិបាក ធ្វើដំណើរ ឡើងចុះ ទៅធ្វើចម្ការ ម្តង។ បញ្ហានេះ កើតឡើង បន្ទាប់ ពីពលរដ្ឋ ទាំងនោះ សម្រេច រុះរើខ្ទម ចាំចម្ការ របស់ខ្លួន តាមសេចក្តី ជូនដំណឹង របស់ អាជ្ញាធរ។ បញ្ហានេះ អាជ្ញាធរ មូលដ្ឋាន បញ្ជាក់ថា នឹងរាយការណ៍ បញ្ហាប្រឈមនេះ ទៅថ្នាក់ លើបន្តទៀត។
ក្រោយពេលអាជ្ញាធរចេញសេចក្តីជូនដំណឹងទៅប្រជាពលរដ្ឋ ឲ្យរុះរើខ្ទមចាំចម្ការជាច្រើននៅតំបន់ទួលគ្រួស ក្នុងឃុំទន្លូង ស្រុកមេមត់ ប្រជាពលរដ្ឋក៏នាំគ្នាធ្វើតាមភ្លាម។ មកដល់ពេលនេះ ពលរដ្ឋនាំគ្នារុះរើរោងស្នាក់អាស្រ័យជិតអស់ទៅហើយ គឺសល់ប្រហែល ២០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០គ្រួសារ។
យ៉ាងណា អ្វីដែលពួកគេជួបប្រទះក្រោយពេលរុះរើខ្ទមរួច គឺប្រឈមនឹងបញ្ហាជីវភាពរស់នៅ។ ពលរដ្ឋខ្លះត្រូវធ្វើដំណើរឡើងចុះទៅចម្ការរាប់គីឡូម៉ែត្រ ហើយផ្លូវក៏ពិបាក ម្យ៉ាងគ្មានចំណូលផង។ ចំណែកពលរដ្ឋខ្លះទៀត ត្រូវនាំកូននាំចៅទៅរស់នៅក្រោមឈើ ឬប្រក់ជាសំយាបបន្តិចបន្តួចគ្រាន់បាំងកម្តៅថ្ងៃ និងភ្លៀង។ អ្នកភូមិខ្លះជួបប្រទះបញ្ហាសុខភាព ដូចជាគ្រុនក្តៅ ផ្ដាសាយ រាករូសជាដើម។
ប្រជាពលរដ្ឋនៅឃុំចាន់មូល លោក យ៉ាន់ សាន់ មានប្រសាសន៍ថា ចម្ងាយពីផ្ទះលោកទៅចម្ការនៅចំណុចដីមានវិវាទជាមួយក្រុមហ៊ុន ម៉ែន សារុន គឺប្រមាណពី ២០ ទៅ ៣០គីឡូម៉ែត្រ។ លោកថា ពិបាករកប្រាក់ចាក់ប្រេងម៉ូតូ ដើម្បីជិះឡើងចុះ ម្យ៉ាងផ្លូវក៏ពិបាកទៀត ព្រោះជារដូវភ្លៀង។ លោកបន្តថា ប្រសិនបើមានរោងចាំចម្ការ គឺផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋច្រើន៖ «បាទ! ពិបាកទាំងអស់។ ពិបាកតាំងពីគាត់រុះរើហ្នឹង ពិបាកតាំងពីទិញសម្ភារៈទិញដែកគោល ហើយខ្វះស្បៀងអាហារផង។»
បន្ថែមពីនេះ ពលរដ្ឋមួយរូបទៀត អ្នកស្រី ហួត នឿន ត្អូញត្អែរពីភាពលំបាកជាច្រើននៅពេលពួកគាត់រុះរើខ្ទមចេញតាម សេចក្ដីជូនដំណឹងរបស់អាជ្ញាធរ៖ «នៅកណ្ដាលថ្ងៃនេះ ហើយកូនចៅ ៧ ឬ ៨នាក់។»
ការសម្រេចរុះរើខ្ទមចាំចម្ការរបស់ពលរដ្ឋពេលនេះ ក្រោយពេលអាជ្ញាធរស្រុកមេមត់ ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៣ កញ្ញា តម្រូវឲ្យពលរដ្ឋមានរោងចាំចម្ការទាំងអស់ រុះរើចេញឲ្យបានត្រឹមថ្ងៃទី៣០ កញ្ញា ជាកំហិត។
ប្រជាពលរដ្ឋ ២៤៧គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន ម៉ែន សារុន លើទំហំដី ៦៤៥ហិកតារ ហើយវិវាទនេះផ្ទុះឡើងកាលពីដើមឆ្នាំ២០១៤។ ជាមួយគ្នានេះ អាជ្ញាធរក៏បានចុះធ្វើអត្តសញ្ញាណកម្មឲ្យពលរដ្ឋរួចរាល់ហើយកាលពី ដើមឆ្នាំ២០១៥។ ក្រោយមក ប្រជាពលរដ្ឋជាង ១០០គ្រួសារ នាំគ្នាទៅបែងចែកដីធ្លីដើម្បីសង់ខ្ទមចាំចម្ការនៅតំបន់ទួលគ្រួស ដែលស្ថិតនៅកណ្ដាលព្រៃដាច់ឆ្ងាយពីភូមិស្រុក។
យ៉ាងណា ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលនាំគ្នាទៅធ្វើរោងចាំចម្ការនៅតំបន់ទួលគ្រួស គឺមានពលរដ្ឋជិត ១០គ្រួសារ ដែលមិនមានផ្ទះសម្បែង និងដីធ្លីនៅក្នុងភូមិ ពោលគឺពួកគេពឹងទៅលើជម្រកដែលសង់សម្រាប់ចាំចម្ការតែប៉ុណ្ណោះ។
អ្នកភូមិនៅឃុំជាំក្រវៀន អ្នកស្រី ឈាន សាមុត ឲ្យដឹងថា បន្ទាប់ពីរុះរើរោងចាំចម្ការរួច អ្នកស្រី និងកូនចៅ នាំគ្នាទៅជ្រកក្រោមដើមឈើតែម្តង ពីព្រោះមិនដឹងថានឹងរើទៅកន្លែងណាទៀត។ ចំណែកសុខភាពអ្នកស្រី រួមនឹងកូនចៅខ្លះ កំពុងតែមានជំងឺ ព្រោះប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ជាប់រហូត៖ «ចា៎! សម្រាកនៅក្រោមដើមឈើភ្លៀងទទឹកអស់ហើយ កូនចៅយំទ្រហឹង។»
ប្រជាពលរដ្ឋមួយគ្រួសារ
នៅឃុំទន្លូង ស្រុកមេមត់ ដែលមានជីវភាពក្រីក្រ គឺគ្រួសារ លោក សំរិទ្ធ
អ៊ត បន្ទាប់ពីរុះរើខ្ទមចាំចម្ការរួច កាលពីថ្ងៃទី២៧ ខែកញ្ញា
ឆ្នាំ២០១៥។ Photo ADHOC
ជុំវិញបញ្ហាប្រឈមរបស់ពលរដ្ឋពេលនេះ ជំទប់ទី១ ឃុំទន្លូង ទទួលបន្ទុកបញ្ហាដីធ្លី លោក ពឹង ប៊ុនថន មានប្រសាសន៍ថា លោកទទួលបានដំណឹងនេះហើយ ប៉ុន្តែលោកបញ្ជាក់ថា គឺមានពលរដ្ឋភាគតិចប៉ុណ្ណោះ ពីព្រោះពលរដ្ឋភាគច្រើន គឺមានដី និងផ្ទះសម្បែងនៅក្នុងភូមិត្រឹមត្រូវទៅហើយ ហើយពួកគេមកពីតំបន់ផ្សេងៗ មិនមែននៅក្នុងឃុំទន្លូង ទាំងអស់ឡើយ។ ទោះជាបែបនេះក្តី លោកនឹងបន្តរាយការណ៍ពីបញ្ហាទាំងនេះជូនទៅអាជ្ញាធរស្រុក និងខេត្តបន្តទៀត។
ជាមួយគ្នានេះ តំណាងពលរដ្ឋម្នាក់ លោក កាង ឈាង បញ្ជាក់ថា ពលរដ្ឋនឹងរុះរើខ្ទមរបស់ខ្លួនបង្ហើយត្រឹមថ្ងៃទី៣០ កញ្ញា។ លោកថា ផលប៉ះពាល់ គឺពិតជាមានមែន ពីព្រោះមានអ្នកភូមិខ្លះមុខរបរពួកគេ គឺជីកត្រពាំង ឬដំបូង ដើម្បីយកទៅលក់ដូរគ្រាន់ទិញអង្ករ។ លោកបន្តថា ខាងលោកនឹងដាក់លិខិតមួយ ស្នើសុំអាជ្ញាធរស្រុកជាផ្លូវការ ដោយសុំសាងសង់ខ្ទមនៅតំបន់នោះវិញ ដើម្បីកាត់បន្ថយការលំបាករបស់អ្នកភូមិ និងជៀសវាងការចោទប្រកាន់តំណាងពលរដ្ឋ ថាជាអ្នកញុះញង់អ្នកភូមិតទៅទៀត៖ «ដើម្បីឲ្យលោកអភិបាលស្រុក ជួយរក្សានៅស្ថានភាពដើម បានន័យថា ប្រសិនបើពលរដ្ឋរុះរើហើយ គឺមិនឲ្យមានអ្នកទីពីរ ឬទីបី ឬឈ្មួញយកគ្រឿងចក្រណាទៅឈូសឆាយដីប្រជាពលរដ្ឋទេ។»
យ៉ាងណា មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត ហាក់មានសង្ឃឹមថា អាជ្ញាធរស្រុកនឹងអនុញ្ញាតឲ្យអ្នកភូមិអាចសង់រោងចាំចម្ការបន្ត បាន សំខាន់ឲ្យតែសកម្មភាពរបស់ពលរដ្ឋធ្វើឡើងត្រឹមត្រូវ និងសហការជាមួយអាជ្ញាធរ៖ «ទីមួយយើងជូនដំណឹងគាត់ស្ដីពីចំនួន អ្នកទៅនៅកន្លែងហ្នឹង។ ទីពីរទៀត យើងនិយាយពីការលំបាករបស់ពួកគាត់។ ទីបី បញ្ហាជីវភាពហ្នឹងវាមិនខុសច្បាប់ទេ គ្រាន់តែសង់រោងចាំចម្ការ។»
លោកបន្ថែមថា ជាមួយគ្នានេះ ប្រជាសហគមន៍ទាំងនោះកំពុងរកវិធីជួយពលរដ្ឋដែលមានជីវភាពក្រីក្រ ខ្លាំងជាងគេ តាមរយៈផ្តល់ជាអង្ករ ឬថវិកា និងសម្ភារៈប្រើប្រាស់ខ្លះ ដើម្បីឲ្យពួកគេអាចដោះស្រាយបញ្ហាចំពោះមុខបាន៕

No comments:
Post a Comment