អ្នករាយការណ៍ ពិសេស អ.ស.ប. ជួបមន្ត្រី សង្គមស៊ីវិល និងតំណាង សហគមន៍ មានទំនាស់ ដីធ្លី
RFA / វិទ្យុ អាស៊ី សេរី | ១៩ កញ្ញា ២០១៥
អ្នករាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ នឹងលើកយក បញ្ហាចាប់ខ្លួន សកម្មជន នៃចលនា មាតា ធម្មជាតិ ចំនួន ៣នាក់ ដែលកំពុងជាប់ ក្នុងពន្ធនាគារ ទៅជជែក ជាមួយ មន្ត្រីស្ថាប័នពាក់ព័ន្ធ ខេត្តកោះកុង ក្នុងដំណើរ ទស្សនកិច្ច ២ថ្ងៃ របស់ អ្នកស្រី មកកាន់ ខេត្ត ជាប់សមុទ្រ មួយនេះ។
មន្ត្រីសង្គមស៊ីវិល តំណាងសហគមន៍ និងសកម្មជនការពារធនធានធម្មជាតិ បានសាទរដំណើរទស្សនកិច្ចនេះ និងស្នើឲ្យបន្តជួយលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថែមទៀត។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅរសៀលថ្ងៃទី១៨ ខែកញ្ញា បានជួបជាមួយមន្ត្រីសង្គមស៊ីវិល ជាពិសេសតំណាងសហគមន៍ និងសកម្មជនការពារធនធានធម្មជាតិ ចំនួន ១៧នាក់ ដែលសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកោះកុង ចាប់ឃាត់ខ្លួនទៅសួរនាំកាលពីដើមខែកញ្ញា កន្លងទៅ។
នៅក្នុងជំនួបជាមួយមន្ត្រីសង្គមស៊ីវិល និងតំណាងសហគមន៍ នាការិយាល័យសមាគមអាដហុក (ADHOC) ប្រចាំខេត្តកោះកុង អ្នកស្រី រ៉ូណា ស្មីត បានស្ដាប់មតិយោបល់ប្រជាពលរដ្ឋ យុវជន និងមន្ត្រីសង្គមស៊ីវិលលើបញ្ហាដីធ្លី និងបញ្ហាចាប់ខ្លួនសមាជិក ៣នាក់ នៃអង្គការចលនាមាតាធម្មជាតិដាក់ពន្ធនាគារ ដោយសារតវ៉ាការពារធនធានធម្មជាតិនាខេត្តកោះកុង។
ក្នុងឱកាសនោះ អ្នកស្រី ស្មីត បានប្រាប់មន្ត្រីសង្គមស៊ីវិល និងតំណាងសហគមន៍តាមរយៈអ្នកបកប្រែភាសាអង់គ្លេសថា នឹងលើកយកបញ្ហាយុវជន ៣នាក់ កំពុងជាប់ពន្ធនាគារទៅពិភាក្សាជាមួយមន្ត្រីតុលាការ និងថ្នាក់ដឹកនាំស្ថាប័នផ្សេងទៀត នៅក្នុងជំនួបរបស់អ្នកស្រីនៅថ្ងៃទី១៩ ខែកញ្ញា នេះ៖ «ខ្ញុំនឹង លើកយកកង្វល់ ឬបញ្ហាសំណូមពររបស់សហគមន៍ដែលបានលើកឡើងទៅពិភាក្សាជាមួយ ថ្នាក់ដឹកនាំខេត្តកោះកុង និងមន្ត្រីតុលាការនៅក្នុងជំនួបរបស់ខ្ញុំនៅថ្ងៃស្អែក គឺថ្ងៃទី១៩ ខែកញ្ញា។»
ត្រង់ចំណុចនេះ តំណាងសកម្មជនចលនាមាតាធម្មជាតិ និងតំណាងសហគមន៍ ខេត្តកោះកុង ក៏បានសំណូមពរដល់អ្នកស្រី រ៉ូណា ស្មីត ជួយលើកយកកង្វល់របស់ពួកគាត់ដាក់ជូនថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ខេត្តកោះកុង ដើម្បីឲ្យពួកគាត់អាចជួបជុំសម្ដែងមតិលើកង្វល់អ្វីមួយ ជាពិសេស ត្រូវជួយអន្តរាគមន៍ឲ្យតុលាការដោះលែងសមាជិកអង្គការចលនាមាតា ធម្មជាតិទាំង ៣នាក់ ពីពន្ធនាគារ និងលើកលែងការចោទប្រកាន់៖ «ខ្ញុំ សុំឲ្យអ្នកស្រី ស្មីត ជួយលើកយកបញ្ហាបូមខ្សាច់នៅខេត្តកោះកុង និងជួយដោះលែងយុវជន ការពារធនធានធម្មជាតិទាំង ៣នាក់ ពីពន្ធនាគារ ទៅពិភាក្សាជាមួយមន្ត្រី ឬអាជ្ញាធរខេត្តកោះកុង ជួយដោះស្រាយ ព្រោះពួកគាត់មិនបានធ្វើអ្វីខុសច្បាប់ទេ។»
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុង លោក ញៀប បានសាទរដំណើរទស្សនកិច្ចរបស់អ្នកស្រី រ៉ូណា ស្មីត ដែលបានធ្វើដំណើរមកដល់ខេត្តកោះកុង ហើយបានទទួលជួបតំណាងសហគមន៍ និងសកម្មជនការពារធនធានធម្មជាតិដើម្បីស្ដាប់ពីកង្វល់ពួកគេ៖ «ខ្ញុំ បានលើកសំណូម ឬជាសំណើដល់អ្នកស្រី រ៉ូណា ស្មីត ទៅពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ មានដូចជាបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាដីធ្លី និងអំពើនិទណ្ឌភាពដែលកើតមាននៅក្នុងខេត្តកោះកុង ហើយរំពឹងថា អ្នកស្រី ស្មីត នឹងលើកយកកង្វល់របស់សង្គមស៊ីវិល និងសហគមន៍បានស្នើនេះទៅពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធខេត្ត ព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច ២ថ្ងៃ របស់អ្នកស្រីមកខេត្តកោះកុង។»
តាមកម្មវិធីរយៈពេល ២ថ្ងៃ នៃដំណើរទស្សនកិច្ចរបស់អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ មកខេត្តកោះកុង នៅថ្ងៃទី១៨ និងទី១៩ ខែកញ្ញា អ្នកស្រីបានចូលជួបយុវជនអង្គការចលនាមាតាធម្មជាតិ ៣នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារ។ អ្នកស្រីក៏ជួបជាមួយតំណាងសហគមន៍មានទំនាស់ដីធ្លី តំណាងសហគមន៍ការពារធនធានធម្មជាតិ មន្ត្រីសង្គមស៊ីវិល និងជួបជាមួយអភិបាលខេត្ត ប្រធានតុលាការ ព្រះរាជអាជ្ញា ព្រមទាំងស្នងការនគរបាលខេត្តកោះកុង ជាដើម៕
The cheap KI's administrators must remove its requirement of the commentators' IDs if they did not sell their heads to Ah Kwack Hun Sen and Yuon.
ReplyDelete