បទវិភាគ៖ ការចាប់ខ្លួន សកម្មជន បក្សប្រឆាំង និងវប្បធម៌សន្ទនា
RFA / វិទ្យុ អាស៊ី សេរី | ៨ កញ្ញា ២០១៥
សកម្មភាព ចាប់ចង សកម្មជន គណបក្ស នយោបាយ បានកក្រើកឡើងវិញ នៅពេល ចុងក្រោយនេះ បន្ទាប់ ពីស្ងប់ស្ងាត់ ប្រមាណ ជា១ឆ្នាំមក ក្រោយពេល គណបក្ស ជាប់ឆ្នោត ទាំងពីរ មានកិច្ចព្រមព្រៀង បញ្ចប់ជម្លោះ នយោបាយ កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤។
តុលាការ បានសើរើ សំណុំរឿង ចាស់, បើកសវនាការ ផ្ដន្ទាទោស សកម្មជន គណបក្ស សង្គ្រោះជាតិ ពីករណី បាតុកម្ម ក្បែរស្ពាននាគ កាលពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលជាសំណុំរឿង ចាស់ កប់ទុក ជាង១ឆ្នាំ មកហើយ។ ករណីនេះ ទោះបី គណបក្ស ប្រជាជន កម្ពុជា អះអាងថា, ជាឆន្ទានុសិទ្ធិ របស់ តុលាការក្ដី តែ បញ្ហានេះ ត្រូវ បានគេ មើលឃើញ ជាទូទៅ ថា, តុលាការ មិនឯករាជ្យ និងស្ថិត នៅក្រោមសម្ពាធ អ្នកនយោបាយ។
តើ ការចាប់ចង សកម្មជន គណបក្ស សង្គ្រោះជាតិ ដាក់គុកនេះ មានអាថ៌កំបាំង អ្វី នៅពីក្រោយខ្នង, ហើយ នឹងប៉ះពាល់ វប្បធម៌សន្ទនា រវាង គណបក្ស ជាប់ឆ្នោត ទាំងពីរ ដែរ ឬទេ?
ខាងក្រោម គឺជាបទវិភាគ របស់លោក ទីន ហ្សាការីយ៉ា ពីបញ្ហានេះ៖
ស្ថាននយោបាយនៅពេលបច្ចុប្បន្ន ហាក់ឡើងកម្ដៅឡើងវិញ ក្រោយពេលគណបក្សប្រឆាំងបានបោះបង់ការធ្វើបាតុកម្ម និងសម្រេចចិត្តនាំគ្នាដើរចូលសភា ដើម្បីបង្គ្រប់កូរ៉ុមយ៉ាងទាន់ហន់នោះ។ ប៉ុន្តែរយៈពេលជាង ១ឆ្នាំមកនេះ ក្ដីរំពឹងរបស់គណបក្សប្រឆាំងដែលថា ក្រុមខ្លួនមានឱកាសចូលរួមធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ និងអភិវឌ្ឍន៍ជាតិជាមួយគណបក្សកាន់អំណាចនោះ បានខកបំណងទៅវិញ ដោយសារថា វប្បធម៌សន្ទនារវាងគណបក្សទាំងពីរហាក់ស្ថិតនៅក្នុងភាពផុយស្រួយ មិនមានសុច្ចរិតភាព និងជំហរមិនចុះសម្រុងនឹងគ្នារវាងមេដឹកនាំបក្សទាំងពីរ។
ផ្ទុយពីនិយមន័យដើមពិតនៃវប្បធម៌សន្ទនាគណបក្សកាន់អំណាចហាក់ ដូចជាកំពុងតែប្រកាន់យកនូវយុទ្ធសាស្ត្រមួយដែលប្រមុខដឹកនាំ រដ្ឋាភិបាលធ្លាប់អនុវត្តបានជោគជ័យជានិច្ចនោះ គឺយុទ្ធសាស្ត្រឈ្នះលើគូប្រឆាំងជានិច្ច តាមគ្រប់រូបភាព ឬដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា យុទ្ធសាស្ត្រឈ្នះ ឈ្នះ។ នេះគឺមានន័យថា ធ្វើយ៉ាងណាអោយតែឈ្នះលើភាគីម្ខាងទៀត ដោយប្រើវិធីសាស្ត្រចាប់ចង គំរាមកំហែង បំបិទសិទ្ធិក្នុងការបញ្ចេញមតិ និងបំពានច្បាប់ ក្រោមលេសអនុវត្តច្បាប់។
ការចាប់ចងសកម្មជនគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងក្រុមយុវជនឡើងវិញនោះ តាមមើលទៅរដ្ឋាភិបាលចង់បង្ក្រាបក្រុមទាំងនេះដែលបានចេញមុខរិះគន់ រដ្ឋាភិបាលពីបញ្ហាព្រំដែន បញ្ហាបរិស្ថាន នឹងអាចថា ជាការព្រមានដល់ក្រុមដទៃទៀត មិនឲ្យធ្វើសកម្មភាពខ្លាំងក្លាពីរឿងអសកម្មរបស់រដ្ឋាភិបាល និងការសំដែងមតិដទៃទៀតជាដើម។ ក៏ប៉ុន្តែសកម្មភាពរបស់រដ្ឋាភិបាលនៅពេលនេះ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញមាត្រា៣៥ ដែលចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ផ្ទុយទៅវិញ រដ្ឋាភិបាលសម្រេចចិត្តធ្វើដូច្នេះ ទោះបីជាមន្ត្រីរដ្ឋាភិបាលអះអាងក្ដែងៗថា ករណីទាំងអស់នោះជាកិច្ចការរបស់តុលាការក៏ដោយ ក៏ប៉ុន្តែនរណាក៏ដឹងដែរថា តុលាការបច្ចុប្បន្នមិនឯករាជ្យ និងស្ថិតនៅក្រោមសម្ពាធគណបក្សកាន់អំណាច ដូចជាករណីសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចស្វែងរកចាប់ខ្លួនភ្លាមៗ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ករណីលោក ហុង សុខហួរ នេះ មិនអាចលើកលែងបានទេ ដោយលោក ហ៊ុន សែន ចោទថា លោក ហុង សុខហួរ បានប្រើប្រាស់សន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ នោះថា ក្លែងក្លាយ និងចាត់ទុកថា ជាទង្វើក្បត់ជាតិជាដើម។
ក្រៅពីនេះទៀត រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់ថា សន្ទុះចូលរួមកិច្ចការសង្គមបានកើនឡើងខ្លាំងក្លារបស់ប្រជាពលរដ្ឋ និងក្រុមយុវជន។ បញ្ហានេះ រដ្ឋាភិបាលហាក់ដូចជាគ្មានជម្រើសអ្វីក្រៅពីប្រើយុទ្ធសាស្ត្រចាប់ចង ដើម្បីជាការព្រមានដល់អ្នកផ្សេងទៀតក៏ថាបាន។
ជាងនេះទៅទៀតនោះ សកម្មភាពចាប់ចងនេះ រដ្ឋាភិបាលហាក់កំពុងព្យាយាមបិទបាំងដំបៅសង្គមរ៉ាំរ៉ៃដែលរដ្ឋាភិបាល មិនអាចដោះស្រាយបាន ដូចជារឿងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ បញ្ហាជម្លោះដីធ្លី អំពើពុករលួយ រំលោភសិទ្ធិមនុស្ស និងអយុត្តិធម៌នៅក្នុងសង្គមជាដើម ដែលរដ្ឋាភិបាលមិនទាន់មានយន្តការដោះស្រាយឲ្យបានច្បាស់លាស់នៅឡើយ។
ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើអ្នកគាំទ្របក្សប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស និងកម្មករកាលពីឆ្នាំ២០១៤ បានបណ្ដាលឲ្យកម្មករចំនួន ៥នាក់ បាត់បង់ជីវិត និងមនុស្សច្រើននាក់ផ្សេងទៀតរងរបួស និងត្រូវបានអាជ្ញាធរចាប់ខ្លួន។
របាយការណ៍មានចំណងជើងថា "សុច្ចនាករសន្តិភាពសកលឆ្នាំ២០១៥" នៃវិទ្យាស្ថានដើម្បីសេដ្ឋកិច្ច និងសន្តិភាព បានចាត់ថ្នាក់កម្ពុជា ជាប្រទេសមានស្ថានភាព និងសុខសន្តិភាពស្ទើរនៅចុងប៉ូចគេ គឺឈរនៅលេខ ១១១ ក្នុងចំណោមប្រទេសចំនួន ១៦២ លើសកលលោក។ ចំណាត់ថ្នាក់នេះ ក៏បង្ហាញឲ្យឃើញថា ស្ថានភាពសន្តិភាពនៅកម្ពុជា មានការធ្លាក់ចុះ បើប្រៀបទៅនឹងរបាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ២០១៤។
កាលពីដើម ខែសីហា ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរដ្ឋសភាសហរដ្ឋអាមេរិក បង្ហាញក្ដីបារម្ភចំពោះភាពខ្វះខាតនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលនាំឲ្យពលរដ្ឋរបស់ប្រទេសនេះតែងរងគ្រោះឥតឈប់ឈរពីករណីរំលោភ ដីធ្លី ដែលជាបញ្ហានាំឲ្យកម្ពុជា មានការអភិវឌ្ឍយឺត។
ដោយឡែក របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក វិញ ដែលមានចំណងជើងថា "ដីរបស់នរណា?" បង្ហាញថា រយៈពេល ៦ខែ ឆ្នាំ២០១៥ អាដហុកទទួលបាន ៦៦បណ្ដឹងក្នុងបញ្ហាដីធ្លី គឺមិនមានការថយចុះនោះទេ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។ ការដោះស្រាយបញ្ហាដីធ្លីតែងជួបការលំបាក ឬមិនអាចដោះស្រាយបាន គឺករណីជម្លោះជាមួយអ្នកមានលុយ និងមានអំណាច។
យ៉ាងណាមិញ ការចាប់ចងលើកនេះ តុលាការមិនអាចងាយនឹងដោះលែងវិញដោយងាយៗ នោះទេ បើសិនជាពុំមានការសម្របសម្រួលនយោបាយណាមួយរវាងគណបក្សទាំងពីរ ពោលគឺបើសិនជាគ្មានបញ្ជាពីលោក ហ៊ុន សែន ទេនោះ មិនងាយនឹងដោះលែងទេ ដូចជាការចាប់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅពេលជាប់គាំងនយោបាយកាលពីឆ្នាំ២០១៤ ជាឧទាហរណ៍ស្រាប់។ បើគ្មានកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ទេ ការដោះលែងក៏នឹងមិនអាចមានដែរនៅកាលណោះ។
សកម្មភាពចាប់ចងបានរើឡើងវិញ ដោយតុលាការយកសំណុំរឿងចាស់ផង និងសំណុំរឿងថ្មីផង ដាក់បន្ទុកលើគណបក្សប្រឆាំងនេះ គោលបំណងធំរបស់រដ្ឋាភិបាលតាមមើលទៅអាចជាការរុញច្រានឲ្យគណបក្ស ប្រឆាំងទាល់ច្រក។ ម្យ៉ាងទៀត រដ្ឋាភិបាលធ្វើដូច្នេះអាចថា ជាថ្នូរទៅនឹងអ្វីមួយផ្សេងទៀតក៏ថាបាន។ ឧទាហរណ៍ដូចជារដ្ឋាភិបាលមានជំហរចង់ធ្វើវិសោធនកម្មមាត្រា ២ នៃរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាសនៅក្រោយពេលរដ្ឋាភិបាលកម្ពុជា បានបោះបង្គោលព្រំដែនកម្ពុជា ជាមួយវៀតណាម ចប់សព្វគ្រប់នោះ។
នៅពេលនោះ បើសិនជាក្រុមគណបក្សប្រឆាំងចូលរួមក្នុងវិសោធនកម្មនោះ សមាជិក និងសកម្មជនគណបក្សរបស់ខ្លួនអាចតុលាការដោះលែងវិញក៏ថាបាន តែបើពុំនោះទេ សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារទាំងអស់ រដ្ឋាភិបាលនឹងមិនអាចដោះលែងវិញទេ ការឃុំខ្លួននេះអាចពន្យារពេលដល់ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
គណបក្សកាន់អំណាចធ្វើដូច្នេះ ហាក់បីដូចជាគណបក្សនេះពុំខ្វល់អំពីវប្បធម៌សន្ទនានោះឡើយ ព្រោះថា លោក ហ៊ុន សែន បានសំដែងពីការប្រែជំហរចុងក្រោយ និងបានថ្លែងម្ដងហើយម្ដងទៀតថា លោក សម រង្ស៊ី ប្រើវប្បធម៌សន្ទនានេះ ដោយប្រៀបប្រដូចថា ជាការចាប់ដៃជាន់ជើង ។ល។ ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ គឺហាក់ផ្ទុយស្រឡះទៅនឹងសកម្មភាពដែលគ្រួសារលោកទាំងពីរបានជួប គ្នាបរិភោគអាហារជុំគ្នាចុងក្រោយនៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodianna Hotel) ដែលបង្ហាញពីមេដឹកនាំខ្មែរចាប់ដៃគ្នា និងបង្ហាញពីជំហរបង្រួបបង្រួមជាតិរវាងមេដឹកនាំខ្មែរនៅសម័យនេះ ទោះបីជានៅគណបក្សផ្សេងគ្នាក៏ដោយ។ ក៏ប៉ុន្តែសកម្មភាពនេះ ហាក់ដូចជាឆាកសំដែងឡើងបន្លំភ្នែកសាធារណជនតែប៉ុណ្ណោះ។
តែការចាប់ដៃគ្នានេះ បានប្រែក្រឡះវិញមួយរំពេចនៅនាទីចុងក្រោយ ដែលសកម្មភាពបែបនេះហាក់ដូចជាអ្នកនយោបាយខ្មែរដើរជាន់ដាន ប្រវត្តិសាស្ត្រច្រំដែលម្ដងហើយម្ដងទៀត ដូចជា សម្ពន្ធភាពរវាងអតីតនាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពចាប់ចងនេះ អាចពុំមានន័យថា ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទាញយកប្រជាប្រិយភាពកាន់តែខ្លាំងនោះទេ នៅពេលបោះឆ្នោតខាងមុខ ព្រោះប្រជាពលរដ្ឋបានមើលឃើញពីការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងតុលាការដើម្បីអនុវត្តទៅលើគណបក្សប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាដើម។ មកទល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ១៦នាក់ហើយ រួមទាំងលោក ជា តាំងស៊ន ជាអនុប្រធានប្រតិបត្តិស្រុកព្រៃកប្បាស ខែត្រតាកែវ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា នោះ។
ជាងនេះទៅទៀត ប្រជាពលរដ្ឋមួយចំនួនទៀតអាចមើលដឹងពីអាថ៌កំបាំងនៅពីក្រោយវប្បធម៌ នយោបាយចាស់គំរឹលនេះ។ ម្យ៉ាងទៀតរដ្ឋាភិបាលហាក់ដូចជាភ្លេចគិតពីការប្រកួតប្រជែងពីបញ្ហា អភិវឌ្ឍន៍ ដែលកម្ពុជា មានប្រជាពលរដ្ឋក្រីក្រជាង ៣លាននាក់ និងជាង ៨លាននាក់ផ្សេងទៀតនៅក្បែរបន្ទាត់ភាពក្រីក្រ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
ជាការពិតណាស់ មិនបាច់ទៅរៀនដល់ថ្នាក់បណ្ឌិតអ្វីទេ មនុស្សសាមញ្ញធម្មតាក៏អាចមើលឃើញ និងយល់ដឹងបានថា យុទ្ធសាស្ត្រកម្ទេចគូប្រជែងជានិច្ច ឬយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ នេះ វាមិនគ្រាន់តែដើរបញ្ច្រាសទិសពីវប្បធម៌សន្ទនាទេ វាអាចនឹងកម្ទេចទាំងវប្បធម៌សន្ទនានោះចោលទៀតផង៕
Ah Hun Sen "Lear Leung"? Really?
ReplyDeleteEven Cambodia loses 1/2 of its territory to Yuon, Ah Roleuy Hun Sen won't resign from his post. Let alone the map mismatch. That is the fact.
The doggy KI's administrators are happy to shut Khmer mouth while Cambodia is heavily suffering from Ah Kwack Hun Sen's rules.