សង្គមស៊ីវិល និងគណបក្ស ប្រឆាំង ប្រតិកម្ម នឹងសម្ដី របស់លោក ហ៊ុន សែន
RFA / វិទ្យុ អាស៊ី សេរី | ២៤ កញ្ញា ២០១៥
សង្គមស៊ីវិល, មន្ត្រី បក្សប្រឆាំង, និងព្រះសង្ឃ ចង់ឃើញ ប្រមុខ រដ្ឋាភិបាល ប្រកាន់យក វប្បធម៌ ពាររំងាប់ ដោយការ មិនចង់ពារ ជាជាង ការចងគំនុំ សងសឹក យកឈ្នះចាញ់ ដោយហិង្សានោះ។ ប្រតិកម្ម បែបនេះ ក្រោយ ពីលោក ហ៊ុន សែន ព្រមាន ថា, បើ គេ មិនឲ្យលោក បានសុខ, លោក ក៏មិនឲ្យគេ បានសុខ ដូចគ្នាដែរ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ ប្រើពាក្យ អសុរោះ «អ្ហែង អញ» ដល់ដៃគូ ប្រកួតប្រជែង ផ្នែកនយោបាយ របស់លោក ជាសាធារណៈ និងបានអះអាង ថា, ប្រសិនបើ អ្នកណា មិនឲ្យលោក រស់នៅ ដោយភាព ស្ងប់សុខ ដោយគ្មាន ការរុកកួននោះ៖ «បើ ថា, សន្ទនា ត្រូវតែ ស្មោះត្រង់ ជាមួយគ្នា អត់មាន ចាប់ដៃ ជាន់ជើង។ រហូត ដល់ប្រើពាក្យ ជោគវាសនា ខ្ញុំ ដូចហ្កាដាហ្វី (Muammar Gaddafi)។ ខ្ញុំ ប្រាប់លោកឯង ឲ្យហើយ, មុនអញ ក្លាយជា ហ្កាដាហ្វី, អ្ហែង ងាប់មុនអញ។»
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា លោក ហ៊ុន សែន គួរប្រើយន្តការច្បាប់ និងវិធានការជាក់លាក់ ជាជាងការព្រមានថានឹងកើតសង្គ្រាម ឬការគំរាមកំហែងផ្សេងៗដោយគ្មានមូលដ្ឋានច្បាប់។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា អ្នកដែលមិនឲ្យ លោក ហ៊ុន សែន រស់នៅមិនបានសុខ គឺដោយសារមហាជនទូទៅមិនមែនមនុស្សតែពីរបីនាក់នោះទេ។ លោកបន្តថា លោក ហ៊ុន សែន ត្រូវបង្កើតឲ្យមានសន្តិសុខមនុស្សជាតិ និងការគោរពច្បាប់ត្រឹមត្រូវ ជាជាងទាមទាររកក្តីសុខតែខ្លួនឯង។ លោក កែម ឡី យល់ថា ប្រទេសដែលមាននីតិរដ្ឋ នាយករដ្ឋមន្ត្រីគួរប្រើប្រព័ន្ធតុលាការ ជាជាងការគំរាមកំហែង៖ «នាមជានាយករដ្ឋមន្ត្រី ពាក្យពេចន៍ទាំងនេះអត់ទាន់សមគួរទេ បើសិនជាគេប្រព្រឹត្តទៅខុសច្បាប់ ត្រូវប្ដឹងទៅតុលាការ។»
នៅរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន តែងប្រើពាក្យធ្ងន់ៗព្រមានទៅគូប្រកួត និងព្រមានចំៗទៅ លោក សម រង្ស៊ី តែម្តង។ ជាងនេះទៅទៀត លោកថា លោក សម រង្ស៊ី ចង់មានការផ្លាស់ប្ដូរដោយសង្គ្រាម មិនមែនតាមការបោះឆ្នោតទេ។
ថ្លែងនៅថ្ងៃទី២៣ ខែកញ្ញា លោក ហ៊ុន សែន ចោទ លោក សម រង្ស៊ី ថាបានផ្តល់បទសម្ភាសន៍ទៅកាសែតបរទេសមួយ ដោយប្រដូចរូបលោកទៅនឹង លោក ហ្កាដាហ្វី ដែលត្រូវបានគេសម្លាប់ក្រោយមានការក្រោកប្រឆាំងតវ៉ាពី ប្រជាពលរដ្ឋ។ និយាយដល់ចំណុចនេះ លោក ហ៊ុន សែន ថា ប្រសិនបើលោកក្លាយជា ហ្កាដាហ្វី គឺលោក សម រង្ស៊ី ស្លាប់មុនលោកសិន។ លោកព្រមានថា ប្រសិនបើគេមិនឲ្យលោកបានសុខ លោកក៏មិនឲ្យគេបានសុខដែរ។
លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានចាប់ដៃគ្នាបង្កើតវប្បធម៌សន្ទនា និងបានព្រមព្រៀងគ្នាលុបបំបាត់វប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី កាលពីគណបក្សសង្គ្រោះជាតិ យល់ព្រមចូលអង្គុយធ្វើការនៅរដ្ឋសភា កាលពីឆ្នាំ២០១៤។ ប៉ុន្តែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ផ្អែមល្ហែមនឹងគ្នាមិនបានប៉ុន្មានផង ក្រោយពេលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួន និងប្រជាពលរដ្ឋចុះពិនិត្យមើលតំបន់ព្រំដែនកម្ពុជា-វៀតណាម សង្គ្រាមពាក្យសម្ដីរវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី ក៏ផ្ដើមផ្ទុះឡើងវិញរហូតមានការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះ ជាតិ ជាហូរហែ។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ជាក់ថា ការផ្តល់បទសម្ភាសន៍របស់លោកធ្វើឡើងនៅពេលណា មានគោលបំណងយ៉ាងណាទាក់ទងនឹងរឿងនយោបាយនោះទេ?
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ក៏សុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះដែរ។
ទោះបែបនេះក្តី លោក យឹម សុវណ្ណ បានបង្ហាញទស្សនៈថា អ្នកនយោបាយទាំងអស់ ប្រសិនបើមិនបានធ្វើឲ្យប្រទេសជាតិបានសុខ ឬប្រជាពលរដ្ឋបានសុខ អ្នកនោះឯងក៏មិនបានសុខដែរនោះ នឹងអាចនាំឲ្យមានពលរដ្ឋងើបឡើងប្រឆាំងតវ៉ានៅពេលណាមួយ។
ឆ្លើយតបនឹងសម្ដីរបស់ លោក ហ៊ុន សែន ដែលថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នឹងមានសង្គ្រាមនោះ ត្រូវបានអ្នកនាំពាក្យបក្សប្រឆាំង លោក យឹម សុវណ្ណ លើកឡើងថា គណបក្សលោកគ្មានអាវុធ កងកម្លាំងប៉ូលិស ទាហាន ដែលអាចបង្កឲ្យកើតសង្គ្រាមបាននោះទេ៖ «បើកាលណាគេឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋសុខ គាត់បានសុខ។»
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ មានដីកាថា ការព្រមានរបស់ លោក ហ៊ុន សែន នេះ ដោយសារលោកកំពុងតែភ័យខ្លួនខ្លាចចាញ់ឆ្នោតនៅពេលខាងមុខ និងកំពុងខ្លាចស្រមោលខ្លួនឯង ព្រោះពលរដ្ឋខ្មែរនៅក្នុងស្រុក និងក្រៅស្រុក ចាប់ផ្ដើមប្រមូលឯកសារភស្តុតាងពីទង្វើមិនល្អរបស់លោកក្នុងការដឹក នាំប្រទេស ប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងចំណុចចុងក្រោយ ពលរដ្ឋខ្មែរផ្ដើមថ្កោលទោសដោយចោទថា លោកលក់ទ្រព្យសម្បត្តិរបស់រដ្ឋ៖ «ញោម ហ៊ុន សែន គាត់ខ្លាចស្រមោលរបស់ខ្លួន ព្រោះថាស្រមោលនោះមិនសូវល្អទេ។»
កាលពីខែកក្កដា មេធាវីអាមេរិកាំង លោក មូរតុន ក្លា (Morton Sklar) នឹងដាក់ភស្តុតាងបន្ថែមទៀតទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីគាំទ្របណ្ដឹងរបស់លោកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ក្រុមមេធាវីអន្តរជាតិអះអាងថា ពាក្យបណ្ដឹងនៅតុលាការអន្តរជាតិ មិនពាក់ព័ន្ធនឹងនយោបាយនៅកម្ពុជា ទេ ហើយវិបត្តិនយោបាយនៅកម្ពុជា ក៏មិនអាចកែប្រែបណ្ដឹងនេះបានឡើយ។
កាលពីខែមីនា ឆ្នាំ២០១៤ ក្រុមមេធាវីតំណាងឲ្យជនរងគ្រោះដែលត្រូវបានកងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាលបាញ់សម្លាប់ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នឹងដាក់ពាក្យបណ្ដឹងប្រឆាំង លោក ហ៊ុន សែន ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ពាក្យបណ្ដឹងនោះ ផ្ដោតលើការប្រើប្រាស់អំពើហិង្សាជាប្រព័ន្ធទៅលើពលរដ្ឋស្លូតត្រង់ និងសកម្មជនសិទ្ធិមនុស្ស ដែលចូលរួមការតវ៉ានយោបាយ និងបាតុកម្មប្រឆាំងនឹងការបង្ខំបណ្ដេញចេញពីផ្ទះសម្បែង និងទាមទារដំឡើងប្រាក់ខែកម្មករ ជាដើម។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ស្នើឲ្យប្រមុខរដ្ឋាភិបាលព្យាយាមប្រើវប្បធម៌សន្ទនាចរចាគ្នាដោយ សន្តិវិធី ជាងការបង្ហាញពីសាច់ដុំរបស់ខ្លួន។ លោក អំ សំអាត ស្នើឲ្យអ្នកនយោបាយថ្លែងសារនយោបាយ កុំធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយខ្លាចប្រទេសមានសង្គ្រាមនោះ៖ «មុននឹងនិយាយ មុននឹងធ្វើអ្វី គឺគេប្រយ័ត្នប្រយែងណាស់ កុំឲ្យប្រជាពលរដ្ឋមានការភិតភ័យ។»
លោក ហ៊ុន សែន ចោទប្រកាន់ លោក សម រង្ស៊ី ថាជាអ្នកបង្កើតរឿងរ៉ាវមិនចេះមិនចេះហើយ។ ការចោទប្រកាន់បែបនេះ ក្នុងពេលដែលតុលាការក្រុងភ្នំពេញ ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ជិត ២០នាក់ឃុំខ្លួននៅពន្ធនាគារ។ លោក ហ៊ុន សែន ថា លោក សម រង្ស៊ី នៅពេលនេះគ្មានសន្លឹកបៀដើម្បីលេងជាមួយលោកនាយករដ្ឋមន្ត្រីទៀតនោះ ឡើយ៕
Sasstra Char Hun Sen ?
ReplyDeleteWe should call him Ah Sasstra Chor Hun Sen !!