Paris Peace Accords 23 Oct. 1991

Monday, September 14, 2015

[Vietnamization] ប្រជា​សហគមន៍​ ខេត្ត​ ត្បូងឃ្មុំ​ ចោទ​អាជ្ញាធរ​ ថា, ​គំរាម​កំហែង ​រឿង​កាន់​កាប់​ ដីធ្លី | Communities in Tbaung Khmum accuses authority of threats re land issues

ប្រជា​សហគមន៍​ ខេត្ត​ ត្បូងឃ្មុំ​ ចោទ​អាជ្ញាធរ​ ថា, ​គំរាម​កំហែង ​រឿង​កាន់​កាប់​ ដីធ្លី

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៣ កញ្ញា ២០១៥

ផែនទី​ខេត្ត​ត្បូងឃ្មុំ ៦២០
ផែនទី​ខេត្ត​ត្បូងឃ្មុំ
Photo: RFA
 

ប្រជាពលរដ្ឋ​ នៅ​ស្រុក​ តំបែរ, ខេត្ត​ ត្បូងឃ្មុំ ចោទ​ប្រកាន់​ អាជ្ញាធរ​ មាន​សមត្ថកិច្ច ថា​, មាន​បំណង ​បង្ខំ​ ឲ្យ​ពួក​គាត់​ ប្រគល់​ ដី​ព្រៃ​ សហគមន៍ ​ទៅ​ឲ្យ​ ភាគី​ ទំនាស់​ ជា​ដើម​បណ្ដឹង។  ការ​លើក​ឡើង​ នេះ ព្រោះ ​សមត្ថកិច្ច​ កោះ​ហៅ​ ពលរដ្ឋ​ ឲ្យ​ចូល​បំភ្លឺ​ ជា​បន្តបន្ទាប់ តាម​ពាក្យ​បណ្ដឹង ​របស់ ​ឈ្មួញ​ដី ស្រប​ពេល ​ដី​នោះ គឺ ​ជា​ដី​ព្រៃ​ សហគមន៍​ ដែល​ពលរដ្ឋ​ ខំ​ប្រឹង​ ទាមទារ​ ដាក់​ ជា​សម្បត្តិ​រួម។

ប្រជា​សហគមន៍​ យល់​ថា, ការ​អនុវត្ត ​ច្បាប់​ របស់ អាជ្ញាធរ​ មាន​សមត្ថកិច្ច នៅ​មិន​ទាន់​ អនុវត្ត​ ឲ្យ​បាន ​ស្មើ​ភាព​គ្នា ​នៅ​ឡើយ។  ជាក់ស្តែង ប្រជា​សហគមន៍​ ទាំង​នោះ ​បាន​ដាក់ ​ពាក្យ​ប្ដឹង ​ទៅ​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ ជាច្រើន​លើក​ ច្រើន​សា ឲ្យ​ចាត់​ វិធានការ​ លើ​ឈ្មួញ​ដី និង​បុគ្គល​ មាន​ប្រាក់​ មួយ​ចំនួន​ ដែល​បាន​ គ្រប់គ្រង​ ដី​ព្រៃ​ សហគមន៍ ឃុំ ​ត្រពាំងព្រីង ជាច្រើន​ ពាន់​ហិកតារ, ប៉ុន្តែ​ កម្រ​ឃើញ​ អាជ្ញាធរ ​មាន​សមត្ថកិច្ច កោះ​ហៅ​ អ្នក​ទាំង​នោះ​ ណាស់។  តែ ​នៅ​ពេល​ឈ្មួញ​ ដាក់​ពាក្យ​ប្ដឹង​ ពលរដ្ឋ​វិញ សមត្ថកិច្ច​ ចាត់​វិធានការ ​គ្មាន​ បង្អន់​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​សេដា អ្នកស្រី គង់ ធាវុធ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​តំបែរ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​រឿង​ជម្លោះ​ដីធ្លី​នៅ​តំបន់​ព្រៃ​សហគមន៍​ ត្រពាំងព្រីង។ ក្នុង​នោះ សមត្ថកិច្ច​ឲ្យ​អ្នកស្រី​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ពាក់ព័ន្ធ​សំណុំ​រឿង​បំផ្លាញ​ដំណាំ​កៅស៊ូ​ប្រមាណ​ជិត ១០​ដើម​របស់​ឈ្មួញ​ម្នាក់​កាល​ពេល​ថ្មីៗ​នេះ។ អ្នកស្រី គង់ ធាវុធ មាន​ប្រសាសន៍​ថា ដី​ប្រមាណ ៥​ហិកតារ​ដែល​អ្នកស្រី​កាន់​កាប់ ពុំ​មែន​ជា​ដី​របស់​ឈ្មួញ​ទេ ប៉ុន្តែ​វា​ដី​សហគមន៍។ ចំណែក​ការ​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​បំផ្លាញ​ដំណាំ​កៅស៊ូ​ក៏​មិន​ពិត​ដែរ ប៉ុន្តែ​វា​អាច​ជា​ចេតនា​គាប​សង្កត់​អ្នកស្រី ឲ្យ​យល់ព្រម​ប្រគល់​ដី​ធ្លាប់​គ្រប់គ្រង​ទៅ​ឲ្យ​ឈ្មួញ​ច្រើន​ជាង៖ «មាន​ ហេតុការណ៍​គេ​នៅ​ច្រងេងច្រងាង​មាន​កាំបិត​មាន​អី​នៅ​ក្នុង​ដី ខ្ញុំ​តេ​ហៅ​សមត្ថកិច្ច​ឲ្យ​ទៅ​មើល តែ​គេ​គ្មាន​ទៅ​អី​ណា ប៉ុន្តែ​នៅ​ពេល​មាន​ហេតុការណ៍​ជន​ប្រព្រឹត្តិ​លើ​ខ្ញុំ គេ​បែរ​ជា​ទៅ។»

ដី​ព្រៃ​សហគមន៍​ក្នុង​ឃុំ​ត្រពាំងព្រីង និង​សហគមន៍​ក្នុង​ឃុំ​ផ្សេង​ទៀត​នៅ​ស្រុក​តំបែរ ដែល​ជា​ដី​ព្រៃ​ធ្លាប់​ពលរដ្ឋ​អាស្រ័យ​ផល​ប្រមាណ ៥​ពាន់​ហិកតារ ត្រូវ​បាន​ឈ្មួញ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​កាន់​កាប់​មួយ​ភាគ​ធំ​នា​ពេល​បច្ចុប្បន្ន ហើយ​ចំណែក​ដី​ខ្លះ​ទៀត គឺ​ប្រជាពលរដ្ឋ​កាន់​កាប់។ យ៉ាង​ណា ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​នឹង​ប្រគល់​ដី​នោះ​ឲ្យ​រដ្ឋ​វិញ ព្រម​ទាំង​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ប្រមូល​ដី​សហគមន៍​ទាំងអស់ ដាក់​ជា​សម្បត្តិ​រួម​ដូច​កាល​ពី​ដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ស្រុក​តំបែរ លោក ប៉េង អេងហាក់ ដើម្បី​ឆ្លើយ​តប​ការ​លើក​ឡើង​របស់​ពលរដ្ឋ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ កញ្ញា។

យ៉ាង​ណា លិខិត​កោះ​ហៅ អ្នកស្រី គង់ ធាវុធ ឲ្យ​ចូល​បំភ្លឺ​នៅ​អធិការដ្ឋាន​ស្រុក​តំបែរ គឺ​ដើម្បី​សាកសួរ​ទាក់ទង​ការ​បំផ្លាញ​ផល​ដំណាំ​របស់​អ្នក​ដទៃ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ជា​របស់​ជន​ណា​ឡើយ។

ក្រៅ​ពី​ការ​ហៅ អ្នកស្រី គង់ ធាវុធ កន្លង​ទៅ ក៏​មាន​ការ​កោះ​ហៅ​តំណាង​ពលរដ្ឋ​ជា​បន្តបន្ទាប់​ដែរ ពិសេស​ទាក់ទង​សំណុំ​រឿង​របស់​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​ជាមួយ​ប្រជា​សហគមន៍​តែ​ម្ដង។
តំណាង​ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង អ្នកស្រី ហម ច្រិប យល់​ថា ការ​ដោះស្រាយ​បញ្ហា​ដី​ព្រៃ​សហគមន៍​ទាំង​មូល អាជ្ញាធរ​មាន​សមត្ថកិច្ច គឺ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ ប៉ុន្តែ​បើ​រឿង​បុគ្គល​វិញ ពួក​គេ​ហាក់​ខ្នះខ្នែង​សម្បើម​ណាស់៖ «សហគមន៍​ពួក​ខ្ញុំ​កំពុង​តែ​ប្ដឹង ចុះ​អាជ្ញាធរ​គាត់​វា​យ៉ាង​ម៉េច​បាន​ជា​គាត់​មិន​ចូលរួម​ដោះស្រាយ​ក្នុង​ សហគមន៍ បែរ​ជា​គាត់​ដោះស្រាយ​ឲ្យ​បុគ្គល​ជនល្មើស​ទៅ​វិញ។»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ត្រពាំងព្រីង លោក មុំ សាប៊ុន មាន​ប្រសាសន៍​ថា ភាគ​ច្រើន​ទំនាស់​ដី​ព្រៃ​សហគមន៍ គឺ​កើត​ចេញ​ពី​បុគ្គល​មាន​ប្រាក់​មួយ​ចំនួន​នៅ​ទីនោះ ដែល​បាន​កាន់​កាប់​ចំណែក​ដី​យ៉ាង​ច្រើន ហើយ​បាន​បង្វែរ​ដី​ខ្លះ​ទៅ​ជួល​ឲ្យ​ពលរដ្ឋ ដោយ​មិន​មាន​អាជ្ញាធរ​ទទួល​ស្គាល់​អ្វី​ទាំងអស់។ លើស​ពី​នេះ រាល់​ការ​ទិញ​ដូរ​ដី​នៅ​ទីនោះ គឺ​អាជ្ញាធរ​មិន​បាន​ទទួល​ស្គាល់​ទេ ព្រោះ​ជា​ដី​របស់​សហគមន៍។ យ៉ាង​ណា លោក​បារម្ភ​ខ្លាច​ក្រែង​តែ​មាន​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​តំបន់ កើត​ឡើង​រវាង​ពលរដ្ឋ​ជាមួយ​ឈ្មួញ​ដី​ទាំង​នោះ ប្រសិន​រាជ​រដ្ឋាភិបាល​នៅ​តែ​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ ច្បាស់លាស់៖ «ពិបាក​ណាស់​រាល់​ថ្ងៃ​ហ្នឹង វា​នៅ​តែ​ទំនាស់​រហូត ហើយ​ភាគ​ច្រើន​ពលរដ្ឋ​បាន​តិច តែ​ឈ្មួញ​បាន​ច្រើន។»

បន្ថែម​លើ​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា រាល់​ការ​កាន់​កាប់​របស់​ឈ្មួញ​ក្តី របស់​មន្ត្រី​អាជ្ញាធរ​ក្តី ឬ​ពលរដ្ឋ គឺ​សុទ្ធតែ​ខុស​ច្បាប់​ទាំងអស់ ព្រោះ​ដី​នោះ​នៅ​ជា​ដី​របស់​រដ្ឋ ឬ​ជា​សម្បត្តិ​រួម។ លើស​ពី​នេះ​ទៀត សំណុំ​រឿង​ដី​សហគមន៍​ជាង ៥​ពាន់​ហិកតារ​នេះ គឺ​កំពុង​ជាប់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ថែម​ទៀត។ លោក​កត់​សម្គាល់​ឃើញ​ថា អាជ្ញាធរ​ក្តី តុលាការ​ក្តី ហាក់​បែង​ចែក​ការ​ដោះស្រាយ​បញ្ហា​រវាង​អ្នក​មាន និង​អ្នក​ក្រ៖ «ប្ដឹង​ទៅ​ព្រះរាជអាជ្ញា​ហើយ ដាក់​ចំ​ឈ្មោះ​ហើយ ប៉ុន្តែ​ប្រាំមួយ​ប្រាំពីរ​ខែ​ហើយ​អត់​មាន​អ្នក​ណា​ហៅ​ទេ។»

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​យល់​ថា ការ​កោះ​ហៅ​ប្រជា​សហគមន៍​ជា​បន្តបន្ទាប់ គឺ​ជា​រូបភាព​គំរាម​កំហែង​មួយ ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​មាន​ចិត្ត​ចង់​ការពារ​ដី​សហគមន៍​ត​ទៅ​ទៀត។ ជាមួយ​គ្នា​នេះ វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​លើ​អាជ្ញាធរ ឬ​ប្រព័ន្ធ​តុលាការ ប្រសិន​បើ​ការ​អនុវត្ត​របស់​ពួក​គេ នៅ​តែ​បង្ហាញ​ពី​ភាព​លម្អៀង​ទៅ​រក​អ្នក​មាន​ទៀត​នោះ៕


No comments:

Post a Comment