រដ្ឋាភិបាល បារាំង យល់ព្រម ឲ្យរដ្ឋាភិបាល កម្ពុជា ខ្ចីផែនទី ដើម្បី ផ្ទៀងផ្ទាត់
RFA / វិទ្យុ អាស៊ី សេរី | ១ កញ្ញា ២០១៥
រដ្ឋាភិបាល បារាំង យល់ព្រមឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីផែនទីស្ដីពីកម្ពុជា-វៀតណាម ហើយពិធីប្រគល់ និងទទួល នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ។ ភ្លាមៗនៅពេលទទួលដំណឹងនេះ រដ្ឋាភិបាលកម្ពុជា ចាត់ចែងក្រុមការងារ អញ្ជើញតំណាងគណបក្សនយោបាយ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា ចូលរួមផ្ទៀងផ្ទាត់ផែនទីនោះជាមួយនឹងផែនទីរបស់រដ្ឋាភិបាលដែលកំពុង ប្រើប្រាស់សព្វថ្ងៃ។
ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ថ្លែងថា ផែនទីដែលបារាំង ឲ្យខ្ចីនោះជាផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ ផលិតដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន។
ពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទីចំនួន ២៦ផ្ទាំង ដែលរដ្ឋាភិបាលបារាំង ឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីនោះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ថ្ងៃទី៣ ខែកញ្ញា ដែលពិធីនេះដូចគ្នាទៅនឹងពិធីដែលរដ្ឋាភិបាលកម្ពុជា ទទួលផែនទីពីអង្គការសហប្រជាជាតិ ដែរ។
អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី ឲ្យដឹងថា វត្តមានផែនទីនោះមានអមដោយមន្ត្រីរដ្ឋាភិបាលបារាំង កាន់មកឲ្យរដ្ឋាភិបាលកម្ពុជា។ មន្ត្រីរដ្ឋាភិបាលរូបនេះរំពឹងថា វត្តមានផែនទីរបស់បារាំង ប្រសិនបើអ្នកនយោបាយទទួលយកការពិត បញ្ហារឿងផែនទីនឹងត្រូវបញ្ចប់៖ «នៅពេលយកផែនទីមកដល់ គេនឹងបើកនៅមុខសាធារណជន ហើយយើងនឹងផ្ទៀងផ្ទាត់នៅពេលនោះតែម្តង។»
សេចក្តីជូនព័ត៌មាននៅថ្ងៃទី១ ខែកញ្ញា ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា អញ្ជើញតំណាងគណបក្សប្រជាជនកម្ពុជា ៥រូប តំណាងគណបក្សសង្គ្រោះជាតិ ៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិច ៥រូប សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ៣រូប និងគណបក្ស សម រង្ស៊ី ៣រូប សមាជិករដ្ឋសភាទាំងពីរគណបក្សម្ខាងៗ ៣រូប តំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ២រូប ព្រមទាំងក្រុមការងារនៃរាជបណ្ឌិត្យសភារបស់ លោក សុខ ទូច។
ទាក់ទងរឿងនេះដែរ មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ថា លោក និងមន្ត្រីជាន់ខ្ពស់ ៤រូបទៀត នឹងចូលរួមការអញ្ជើញរបស់រដ្ឋាភិបាល។ ទោះយ៉ាងនេះក្តី មន្ត្រីគណបក្សប្រឆាំងរូបនេះ ចង់ឃើញពិធីនោះបើកទូលាយឲ្យអ្នកចូលរួមគ្រប់ភាគី មានការជជែកសួរដេញដោល៖ «ការពិភាក្សាមួយទាល់តែមានការដេញដោលជជែកគ្នាទើបល្អ មិនមែនឆ្លងឆ្លើយតាមប្រព័ន្ធផ្សព្វផ្សាយទេ។»
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ថា ពិធីនេះនឹងវែកមុខជនទុច្ចរិតដែលចោទថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ និងដល់ពេលតទល់នៅមុខច្បាប់។ អ្នកនាំពាក្យបក្សកាន់អំណាចដដែលបន្តថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ចូលរួម ប៉ុន្តែលោកមិនទាន់ដឹងថា មន្ត្រីរូបណាចូលរួមនៅឡើយទេ៖ «ពិធីនេះល្អ ការផ្ទៀងផ្ទាត់នេះ មិនមែនរឿងតែរឿងយើងដោះស្រាយជាមួយបរទេសទេ យើងត្រូវតែដោះស្រាយរឿងផ្ទៃក្នុងខ្មែរ។»
កាលពីខែកក្កដា រដ្ឋាភិបាលកម្ពុជា បានដាក់លិខិតស្នើសុំខ្ចីផែនទីពីប្រទេសមហាអំណាចទាំងនោះរួមមាន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។ ការឆ្លើយតបរបស់រដ្ឋាភិបាលបារាំង នៅពេលនេះ បន្ទាប់ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស រកមិនឃើញផែនទីដែលកម្ពុជា ត្រូវការ។ ចំណែកសហរដ្ឋអាមេរិក មិនទាន់ឆ្លើយតបនៅឡើយ។ កាលពីថ្ងៃទី២៦ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យសហរដ្ឋអាមេរិក ប្រគល់ផែនទីកម្ពុជា ដែលអាមេរិកមាន ដោយបញ្ជាក់ថា ផែនទីនោះអាមេរិកធ្លាប់បង្ហាញម្តងរួចហើយ។
ប្រធានក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ដែលកំពុងដើរអង្កេតនៅតាមព្រំដែនកម្ពុជា-វៀតណាម នោះបានប្រាប់ថា ក្រុមការងារលោកនឹងវិលមកចូលរួមក្នុងពិធីផ្ទៀងផ្ទាត់ផែនទីរបស់ បារាំង នៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនោះដែរ។ អ្នកសិក្សាស្រាវជ្រាវដដែលបង្ហាញក្តីរំពឹងថា អាជីវកម្មផែនទីនឹងត្រូវបញ្ចប់ ព្រោះលោកមើលឃើញទិដ្ឋភាពបី ដោយសារបារាំង ជាអ្នកផលិត ជាអ្នកគូស និងជាអ្នកផ្តល់ផែនទីរវាងកម្ពុជា-វៀតណាម៖ «យើងដឹងហើយ ប្រទេសបារាំង ជាអ្នកកំណត់ព្រំដែនប្រទេសយើងទី៣ (ប្រទេសកម្ពុជា ឡាវ និងវៀតណាម)។ ដូច្នេះ អ្នកនយោបាយត្រូវបញ្ចប់អាជីវកម្មទៅលើផែនទី ទុកឱកាសឲ្យអ្នកស្រាវជ្រាវជាអ្នកធ្វើការលើរឿងនេះ។»
កាលពីថ្ងៃទី២០ ខែសីហា ក្នុងពេលផ្ទៀងផ្ទាត់ផែនទីរបស់អង្គការសហប្រជាជាតិ និងផែនទីរដ្ឋាភិបាល មន្ត្រីជំនាញរដ្ឋាភិបាលអះអាងថា ផែនទីរដ្ឋាភិបាលកំពុងប្រើប្រាស់ គឺដូចគ្នាទៅនឹងផែនទីអង្គការសហប្រជាជាតិ។ ដូចគ្នានេះដែរ អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី មានជំនឿថា ផែនទីរបស់រដ្ឋាភិបាលបារាំង គឺដូចគ្នានឹងផែនទីរដ្ឋាភិបាលដែរ។
នៅថ្ងៃទី១ ខែកញ្ញា នេះដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ អរគុណប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក ហ្រ្វង់ស៊័រ ហូឡង់ (François HOLLANDE) ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីផែនទីតាមការស្នើសុំ។ លោក ហ៊ុន សែន នៅតែសប្បាយចិត្ត បើទោះជាបារាំង មិនបានផ្តល់អ្នកជំនាញផ្នែកផែនទី មកជាមួយផែនទីនោះក្តី៕
No comments:
Post a Comment