Paris Peace Accords 23 Oct. 1991

Saturday, September 5, 2015

[Vietnamization] លោក ហ៊ុន សែន ព្រមាន​ បក្ស​ប្រឆាំង​ ឲ្យ​ឈប់​យក​រឿង ​ផែនទី ​ធ្វើ​ជា​រឿង​ នយោបាយ | Hun Sen threatens opposition party to stop using map issue as political issue

លោក ហ៊ុន សែន ព្រមាន​ បក្ស​ប្រឆាំង​ ឲ្យ​ឈប់​យក​រឿង ​ផែនទី ​ធ្វើ​ជា​រឿង​ នយោបាយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៤ កញ្ញា ២០១៥

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។  RFA


ជា​ថ្មី ​ម្តង​ទៀត លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង ​ឲ្យ​ឈប់​យក​ រឿងផែនទី​ មក​ធ្វើ​ ជា​រឿង​ នយោបាយ ​បន្ត​ទៀត។  ការ​ព្រមាន ​របស់ លោក ហ៊ុន សែន នេះ ធ្វើ​ឡើង ​នៅ​ក្នុង​កិច្ច​ប្រជុំ​ គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ ទី​៤ ខែ​កញ្ញា, ហើយ ​ដែល​ត្រូវ​ បាន​អ្នក​នាំ​ពាក្យ ​ទីស្ដីការ ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដកស្រង់​ យក​មក​ សរសេរ ​លើ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក (Facebook) ជា​សាធារណៈ។


នេះ​ មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ឲ្យ​ឈប់​យក​រឿង​ផែនទី ឬ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម មក​ធ្វើ​ជា​រឿង​នយោបាយ។ ការ​ព្រមាន​ជា​ថ្មី​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល បាន​ផ្ទៀងផ្ទាត់​ផែនទី​របស់​ខ្លួន​ជាមួយ​នឹង​ផែនទី​ដែល​កម្ពុជា បាន​ខ្ចី​ពី​ប្រទេស​បារាំង។

នៅ​ពេល​នេះ លោក ហ៊ុន សែន ដែល​ចាត់​ទុក​បក្ស​ប្រឆាំង​ថា​ជា​ក្រុម​មនុស្ស​ល្ងង់​ខ្លៅ បាន​ព្រមាន​ថា បក្ស​ប្រឆាំង​ត្រូវ​បញ្ចប់​ការ​ប្រើប្រាស់​រឿង​ផែនទី ដើម្បី​ផល​ប្រយោជន៍​ប្រជាភិថុតិ ឬ​នយោបាយ។ លោក ហ៊ុន សែន បញ្ជាក់​ដែរ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ការងារ​ព្រំដែន ត្រូវ​តែ​បន្ត​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់ និង​គ្មាន​ការ​យោគយល់​នោះ​ឡើយ។

ចំពោះ​ការ​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ផែនទី​ដែល​ រដ្ឋាភិបាល​ទទួល​បាន​ពី​ភាគី​នានា​វិញ លោក ហ៊ុន សែន ថ្លែង​ថា រឿង​នេះ​គឺ​ចប់​សព្វគ្រប់​អស់​ហើយ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​កិច្ច​ប្រជុំ​របស់​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ឲ្យ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា ធ្វើ​ការងារ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បន្ត​ទៀត។

ព្រំដែន​គោក​កម្ពុជា-វៀតណាម មាន​ប្រវែង​ប្រមាណ ១.២៧០​គីឡូ​ម៉ែត្រ។ រដ្ឋាភិបាល​ថ្លែង​ថា ក្នុង​ចំណោម​បង្គោល​ទាំងអស់ ៣១៤​បង្គោល រដ្ឋាភិបាល​កម្ពុជា-វៀតណាម បោះ​បាន​ប្រហែល ៨៣​ភាគរយ​រួច​ហើយ។

លោក ហ៊ុន សែន លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ប្រជាជាតិ ចំពោះ​រឿង​ផែនទី ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ជាតិ។

អ៊ុំ សំអាន ៦២០
តំណាងរាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាំន (ស្ដាំ) លើក​បង្ហាញ​ផែនទី​​កម្ពុជា ដែល​លោក​អះអាង​ថា ជា​ប្រភេទ​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៥។ Photo provided

ឆ្លើយ​តប​នឹង​ការ​ព្រមាន​របស់ លោក ហ៊ុន សែន ពេល​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បក្ស​ប្រឆាំង​មិន​ដែល​យក​រឿង​ព្រំដែន​ធ្វើ​ជា​ឧបករណ៍ ដើម្បី​ជា​ការ​ចំណេញ​នយោបាយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ការងារ​ព្រំដែន​នេះ​ត្រឹមត្រូវ ហើយ​ធានា​ថា​មិន​មាន​ការ​បាត់បង់​ទឹក​ដី បក្ស​ប្រឆាំង​នឹង​គាំទ្រ ហើយ​សុខ​ចិត្ត​ឲ្យ​បក្ស​កាន់​អំណាច​ចំណេញ​នយោបាយ​ក្នុង​រឿង​នេះ​ទៅ​ចុះ។ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​រឿង​ព្រំដែន​នៅ​តែ​មាន​បញ្ហា នោះ​បក្ស​ប្រឆាំង​ក៏​មិន​អាច​នៅ​សម្ងំ​ស្ងៀម​បាន​ដែរ៖ «បើ​ថា​បោះ​ ត្រឹមត្រូវ​មិន​តវ៉ា​អី​ទេ ក៏ប៉ុន្តែ​បើ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​តំណាង​រាស្ត្រ យើង​ឱប​ដៃ​មើល​យ៉ាង​ម៉េច​កើត? ឧបមា​ប្រជាពលរដ្ឋ​ថា​បោះ​បង់​ដី​គាត់ ឬ​ក៏​ប្រាប់​ថា​ការ​បោះ​ហ្នឹង​មិន​ទាន់​ត្រឹមត្រូវ​តាម​ផែនទី ឬ​មួយ​ក៏​បោះ​ចូល​ដី​ខ្មែរ នៅ​តែ​មាន​ការ​បំពាន បើ​មាន​ការ​ប្តឹងផ្តល់​បែប​នេះ យើង​ទាំងអស់​គ្នា​គួរ​តែ​ទៅ​មើល គួរ​តែ​តាមដាន​ទាំងអស់​គ្នា។»

លោក យឹម សុវណ្ណ ថ្លែង​ថា ក្រៅ​ពី​បញ្ហា​ព្រំដែន នៅ​មាន​បញ្ហា​សង្គម​ជាច្រើន​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​ជួប​ប្រទះ ហើយ​ដែល​បក្ស​ប្រឆាំង​ត្រូវ​ខ្វាយខ្វល់ ក្នុង​នោះ​មាន​ដូចជា បញ្ហា​អំពើ​ពុក​រលួយ ភាព​ក្រីក្រ​របស់​ពលរដ្ឋ គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ ការ​បាត់បង់​ដីធ្លី ការ​បាត់បង់​ធនធាន​ធម្មជាតិ ឬ​ការ​បំផ្លាញ​ព្រៃ​ឈើ ជាដើម។

ទាក់ទង​នឹង​រឿង​ផែនទី​វិញ លោក យឹម សុវណ្ណ បញ្ជាក់​ជា​ថ្មី​ថា បក្ស​ប្រឆាំង​មិន​អាច​បញ្ជាក់​ជំហរ​បាន​នៅ​ឡើយ​ទេ ដោយ​លោក​ថា បក្ស​ប្រឆាំង​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត។ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ពេល លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រឡប់​មក​កម្ពុជា វិញ។ លោក​ថា លុះ​ណា​តែ​មាន​ការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន ទើប​បក្ស​ប្រឆាំង​អាច​ប្រកាស​ជំហរ​របស់​ខ្លួន​បាន៕



2 comments:

  1. Anonymous12:46 PM

    Ah Roleuy Hun Sen,
    Abolish the bilateral treaties with the evil Yuon, and strictly implement the Paris Peace Accord, then Khmer people will unreservedly applaud you Ah Roleuy !!

    ReplyDelete
  2. Anonymous1:50 PM

    Ayang Yuon Heuy Tha Min Ayang Yuon !!

    ReplyDelete