លោក កឹម សុខា ថា, មិនរើសអើង ជាតិសាសន៍, ប៉ុន្តែ រើសអើង នរណា ដែលដណ្ដើម យកដីខ្មែរ
RFA / វិទ្យុ អាស៊ី សេរី | ២៤ កញ្ញា ២០១៥
![កឹម សុខា ៦២០ កឹម សុខា ៦២០](http://www.rfa.org/khmer/news/politics/interview-kemsokha-09092015235246.html/kemsokha620.jpg/image)
អនុប្រធានទី១នៃរដ្ឋសភា
និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
ផ្ដល់បទសម្ភាសន៍ពេលចេញពីជួបសកម្មជន
និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅពន្ធនាគារព្រៃស
កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៥។ RFA/Morm Moniroth
អនុប្រធាន គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន រដ្ឋសភា លោក កឹម សុខា អះអាងថា, លោក មិនរើសអើង ជាតិសាសន៍ ណាមួយឡើយ, ប៉ុន្តែ លោក រើសអើង នរណា ដែលដណ្ដើម យកដីខ្មែរ។ សង្គមស៊ីវិល ស្វាគមន៍ សារនយោបាយនេះ។ ដោយឡែក មន្ត្រី រដ្ឋាភិបាល ថា, នេះ ជាពាក្យសម្ដី ភូតភរ ព្រោះ គណបក្ស សង្គ្រោះជាតិ រើសអើង ជនជាតិ វៀតណាម, ថា គណបក្ស សង្គ្រោះជាតិ មិនយក ជាតិសាសន៍ ណា ធ្វើជាសត្រូវ ប៉ុន្តែ រើសអើង តែ នរណា ចង់បាន ទឹកដីខ្មែរ ប៉ុណ្ណោះ។ ថ្លែងនៅ ចំពោះមុខ ជនជាតិចាម នៅថ្ងៃ ទី២៤ ខែកញ្ញា ក្នុងពិធីបុណ្យ “រ៉ូយ៉ាហាជី” ជាប្រពៃណី ជនជាតិចាម នៅខេត្ត កំពង់ឆ្នាំង, លោក កឹម សុខា ថា, លោក ត្រូវតែ តវ៉ា ប្រឆាំង ចំពោះ អ្នក ដែលចង់ ឈ្លានពានយក ទឹកដី ខ្មែរ។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន
នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥។ RFA/Brach Chev
សារ របស់ មេដឹកនាំ គណបក្ស ប្រឆាំង នៅពេលនេះ បន្ទាប់ ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ ទី២១ ខែកញ្ញា បានស្នើទៅ អ្នករាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ឲ្យជួយ ពិនិត្យមើល ទៅលើ ការរើសអើង ពូជសាសន៍ នៅក្នុងប្រទេស កម្ពុជា ដែលលោក យល់ថា, ការរើសអើងនេះ អាចធ្វើ ឲ្យប្រទេស មានសង្គ្រាម។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ថា ការថ្លែងរបស់ លោក កឹម សុខា នៅពេលនេះ ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។ លោកបន្តថា សកម្មភាពរបស់ លោក កឹម សុខា ឬគណបក្សសង្គ្រោះជាតិ កន្លងមក គឺមានការរើសអើងជនជាតិវៀតណាម ដែលខុសពីអ្វីដែល លោក កឹម សុខា និយាយនៅពេលនេះ។
លោក ផៃ ស៊ីផាន បន្តទៀតថា គណបក្សសង្គ្រោះជាតិ តែងយកបញ្ហាវៀតណាម រឿងព្រំដែនកម្ពុជា-វៀតណាម ឬខ្មែរកម្ពុជាក្រោម ធ្វើជាទិសដៅរបស់ខ្លួន។
ចំណែកមន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា ស្វាគមន៍សារនយោបាយរបស់អ្នកនយោបាយណា ដែលនិយាយពីការមិនប្រកាន់ពូជសាសន៍។ លោកថា ការថ្លែងរបស់ លោក កឹម សុខា ជាសារបង្ហាញទៅពលរដ្ឋខ្មែរ និងជនបរទេស មិនឲ្យមានការព្រួយបារម្ភពីការរើសអើងជាតិសាសន៍របស់គណបក្សមួយ នេះ។
ថ្លែងនៅសន្និសីទសារព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេស កម្ពុជា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បញ្ចេញទស្សនៈថា ការរើសអើងពូជសាសន៍ជាកង្វល់របស់រដ្ឋនីមួយៗ។ អ្នកស្រីបន្តថា នៅក្នុងលំហនយោបាយកម្ពុជា មិនគួរមានការរើសអើងពូជសាសន៍ ការស្អប់ខ្ពើមជនបរទេស និងការរើសអើងប្រភេទណាមួយឡើយ៕
No comments:
Post a Comment