Paris Peace Accords 23 Oct. 1991

Tuesday, September 8, 2015

[Vietnamization] ទស្សនៈ​ ពលរដ្ឋ​ខ្មែរ ​រស់​នៅ​ ក្បែរ​ព្រំដែន​ វៀតណាម ​ជុំវិញ​ ការ​ផ្ទៀងផ្ទាត់ ​ផែនទី | Opinions of Cambodians living along the border with Vietnam re map verification

ទស្សនៈ​ ពលរដ្ឋ​ខ្មែរ ​រស់​នៅ​ ក្បែរ​ព្រំដែន​ វៀតណាម ​ជុំវិញ​ ការ​ផ្ទៀងផ្ទាត់ ​ផែនទី

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ កញ្ញា ២០១៥

ព្រំដែន ត្បូងឃ្មុំ ៦២០
ប៉ូលិស​ព្រំដែន​ខ្មែរ​អន្តរាគមន៍​ខ្លាច​ពលរដ្ឋ​ខ្មែរ​ប៉ះទង្គិច​ ខ្លាំង​ជាមួយ​ប៉ូលិស​ព្រំដែន​វៀតណាម នា​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៥។  RFA/Uon Chhin
ប្រជាពលរដ្ឋ ​រស់នៅ ​តាម​ខ្សែបន្ទាត់ ​ព្រំដែន ក្នុង​ស្រុក ​មេមត់, ខេត្ត​ ត្បូងឃ្មុំ យល់​ឃើញ ​ស្រដៀង​គ្នា ​ជុំវិញ​ ការ​ផ្ទៀងផ្ទាត់ ​ផែនទី​ ពី​សំណាក់​ រាជរដ្ឋាភិបាល ​នៅ​ពេល ​ថ្មីៗ​នេះ ថា, ​អាច​មាន​ ការ​ខុស​គ្នា ​រវាង ​ផែនទី និង​ផ្ទៃដី ព្រោះ​ ការ​បោះ​បង្គោល​ ព្រំដែន​ កម្ពុជា-​វៀតណាម កន្លង​មក​ ធ្វើ​ឲ្យ​ បាត់បង់​ ដី​ស្រែ ​របស់ ​ពលរដ្ឋ។  ម្យ៉ាង​ទៀត បើ ទោះបី​ ជា​ការ​ផ្ទៀងផ្ទាត់​ ផែនទី​នោះ​ ត្រូវរ៉ូវ​គ្នា​ ក៏ដោយ ប៉ុន្តែ ​ពួកគេ​ ចង់​ឱ្យ​ រាជរដ្ឋាភិបាល​ ធ្វើ​ការងារ​ នេះ ​ដោយ​តម្លាភាព និង​រក ​ឱ្យ​ឃើញ​ ភាព​ត្រឹមត្រូវ​ នៅ​លើ​ផ្ទៃដី​ ជាក់ស្ដែង ​បន្ត​ទៀត។

តើ ​រាជរដ្ឋាភិបាល ​គប្បី​ ធ្វើ​ការងារ​ ដូច​ម្ដេច​ ដើម្បី​ អាច​ឱ្យ​ ប្រជាពលរដ្ឋ​ស្ ងប់​ចិត្ត?

ការងារ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​បច្ចុប្បន្ន ជាមួយ​បណ្ដា​ផែនទី​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​បារាំង ពី​អង្គការ​សហប្រជាជាតិ ពី​គណបក្ស​ប្រឆាំង គឺ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។ ដំណើរការ​​នោះ​បង្ហាញ​ថា ផែនទី​ដែល​យក​ផ្ទៀងផ្ទាត់ គឺ​ត្រូវ​គ្នា​ជាមួយ​ផែនទី​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ បច្ចុប្បន្ន។

យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ ខ្លះ​រីករាយ​ចំពោះ​ដំណើរការ​ផ្ទៀងផ្ទាត់​ផែនទី ប៉ុន្តែ​អ្នក​ខ្លះ​ទៀត គឺ​មិន​សប្បាយ​ចិត្ត​ឡើយ ខណៈ​រដ្ឋាភិបាល​អះអាង​ថា ជា​ផែនទី​ត្រឹមត្រូវ រី​ឯ​ផ្ទៃដី​របស់​ពលរដ្ឋ​ធ្លាប់​កាន់កាប់​ចេះ​តែ​រង​ការ​រំលោភ​បំពាន​ពី​ សំណាក់​ភាគី​វៀតណាម​នោះ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ លោក គង់ វើក មាន​ប្រសាសន៍​ថា ត្បិតតែ​លោក​មិន​សូវ​តាមដាន​ពី​បញ្ហា​ផែនទី​នោះ​ក៏ដោយ ប៉ុន្តែ​លោក​យល់​ថា រឿង​ផែនទី និង​រឿង​ទឹកដី រាជរដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រឹមត្រូវ៖ «ខ្ញុំ​គ្រាន់តែ​សុំ​ខាង​រដ្ឋាភិបាល​យើង​ហ្នឹង​ឱ្យ​វែកញែក ផ្ទៀងផ្ទាត់​ឱ្យ​បាន​ត្រឹមត្រូវ កុំ​ចេះ​តែ​ស្មានៗ។»

ប្រជាពលរដ្ឋ​ភូមិ​ជើង ឃុំ​ជាំ ហាក់​បារម្ភ​ជាង​គេ​ជុំវិញ​រឿង​ទឹកដី ព្រោះ​ប្រជាកសិករ​ខ្មែរ​ខ្លះ​ធ្លាប់​រង​ការ​ធ្វើ​បាប​ពី​សំណាក់​ភាគី​វៀតណាម ជា​រឿយៗ។ ជាក់ស្តែង​កងកម្លាំង​អាជ្ញាធរ​វៀតណាម មក​បាញ់​ថ្នាំពុល​បំផ្លាញ​ដំណាំ​របស់​ពួកគាត់ ហើយ​ពួកគេ​ចូល​មក​ដក​បន្លែបង្ការ​របស់​អ្នក​ភូមិ និង​បញ្ជា​ឱ្យ​ពលរដ្ឋ​ខ្មែរ​បំផ្លាញ​ដំណាំ​របស់​ខ្លួន​ឯង​ជាដើម។

មិន​ខុស​គ្នា​នេះ ប្រជាពលរដ្ឋ​មួយ​រូប​ទៀត លោក ចាន់ យឿន ហាក់​រីករាយ​នៅ​ពេល​ឮ​ថា ការ​ផ្ទៀងផ្ទាត់​ផែនទី​ភាគ​ច្រើន​ត្រូវ​គ្នា ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​ក្រែង​តែ​ភាព​ត្រឹមត្រូវ​នោះ​មាន​តែ​នៅ​លើ​ក្រដាស រី​ឯ​ផ្ទៃដី​ជាក់​ស្តែង គឺ​ខុស​គ្នា​ទៅ​វិញ។ លោក​ស្នើ​ឱ្យ​យក​ផែនទី​ត្រឹមត្រូវ​មក​ពិនិត្យ​លើ​ដី​ជាក់ស្ដែង​ទើប​ជា​ការ​ ល្អ។

ជាមួយ​គ្នា​នេះ មេ​ឃុំ​ជាំ លោក ប្រាក់ វន្នី មាន​ប្រសាសន៍​ថា ខាង​រដ្ឋាភិបាល​គឺ​បាន​បង្ហាញ​ពី​តម្លាភាព​របស់​ខ្លួន​តាម​រយៈ​ការ​ ផ្ទៀងផ្ទាត់​ផែនទី​រួម​គ្នា ក៏ប៉ុន្តែ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​បច្ចុប្បន្ន​វិញ គឺ​ចង់​ឱ្យ​រាជរដ្ឋាភិបាល​បង្ហាញ​ការ​ពិត​ជុំវិញ​រឿង​ទឹកដី​របស់​ពួកគាត់។ បើ​មិន​ដូច្នេះ ពួកគាត់​នៅ​តែ​រស់​នៅ​ក្នុង​ភាព​មិន​ស្ងប់​ចិត្ត​រហូត៖ «ចង់ ​ឱ្យ​បង្ហាញ​ការ​ពិត តើ​ព្រំប្រទល់​ពិត​នៅ​ត្រឹម​ណា? អ៊ីចឹង​គាត់​ចង់​ដឹង​ណាស់។ គាត់​ស្ដាប់​រឿង​ផែនទី និង​ផ្ទៃ​ដី​នោះ គឺ​គាត់​ចង់​សំណូមពរ​ទៅ​រដ្ឋាភិបាល​ដើម្បី​បង្ហាញ​ការ​ពិត។» 

លោក​បញ្ជាក់​ថា លោក​មិន​អាច​រារាំង​កិច្ចការ​​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​ឡើយ ប៉ុន្តែ​លោក​ចង់​ឱ្យ​រដ្ឋាភិបាល​បំពេញ​ការងារ​ដោយ​តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ដោយ​ឡែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទ្រាក លោក ស៊ូ យ៉េន យល់​ថា រឿង​ទឹកដី​គឺ​ជា​រឿង​ជាតិ​ទាំង​មូល ហើយ​លោក​មិន​ពេញ​ចិត្ត​ទេ​ចំពោះ​ការងារ​របស់​រាជរដ្ឋាភិបាល​ធ្វើ​សព្វថ្ងៃ ព្រោះ​ការ​ផ្ទៀងផ្ទាត់​ផែនទី​កន្លង​មក គឺ​ធ្វើ​ឡើង​តែ​នៅ​លើ​ក្រដាស ឬ​លើ​តុ​ច្រើន​ជាង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ទើរ​ទូទាំង​នគរ​នៅ​តែ​ងឿង​ឆ្ងល់។ មិន​តែ​ប៉ុណ្ណោះ ការ​វាស់វែង ឬ​បោះ​បង្គោល​មួយ​ចំនួន​នៅ​តំបន់​លោក​រស់​នៅ​កន្លង​មក គឺ​នៅ​មាន​ភាព​លាក់លៀម ពោល​គឺ​នៅ​ពេល​បោះ​បង្គោល​ព្រំដែន ពេល​ខ្លះ​ឃើញ​តែ​ភាគី​វៀតណាម ជា​អ្នក​ធ្វើ។

លោក ស៊ូ យ៉េន៖ «ប្រសិន​បើ​នៅ​តែ​លើ​ក្រដាស ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​មិន​ដឹង​ភាព​ជាក់លាក់​មួយ​ណា ខ្ញុំ​មិន​អាច​ទទួល​យក​បាន។»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា ការ​ផ្ទៀងផ្ទាត់​ផែនទី​តែ​មួយ គឺ​មិន​គ្រប់គ្រាន់​ទេ។ ដូច​នេះ ត្រូវ​ពិនិត្យ​មើល​លើ​ដី​ជាក់ស្ដែង​ថែម​ទៀត។

ទាក់ទង​បញ្ហា​ទាំង​នេះ អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា អ្នកស្រី កុយ ពិសី មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ក្តី​របស់​លោក សម រង្ស៊ី ក្តី គឺ​ជា​រឿង​មិន​អាច​ទៅ​រួច ព្រោះ​សកម្មភាព​បោះបង្គោល​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ដែល​សម្រេច​បាន​ជាង ៨០​ភាគរយ​ គឺ​ត្រឹមត្រូវ ដោយ​អនុលោម​តាម​ផែនទី​បោន​ខ្នាត ១/១០០.០០០ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ហើយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត​ផង។ លើស​ពី​នេះ​ទៀត ការ​ផ្ទៀងផ្ទាត់​ផែនទី​កន្លង​មក គឺ​បង្ហាញ​ថា ផែនទី​របស់​រដ្ឋាភិបាល​ប្រើ គឺ​ពិត​ជា​ត្រឹមត្រូវ។ ដូច្នេះ មិន​មាន​អ្វី​ខុស​ទៅ​នឹង​ផ្ទៃដី​ជាក់ស្តែង​ទេ លើកលែងតែ​តំបន់​ខ្លះ​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ ប្រជាពលរដ្ឋ​ ដោយ​តម្រូវ​ឱ្យ​មាន​ការ​ដោះដូរ​ដី​គ្នា​តែប៉ុណ្ណោះ។

អ្នកស្រី កុយ ពិសី៖ «ធ្វើ​រាល់​ថ្ងៃ​នេះ ខ្ញុំ​ធ្វើ​នៅ​លើ​ដី​ជាក់ស្ដែង​ហើយៗ ហើយ​បើ​ឱ្យ​យើង​ខ្ញុំ​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ណា​ទៀត គឺ​យើង​ខ្ញុំ​គ្មាន​ភារកិច្ច​ទៅ​ផ្ទៀងផ្ទាត់​នោះ​ទេ។»

អ្នកស្រី​បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា សកម្មភាព​បំពេញ​ការងារ ឬ​ការ​បោះ​បង្គោល​ព្រំដែន​ពី​សំណាក់​​ភាគី​ទាំង​ពីរ ថា​មិន​មាន​តម្លាភាព​ ឬ​មាន​តែ​ភាគី​វៀតណាម ជា​អ្នក​ធ្វើ​ឡើង​នោះ​ អ្នកស្រី​ថា គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន៖ «យើង​ចូលរួម​ជាមួយ​គ្នា​គ្រប់​សកម្មភាព​ទាំង​អស់​ឱ្យ​ទាក់ទង​រឿង​បង្គោល​ព្រំដែន គឺ​ទ្វេ​ភាគី។ ដាច់​ខាត គឺ​ទ្វេ​ភាគី។»

មន្ត្រី​កិច្ចការ​ព្រំដែន​ដដែល​បន្ថែម​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​មាន​ការ​យល់​ដឹង​ត្រឹមត្រូវ គឺ​ពួកគេ​នឹង​ស្ងប់​ចិត្ត​ចំពោះ​ការងារ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ ក៏​ប៉ុន្តែ មាន​ប្រជាពលរដ្ឋ​ខ្លះ​ដែល​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង គឺ​មិន​អាច​ស្ងប់ចិត្ត​បាន​ឡើយ។ ជាង​នេះ​ទៀត ពួកគេ​ទាំង​នោះ គឺ​បង្ក​ការ​លំបាក​ដល់​កិច្ច​ការងារ​របស់​រដ្ឋាភិបាល​ទៀត​ផង។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា បញ្ហា​ផែនទី​ក្តី បញ្ហា​ព្រំដែនក្តី ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ គឺ​មិន​អាច​ធ្វើ​ឱ្យ​ជន​រួម​ជាតិ​ស្ងប់​ចិត្ត​បាន​ទេ ព្រោះ​វា​មិន​មាន​តម្លាភាព។ ជាក់ស្ដែង​មាន​មនុស្ស​ជា​ច្រើន​កំពុង​ភ័យ​ខ្លាច​ចំពោះ​រឿង​នេះ និង​មាន​មួយ​ចំនួន​ត្រូវ​ជាប់​ពន្ធនាគារ ដោយសារ​តែ​ការ​លើក​ឡើង​ពី​បញ្ហា​ផែនទី និង​បញ្ហា​ព្រំដែន​នោះ។

លោក​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ស្ងប់ចិត្ត​បាន រដ្ឋាភិបាល​ត្រូវ​ធ្វើ​រឿង​នេះ ឱ្យ​មាន​តម្លាភាព​បំផុត និង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​ភាគី​ទី​បី ដើម្បី​ឱ្យ​គេ​ជួយ​សម្របសម្រួល​លើ​បញ្ហា​ទាំង​នេះ ឬ​ក៏​អាច​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​តែម្ដង៖ «រដ្ឋាភិបាល​អាច​ប្ដឹង​ ទៅ​អង្គការ​សហប្រជាជាតិ ឬ​ប្រទេស​មហា​អំណាច​ទាំង​ប្រាំ ព្រោះ​គេ​អាច​មាន​មធ្យោបាយ​ពីរ ទី​មួយ គេ​អាច​ឱ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​គេ​មក​សម្របសម្រួល ឬ​មន្ត្រី​ជំនាញ។ ទីពីរ អាច​ផ្ដល់​ឱកាស​ដល់​តុលាការ​អន្តរជាតិ។»

លោក​បន្ថែម​ទៀត​ថា ស្ថានភាព​រំលោភ​បំពាន​របស់​ភាគី​វៀតណាម មក​លើ​កម្ពុជា គឺ​មាន​ច្រើន​ជាង​បញ្ហា​កើត​ឡើង​ជាមួយ​ប្រទេស​ថៃ កន្លង​មក។ ដូច​នេះ ប្រសិនបើ​អាច ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្រមូល​ភស្តុតាង​ដែល​វៀតណាម រំលោភ​បំពាន​មក​លើ​កម្ពុជា តាំង​ពី​ក្រោយ​សម័យ​ខ្មែរ​ក្រហម​ប្ដឹង​ទៅ​អន្តរជាតិ​តែម្ដង នោះ​ទើប​ធានា​ថា បញ្ហា​ទាំងឡាយ​​អាច​ដោះស្រាយ​បាន។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ថា បើ​សិន​រដ្ឋាភិបាល​ពុំ​មាន​យន្តការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ច្បាស់លាស់​ទេ ដី​ស្រែ​របស់​ពួកគាត់​ដែល​ប្រើប្រាស់​តាំង​ពី​ជី​ដូន​ជីតា​មក​នោះ នឹង​កាន់​តែ​បាត់បង់​ជា​មិន​ខាន ដោយសារ​តែ​ការ​ឈ្លានពាន​ពី​ភាគី​វៀតណាម៕


1 comment:

  1. Anonymous10:42 PM

    When will the lightning strike this Khmer traitor Hun Sen ?

    When will the cheap KI's administrators stop serving Hun Sen by allowing Khmer people to make comments freely?

    ReplyDelete