តំណាងរាស្ត្រ បក្សប្រឆាំង ស្នើលោក វ៉ា គឹមហុង បកស្រាយ ជាថ្មី រឿងដីស្រែ-ចម្ការ ជាប់ព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ១១ កញ្ញា ២០១៥
តំណាងរាស្ត្រ គណបក្សប្រឆាំង ស្នើឲ្យ គណៈកម្មាធិការ ចម្រុះ ទទួលបន្ទុក កិច្ចការព្រំដែន លោក វ៉ា គឹមហុង បកស្រាយ ជាថ្មី ម្តងទៀត ពាក់ព័ន្ធ ដីស្រែ-ចម្ការ របស់ ប្រជាពលរដ្ឋ ជាង៣០ ហិកតារ នៅភូមិ ធ្នង់, ឃុំ ថ្នាធ្នង់, ស្រុក រំដួល, ខេត្ត ស្វាយរៀង ជាប់ព្រំដែន វៀតណាម និងសូម ឲ្យគណៈកម្មាធិការនេះ ចុះពិនិត្យ ជាក់ស្តែង នៅតំបន់នោះ ឲ្យបាន ច្បាស់លាស់។
លិខិតនេះ ចុះហត្ថលេខា ដោយអ្នក តំណាងរាស្ត្រ ពីររូប របស់ គណបក្ស សង្គ្រោះជាតិ គឺ លោក អ៊ូ ច័ន្ទឫទ្ធិ និងលោក គង់ សភា កាលពីថ្ងៃ ទី៤ កញ្ញា តាមរយៈប្រធាន រដ្ឋសភា លោក ហេង សំរិន, ហើយ លោក ហេង សំរិន ទើប នឹងបានចារ បញ្ជូន នៅថ្ងៃទី១១ កញ្ញា។
លិខិតដដែល ក៏បានស្នើសុំឲ្យនាយករដ្ឋមន្ត្រី ពិនិត្យ និងសើរើការបោះតម្រុយបង្គោលព្រំដែននៅចន្លោះបង្គោលលេខ១៤៧-១៤៨ ដែលបានបោះចូលមកក្នុងទឹកដីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាង ៣០ហិកតារនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ លិខិតរបស់ក្រុមអ្នកតំណាងរាស្ត្រដដែល បានបង្ហាញទៀតថា ការបោះបង្គោលខណ្ឌសីមាព្រំដែននៅចន្លោះបង្គោលលេខ១៤៧-១៤៨ តាមផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន នោះ ពុំបានធ្វើឲ្យកម្ពុជា បាត់បង់ដីស្រែចម្ការជាង ៣០ហិកតារទៅខាងប្រទេសវៀតណាម នោះឡើយ ក្នុងនោះក៏បានបញ្ជាក់ថា ផែនទីដដែលនេះ ចម្ការស្វាយចន្ទីរបស់ពលរដ្ឋខ្មែរមួយផ្នែក និងផ្នូរដូនតាពួកគាត់ ត្រូវកាត់ចេញពីដីកម្ពុជា។
ប៉ុន្តែបើយោងលើអនុស្សរណៈយោគយល់គ្នា (MOU) ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ស្ដីពីការកែសម្រួលខ្សែបន្ទាត់ព្រំដែនគោកនៅតំបន់ដែលនៅសេសសល់មួយ ចំនួននោះ គឺដីចម្ការស្វាយចន្ទីទាំងមូល និងផ្នូរដូនតារបស់ពលរដ្ឋកម្ពុជា ត្រូវបានរក្សាឲ្យនៅដដែល ដើម្បីទុកជូនពួកគាត់បានកាន់កាប់បន្តទៀត។
ទាក់ទងនឹងការស្នើសុំរបស់ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងនេះ គណៈកម្មាធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង នៅថ្ងៃទី១១ កញ្ញា មិនធ្វើអត្ថាធិប្បាយយ៉ាងណាទេ ដោយលោកបញ្ជាក់ថា មិនទាន់បានឃើញលិខិតស្នើសុំនោះនៅឡើយ៕
No comments:
Post a Comment