ពលរដ្ឋ ស្រុក ពញាឮ ចោទអាជ្ញាធរ ថា, ឃុបឃិត ជាមួយ ឈ្មួញ, លួចផ្ទេរ កម្មសិទ្ធិ ដីស្រែ
RFA / វិទ្យុ អាស៊ី សេរី | ២០ កញ្ញា ២០១៥
ប្រជាពលរដ្ឋ ចោទប្រកាន់ អាជ្ញាធរ ឃុំ ទំនប់ធំ នៃស្រុក ពញាឮ ថា បានលួចផ្ទេរ កម្មសិទ្ធិ ដីស្រែ ដោយស្ងាត់ៗ ឲ្យទៅឈ្មួញ។ ពាក់ព័ន្ធរឿងនេះ មេឃុំ ទំនប់ធំ ទទួលស្គាល់ ថា, ពិតជាមាន បញ្ហានេះមែន ក៏ប៉ុន្តែ លោក ធ្វើឡើង ដោយមាន ការព្រមព្រៀង របស់ ប្រជាពលរដ្ឋ ដែលចង់ លក់នោះ។
តំណាង ប្រជាពលរដ្ឋ បានឲ្យដឹង ថា, ផ្ទៃដីស្រែ ប្រមាណ ជាង ១០០ ហិកតារ (១០២ ហិកតារ) បានក្លាយ ជាដី ដែលមាន វិវាទ បន្ទាប់ ពីអាជ្ញាធរ ភូមិ និងឃុំ ព្យាយាម ផ្ទេរសិទ្ធិ កាន់កាប់ ឲ្យទៅឈ្មួញ រកស៊ីដី ដោយពុំមាន ការឯកភាព ពីប្រជាពលរដ្ឋ នៅក្នុងភូមិ។
ដី ដែលមាន ទំនាស់នេះ គឺ ស្ថិតនៅក្នុងភូមិ ចំនួនពីរ, គឺ ភូមិ ដំណាក់ព្រីង និងភូមិ ត្រពាំងព្រៃភូមិ ក្នុងឃុំ ទំនប់ធំ, ស្រុក ពញាឮ, ខេត្ត កណ្ដាល។ ប្រជាពលរដ្ឋ បានឲ្យដឹង ថា វិវាទនេះ កើតឡើង បន្ទាប់ ពីអាជ្ញាធរ បានលួចផ្ទេរ កម្មសិទ្ធិ ឲ្យឈ្មោះ សំ ឌឹម ជាឈ្មួញ រកស៊ីដី កាលពីចុងខែ ធ្នូ ឆ្នាំ២០១៤។
លោក ឡេង លឹម ដែលអះអាងថាជាតំណាងឲ្យប្រជាពលរដ្ឋប្រមាណ ៨០គ្រួសារ ចោទប្រធានភូមិ និងឃុំ ថាបានលួចផ្ទេរសិទ្ធិកាន់កាប់ដីជាង ១០០ហិកតារ ដែលពលរដ្ឋគ្រប់គ្រងរាល់ថ្ងៃឲ្យទៅឈ្មោះ សំ ឌឹម ដោយពុំមានការឯកភាពពីពលរដ្ឋម្ចាស់ម្ដងណាឡើយ។ លើសពីនេះទៀត លោក ឡេង លឹម បញ្ជាក់ថា មូលហេតុដែលនាំឲ្យរឿងនេះផ្ទុះឡើង ហើយប្រជាពលរដ្ឋបានដឹង គឺក្រោយពីមន្ត្រីធនាគារឯកជន ចុះអង្កេតលើប្លង់កម្មសិទ្ធិដីដែលឈ្មោះ សំ ឌឹម យកទៅបញ្ចាំកាលពីពេលថ្មីៗនេះ។ លោកបន្តថា «បានដឹងតែពីអ្នក ដែលចង់ទិញដី ឬអ្នកដែលមកមើលដីដែល លោក សំ ឌឹម ពពាយនាយលក់ចរាចរពេញទូទាំងប្រទេស ដឹងពីអ្នកទាំងនោះវិញទេ បើប្រជាពលរដ្ឋ គឺគ្មានដឹងអីទេ។ បើតាមអាជ្ញាធរ គឺអាជ្ញាធរគ្មានចំណាត់ការអីទេ។»
បើទោះជាបែបណា សង្គមស៊ីវិលក្នុងស្រុកអះអាងថា បញ្ហាដីធ្លីនៅតែបន្តកើតឡើងក្នុងប្រទេសកម្ពុជា បើទោះបីជារដ្ឋាភិបាលបង្ហាញតួលេខថា ទំនាស់ដីធ្លីនៅកម្ពុជា សល់ជាង ៧០០ករណីទៀតដែលត្រូវបន្តដោះស្រាយឲ្យបានចប់យ៉ាងណាក្តី។
ឆ្លើយតបរឿងនេះ លោក សំ ឌឹម ដែលរងការចោទប្រកាន់ថា ជាឈ្មួញដីលួចផ្ទេរកម្មសិទ្ធិដីតាមរយៈអាជ្ញាធរឃុំ បដិសេធថា ការលើកឡើងរបស់ប្រជាពលរដ្ឋ គឺពុំពិតឡើយ។ ផ្ទុយទៅវិញ លោកថ្លែងថា ការពិតប្រជាពលរដ្ឋទេជាអ្នកស្ម័គ្រចិត្តលក់ដីឲ្យលោក ក្នុងតម្លៃដែលបានព្រមព្រៀងគ្នា។ បន្ថែមពីលើនេះ លោក សំ ឌឹម ទម្លាក់កំហុសក្នុងរឿងនេះថា អ្នកដែលបង្កបញ្ហា គឺជាក្រុមមនុស្សដែលធ្លាប់ធ្វើការឲ្យលោក ហើយតែងលួចធ្វើលិខិតក្លែងក្លាយដើម្បីបន្លំលុយ ក្រោយពីដកសេចក្ដីទុកចិត្ត។ ដូចនេះហើយ ទើបពួកគេរកមធ្យោបាយប្ដឹងផ្ដល់រូបលោកវិញ។ លោកបន្តថា «ខ្ញុំថា មនុស្សប្រើមិនកើត ខ្ញុំមិនអាចទាក់ទងបានទេ។ ដល់ពេលវាខឹងពួកខ្ញុំមិនបានប្រើប្រាស់វា ខ្ញុំទិញដីហ្នឹងលុកលុយអស់ វាចេះតែវិទ្ធង្សនាម្ដងចេះម្ដងចុះ។»
ដោយឡែកមេឃុំទំនប់ធំ នៃស្រុកពញាឮ លោក នូ ឡេន ទទួលស្គាល់ថា ពិតជាមានរឿងរ៉ាវដូចនេះមែន ក៏ប៉ុន្តែបញ្ហានេះ គឺគ្រាន់តែជារឿងវាស់ក្បាលដីសម្រាប់រកអ្នកដែលចង់ទិញដី ប៉ុណ្ណោះ ហើយការធ្វើដូចនេះ គឺម្ចាស់ដីគ្រប់គ្នាចង់លក់ដី ពុំមានការរំលោភយកដីដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋណាមួយឡើយ។ ជាងនេះទៀត លោក នូ ឡេន អះអាងដាក់ជីវិត ប្រសិនបើការចុះវាស់វែងដីនេះ អាចបណ្ដាលទៅជាទំនាស់ដីទៅវិញនោះ។ លោកបន្តថា «អ្នកទិញណាទៅបោះបង្គោលលើប្រជាពលរដ្ឋ គឺខ្ញុំបាទជាមេឃុំហ្នឹង ដាក់ក្បាលធានាដាច់ខាត គឺគ្មានអតិថិជនណាមកដណ្ដើមដីពីប្រជាពលរដ្ឋ សូម្បីមួយចំអាម។»
ទោះយ៉ាងណា ប្រជាពលរដ្ឋដែលចោទប្រកាន់ថា អាជ្ញាធរលួចលក់ដីអ្នកភូមិនោះ បានប្ដឹងទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប៉ុន្តែពុំមានដំណោះស្រាយរកយុត្តិធម៌នោះឡើយ។
របាយការណ៍របស់អង្គការលីកាដូ (LICADHO) បង្ហាញថា ទំនាស់ដីធ្លីសម្រាប់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ មានចំនួន ១៨០ករណី សម្រាប់ខេត្ត-ក្រុងចំនួន១៦ ក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០១៤ ចំនួនអ្នករងការប៉ះទង្គិចដោយបញ្ហាដីធ្លីនេះ បានកើនឡើង ៥ម៉ឺននាក់ថែមទៀត។ ដូច្នេះ ចំនួននេះ បានកើនឡើង ដល់ ៨,៣សែន នាក់ហើយ ចាប់ពីឆ្នាំ២០០០ រហូត មកទល់ពេល បច្ចុប្បន្ន៕
No comments:
Post a Comment