ក្រុមការងារ គណបក្ស ជាប់ឆ្នោត បញ្ចប់កិច្ចពិភាក្សា វិសោធនកម្ម បទបញ្ជា ផ្ទៃក្នុង សភា
RFA / វិទ្យុ អាស៊ី សេរី | ៣០ កញ្ញា ២០១៥
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ
ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅវិមានរដ្ឋសភា
ក្រោយបិទបញ្ចប់កិច្ចប្រជុំវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
កាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៥។ RFA/Morm Moniroth
ក្រុមការងារ របស់ គណបក្ស ជាប់ឆ្នោត ទាំងពីរ បានបញ្ចប់ ការពិភាក្សាហើយ លើកំណែទម្រង់ ដែលនៅ សេសសល់ នៃបទបញ្ជា ផ្ទៃក្នុង រដ្ឋសភា។ តំណាងរាស្ត្រ មួយរូប មកពីគណបក្ស ជំទាស់ ដែលបាន ចូលរួម កិច្ចពិគ្រោះ យោបល់នេះ ចាត់ទុក ថា, ថ្វី បើ បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា បានបញ្ចប់ កិច្ចពិភាក្សាក្តី ក៏ខាង គណបក្ស ប្រឆាំង ត្រូវ ចំណាយពេល ពន្យល់បន្ថែមទៀត នៅក្នុងជំនួប កំពូល ដើមខែ តុលា ខាងមុខនេះ។
អង្គការ មិនមែន រដ្ឋាភិបាល យល់ឃើញ ថា, បើ ទោះជា កំណែទម្រង់ បទបញ្ជា ផ្ទៃក្នុង នៃរដ្ឋសភា ត្រូវ បានបញ្ចប់ ការពិគ្រោះ ក៏ដោយចុះ ក៏យន្តការនេះ នឹងមិនអាច ជួយធ្វើ ឲ្យសភា មានភាព ប្រសើរ ដដែល។
អ្នកវិភាគ នយោបាយ នៅតែ យល់ឃើញ ថា, បទបញ្ជា ផ្ទៃក្នុង រដ្ឋសភា ដែលទើប បញ្ចប់ ការជជែក ដេញដោល ដោយក្រុម ការងារ របស់ គណបក្ស នយោបាយ ទាំងពីរ នៅពេលនេះ បើ ទោះជាមាន ការកែទម្រង់ នូវប្រការ ខ្លះៗ ដែលសេសសល់ ក៏ដោយ ក៏វិសាលភាព ខ្លឹមសារ នៃបទបញ្ជា ផ្ទៃក្នុងនេះ នឹងមិន អាចបម្រើ ឲ្យគ្រប់សេចក្ដី ត្រូវការ បានឡើយ, ជាពិសេស ចំពោះ គណបក្ស នយោបាយ ដែលមាន សំឡេងតិចតួច នៅក្នុងសភា។
បើទោះជាបែបណា នៅថ្ងៃទី២០ ខែតុលា រដ្ឋសភានឹងសម្រេចអនុម័តច្បាប់បោះឆ្នោតដែលកំពុងធ្វើកំណែទម្រង់នេះ ហើយនិងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាផង។
ការរិះគន់របស់អ្នកឃ្លាំមើលផ្នែកនយោបាយពីអង្គការមិនមែន រដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងក្រោយពីកិច្ចពិគ្រោះយោបល់របស់ក្រុមការងារគណបក្សទាំងពីរ បានបិទបញ្ចប់នៃកំណែទម្រង់របស់ខ្លួនលើប្រការខ្លះដែលនៅសេសសល់នៃ បទបញ្ជាផ្ទៃរដ្ឋសភា។
ប្រការមួយចំនួនដែលគណបក្សទាំងពីរចាត់ទុកថា ចាំបាច់ត្រូវតែធ្វើវិសោធនកម្មនោះ រួមមានអ្នកនាំពាក្យរបស់សភា មិនត្រូវនាំពាក្យឲ្យបក្សនយោបាយតែម្ខាង គឺឈរលើគោលការណ៍អព្យាក្រឹត។ ការបង្កើតឲ្យមានក្រុមភាគច្រើន និងភាគតិចនៅក្នុងសភា គឺចាំបាច់ត្រូវតែមានថវិកាគាំទ្រសកម្មភាពដោយឡែករបស់ខ្លួន និងការបែងចែកតួនាទីឲ្យមានតម្លាភាព។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងក្រោយបិទបញ្ចប់កិច្ចពិគ្រោះយោបល់លើវិសោធនកម្មនៃបញ្ជា ផ្ទៃក្នុងរដ្ឋសភា កាលពីរសៀលថ្ងៃទី២៩ កញ្ញា ថា ចំណុចមួយចំនួនដែលគណបក្សទាំងពីរនៅបន្តខ្វែងគំនិតគ្នា ឥឡូវនេះ ក្រុមការងារទាំងពីរបក្សបានដើរដល់ចំណុចចុងក្រោយហើយ។
លោក សុន ឆ័យ សង្ឃឹមថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំទាំងពីរគណបក្សនៅដើមខែតុលា នេះ កិច្ចការដែលនៅសេសសល់ ហើយទើបបញ្ចប់កិច្ចពិគ្រោះយោបល់នៅពេលនេះ ទំនងអ្នកនយោបាយទាំងពីរនឹងឯកភាព៖ «យើងបានមូលមាត់គ្នា ព្រមព្រៀងរវាងគណបក្សទាំងពីរតាំងពីឆ្នាំ២០០៤ មក ក្នុងការដែលថា នឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីពិនិត្យមើលលទ្ធភាពក្នុងការ ធ្វើឲ្យបទបញ្ជាផ្ទៃក្នុងនេះ ធ្វើឲ្យមានលក្ខណៈល្អប្រសើរឡើង ដើម្បីដើរតួនាទីសភានេះកាន់តែមានភាពរឹងមាំ។»
ទាក់ទិនករណីនេះ ក្រុមការងាររបស់គណបក្សនយោបាយទាំងពីរដែលបានពិគ្រោះយោបល់ ផ្ដោតតែទៅលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលម្ខាងៗ មានតំណាងរាស្ត្រ ៤រូបនោះ ពីខាងគណបក្សប្រជាជនកម្ពុជា ពុំអាចសុំការបំភ្លឺបានទេ។ ទន្ទឹមនឹងនេះ លោក ឈាង វុន អ្នកនាំពាក្យឲ្យរដ្ឋសភាបដិសេធថា លោកជាប់រវល់ ពុំអាចសុំការអត្ថាធិប្បាយបានឡើយ នៅថ្ងៃទី២៩ ខែកញ្ញា។
ចំណែកអ្នកវិភាគនយោបាយយល់ឃើញថា បើទោះជាយ៉ាងនេះក៏ដោយចុះ ការព្យាយាមធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ នឹងមិនអាចជួយធ្វើឲ្យការធ្វើកំណែទម្រង់នេះបានប្រសើរនោះទេ។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត អះអាងថា ថ្វីបើក្រុមការងារទាំងពីរគណបក្សបានបញ្ចប់ការធ្វើវិសោធនកម្មក្តី ក៏មធ្យោបាយនេះ នឹងនៅតែជាការប្រឈមសម្រាប់សភាដែលធ្លាប់រងការរិះគន់ពីសាធារណជន ថា ជាសភាធ្វើការបានតិចតួចសម្រាប់ប្រយោជន៍សាធារណៈជាហូរហែកន្លងទៅ នេះ។
លោកបន្តថា៖ «បទបញ្ជាផ្ទៃក្នុងរដ្ឋសភារឹតបន្តឹងមែនទែន សម្រាប់គណបក្សតូចតាច ហើយគណបក្សដែលអត់កាន់អំណាច។ អត់មានការប្រកួតប្រជែងដូចជា សវនកម្ម ឬមួយការកោះហៅនាយករដ្ឋមន្ត្រីឲ្យឆ្លើយរៀងរាល់សប្ដាហ៍ដូចប្រទេសគេ ឬមួយហៅឲ្យមន្ត្រីមួយៗ ចូលឆ្លើយក្នុងគណៈកម្មការសភា។»
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដែលគណបក្សទាំងពីរអះអាងថា ចាំបាច់ត្រូវតែធ្វើវិសោធនកម្មលើប្រការខ្លះៗនោះ មាន ១៧ជំពូក និង ៨៣ប្រការ។ ជុំវិញរឿងនេះ ថ្នាក់ដឹកនាំកំពូលទាំងពីរគណបក្សនយោបាយ នឹងត្រូវជួបគ្នាជាថ្មីម្ដងទៀត នៅរសៀលថ្ងៃទី១ ខែតុលា ដោយផ្ដោតលើរបៀបវារៈកំណែទម្រង់ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាផង៕
No comments:
Post a Comment