Paris Peace Accords 23 Oct. 1991

Thursday, October 1, 2015

គណបក្ស​ សំបុក​ឃ្មុំ​ សង្គម​ ប្រជាធិបតេយ្យ​ បណ្ដេញ​ អនុប្រធាន ​បក្ស​ ចេញ​ ពី​តំណែង | Beehive Social Democrat Party fires its deputy president

គណបក្ស​ សំបុក​ឃ្មុំ​ សង្គម​ ប្រជាធិបតេយ្យ​ បណ្ដេញ​ អនុប្រធាន ​បក្ស​ ចេញ​ ពី​តំណែង

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣០ កញ្ញា ២០១៥


ម៉ម សូណង់ដូ ៦២០
ប្រធាន ​គណបក្ស​ សំបុកឃ្មុំ​ សង្គម ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ (រូប​ កណ្ដាល) ថ្លែង​​​ក្នុង​ពិធី​​​​ សមាជ ​គណ​បក្ស ​លើក​ទី​១ នៅ​ថ្ងៃ ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥។  RFA/Uon Chhin

គណបក្ស​ សំបុក​ឃ្មុំ​ សង្គម ​ប្រជាធិបតេយ្យ ដែល​ទើប​តែ​ បាន​រៀបចំ​ រចនាសម្ព័ន្ធ​ ដឹក​នាំ ​ឡើង​វិញ មិន​ទាន់​បាន ​មួយ​ខែ​ផង, ឥឡូវ គណបក្ស​នេះ ​កំពុង​តែ ​បែក​បាក់ ​ថ្នាក់​ដឹក​នាំ​ កំពូល ​របស់​ខ្លួន បន្ទាប់ ​ពី​បាន​ប្រកាស ​ជ្រើសរើស ​កាល​ពី​ដើម​ខែ ​កញ្ញា នោះ។

គណបក្ស​ សំបុក​ឃ្មុំ​ សង្គម ​ប្រជាធិបតេយ្យ នឹង​ធ្វើ​សមាជ​ វិសាមញ្ញ​ ប្រកាស​ ដក​អនុប្រធាន​ បក្ស​នេះ​ មួយ​រូប​ជា ​ផ្លូវ​ការ នៅ​ដើម​ខែ​ តុលា ខាង​មុខ។

អនុប្រធាន ​គណបក្ស​ សំបុក​ឃ្មុំ​ សង្គម​ ប្រជាធិបតេយ្យ លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍ ​ថា ក្រុម​ប្រឹក្សា ​វិន័យ​ គណបក្ស  បាន​សម្រេច ​ដកលោក ហារី សំអាត ពី​អនុប្រធាន ​បក្ស​កាល​ ពី​ថ្ងៃ​ទី​២៣ កញ្ញា ដោយសារ​តែ ​លោក​ បាន​ធ្វើ​ខុស​ នឹង​បទបញ្ជា​ ផ្ទៃ​ក្នុង ​របស់​បក្ស គឺ ​ដឹក​នាំ​ សមាជិក​បក្ស​ ទៅ​ចុះ​ចូល​ ជាមួយ​ គណបក្ស​ ខ្មែរ​ សាមគ្គី របស់ អ្នកស្រី ឡាក់ សុភាព៖ «គាត់​បាន​ទៅ​ប្រមូល​សមាជិក​ក្នុង​នាម​ជា​ អនុប្រធាន​នៅ​ខេត្ត​កំពង់សោម ពេល​ប្រមូល​បាន​ហើយ គាត់​ចង់​នាំ​ទៅ​ចូល​ជាមួយ​គណបក្ស​របស់ លោកស្រី ឡាក់ សុភាព អា​នេះ​ហើយ​ជា​អំពើ​ក្បត់​បក្ស ជា​អំពើ​បក្ស​ប្រហារ។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកស្រី ឡាក់ សុភាព ប្រធាន​គណបក្ស​សាមគ្គី​ខ្មែរ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ កញ្ញា។

រីឯ លោក ហារី សំអាត មន្ត្រី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ប្រាប់​ថា លោក​បាន​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក មួយ​រយៈ។

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ធ្លាប់​បាន​ចូលរួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត​កាល​ពី​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ ប៉ុន្តែ​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទេ។ ក្រោយ​ពី​គណបក្ស​នេះ​បាន​បោះ​បង់​ការ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ចំនួន ១៧​ឆ្នាំ​មក​នោះ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដឹក​នាំ​ដោយ លោក ម៉ម សូណង់ដូ បាន​រៀបចំ​រចនាសម្ព័ន្ធ​ដឹក​នាំ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ។

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ធ្វើ​សមាជ​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន។ អង្គ​សមាជ បាន​បោះ​ឆ្នោត​លើក​ដៃ​គាំទ្រ លោក ម៉ម សូណង់ដូ ធ្វើ​ជា​ប្រធាន និង​ជ្រើសរើស លោក​បណ្ឌិត ហ៊ាង រិទ្ធី និង​លោក ហារី សំអាត ជា​អណិកជន​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក ជា​អនុប្រធាន​គណបក្ស។

លោក​បណ្ឌិត ហ៊ាង រិទ្ធី បាន​ចាត់​ទុក​សកម្មភាព លោក ហារី សំអាត ជា​ទង្វើ​ចង់​ធ្វើ​បក្ស​ប្រហារ ដូច្នេះ​ហើយ​ទើប​ក្រុមប្រឹក្សា​វិន័យ​ធ្វើ​ការ​ទប់ស្កាត់ និង​គ្រោង​បណ្ដេញ​ចេញ​ពី​គណបក្ស។

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​រៀបចំ​រចនាសម្ព័ន្ធ​ដឹក​នាំ​តាម​ខេត្ត​មក​ទល់​ពេល​នេះ បាន​ចំនួន ២​ខេត្ត គឺ​ខេត្ត​ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ហើយ​គណបក្ស​នេះ នឹង​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​បាន​គ្រប់​ខេត្ត-ក្រុង​នៅ​មុន​ពេល​បោះ​ឆ្នោត​ ឃុំ-សង្កាត់​មក​ដល់។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ជា​ធម្មតា​ទេ ការ​ដក​តួនាទី​សមាជិក​គណបក្ស​ណា​មួយ​ចេញ​ពី​គណបក្ស ប្រសិន​បើ​សមាជិក​ណា​មួយ​ធ្វើ​ខុស​ពី​បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្ស​នោះ៖ «គណបក្ស ​ដែល​ទើប​បង្កើត​ថ្មីៗ​នេះ ខ្ញុំ​មិន​ទាន់​បាន​សិក្សា​ពី​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​គេ​ពី​នីតិវិធី​ដក​ សមាជិក​នៅ​ឡើយ ប៉ុន្តែ​សំខាន់​គឺ​ថា ការ​ធ្វើ​ដក ឬ​យ៉ាង​ណា​នោះ ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព ដោយ​សមាជិក​ភាគ​ច្រើន។»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ហ៊ាង រិទ្ធី បន្ថែម​ថា គណបក្ស​នឹង​ទុក​រយៈពេល​ឲ្យ លោក ហារី សំអាត មួយ​សប្ដាហ៍ ដើម្បី​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់ ក្រោយ​ពី​គណបក្ស​នេះ​ធ្វើ​សមាជ​វិសាមញ្ញ​ប្រកាស​ដក​ជា​ផ្លូវ​ការ​នោះ៕



No comments:

Post a Comment